តុលាការក្រុងភ្នំពេញបានបន្តចេញដីកាកោះបន្ថែមទៀត រួមទាំងប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា និងតំណាងរាស្ត្រពីររូបទៀតរបស់គណបក្សនេះ ទាក់ទិននឹងខ្សែអាត់សំឡេងសាសងស្នេហា ដែលគេចែកចាយតាមបណ្តាញហ្វេសប៊ុក ចាប់តាំងពីដើមខែមីនាកន្លងទៅ។ នេះបើតាមការឲ្យដឹងរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃអង្គារនេះ។
លោក លី សុផាន់ណា អ្នកនាំពាក្យតុលាការក្រុងភ្នំពេញបានប្រាប់ VOA ឲ្យដឹងថាតំណាងអយ្យការពីររូបនៃសាលាដំបូង បានចេញដីកាកោះឲ្យលោក កឹម សុខា ចូលខ្លួនទាក់ទិននឹងបណ្តឹងបរិហារកេរ្តិ៍របស់នាង ធី សុវណ្ណថា និងតំណាងរាស្ត្រពីររូបនៃគណបក្សជំទាស់ ពាក់ព័ន្ធនឹងចម្លើយសារភាពរបស់នាង ខុម ចាន់តារ៉ាទី នាពេលថ្មីៗនេះ។
មុនពេលបដិសេធមិនធ្វើការអធិប្បាយលម្អិតទាក់ទិននឹងរឿងក្តីទាំងពីរនោះ លោក លី សុផាន់ណា បញ្ជាក់ប្រាប់VOAថា៖ «ខាងតំណាងអយ្យការបានកោះហៅអញ្ជើញលោក កឹម សុខា និងតំណាងរាស្ត្រពីររូបទៀត នៅលើសំណុំរឿងពីរផ្សេងពីគ្នា ដើម្បីចូលមកឆ្លើយបំភ្លឺ។ រឿងពាក់ព័ន្ធទៅនឹងកញ្ញា ធី សុវណ្ណថា ដែលគាត់ប្តឹង ហើយដល់ពេលសំណុំរឿងនៅលើលោក សៀង សុខ គឺពាក់ព័ន្ធនឹងកញ្ញា ស្រីមុំ»។
យោងតាមដីកាកោះចំនួនបីផ្សេងគ្នាពីតំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញដែល VOA បានទទួលនាថ្ងៃអង្គារ ឲ្យដឹងថា លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ ត្រូវបានព្រះរាជអាជ្ញារង កែវ សុជាតិ កោះហៅ ឲ្យចូលខ្លួននាថ្ងៃទី១១ខាងមុខ។ ក្នុងដីកាដដែលបានឲ្យផងដែរថា លោក កឹម សុខា នឹងត្រូវចូលបំភ្លឺទាក់ទិននឹងរឿងបរិហារកេរ្តិ៍នាង ធី សុវណ្ណថា តាមរយៈខ្សែអាត់សំឡេងដែលផ្សាយតាមគេហទំព័រព័ត៌មាន Freshnews។
ដោយឡែក នៅក្នុងដីកាកោះពីរផ្សេងទៀតដែលចេញដោយលោក សៀង សុខ ឲ្យដឹងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបផ្សេងទៀតគឺ លោក ពិន រតនា តំណាងរាស្ត្រខេត្តកណ្តាល និងលោក តុប វ៉ាន់ចាន់ តំណាងរាស្ត្រខេត្តបាត់ដំបង ត្រូវបានកោះឲ្យចូលខ្លួននាថ្ងៃទី១៦ ខែឧសភាក្នុងនាម«ជាជនសង្ស័យ»។
កាលពីខែមីនាកន្លងទៅ ខ្សែអាត់សំឡេងសាសងស្នេហាដែលគេចោទថាជាសំឡេងរបស់លោក កឹម សុខា និងស្ត្រីវ័យក្មេងម្នាក់ឈ្មោះ«អាមុំ» ត្រូវបានគេបង្ហោះក្នុង គណនីហ្វេសប៊ុកនានា និងត្រូវបានគេផ្សាយតាមបណ្តាញព័ត៌មានក្នុងស្រុកផងដែរ។ ដោយមានការប្តឹងផ្តល់ពីនាង ធី សុវណ្ណថា តុលាការក្រុងភ្នំពេញ បានបញ្ជូនឲ្យនាយកដ្ឋានប្រឆំាងភេរវកម្មនៃក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេត។ កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅ នាង ខុម ចាន់តារ៉ាទី បានចូលបំភ្លឺនៅនាយកដ្ឋានប្រឆំាងភេរវកម្ម ដោយបដិសេធថា នាងមិនមានទំនាក់ទំនងផ្លូវភេទជាមួយនឹងលោក កឹម សុខា នោះទេ។
យ៉ាងណាក៏ដោយ បន្ទាប់ពីការសាកសួរជាច្រើនលើក រួមទំាងការផ្តល់ចម្លើយដល់តុលាការក្រុងភ្នំពេញ នាងបានសារភាពថាសំឡេងនោះ ជាសំឡេងពិតរបស់នាង។ ប៉ុន្មានថ្ងៃបន្ទាប់ គឺនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នាងស្រីមុំ បានចេញលិខិតចំហមួយ ចោទមន្ត្រីសិទ្ធិមនុស្សបួននាក់នេះថា បានរួមគំនិតលួងលោមឱ្យនាងនិយាយបដិសេធ ចំពោះមុខសមត្ថកិច្ចនូវចំណងទាក់ទងស្នេហាជាមួយនឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ ក្នុងលិខិតដដែលនោះ នាងស្រីមុំ បានប្តឹងទៅតុលាការក្រុងភ្នំពេញ ទាមទារការសងជំងឺចិត្ត៣០ម៉ឺនដុល្លារ ពីលោក កឹម សុខា និងអ្នកពាក់ព័ន្ធផ្សេងទៀត។
VOA មិនអាចទាក់ទងលោក កឹម សុខា ដើម្បីសុំក្តីអធិប្បាយបានទេ នាថ្ងៃអង្គារនេះ។ កាលពីខែកន្លងទៅ លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ បានប្រកាសជំហរ«មិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យ និងជាតំណាងរាស្ត្រនៃគណបក្សជំទាស់ សុំមិនធ្វើការអធិប្បាយ ដោយលើកឡើងយ៉ាងដូច្នេះ៖ «ខ្ញុំធ្វើការនៅក្នុងគណបក្សសង្គ្រោះជាតិ គឺមកជួយជាតិ គឺដោះស្រាយបញ្ហាជាតិសំខាន់ៗ ដល់មកពាក់ព័ន្ធនឹងបញ្ហាផ្ទាល់ខ្លួនអញ្ចឹងខ្ញុំសុំមិនធ្វើការអធិប្បាយទេ»។
ដោយឡែក លោក កែម ឡី អ្នកស្រាវជ្រាវសង្គម និងអ្នកវិភាគនយោបាយ ថ្លែងថាស្ថានភាពនយោបាយនាពេលថ្មីៗនេះ គឺវាស្រដៀងនឹងឆ្នាំ១៩៩៧ គឺមុនការបោះឆ្នោតលើកទីពីរក្នុងប្រទេសកម្ពុជា ជាពេលដែលគណបក្សកាន់អំណាចព្យាយាមបំបែកគណបក្សហ៊្វុនស៊ីនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។ យ៉ាងណាក៏ដោយ អ្នកវិភាគរូបនេះបន្តថា គណបក្សសង្គ្រោះជាតិគួរតែត្រៀមបេក្ខភាពបម្រុងជំនួសឲ្យតំណាងគណបក្សខ្លួន ក៏ដូចជាតំណាងរាស្ត្រផងដែរ។
លោក កែម ឡី បញ្ជាក់ប្រាប់VOA ថា៖ «ត្រូវតែត្រៀម ទាំងប្រធាន អនុប្រធានក៏ដោយ សមាជិកសភាក៏ដោយ អីក៏ដោយ ព្រោះខ្ញុំមើលទៅមិនខុសពីឆ្នាំ១៩៩៧នោះទេ អញ្ចឹងហ្អា។ អញ្ចឹងបើសិនជាគណបក្ស ប្រឆំាងត្រៀមខ្លួនបានល្អ អ្នកមើលល្ខោនកាន់តែអាណិតអាសូរ។ គេធ្វើបាបតួអី ជោគជាំ អីហ្នឹង គេអាណិតអាសូរ ហើយដល់ពេលបោះឆ្នោតគឺស៊ីដាច់តែម្តង ខ្ញុំមើលទៅហ្អា។ ឲ្យតែយើង មានតួសម្រាប់ជំនួសបន្តៗរហូតទៅដល់ឆ្នាំ២០១៧»។
ការកោះហៅតំណាងរាស្ត្រ និងប្រធានស្តីទីនៃគណបក្សជំទាស់ គឺធ្វើឡើងមួយថ្ងៃក្រោយពេលដែលតុលាការក្រុងភ្នំពេញ ចោទជាជាផ្លូវការចំពោះមន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតរបស់អាដហុកទាំងបួននាក់ពីបទ«សូកប៉ាន់សាក្សី» អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន១រូបពីបទ«សមគំនិតសូកប៉ាន់សាក្សី» និងចោទកំបាំងមុខដល់បុគ្គលិក អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមួយរូបផងដែរ។
អង្គការសង្គមស៊ីវិល និងស្ថានទូតនានា ធ្វើការរិះគន់យ៉ាងខ្លាំងចំពោះការចាប់ឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សក្នុងស្រុកជាបន្តបន្ទាប់ដោយប្រព័ន្ធតុលាការនេះ បន្ទាប់ពីទំនាក់ទំនងរវាងគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និងគណបក្សជំទាស់មានភាពរង្គោះរង្គើរនោះ៕