ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាម​ដានចង់​ឃើញ​ការ​ដាក់ទោស​​ឱ្យ​​បានធ្ងន់​ធ្ងរ​​ចំពោះ​​អ្នក​បាញ់​បោះសេរី​​លើ​​ភ្នំគិរីរម្យ


បុរស​ម្នាក់​អង្គុយ​ក្បែរ​បឹង​ក្នុង​ឧទ្យានជាតិ​គិរីរម្យ កាលពី​ខែកក្កដា ឆ្នាំ​២០២០។ (ទុំ ម្លិះ/វីអូអេ)
បុរស​ម្នាក់​អង្គុយ​ក្បែរ​បឹង​ក្នុង​ឧទ្យានជាតិ​គិរីរម្យ កាលពី​ខែកក្កដា ឆ្នាំ​២០២០។ (ទុំ ម្លិះ/វីអូអេ)

អ្នក​តាម​ដាន​សង្គម ​ក្នុង​ប្រទេស​កម្ពុជា​ ​ចង់​ឃើញ​តុលាការ​ និងសមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ចា​ប់​ក្រុម​ដែល​ប្រើ​កាំភ្លើង​ បាញ់​បោះ​សេរីជាង​២០០​គ្រាប់​ នៅលើ​ភ្នំ​គិរី​រម្យ​ ​យក​មក​ផ្តន្ទា​ទោស​ឱ្យ​បាន​ធ្ងន់​ធ្ងរ​ និង​មិន​ត្រូវ​ឱ្យ​ជន​បង្កដែល​កំពុង​រត់គេច​ខ្លួន ​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​ទេ ​ជាពិសេស​ត្រូវ​តែហ៊ាន​ដាក់ទោស​ ទៅ​លើ​អ្នក​ប្រព្រឹត្ត ដែល​មាន​អ្នក​មាន​អំណាច​កាងពី​ក្រោយ ដើម្បី​បញ្ចៀស​ និង​ទប់​ស្កាត់​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។

​កាល​ពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា​ ឆ្នាំ​២០​២៣ ​មនុស្ស​ប្រមាណ២០​នាក់ ​បាន​ជួប​ជុំ​ផឹក​ស៊ី​ ក្នុង​ពិធី​ខួប​កំណើត​មួយ​ នៅ​ត្រង់​ចំណុច​ចំការ​តែ ​ស្ថិត​នៅភូមិថ្មី ឃុំចំបក់​ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ ដែល​ទីតាំង​នោះ​ស្ថិត​នៅ​លើ​ខ្នង​ភ្នំ​គិរីរម្យ ដោយ​នៅ​ពេល​ផឹក​ស៊ីនោះ ពួក​គេ​បាន​ដុត​ផាវ ​បាញ់​កាំ​ជ្រួច និង​ផ្ទុះ​អាវុធ​ចំនួន​២០៣​គ្រាប់ ​ដោយ​ប្រើ​ប្រាស់​កំា​ភ្លើង​ខ្លី​ កំាំ​ភ្លើង​ប្រភេទ​M16និង​កាំភ្លើង​ប្រភេទ​AK​47​។ ​ក្រោយ​ការ​បាញ់​បោះ​ដើម្បី​កំដរ​ការ​សប្បាយ​ក្នុងពិធី​ខួប​កំណើត​នោះ​មក ជន​ដែល​បង្ក​ការ​បាញ់​បោះបាន​រត់​គេច​ខ្លួន​។ ​នេះ​បើ​តាម​សេច​ក្តី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​ ចុះ​ថ្ងៃ​ទី​១៦ ​ខែ​វិច្ឆិកា ឆ្នាំ​២០​២៣​

​នាយក​ប្រតិ​បត្តិ​នៃ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុជាលោក សន ជ័យ ​កត់​សម្គាល់​ថា ​ការ​គ្រប់​គ្រង​កាំភ្លើង និង​អាវុធ​ជាតិ​ផ្ទុះ ​មិន​ទាន់​បាន​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ​ ព្រោះកន្លងមក​ ករណី​បាញ់​បោះ​យ៉ាងអនាធិ​បតេយ្យ ក៏​កើត​មាន​ ហើយ​ភាគ​ច្រើន​ ការប្រើ​ប្រាស់​កាំភ្លើង​បាញ់​បោះសេរី ​គឺ​ក្រោម​រូប​ភាព ជន​បរទេស​មួយ​ចំនួន​ ដែលស្នាក់​នៅក្នុង​ប្រទេស​កម្ពុជា​ ទិញកាំ​ភ្លើង​ខុស​ច្បាប់​យក​មក​ប្រើ​ និង​កើត​ឡើង​ដោយ​សារ​ មន្ត្រី​នគរ​បាល​ដែល​មាន​អាវុធ បាន​ប្រើ​ប្រាស់​អាវុធ​ទាំង​នោះ​ ខុស​វិន័យ ​និង​ខុស​ច្បាប់របស់​កង​កម្លាំង​ប្រដាប់​អាវុធ​។

​លោក សន ជ័យ បន្ថែម​ថា ​អាជ្ញាធរ​ពាក់​ព័ន្ធ​ ​គួរ​តែ​អនុ​វត្តច្បាប់​ឱ្យ​បាន​តឹង​រ៉ឹង​លើ​ករណី​ប្រើ​ប្រាស់​កាំ​ភ្លើងបាញ់​បោះ​ដោយ​សេរី​នេះ​ ហើយ​គួរ​តែមានវិធាន​កា​រ​ទប់​ស្កាត់ ​ដូច​ជា​ការ​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះជា​ប្រចាំ​ ​ព្រោះ​ការ​ប្រើ​ប្រាស់​អាវុធ​ អាច​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ​បង្កជា​ភាព​អយុត្តិ​ធម៌​ក្នុង​សង្គម ​និងបង្ក​ជា​ការ​ភ័យ​ខ្លាច​ដល់​ពល​រដ្ឋ និង​អ្នក​វិនិយោគជាដើម​។

​លោក​ប្រាប់​វីអូអេ​ថា៖​«ទាំង​អស់​នេះ ​ធ្វើ​ឱ្យ​យើង​មើល​ឃើញ​អំពី ​ការ​បារម្ភ​អំពី​សុវត្ថិភាព​របស់​មនុស្សទូទៅ ​របស់​ជនស្លូត​ត្រង់​ជាដើម ​ហើយក៏​ជា​ការ​បង្ក​ការ​ភ័យ​ខ្លាច​ទៅ​ដល់​មហា​ជន ឬ​ក៏​ដូច​ជា​អ្នក​វិនិ​យោគ ​ដែល​គេ​ចង់​មក​រក​ស៊ី​ស្រុក​ខ្មែរ​ដែរ​»។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពល​រដ្ឋ ​ដើម្បី​អភិវឌ្ឍ ​និង​សន្តិ​ភាព ​លោក ​យង់ គិមអេង ​ប្រាប់​វីអូអេ​ថា ​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ការ​បាញ់​បោះ​ដោយ​សេរី​បែប​នេះ ​ដោយ​សារការ​អនុវត្ត​ច្បាប់​ នៅ​មាន​លក្ខណៈ​ធូរ​រលុង​ ហើយ​ពេល​ខ្លះមន្ត្រី​មូល​ដ្ឋាន​ ​ខ្លាច​អំណាច​អ្នក​ដែល​ប្រព្រឹត្ត​ទាំង​នោះ​ ព្រោះ​ពួក​គេ​មាន​សែ​ស្រឡាយ​ធំ​ៗ ​កាងពី​ក្រោយ​។

​លោក​ថ្លែង​ថា៖ ​«អ្នក​ដែល​មាន​សែ​ស្រឡាយ​ធំៗ ច្រើនតែរួច​ទោស ជួន​កាល​គ្រាន់តែចាប់​មក​សួរ​នាំ​បន្តិច​បន្តួចក៏​ឱ្យរួច​ខ្លួន​អ៊ីចឹង​ទៅ​។​ អ៊ីចឹង​ហើយ​បាន​ជាកូនចៅ អ្នកមាន​សែ​ស្រឡាយ​ អ្នក​ធំដុំ​ ឬ​អ្នក​មាន​បុណ្យ​សក្កិ​មួយ​ចំនួន​ នៅ​តែ​ប្រព្រឹត្ត​អំពើ​បាញ់បោះ​អនា​ធិប​តេយ្យ​ហ្នឹង​។ បើ​សិន​ជា​មាន​ការ​អនុវត្ត​ច្បាប់ត្រឹមត្រូវ​មិន​ហ៊ាន​ទេ។ ហើយ​ម្យ៉ាង​វិញ​ទៀត ​អាជ្ញាធរ​ដែនដី ​ខ្លាច​អំណាច​ពួកអស់​ហ្នឹង​ទៀត​»។

ក្នុង​ករណី​បាញ់​បោះ​លើ​ខ្នង​ភ្នំ​គិរីរម្យ​នេះ ​លោក​ចង់​ឃើញ​តុលាការ​ និង​អាជ្ញាធរ​ដែន​ដី​ ចាប់ជន​បង្ក ​ដែល​បាញ់​បោះទាំង​អស់​ ​យក​មក​ផ្តន្ទា​ទោស​នៅ​ចំពោះ​មុខ​ច្បាប់ និង​មិន​ត្រូវ​ឱ្យ​ជន​បង្ក​ ​ដែល​កំពុង​គេច​ខ្លួន ​រួច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ​។

​លោក​បន្ថែម​ថា៖ ​«យើង​ឃើញ​ថា ចំពោះ​អំពើ​ល្មើស​ ដែល​ប្រព្រឹត្ត​ដោយ​កូន​អ្នក​ធំ ​ភាគ​ច្រើន ​មិន​សូវ​ជា​ចាត់​វិធាន​កា​រ​បាន​ទាន់​ពេល​វេលា ​ហើយ​បើ​ថា​គេច​ខ្លួន ក៏មិន​សូវ​រក​ឃើញ​ដែរ។ ហើយ​រឿង​ហ្នឹង​គឺ​ប្រហែល​ជា​មាន​ការ​សង្ឃឹម​តិច​តួចថា​នឹង​អាច​រក​ជន​ដែល​រត់​គេច​ខ្លួន​ យក​មក​ប្រឈម​ជា​មួយច្បាប់​ ហើយនិង​កាត់​ទោស​ត្រឹមត្រូវ​តាម​ច្បាប់​ហ្នឹងគឺ ការ​មើល​ឃើញរបស់​ប្រជា​ពល​រដ្ឋ​ហ្នឹង ថា​សែ​ស្រឡាយ ​អំណាច​នៅ​តែ​ធំ​ធេង​ជាង​ច្បាប់​»។

លោក ​យង់ គិម​អេង ក៏បាន​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ អាជ្ញាធរ​មូល​ដ្ឋាន ​មិន​ព្រម​មាន​ចំណាត់​ការ​ភ្លាម​ៗ​ ​ពេលដែល​កើត​ហេតុ​ការណ៍​បាញ់​បោះកើត​ឡើង ​ប៉ុន្តែបែរ​ជាមាន​ការ​ចែក​ចាយ​តាម​បណ្តាញ​សង្គម ​ទើប​ចាប់​ផ្តើម​មាន​វិធាន​ការ។

ក្នុង​ហេតុ​ការណ៍​បាញ់​បោះ​សេរី​លើ​ខ្នង​ភ្នំ​គិរី​រម្យ​នោះ ​បុរស​៤​នាក់​ក្នុង​ចំណោម​ប្រមាណ​២០​នាក់​ បានចូលសារ​ភាព​ រួច​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់​ស្ពឺ​ ចោទ​ប្រកាន់​ពីបទ​«ប្រើ​ប្រាស់​អាវុធ​គ្រឿងផ្ទុះ​ និង​គ្រាប់​រំសេវ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត»​ តាម​មាត្រា​២០​ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អាវុធ​គ្រឿង​ផ្ទុះ​ និង​គ្រាប់​រំសេវ។ អ្នក​ទាំង​៤​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ ​ចំណែក ​ជន​បង្ក​ដែល​កំពុង​រត់​គេច​ខ្លួន ​គឺអាជ្ញាធរ និង​អយ្យការ​អម​សាលា​ដំបូ​ង​ខេត្ត​កំពង់​ស្ពឺ នឹង​ស្វែង​រក​ ដើម្បី​យក​មក​ផ្តន្ទា​ទោស​។ ​នេះ​បើ​តាម​សេច​ក្តី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​។

ក្រោយ​ហេតុ​ការណ៍​បាញ់​បោះ​នៅ​លើ​ខ្នងភ្នំ​គិរី​រម្យ​ ដែល​ជា​តំបន់​ទេស​ចរណ៍​សំខាន់​មួយ​របស់​ប្រទេស​នោះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ម៉ាណែត​ ក៏​បាន​បញ្ចេញប្រតិកម្ម​ និង​បាន​ឱ្យ​ដឹង​ពី​វិធាន​ការ​ទៅ​លើ​ជន​៤រូប​ដែល​ចូល​មក​សារភាព​។ នៅ​ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ​«​ស្ពាន​នាគ​ភ្លោះ​កោះ​នរា ​និង​ស្ពាន​បេតុង​ខ្សែ​កាប​ ត​ភ្ជាប់​តំបន់​អភិវឌ្ឍ​កោះ​នរា ​ទៅ​តំបន់​អភិវឌ្ឍ​កោះ​ពេជ្រ» កាល​ពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ​លោក​ហ៊ុន ម៉ាណែត​ បាន​ឱ្យ​ដឹង​ថា ​មនុស្ស​៤​នាក់​ ​ដែល​បាញ់​បោះ​សេរី​លើ​ភ្នំ​គិរីរម្យ​នោះ​ ត្រូវ​បណ្ដេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ​។​

លោក​ថ្លែងថា៖ ​«ម្សិល​ម្ងៃ​ឃើញ​បាញ់​នូវ​គីរិ​រម្យ​ សួរ​ចុះ​សួរ​ឡើង ​ស្រាវ​ជ្រាវ​ឃើញ​។ ​ជា​អកុ​សល​នៅ​ក្នុងកម្លាំង​សមត្ថ​កិច្ច​ ត្រូវ​កាត់​បន្ថយ ​ហើយ​ចាត់​វិធាន​ការ​តឹង​រ៉ឹង​ ដូច​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​ ដូច​៤​នាក់​ត្រូ​វ​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​»​។ ​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក វ៉ិត​ ម​ឃៈ​ ព្រះ​រាជ​អាជ្ញា​រង​ និង​ជាអ្នក​នាំ​ពាក្យ​អយ្យ​ការ​អម​តុលាការ​ខេត្ត​កំពង់​ស្ពឺ​បាន​នៅ​ឡើយ​ទេ​។ ចំណែក​លោក​ ផេង​ ស៊ីភ័ណ ប្រធាន​លេខាធិការ​ដ្ឋាន​រដ្ឋបាល និងជាអ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​ ប្រាប់​វីអូអេ​ថា ជន​បង្ក​ទាំង​៤​រូបនោះ​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចៅ​ក្រម​ស៊ើប​សួរ ហើយ​លោក​សុំ​មិន​អត្ថា​ធិប្បាយ​អ្វី​បន្ថែម​ទៀត​នោះ​ទេ​។

អភិ​បាល​ខេត្ត​កំពង់​ស្ពឺ លោក វ៉ី សំណាង ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រ​នេះ​ថា ​អាជ្ញាធរ​ នឹង​បន្ត​តា​ម​ស្វែ​ង​រក​អ្នក​ពាក់​ព័ន្ធ​ ក្នុង​ករណី​បាញ់​បោះ​លើ​ភ្នំ​គិរី​រម្យ​ ត្រង់​ចំណុច​ចំការ​តែ​នោះ ​យក​មក​ផ្តន្ទា​ទោស​បន្ត​ទៀត​ ​បើ​ទោះ​បី​ជាមក​ដល់​ពេល​នេះ ​មនុស្ស៤​បាន​ទើបចូល​សារ​ភាព​ ​និង​ត្រូវ​បាន​តុលាការ​ខេត្តចោទ​ប្រកាន់។

លោក​ថ្លែង​ថា៖ ​«វា​មិន​មែន​ជា​កន្លែង​ដែល​បាញ់​បោះ ​អនា​ធិប​តេយ្យ​ទេ​។ បាញ់​បាន ក៏​ប៉ុន្តែ​មិន​អាច​រត់​រួច អ៊ីចឹង​បើ​មិន​អាច​រត់​រួច​មាន​តែ​ចូល​សារ​ភាព​ឱ្យ​ហើយ​។ ហើយ​គាត់​ចូល​សារ​ភាព​មិន​បាន​តែ​៤​នាក់​ហ្នឹងទេ ហើយ​អ្នក​ដែល​មិន​ចូល​សារភាព ក៏​នៅ​តែ​បន្ត​តាម​ចាប់​ខ្លួន​ដដែល​»​។

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ​ទូច សុឃៈ ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា​ មនុស្ស​ទាំង​៤​នាក់ ដែលចូល​សារ​ភាព​អំពី​ការ​បាញ់​បោះ​នៅ​លើ​ភ្នំ​គិរី​រម្យ និង​ត្រូវបាន​លោក​នាយក​រដ្ឋ​មន្ត្រី​ណែ​នាំ​ឱ្យ​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​ គឺ​មិន​មែន​ស្ថិត​ក្រោម​ក្រសួង​មហាផ្ទៃ​នោះ​ទេ​។

លោក​បន្ថែម​ថា ​ចំពោះ​អ្នក​ដែល​កំពុង​រត់​គេច​ខ្លួន គឺ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ នឹង​អនុវត្ត​ទៅ​តាម​ដីកា​របស់​តុលាការ​ខេត្ត​កំពង់​ស្ពឺ​។ លោក​ថា ​ចំពោះ​វិធាន​ការគ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ ​សមត្ថ​កិច្ច​ដែល​ស្ថិត​ក្រោម​ក្រសួង​មហា​ផ្ទៃ​ តែង​តែ​អនុវត្ត​ និង​រឹត​បន្តឹង​ជា​ប្រចាំ ​ដើម្បី​បញ្ចៀស​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ ​ប៉ុន្តែ​បើ​សិន​ជា​មន្ត្រី​ណា​ម្នាក់​ប្រើ​ប្រាស់​ខុស​វិន័យ និង​ខុស​ច្បាប់ ​គឺ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​៕

XS
SM
MD
LG