លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលនឹងបង្កើនប្រាក់បៀវត្សរ៍ជូនភរិយា និង កូនៗរបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅឆ្នាំនេះ ឬយ៉ាងយូរនៅឆ្នាំ២០១៧នេះ។
លោកហ៊ុន សែនថ្លែងដូច្នេះក្នុងពិធីអបអរសាទរខួបលើកទី១០៥នៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ដែលធ្វើឡើងនៅវិមានសន្តិភាព។
លោក ហ៊ុន សែន បានប្រកាសនាព្រឹកថ្ងៃអង្គារនេះថា លោកគិតពិចារណាអំពីការដំឡើងប្រាក់ខែជូនភរិយានិងកូនៗរបស់មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធនេះ ដោយសារមាននារីម្នាក់បានធ្វើសំណើនេះតាមរយៈទំព័រ Facebook របស់លោក។
លោកនិយាយថា ក្រោយបានទទួលសំណូមពរនេះតាមទំព័រ Facebook របស់លោកដែលមានអ្នកគាំទ្រជាង៣លាននាក់លោកក៏បានទាក់ទងលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីពិភាក្សាបញ្ហានេះ។
លោកហ៊ុន សែនសរសើរការបញ្ចេញមតិរបស់យុវជន និងអ្នកដែលតាមទំព័រ Facebook របស់លោក ដោយនិយាយថា ជាមតិល្អ ត្រឹមត្រូវ ហើយលោកគាំទ្រ។
ការដំឡើងប្រាក់ខែនៅមុនការបោះឆ្នោតឃុំ-សង្កាត់ដែលគ្រោងនឹងរៀបចំនៅឆ្នាំ២០១៧នេះអាចនឹងជួយផ្តល់សំឡេងឆ្នោតសម្រាប់គណបក្សកាន់អំណាចនេះ ដែលបានបាត់បង់សំឡេងគាំទ្រយ៉ាងច្រើនក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគ៕