អ្នកតំណាងរាស្ត្រពីររូបនៃគណបក្សសង្គ្រោះជាតិ ដែលរងគ្រោះដោយសារការវាយប្រហារពីក្រុមមនុស្សដែលគេសង្ស័យថាគាំទ្រគណបក្សកាន់អំណាច កំពុងស្វែងរកយុត្តិធម៌ពីប្រព័ន្ធច្បាប់ស.រ.អា ក្នុងពេលបំពេញទស្សនកិច្ចនៅស.រ.អា។
លោក ញ៉យ ចំរើន និងលោក គង់ សភា បានថ្លែងនៅក្នុងកម្មវិធី Hello VOA នៅ ថ្ងៃព្រហស្បតិ៍នេះ ក្នុងពេលអញ្ជើញជាវាគ្មិនថាលោកទាំងពីរ កំពុងទាក់ទងជាមួយនឹងមេធាវី ហើយរៀបចំដំណើរការពាក្យបណ្តឹង។ លោកទាំងពីរបានត្អូញត្អែរថា តុលាការក្នុងប្រទេសកម្ពុជាមិនអាចផ្តល់យុត្តិធម៌ជូនពួកអស់លោក បាន ដោយលោកថាគ្មានការចាប់ខ្លួនជនសង្ស័យបន្ថែមទៀត ក្រៅពីបីនាក់ដែលចូលសារភាព។
លោកតំណាងរាស្ត្រទាំងពីររូប គ្រោងនឹងជួបជាមួយពលរដ្ឋ អង្គការសិទ្ធិមនុស្ស មន្ត្រីស.រ.អា និងសមាជិកសភាស.រ.អា ផងដែរក្នុងដំណើរទស្សនកិច្ចនេះ៕