ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ កម្ពុជា​ប្រឈម​មុខ​ខាង​ធនធាន​មនុស្ស​ពេល​ចូល​សហគមន៍​អាស៊ាន


លោក រ៉ាណា សុវត្ថិ ជា​បេក្ខជនបណ្ឌិត នៃសាកលវិទ្យាល័យ Minnesota សហរដ្ឋអាមេរិក។ លោក​បាន​ចូល​រួម​​តាម​ទូរស័ព្ទ​ជា​វាគ្មិន​ពិភាក្សា​អំពី​ «បញ្ហា​ប្រឈម​ខាង​ធនធាន​មនុស្ស​របស់​កម្ពុជា​ក្នុង​សហគមន៍​អាស៊ាន‍» ​ក្នុង​កម្មវិធី Hello VOA «វេទិកា​អាស៊ាន‍»​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៥។ (រូប​ផ្តល់​ឲ្យ​ដោយ រ៉ាណា សុវត្ថិ)
លោក រ៉ាណា សុវត្ថិ ជា​បេក្ខជនបណ្ឌិត នៃសាកលវិទ្យាល័យ Minnesota សហរដ្ឋអាមេរិក។ លោក​បាន​ចូល​រួម​​តាម​ទូរស័ព្ទ​ជា​វាគ្មិន​ពិភាក្សា​អំពី​ «បញ្ហា​ប្រឈម​ខាង​ធនធាន​មនុស្ស​របស់​កម្ពុជា​ក្នុង​សហគមន៍​អាស៊ាន‍» ​ក្នុង​កម្មវិធី Hello VOA «វេទិកា​អាស៊ាន‍»​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៥។ (រូប​ផ្តល់​ឲ្យ​ដោយ រ៉ាណា សុវត្ថិ)

លោក​ ​រ៉ាណា សុវត្ថិ បេក្ខជន​​បណ្ឌិត​​នៃ​​សាកលវិទ្យាល័យ​​មីនីសូតា (Minnesota) សហរដ្ឋ​អាមេរិក​ថា កម្ពុជាចាំ​បាច់​ត្រូវ​​​ដោះស្រាយ​​បញ្ហា​​ប្រឈម​​ខាង​ផ្នែក​​អភិវឌ្ឍន៍​​ធនធាន​​មនុស្ស​​ជា​ច្រើន​​នៅ​ពេល​​ចូល​​ក្នុង​​សហគមន៍​​អាស៊ាន។

ប្រទេស​កម្ពុជាចាំ​បាច់​ត្រូវ​ដោះស្រាយបញ្ហាប្រឈមខាង​ផ្នែកអភិវឌ្ឍន៍ធនធានមនុស្សជា​ច្រើននៅ​ពេលចូលក្នុងសហគមន៍អាស៊ាន​នៅ​ដើម​ឆ្នាំ​២០១៦ ក្នុងនោះ​មាន​ភាពមិនស៊ីសង្វាក់​គ្នា​រវាង​ការអប់​រំនិង​ទីផ្សារ​ការងារ បញ្ហា​ក្នុង​ផ្នែក​ឧត្តមសិក្សា ​កង្វះការយល់​ដឹង​ពី​ការចូលរួម​ក្នុង​អាស៊ាន​និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ និង​បញ្ហា​ប្រឈម​ខាង​ហេដ្ឋារចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​ជាដើម។ នេះបើ​តាម​ការ​ស្រាវជ្រាវ​មួយ។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ ​រ៉ាណា សុវត្ថិ បេក្ខជន​បណ្ឌិត​នៃ​សាកលវិទ្យាល័យ​មីនីសូតា ដែល​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធីHello VOA​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា៖

«ប្រទេស​កម្ពុជាមាន​ការផ្គត់​ផ្គង់​ហួស​កម្រិត​ខាងផ្នែក​អាជីវកម្ម​ ផ្នែក​គ្រប់គ្រង​ ​ផ្នែក​ភាសា​បរទេសនិង​ព័ត៌មាន​វិទ្យា​ជាដើម។​ ប៉ុន្តែ​អ្វី ដែល​យើង​ត្រូវ​ការ​ជាចាំបាច់​នោះ​គឺ​ផ្នែក​វិទ្យាសាស្រ្ត​សុខាភិបាល​ ផ្នែក​វិស្វកម្ម​ កសិកម្ម​ និង​អភិវឌ្ឍន៍​ជន​បទ​ជាដើម‍»។​

ប្រទេស​កម្ពុជា​និង​ប្រទេស​៩ទៀត​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍នឹង​ចូល​រួម​ក្នុង​សហគមន៍អាស៊ាន​នៅ​ដំណាច់​ឆ្នាំ​២០១៥។ ប៉ុន្តែ​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​ចាប់​យក​ផ្នែក​មួយ​ចំនួន​ដែល​ជាតម្រូវការ​ចាំបាច់​នៅ​តំបន់​អាស៊ាន​នៅ​ឡើយទេ។​

លោក​រ៉ាណា​ សុវត្ថិ​បាន​គូស​បញ្ជាក់​ថា៖

«បើ​យើង​និយាយ​ពី​អាស៊ានវិញ គឺ​អាស៊ាន​មាន​វិស័យ​មួយ​ចំនួន​ដែល​គេ​ទុក​ជាអាទិភាព​ក្នុ​ង​ការ​ធ្វើ​សមាហរណកម្ម​។ វិស័យ​ទាំងនោះ មាន​ដូច​ជា​វិស័យ​ផលិត​ផល​កសិកម្ម ការដឹកជញ្ជូន​ផ្លូវ​អាកាស​ គ្រឿង​អេឡិកត្រូនិក​និ​ង​សុខាភិបាល​ជាដើម។

លោក​ក៏​មើល​ឃើញដែរ​ថា នៅ​មានការ​ខ្វះខាត​ខាង​ផ្នែក​ឧត្តម​សិក្សា​គុណភាព​នៃការអប់​រំ សមធម៌​នៃ​ការ​អប់​រំ អភិបាល​កិច្ច ហើយ​ខ្វះ​ខាតសមត្ថភាពខាង​ការ​ស្រាវជ្រាវ​ទាំងក្នុង​ចំណោម​និស្សិត​និង​សាស្ត្រ​ចារ្យដែល​អាច​មក​ពី​កង្វះ​សម្ភារៈ​ដែល​បម្រើ​ដល់​ការ​ស្រាវជ្រាវ​ និង​មិន​សូវ​មាន​ការ​លើក​ទឹក​ចិត្ត។

ក្រៅ​ពីនេះ​ ប្រទេស​កម្ពុជា​នៅ​ខ្វះកិច្ចសហការ​ក្នុង​ចំណោម​ស្ថាប័ន​ពាក់​ព័ន្ធ​នានា គឺ​ពួកគេ​នៅធ្វើ​អ្វី​ដោយ​ឡែកៗ​ពីគ្នា​ដោយមិន​ទាន់​បាន​ជជែក​គ្នា​រក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​ជាមួយ​គ្នា​‍ទេ។​

លោ​ក​បញ្ជាក់​ថា៖​

«ទម្រង់​អន្តរកាលនេះ​ត្រូ​វការ​ការចូល​រួម​ឱ្យ​ដិតដល់​មែនទែនពី​ភាគី​ផ្សេងៗ​គឺ មិន​មែន​តែ​រដ្ឋាភិបាល​និង​ផ្នែក​ឯកជន​មួយ​ទេ​គឺ​ត្រូវ​មាន​កិច្ច​សហការ​គ្នា​ផ្នែក​រដ្ឋាភិបាល​ផ្នែក​សហជីព​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ផ្នែកឯកជន​‍»។​

លោក​បន្ថែមថា​មាន​ការចូលរួម​របស់​វិស័យ​ឯកជនដែរ​ប៉ុន្តែនៅខ្វះការគាំទ្រ​ពីរដ្ឋាភិបាល​ ការលើក​ទឹក​ចិត្ត​ កង្វះគោលដៅ ​គោលនយោបាយ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗដើម្បី​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៅ​ក្នុង​វិស័យ​ឯកជន​ទាំងនេះ​‍។​ ហើយ​ស្ថាប័ន​ដែល​អាចធ្វើ​បាន​គឺ​ហាក់​ដូច​ជា​នៅ​ដោយ​ឡែក​សម្រាប់​បម្រើ​តែផល​ប្រយោជន៍​ផ្ទៃ​ក្នុង​របស់​ពួកគេ​តែប៉ុណ្ណោះ៖

«មាន​កម្មវិធី​បណ្តុះបណ្តាល​បុគ្គលិកមួយ​ចំនួន​ប៉ុន្តែ​គឺជាស្ថាប័ន​អន្តរជាតិ​ហើយ​គឺ​ជា​ស្ថាប័នធំៗ។ ស្ថាប័ន​ជាតិ​និង​ស្ថាប័ន​តូចៗ​មិន​សូវ​មាន​កម្មវិធី​បណ្តុះបណ្តាល​ឬ​ពង្រឹង​ជំនាញ​របស់​បុគ្គលិក​យើង​ទេ‍»។

យ៉ាង​ណា​ក៏ដោយ​ លោករ៉ាណា ​សុវត្ថិ​មើល​ឃើញ​ថា​ការចូល​ក្នុ​ងសហគមន៍​អាស៊ាន​នឹង​ផ្តល់កាលានុវត្តភាព​សម្រាប់​ប្រទេស​ដ៏ក្រីក្រ​មួយ​នេះដែរ។ ​

លោក​បាន​បន្ថែម​ថា៖

«កាលានុវត្តភាព​គឺ​ការសម្របសម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​ពី​កន្លែងមួយ​ដល់​កន្លែង​មួយ​សម្រាប់​អ្នកដែលមាន​ជំនាញ​ខ្ពស់​។​ បើ​និយាយ​ពី​ប្រទេ​ស​កម្ពុជា​យើង​គឺ​យើង​អាច​ទទួល​យក​អ្នក​ជំនាញផ្សេងៗ​ហើយ​អ្នក​ជំនាញ​របស់​យើង​ក៏​គាត់​អាច​ទៅ តំបន់ផ្សេងៗ​នៅ​តំបន់​អាស៊ាន​ណា​ដែល​មាន​ភាពងាយស្រួល‍»។

ហើយ​វា​ក៏​នឹង​ជួយចូលរួ​មដល់​ការបំបិទ​គម្លាតខ្លះដែរ​ខាងផ្នែក​ឌីជីថលដែល​កម្ពុជា​មាន​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ហើយ​លោកមាន​សុទ្ទិដ្ឋិនិយម​បើស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជាធ្វើ​ការ​ជាមួយគ្នា​។

ប្រទេស​សមាជិក​អាស៊ាន​មាន​ប្រ៊ុយណេ ​កម្ពុជា ​ឡាវ ​ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី ​សិង្ហបុរី​ មីញ៉ាន់ម៉ា​ ហ្វីលីពីន​ ថៃ​ និង​វៀតណាម៕

XS
SM
MD
LG