ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បន្ទោស​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ចំពោះ​អំពើ​ហិង្សា


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​​នៅ​ក្នុង​អំឡុង​​ពិធី​សម្ពោធ​​​ថ្មី​មិត្តភាព​កម្ពុជា-ចិន​ឆ្លង​កាត់​ទន្លេ​បាសាក់​​ត្រង់​ចំណុច​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​​នៅ​ក្នុង​អំឡុង​​ពិធី​សម្ពោធ​​​ថ្មី​មិត្តភាព​កម្ពុជា-ចិន​ឆ្លង​កាត់​ទន្លេ​បាសាក់​​ត្រង់​ចំណុច​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥។ (AP Photo/Heng Sinith)

លោក​នាយក​រដ្ឋម​ន្ត្រី​ហ៊ុន ​សែន​ដ៏​មាន​ឥទ្ធិពល​​បាន​ធ្វើការ​វាយ​ប្រហារ​ពាក្យ​សម្តី​សារ​ជា​ថ្មី​លើ​គណបក្ស​​សង្គ្រោះ​ជាតិ​ដែលជាគណបក្ស​ជំទាស់​ នា​ថ្ងៃ​ព្រហស្បតិ៍នេះ ​បន្ទាប់​ពីមាន​ជំនួប​ក្រៅ​ផ្លូវ​រវាង​លោក​សម រង្ស៊ី និង​លោកស ខេង​នៃ​​គណបក្ស​ធំៗ​ទាំង​ពីរ។

លោក​នាយក​រដ្ឋម​ន្ត្រី​ហ៊ុន ​សែន​ដ៏​មាន​ឥទ្ធិពលបាន​ធ្វើការ​វាយ​ប្រហារ​ពាក្យ​សម្តី​សារ​ជា​ថ្មី​លើ​គណបក្សសង្គ្រោះ​ជាតិ​ដែលជាគណបក្ស​ជំទាស់​ នា​ថ្ងៃ​ព្រហស្បតិ៍នេះ ​បន្ទាប់​ពីមាន​ជំនួប​ក្រៅ​ផ្លូវ​រវាង​លោក​សម រង្ស៊ី និង​លោកស ខេង​នៃគណបក្ស​ធំៗ​ទាំង​ពីរ។​ ​លោក​ហ៊ុន សែនបាន​ថ្លែង​ការពារ​បាតុករ​ដែល​តវ៉ា​ប្រឆំាង​នឹង​លោក​កឹម សុខា​ ​ហើយ​លោកចោទ​តំណាង​រាស្ត្រ​ពីរ​រូបរបស់​គណបក្ស​ជំទាស់​ថា ​ជា​ដើម​ហេតុ​ដែល​បង្ក​ឲ្យ​មាន​ការ​វាយ​ប្រហារ​កាល​ពី​សប្តាហ៍​កន្លង​ទៅ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនបាន​ទទួល​ស្គាល់​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ បាតុកម្ម​ប្រឆាំង​នឹង​លោក​កឹម សុខា​នា​ថ្ងៃ​ច័ន្ទ​សប្តាហ៍​កន្លង​ទៅ​គឺ​មាន​ការ​រៀបចំ​ទុក​ជា​មុន​ ​ហើយ​ការ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​គឺ​ដោយ​សារ​តែ​លោក​ទាំងពីរហៅ​ក្រុម​ជន​បិទ​មុខ​ទាំង​នោះ​ថា​ជា ​«អាយ៉ង​យួន»។​

លោក​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​នេះបានលើក​ឡើងដូច​នេះ​ ​ក្រោ​យ​ពេល​ដែល​លោក​ធ្វើការ​ព្រមាន​ខ្លាំងៗ​ដល់​គណបក្ស​ជំទាស់​ ​និង​ប្រធាន​គណបក្ស​នេះ​គឺ​លោក​សម រង្ស៊ី ​មុន​ពេល​លោក​បង្ហាញ​ជំហរ​ក្នុង​ការ​ផ្សះ​ផ្សារ​វប្បធម៌​សន្ទនា​ដ៏​ផុយ​ស្រួយ​របស់​ខ្លួន​ឡើងវិញ។​ ​ ​យ៉ាង​ណា​ក៏​ដោយ​លោក​បាន​ថ្លែង​ការពារ​ក្រុម​បាតុករ​ ​ដែល​ធ្វើការ​តវ៉ា​នា​មុខ​រដ្ឋ​សភា​ជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​សប្តាហ៍​កន្លង​ទៅ​ ដោយ​ថា​ក្រុម​អ្នក​វាយ​ប្រហារ​លើ​តំ​ណាង​រាស្ត្រ​ពី​រូប​នោះ​ ​គឺ​មិន​ចេញ​ពី​ក្រុម​បាតុករ​ដែល​គាំទ្រ​ដោយ​គណ​បក្ស​លោក​នោះ​ទេ​។​

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធន៍​គម្រោង​ការពារ​ទឹក​ជំនន់​ និង​កែលម្អ​ប្រព័ន្ធ​លូ​ក្នុង​រាជ​ធានី​ភ្នំពេញ​នោះ​ ​លោក​ហ៊ុន សែន​បាន​លើក​យ៉ាង​ដូច្នេះ​ថា៖​

«អញ្ចឹង​បើ​ចង់​ឲ្យ​មាន​សន្ទនា​ល្អគឺ​វិធីតែ​មួយ​គត់​គឺ​អប់រំ​ផ្ទៃ​ក្នុង​ទាំង​សង​ខាង​ទៅ​ កុំឲ្យ​ប៉ះ​ពាល់​គ្នា​កុំ​ឲ្យ​ប្រមាថ​គ្នា។​ ​ ស្អី​ឡើង​គ្រប់​ជ្រុង​ ​អាយ៉ង​យួនៗ។​ ​ងាប់​ហើយ!​ ​ ​ហើយ​តាម​ដឹង​មក ​អារឿង​ហិង្សា​ហ្នឹង ​ ​ហិង្សា​ហ្នឹង​មិន​មែន​ពួក​បាតុករ​វ៉ៃឯ​ណា។​ ​បើ​តាម​ការ​សិក្សា​ ​ពួក​បាតុករ​គេ​រំសាយ​អស់​ហើយ។​ ​ ជេរ​គេ​ ​មើល​ឃើញ​គេ​ផ្សាយ​ទេ? ​ឃើញ​ទូរទស្សន៍​គេ​ផ្សាយ​ថា​ ​អ្នក​មក​សារភាព​ហ្នឹង​ថា​ ​"បើក​ឡាន​ជេរ​ខ្ញុំ​ថា​ អាយ៉ង​យួនៗ" ​ដល់​គេ​ខឹង​គេ​ដាក់​ គេ​វ៉ៃ​ទៅ។​ ​តែមិន​ដឹង​យ៉ាង​ម៉េច​ទេ ទុក​ឲ្យ​តុលាការ​ទៅ»។​

លោក​ហ៊ុន សែនទទួល​ស្គាល់​នាថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុម​បាតុករ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​លោក​កឹម សុខា​គឺ​ជា​ការ​ឆ្លើយ​តប​និង​បាតុក​កម្ម​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ធ្វើ​ការ​តវ៉ា​នា​ទីក្រុង​បារីស​ ​និងទីក្រុងញូវយ៉ក​ ​ពេល​ដែល​លោក​ធ្វើ​ទស្សន​កិច្ចនៅ​ទី​នោះ។

លោក​ហ៊ុន សែន​បន្ថែម​ថា៖​

«ហ្អេ! ​បាតុកម្ម​មួយ​បើ​មិន​មាន​ការ​រៀបចំ​អាណា​គេ​ធ្វើ​ទៅ​កើត?​ និយាយ​ឲ្យ​ច្បាស់​អញ្ចឹង​ទៅ!​ ​វា​មាន​មេ ​មាន​កើយរបស់​គេ។ ស្អី​ត្រូវ​ស្រាវ​ជ្រាវ​ រក​អ្នក​ណា​រៀបចំ!​ វា​ច្បាស់​ណាស់​ថា​ មាន​ការ​រៀបចំ។​ ​វា​មិនមាន​អ្នកណា​គេ​មក​ខ្លួន​ឯងៗ​ដោយមិនរៀប​ចំ​ទេ។​ ​តែ​គេ​មាន​រៀបចំ​ចុះហត្ថលេខា​ដាក់​ទៅ​សាលាក្រុង​ទេតើ! ​អីក៏​ខ្វល់​ម្ល៉េះ!​ ​កាល​លោក​ឯង​ធ្វើបាតុកម្ម​ លោក​ឯង​ក៏​មាន​ការ​រៀប​ចំ​ដែរ​តើ?​ ​អី​ក៏វា​ពិបាក​ស្រាវ​ជ្រាវម៉្លេះ! ​ប្រកាស​ឲ្យវា​ត្រង់ៗ​តែម្តង​ទៅ។ ប៉ុន្តែ​បើ​វា​គ្មាន​ភ្លើងក៏វា​គ្មាន​ផ្សែង​ដែរ។​ ​ ​បើ​វា​គ្មាន​បាតុកម្ម​នៅ​ទី​ក្រុង​បារីស​ ​និង​ញូវយ៉ក ​ក៏​វា​គ្មាន​បាតុកម្ម​នៅទី​ក្រុង​ភ្នំពេញ​ដែរ»។​

ថ្ងៃ​ច័ន្ទ​សប្តាហ៍​កន្លង​ទៅ​ ​តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​ជំទាស់​គឺ​លោក​គង់​ សភា ​និង​លោក​ ញ៉យ ចំរើន​ត្រូវ​បាន​ក្រុម​ជន​បិទ​មុខ​ស្ទាក់​រថ​យន្ត ​និង​ទាញ​រូប​លោក​ចេញ​ពី​រថយន្ត​ ​មុន​ពេល​បើ​ការ​វាយ​ទាត់​ធាក់​ ​ដោយ​មិន​មាន​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​សមត្ថ​កិច្ច​នោះ​ទេ។ ​គេ​ជឿថា ​ក្រុម​ជន​សង្ស័យ​ទាំង​នោះ​គឺ​ជា​បាតុករ​ដែល​នៅ​សេស​សល់​ពី​ការ​តវ៉ាឲ្យ​មាន​ការ​ដក​លោក​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​ជំទាស់ ចេញ​ពី​តំណែង​អនុ​ប្រធាន​ទីមួយ​រដ្ឋ​សភា​ជាតិ​នាព្រឹកថ្ងៃ​ដដែល​នោះ។​ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ និង​អង្គការ​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ បាន​អះអាង​ថា ​មាន​ទាហាន​ និង​ក្រុម​ប៉ូលិស​ដែល​ជិតដិត​នឹង​លោក​ហ៊ុន សែន​ឋិតក្នុង​ចំណោម​អ្នក​តវ៉ា​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នោះ។​

លោក​គង់​ សភា​ និង​លោក​ ​ញ៉យ ចំរើន​ ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ធ្វើ​ការ​បដិសេធ​ភ្លាមៗ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន។​ ​ថ្លែង​តាម​រយៈ​ទូរស័ព្ទ​ពី​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​ ​លោក​ញ៉យ ចំរើន​បាន​ប្រាប់ ​VOA ​ថា៖​

«បាទ! ​អត់ទេ! ខ្ញុំជាឧត្តម​មន្ត្រី​ ​យើង​ជា​តំណាង​រាស្ត្រ​គឺ​ជា​ឧត្តម​មន្ត្រី​ផុត​លេខ​ ​ហើយ​យើង​មិន​ទៅ​ជេរ​ មិន​ទៅ​ប្រទេច​នរណា​ទេ។​ ​មើល​តាម​វីដេអូ​ទៅ​ដឹង​ស្រេច​ហើយ! ​មក​វ៉ៃ​កញ្ចក់​ឡាន​ខ្ញុំ​ខ្ទេច​ ​រហូត​ដល់​ទាញខ្ញុំ​ចេញ​មក​ហ្នឹង។​ ​គ្មាន​បាន​ជេរ​ប្រទេច​អ្នក​ណា​ទេ។ គាត់​និយាយ​ហ្នឹង​ខុស​ហើយ​ អត់​ត្រឹម​ត្រូវ​ទេ»។​

អ្នកតំណាង​រាស្ត្រ​នេះបាន​ហៅ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋន្ត្រី​ហ៊ុន សែន​ថា ​ជា«ការ​បង្វែ​រឿង» ​និង​«ទម្លាក់កំហុស»​មក​លើ​ជនរង​គ្រោះ​វិញ។​

តុលាការក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​ជន​បី​រូប​ជា​បណ្តោះ​អាសន្ន​ ​និងចោទ​ជន​សង្ស័យ​បីរូប​ពី​បទ​ប្រើ«អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​និង​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បតិ្ត​ដោយ​ចេតនាមាន​ស្ថានទម្ងន់​ទោស»​ ​មុន​ពេល​តុលាការបញ្ជូន​ពួកគេទៅ​គុក​ព្រៃស​ នា​ល្ងាច​ថ្ងៃ​ពុធ។​

តាម​ច្បាប់​ព្រហ្មទណ្ឌកម្ពុជា​ ​ជន​ទាំង​បី​រូប​អាច​ត្រូវ​ជាប់​ទោស​យ៉ាង​ហោច​ណាស់៧​ឆ្នាំ​ក្នុង​ពន្ធនាគារ​ ​បើ​សិន​តុលាការ​រក​ឃើញ​ថា ​មាន​ទោស​នោះ។​ ​ ​ការ​ចោទ​ប្រកាន់នេះ​គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​បុរស​ទាំង​បី​នាក់​នោះ​បានចេញ​មក​សារភាព​ទទួល​ទោស​ថា ​ខ្លួន​ជា​ជន​ដៃ​ដល់​បើក​ការ​វាយ​ប្រហារ​លើតំណាង​រាស្ត្ររបស់​គណបក្ស​ជំទាស់។​ សង្គម​ស៊ីវិល ​និង​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ហៅ​ការ​ចេញ​មុខ​សារភាព​របស់​ជន​ទំាង​បីរូប​ថា​ជា «រឿង​ចម្លែក»​ ​និង​ទាមទារ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ថែម​ទៀត​មក​ធ្វើ​ការ​ផ្តន្ទាទោស។​

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ប្រធាន​គណបក្ស​កាន់​អំណាច​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ មេ​ដឹក​នាំ​ក្រុម​តំណាង​រាស្ត្រ​ដែល​មាន​កៅអី​ក្នុង​រដ្ឋ​សភា​គឺ​លោកស ខេង​ និង​លោក​សម រង្ស៊ីបាន​ធ្វើ​ការ​ជួបគ្នា​ដោយ​សម្ងាត់​កាល​ពីម្សិល​មិញ​ ​ដើម្បី​ពង្រឹង​«វប្ប​ធម៌​សន្ទនា»ឡើង​វិញ។​ ​ក៏​ប៉ុន្តែ​លោកហ៊ុន សែន​មិន​បាន​បញ្ជាក់​ពី​លទ្ធផល​នៃ​ការ​ជួបជុំ​គ្នា​នោះ​ទេ​ ដោយ​លោក​គ្រាន់​តែ​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖​

«សង្ឃឹម​ថា​ យើង​នៅ​មាន​ការ​និយាយ។​ យើង​អាច​និយាយ​គ្នា​បន្ត​ទៀត។​ ​ ​ម្សិលមិញ​មាន​ការ​សន្ទនា​គ្នា​ដ៏ល្អ​មួយ​រវាងសម្តេច​ក្រឡា​ហោម​ស ខេង​ និង​ឯកឧត្តម​សម រង្ស៊ី។​ ខ្ញុំ​ចាត់​ទុក​ថា វា​ជា​ដំណើរ​ឆ្ពោះ​ទៅ​មុខ​មួយ​ហើយ។​ ​ ​ប៉ុន្តែ​ទាំង​សង​ខាង​ត្រូវ​ទទួល​ខុស​ត្រូវ​ ​គ្រប់​គ្រង​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​ កុំឲ្យយក​ការ​ជេរ​ប្រទេច​ធ្វើ​ជា​មុខ​របរ​របស់​ខ្លួន»។​

VOA​ ​មិន​អាច​ទំនាក់​ទំនង​លោក​សម ​រង្ស៊ីដើម្បី​សុំ​សេចក្តី​អធិប្បាយបន្ថែម​បាន​ទេ​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ តែ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ឲ្យ​ដឹង​ថា​ ​លោក​សម រង្ស៊ីត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​នា​រាត្រី​នេះ។

លោក​អេង​ ឆៃអ៊ាង​ តំណាង​រាស្ត្រ​ និងជា​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​VOA​ ​ថា​ ជំនួប​ក្រៅ​ផ្លូវការ​កាល​ពី​ថ្ងៃ​ពុធ​រយៈ​ពេល​១​ម៉ោង​រវាង​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​ស ខេង​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​គឺ​មិន​បាន​ជជែក​លើ​បញ្ហា​ជាក់​លាក់​ណា​មួយ​នោះ​ទេ​ តែ​គ្រាន់​តែ​បន្ទូរ​បន្ថយ​ភាព​តានតឹង​ដែល​ទើប​នឹង​កើត​ពេល​ថ្មីៗ​ ​ដោយ​មាន​ការ​សន្យា​ណាត់​ជួប​គ្នា​ឲ្យ​បាន​ញឹក​ញាប់។

«ម្សិល​មិញ​ហ្នឹង​គឺ​ជា​ជំនួប​ក្រៅ​ផ្លូវការ​ទេ។​ អញ្ចឹង​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​ហ្នឹង​បាន​ជជែក​គ្នា​ជុំវិញ​ស្ថាន​ការណ៍តានតឹង ​ដែល​កើត​មានកន្លង​មក​ ​ហើយ​ថ្នាក់​ដឹក​នាំទាំង​ពីរ​ហ្នឹង​បានឯក​ភាព​គ្នា​ថា​ នឹង​យក​កិច្ច​ព្រម​ព្រៀង​ដែល​គណបក្ស​ទាំងពីរ​បាន​ឯកភាព​កន្លង​មក​នេះ​ ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ហ្នឹង​បាទ»។​

គួរ​រឭកផង​ដែរ​ថា ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន ​និង​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ធ្លាប់​មាន​អរិភាព​នឹង​គ្នា​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍រួម​ស្នើ​សុំ​ឲ្យដៃ​គូ​សន្ទនា​ និង​សមាជិក​របស់​ខ្លួន​បញ្ឈប់​ការ​លាប​ពណ៌​គ្នា​ ចៀស​វាង​ការ​ញុះញង់​ ​និង​ការ​ប្រើ​ពាក្យ​អសុរោះ​ ​ការ​ជេរ​ប្រមាថ​ ​ដោយ​ប្រើពាក្យ​ដូច​ជា​ «ពួក​កុម្មុយនីស្ត​ផ្តាច់​ការ»​ ​«អាយ៉ង​យួន»​ ​«អាក្បត់​ជាតិ»​ «អា​លក់ជាតិ»​ «​អាមេចោរ» ​និង​«អា​កូន​ចោរ»​ជា​ដើម។​

ក៏​ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​នយោ​បាយ​ដែល​គេ​ស្គាល់​ថា ​ជា​«វប្ប​ធម៌​សន្ទនា»នោះ​ ​បាន​រង្គោះ​រង្គើ​សាជា​ថ្មី ក្រោយ​ពេល​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​ការ​មន្ទិល​សង្ស័យ​ក្នុង​ការ​ប្រើ​ប្រាស់​ផែនទី និងការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ​ការ​ឆ្លើយ​ឆ្លង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ការ​ចាប់​ឃុំ​ខ្លួន ​និង​កាត់​ទោស​សកម្ម​ជន​ និងសមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ជំទាស់ការ​វាយ​ប្រ​ហារ​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និងការ​បោះ​ឆ្នោត​ទម្លាក់​លោក​កឹម សុខា​ចេញ​ពី​តំណែង​អនុ​ប្រ​ធាន​ទី១​នៃ​រដ្ឋសភា​ជា​ដើម។​ ​ ​ហេតុការ​ទាំងនេះ​ធ្វើ​ឲ្យមាន​ក្តី​បារម្ភ​ពី​អង្គការ​សង្គម​ស៊ីវិល​ និង​អង្គការ​សហ​ប្រជាជាតិ​អំពី​សេរីភាព​នយោបាយ ​និង​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ៕

XS
SM
MD
LG