មេដឹកនាំក្រុមយុវជនមួយលើកឡើងក្នុងកម្មវិធី Hello VOA ថា ការបំពានអំណាចពីសំណាក់មន្ត្រីសាធារណៈ ដោយយកតួនាទីរដ្ឋ ទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួនឬប្រយោជន៍ឯកជន កើតមានឡើងនៅគ្រប់ស្ថាប័នទាំងអស់របស់កម្ពុជា។
ការលើកឡើងនេះ ធ្វើឡើង ក្រោយពីមានការបែកធ្លាយលិខិតពីរច្បាប់តាមបណ្ដាញ Facebook កាលពីពេលថ្មីៗនេះ។ លិខិតទីមួយគឺជារបស់តំណាងរាស្ត្រម្នាក់ ដែលប្រើប្រាស់តួនាទីផ្លូវការរបស់ខ្លួន ដើម្បីស្វែងរកអន្តរាគមន៍ពីមន្ត្រីពាក់ព័ន្ធ សម្រាប់ប្រយោជន៍មុខរបរផ្ទាល់ខ្លួននិងក្រុមគ្រួសារ ហើយមួយទៀត គឺជាលិខិតរបស់អភិបាលខេត្តម្នាក់ ដែលប្រើត្រាផ្លូវការរបស់ស្ថាប័ន ដើម្បីអញ្ជើញភ្ញៀវឲ្យចូលរួមហែជំនូនការកូនរបស់ឯកឧត្ដមម្នាក់ផ្សេងទៀត។
លោក ឡុង គឺម ឃន ស្ថាបនិកនិងជាប្រធានអង្គការសភាយុវជនខ្មែរ បានថ្លែងបែបនេះនៅក្នុងកម្មវិធី Hello VOA កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣១ ខែមីនា ឆ្នាំ២០១៦៖
«វាមិនមែនជារឿងកើតឡើង ដាច់ដោយឡែក តែមួយពីរទេ ប៉ុន្តែយើងសង្កេតឃើញថា វាជាទម្លាប់ វាជារបៀបដែលកើតឡើងនៅគ្រប់រចនាសម្ព័ន្ធនិងស្ថាប័នរបស់រាជការទាំងមូល»។
ក្រុមអ្នករិះគន់ ជារឿយៗ លើកឡើងថា ក្រសួងនិងស្ថាប័នរដ្ឋនៅកម្ពុជា ភាគច្រើនមានលក្ខណៈដូចជាស្ថាប័នគ្រួសារ ដែលពពាក់ពពូនទៅដោយសាច់ញាតិនិងក្រុមបក្សពួក ហើយមន្ត្រីមួយចំនួននៅតាមស្ថាប័នទាំងនេះ ឆ្លៀតប្រើប្រាស់តួនាទីរបស់ខ្លួនដោយស្ងាត់ស្ងៀមនិងលាក់កំបាំង ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួននិងក្រុមគ្រួសារ បក្សពួករបស់ខ្លួន ជាជាងមានឆន្ទៈបម្រើប្រយោជន៍សាធារណៈឲ្យពិតប្រាកដ។
លោក ឡុង គឺម ឃន ថ្លែងថា «នេះគឺជាស្ថានភាពពុកផុយនៃស្ថាប័ននយោបាយរបស់រាជការយើង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់កាប់អំណាចជាង៣០ឆ្នាំមកហើយនោះ ធ្លាប់បានប្រកាស ព្រមានដកតំណែង មន្ត្រីរដ្ឋាភិបាលរបស់លោក ដែលយកក្រសួងឬស្ថាប័នដែលពួកគេគ្រប់គ្រង ទៅធ្វើជា«ក្រសួងគ្រួសារ»។
ប៉ុន្តែ អ្នកវិភាគ លើកឡើងថា គេកម្រឃើញសកម្មភាពជាក់ស្ដែង ដែលលោកនាយករដ្ឋមន្ត្រីធ្វើដើម្បីដាក់ពិន័យមន្ត្រី ដែលប្រព្រឹត្តខុសនឹងតួនាទីនិងសិទ្ធិអំណាចរបស់ខ្លួនណាស់។
លោក ឡុង គឺម ឃន មានប្រសាសន៍ថា ទោះបីជាប្រព័ន្ធគ្រប់គ្រងរដ្ឋនៅកម្ពុជា ផ្តល់សិទ្ធិអំណាច ឲ្យពលរដ្ឋ ប្ដឹងផ្ដល់មន្ត្រីរាជការសាធារណៈ នៅពេលដែលមានការរំលោភបំពានអំណាចពីមន្ត្រីសាធារណៈណាមួយក៏ដោយ ក៏ប្រព័ន្ធនេះ អត់ដំណើរការដែររហូតមកដល់ពេលនេះ។
«ប្រព័ន្ធហ្នឹង វាអត់ដើរដូច្នេះ ចង់ប្ដឹងទៅណាក៏វាមិនបានផលអ្វីដែរ»។
លោក ឡុង គឺម ឃន បន្តថា អ្វីដែលគេអាចធ្វើបាននៅពេលនេះ គឺមានតែ បង្ហាញសាធារណជន ឲ្យឃើញថា ទង្វើរបស់មន្ត្រីរាជការ ដែលយកមុខតំណែងនិងតួនាទីសាធារណៈរបស់ខ្លួន ទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួននិងក្រុមគ្រួសារឬបក្សពួករបស់ខ្លួននេះ គឺជាទង្វើខុសឆ្គង គឺខុសទាំងច្បាប់ ខុសទាំងសីលធម៌។
លោកបន្ថែមថា ប្រជាពលរដ្ឋគួរតែកត់ចំណាំទុកហើយដាក់ពិន្ទុមន្ត្រីរាជការណាដែលបានបំពានអំណាចរដ្ឋ ដោយប្រើប្រាស់តួនាទីរបស់ខ្លួន ទៅបម្រើប្រយោជន៍ឯកជននេះ។
«ពីព្រោះកុំឲ្យទម្លាប់អាក្រក់បែបហ្នឹង កើតឡើងនៅក្នុងរាជការខ្មែរ»៕