ការរុះរើគណៈរដ្ឋមន្ត្រី ដែលសភាជាតិគ្រោងនឹងយកមកពិភាក្សាអនុម័តនៅដើមខែមេសាគឺមិនទាន់ដល់ចំណុចដែលពលរដ្ឋចង់បានពិតប្រាកដទេ ដោយសារតែក្រសួងមួយចំនួនដែលរងការរិះគន់ខ្លាំងបែរជាមិនមានការដោះដូរថ្នាក់ដឹកនាំឡើយ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។
លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធីហេឡូ VOA ថាមានកិច្ចការមួយចំនួនដែលការរុះរើនោះមានឆន្ទៈនយោបាយ ដើម្បីបំពេញទឹកចិត្តប្រជាពលរដ្ឋ ប៉ុន្តែនៅមានកន្លែងដែលខ្វះចន្លោះ។
លោកបានលើកឧទាហរណ៍ ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន គឺលោក ស៊ុន ចាន់ថុលដែលត្រូវមកកាន់ក្រសួងនេះគឺជារដ្ឋមន្ត្រីដែលបានសាងកេរ្តិ៍ឈ្មោះបង្ហាញស្នាដៃក្នុងក្រសួងពាណិជ្ជកម្ម ហើយលោកក៏ធ្លាប់កាន់ការនៅក្រសួងសាធារណការនេះពីពេលមុនដែរ។ ដូចគ្នានេះដែរគឺក្រសួងកសិកម្មដែលនឹងមានរដ្ឋមន្ត្រីថ្មីជាមន្ត្រីដែលកំពុងធ្វើកិច្ចការនេះជាយូរមក ហើយក៏ជាការបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាកសិកម្ម។
ស្តាប់កម្មវិធី Hello VOA ទាំងស្រុងនៅទីនេះ៖
ប៉ុន្តែចំណុចទន់ខ្សោយក៏នៅតែមានដែរ។ លោកឱក សេរីសុភក្តិ៍បានបញ្ជាក់ថា៖
«ក៏ប៉ុន្តែយើងឃើញបញ្ហាមួយចំនួនទៀត ដែលប្រជាពលរដ្ឋរអ៊ូរទាំខ្លាំងដែរ ដូចជាវិស័យសុខាភិបាលឬមួយខាងវិស័យយុត្តិធម៌ ក្រសួងយុត្តិធម៌ជាដើម ដែលមានបញ្ហាមិនចេះចប់មិនចេះហើយនោះគឺថាអត់មានការផ្លាស់ប្តូរទេ។
លោកបានបន្ថែមថា៖«ដូច្នេះហើយបានជាខ្ញុំយល់ថា ការរុះរើគណៈរដ្ឋមន្ត្រីនេះហាក់ដូចជាមិនដល់ចំណុចដែលប្រជាពលរដ្ឋចង់បានឱ្យបានពិតប្រាកដទេ»។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋាននៅកម្រិតឃុំសង្កាត់ ដែលនឹងត្រូវមកដល់ក្នុងរយៈពេលជាងមួយឆ្នាំទៀត ដែលនេះអាចជាការពិបាកសម្រាប់ក្រុមរដ្ឋមន្ត្រីថ្មីក្នុងការបង្ហាញពីលទ្ធផលឱ្យដល់ប្រជាពលរដ្ឋបានឃើញ។ នេះបើតាមការអះអាងរបស់លោក សោភក្តិ៍។
លោក ឱក សេរីសោភក្តិ៍ បានបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្ត្រីនេះនឹងផ្តល់ប្រសិទ្ធភាពនៅមានកម្រិត៖
«ដោយសារការដោះដូរបែបនេះនៅក្នុងប្រព័ន្ធមួយ ដែលមានលក្ខណៈផុយស្រួយហើយប្រជាពលរដ្ឋតែងតែទិតៀនមកលើប្រព័ន្ធហ្នឹង ហើយពិបាកឱ្យមានប្រសិទ្ធភាពតែមួយឆ្នាំ។ ក្នុងរយៈពេលហ្នឹងខ្ញុំពិបាកថា នឹងមើលឃើញពីប្រសិទ្ធភាពមែនទែន»។
ក្រសួងកសិកម្មក្រោមការដឹកនាំរបស់លោក អ៊ុក រ៉ាប៊ុន និងក្រសួងសាធារណការ និងដឹកជញ្ជូនក្រោមការដឹកនាំរបស់លោក ត្រាំ អ៊ីវតឹក ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ចំណាត់ថ្នាក់ឱ្យ«F» ដែលជាចំណាត់ថ្នាក់អន់បំផុត។ ប៉ុន្តែ លោកទាំងពីរនឹងនៅតែមានតំណែងរដ្ឋមន្ត្រីគ្រប់គ្រងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រៀងៗខ្លួន។ នេះបើតាមបញ្ជីឈ្មោះគណរដ្ឋមន្ត្រីថ្មីដែលបានដាក់ស្នើទៅសភាជាតិ។
នេះជាអ្វីដែលពិបាកស្តារទំនុកចិត្ត។ នេះបើតាមការបញ្ជាក់របស់លោក សោភក្តិ៍៖
«រដ្ឋមន្ត្រី មួយចំនួនដែលប្រជាពលរដ្ឋគាត់មានអារម្មណ៍មានចំណាប់អារម្មណ៍ថាអត់មានប្រសិទ្ធភាពអត់មានធ្វើអ្វីដែលចម្រើនដល់ពួកគាត់ហ្នឹង ទោះបីជាដាក់ទៅដល់កន្លែងណាក៏ដោយក៏ខ្ញុំនៅថា ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋហ្នុងពិបាកនឹងផ្លាស់ប្តូរណាស់»។
លោកសោភក្តិ៍បន្ថែមថា ពលរដ្ឋពិបាកមើលឃើញរឿងធំៗគឺពួកគាត់មើលឃើញតែអ្វី ដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់គាត់។ ប៉ុន្តែអ្នកនយោបាយបែរជាធ្វើឱ្យពលរដ្ឋខកចិត្តជាច្រើន ដោយសារតែបច្ចុប្បន្ននេះពួកគេមិនបានដោះស្រាយកង្វល់ប្រជាពលរដ្ឋឱ្យបានច្រើនបែរជាខ្វាយខ្វល់រឿងស្រីញីស្នេហាលួចលាក់របស់ថ្នាក់ដឹកនាំបក្សនយោបាយទៅវិញ។
លោកក៏ស្នើសុំឱ្យរដ្ឋាភិបាលបញ្ចប់ការយករឿងអាស្រូវរបស់លោក កឹម សុខា មកបន្ត៖«ក្នុងម៉ោងពេលឥឡូវ រាជរដ្ឋាភិបាលនិងគណបក្សកាន់អំណាចអត់ចំណេញអ្វីទាំងអស់ក្នុងរឿងដែលកំពុងតែកើតឡើងសព្វថ្ងៃហើយធ្វើឱ្យប្រជាពលរដ្ឋខកចិត្ត»។
លោកលើកទឹកចិត្តឱ្យរដ្ឋាភិបាលបន្តការកែទម្រង់ ជាជាងធ្វើឱ្យបញ្ហានោះគ្របដណ្តប់លើឆាកនយោបាយកម្ពុជា៕