ក្រុមសកម្មជនសិទ្ធិមនុស្សបាននិយាយថា ការគាបសង្កត់ក្រុមសង្គមស៊ីវិលនិងក្រុម ជំទាស់ជាការខាតបង់ដល់រដ្ឋាភិបាល។ ការថ្លែងយ៉ាងដូច្នេះដោយយោងថា អាជ្ញាធរ កម្ពុជាបានចាប់ផ្តើមបង្ក្រាបដល់ក្រុមសង្គមស៊ីវិលនិងក្រុមជំទាស់កាន់តែខ្លាំងឡើង មុនការបោះឆ្នោតឈានមកដល់ ដោយបានភ្ជាប់រឿងបរិហារកេរព្រហ្មទណ្ឌ និងរឿងព្រំដែនជាប្រធានបទ។
លោក យ៉ង់ គិមអេង ប្រធាននៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាពក្នុងប្រទេសកម្ពុជា និង លោក យ័ប គឹម ទឹង ប្រធានសមាគមខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងរដ្ឋវីជីនៀ (Virginia) សហរដ្ឋអាមេរិក បានអះអាងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ថា ការបង្ក្រាបលើក្រុមមន្ត្រីសង្គមស៊ីវិលនិងក្រុមជំទាស់ចុងក្រោយនេះជាស្ថានការណ៍គួរឲ្យបារម្ភ។
សូមចុចស្តាប់កម្មវិធីទាំងស្រុងត្រង់នេះ៖
សកម្មជនសិទ្ធិមនុស្សទាំងពីរបានអះអាងថា សកម្មភាពចុងក្រោយរបស់រដ្ឋាភិបាលនឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសនិងការវិនិយោគ ដោយទាមទារថា រដ្ឋាភិបាលត្រូវបញ្ឈប់ការគាបសង្កត់ ដោយផ្តល់សេរីភាពដល់ក្រុមសង្គមស៊ីវិលធ្វើកិច្ចការរបស់ខ្លួន ហើយឲ្យពលរដ្ឋបញ្ចេញមតិដោយគ្មានការភ័យខ្លាច ហើយនឹងពង្រឹងតុលាការ ស្ថាប័នរដ្ឋដើម្បីឲ្យមានទំនុកចិត្តពីពលរដ្ឋដែលជាម្ចាស់អំណាចនិងម្ចាស់ឆ្នោត៕