ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះ​រាំងស្ងួត​ជាប់ៗ​គ្នា​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​រដ្ឋ Queensland បាន​ក្លាយ​ជា​ក្តី​បារម្ភ​របស់​អូស្ត្រាលី


អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ព្យាយាម​ពន្លត់​អគ្គិភ័យ​នៅ​តាម​ផ្លូវ Fingerfield រដ្ឋ Queensland កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ព្យាយាម​ពន្លត់​អគ្គិភ័យ​នៅ​តាម​ផ្លូវ Fingerfield រដ្ឋ Queensland កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

កាលពី​ខែសីហា​ លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ធ្វើ​​ទស្សនកិច្ច​ទៅ​កាន់​តំបន់​មួយ​ចំនួន​ដែល​រងគ្រោះ​ដោយសារ​ភាព​រាំងស្ងួត​នៅ​ក្នុង​រដ្ឋ Queensland និង​បាន​សន្យា​ថា ​នឹង​ផ្តល់​ថវិកា​ចំនួន​៣ពាន់៥រយលានដុល្លារ​សម្រាប់​ជួយ​សហគមន៍​នេះ​ឲ្យ​​ឆាប់​ស្តារ​ស្ថានភាព​ឡើង​វិញ ​ដើម្បី​ទប់ទល់​នឹង​គ្រោះ​រាំងស្ងួត។

នៅ​ដើម​ឆ្នាំ​២០១៩​នេះ សហគមន៍​ជាច្រើន​នៅ​ក្នុង​រដ្ឋ Queensland​ ប្រទេស​អូស្ត្រាលី​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​រាំងស្ងួត​ដែល​ឈាន​ចូល​ដល់​ឆ្នាំទី៧ហើយ។ រដ្ឋ​នៅ​ភូមិភាគ​ឦសាន​ប្រមាណ​ជា​៦០%​នឹង​មាន​គ្រោះរាំងស្ងួត។ មិន​មែន​មាន​តែ​កសិករ​នោះ​ទេ​ដែល​ជា​អ្នក​រងគ្រោះនោះ ប៉ុន្តែក្រុង​នានា​នៅ​ក្នុង​តំបន់​ក៏​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​នេះដែរ ហើយ​ក្រុម​មន្ត្រី​មូលដ្ឋាន​និយាយ​ថា ពួកគេ​ត្រូវ​ការ​ជំនួយ​ថវិកា​ពី​រដ្ឋាភិបាល​បន្ថែមទៀត​សម្រាប់​ជួសជុលផ្លូវថ្នល់ និង​ខ្សែ​រថភ្លើង​ជាដើម។ ​

ទឹក​ភ្លៀង​ដ៏​ច្រើន​លើសលប់​ដែល​មិន​ធ្លាប់​មាន​បាន​ធ្វើ​ឲ្យ​តំបន់នានា​នៅ​ភាគខាង​ជើងរដ្ឋ Queensland មាន​ទឹក​ជំនន់​កាល​ពី​ខែធ្នូ ប៉ុន្តែ​៦០ភាគរយ​នៃ​ផ្នែក​ផ្សេង​ទៀត​របស់​រដ្ឋ​ដ៏​ធំ​ទី២​របស់​អូស្ត្រាលីមួយនេះ​ កំពុង​ប្រឈមនឹង​រងគ្រោះ​រាំងស្ងួត។​ រដ្ឋ​នេះធំ​ជាង​រដ្ឋ Texas របស់​សហរដ្ឋអាមេរិក​ដល់​ទៅ២ដង​កន្លះ។ ​

តំបន់​ខ្លះ​កំពុង​ទទួល​រងគ្រោះ​ពី​ភាព​រាំងស្ងួត​អស់​រយៈពេល​៧ឆ្នាំ​ជាប់ៗ​គ្នា។ សម្រាប់​កសិករ​ជាច្រើន​ដែល​រងគ្រោះ​ដោយ​ផ្ទាល់​ពី​ «គ្រោះ​រាំង​ស្ងួត​ដែល​គេ​ស្គាល់​ថា Big Dry» ដោយ​សារ​ខ្វះ​ទឹក​ភ្លៀង​កំពុង​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ។​ ប្រាក់​ចំណេញ​ពី​វិស័យ​កសិកម្ម​នៅ​ក្នុង​រដ្ឋ Queensland​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ២០១៩ ដែល​នឹង​ប៉ះពាល់​ដល់អាជីវកម្ម​ជាច្រើន​និង​កសិករ​រាប់​ពាន់​គ្រួសារ ។ រោងចក្រផលិត​គ្រាប់​ធញ្ញជាតិ​ និង​កសិដ្ឋាន​ផលិតផល​ទឹកដោះ​គោ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រងគ្រោះ​ខ្លាំង​ជាង​គេ។

កាលពី​ខែសីហា​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​ធ្វើទស្សនកិច្ច​ទៅ​កាន់​តំបន់​មួយ​ចំនួន​ដែល​រងគ្រោះ​ដោយសារ​ភាព​រាំងស្ងួត​នៅ​ក្នុង​រដ្ឋ Queensland និង​បាន​សន្យា​ថា ​នឹង​ផ្តល់​ថវិកា​ចំនួន​៣ពាន់៥រយលានដុល្លារ​សម្រាប់​ជួយ​សហគមន៍​នេះ​ឲ្យឆាប់​ស្តារ​ស្ថានភាព​ឡើង​វិញ ​ដើម្បី​ទប់ទល់​នឹង​គ្រោះ​រាំងស្ងួត។ ប៉ុន្តែ​សហគមន៍​មួយ​ចំនួន​ចង់​បាន​ថវិកា​បន្ថែម​ដើម្បី​ធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដូចជា​ផ្លូវថ្នល់​ និង​ខ្សែ​រថភ្លើង​នៅ​តាម​តំបន់​ដាច់ស្រយាល។ ​

នៅ​ក្នុង​ក្រុង​កសិកម្ម​ដាច់​ស្រយាល​ឈ្មោះ​ Boulia ដែល​មាន​ចម្ងាយ​ប្រមាណ១.៧០០​គ.ម​ពី​ក្រុង Brisbane លោក​អភិបាល​ក្រុង Rick Brittonបាន​ព្រមាន​ថា​គ្រោះ​រាំង​ស្ងួត​អាច​នឹង​ប៉ះពាល់​ដល់​កសិករ​ជាច្រើន។ លោក​អភិបាល​ក្រុង Rick Britton បាន​និយាយ​ថា «ប្រសិន​បើ​យើង​មាន​គ្រោះរាំងស្ងួត​ម្តង​ទៀតនោះ កសិដ្ឋាន​ជាច្រើន​នឹង​ត្រូវ​បិទ​ទ្វារ ហើយ​ខ្ញុំ​មិន​ដឹង​ថា​ផលប៉ះពាល់​ក្នុង​រយៈពេល​វែងនេះ​នឹង​មាន​ទំហំ​ប៉ុន​ណា​នោះ​ទេ។ វាមិន​តិចតួច​នោះ​ទេ។ ប្រសិន​បើ​គ្មានការ​ផ្លាស់ប្តូរ​រដូវ​នៅ​ចន្លោះ​ពី​ពេល​នេះ​ រហូត​ដល់​ខែ​មេសាទេនោះ​ ខ្ញុំ​អាច​មើល​ឃើញ​ថា​អាជីវកម្ម​ជាច្រើន​ ជាពិសេស​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​នឹងអស់​ទំនិញ​ពី​ស្តុក​ គឺ​គ្មាន​អ្វី​នៅ​សល់​នោះ​ទេ»។​

រដ្ឋាភិបាល​រដ្ឋ Queensland បាន​ប្រកាស​ថា ឆ្នាំ២០១៩ នឹង​ក្លាយ​ជា​ឆ្នាំ​នៃ​ទេសចរណ៍​ទៅ​កាន់​តំបន់​ដាច់ស្រយាល​ (Year of Outback Tourism) ដើម្បី​ជួយ​ដល់​សហគមន៍​នានា​ដែល​រងគ្រោះ​ដោយ​សារ​ភាព​រាំងស្ងួត។

អូស្ត្រាលី​ជា​ប្រទេស​ដែល​តែងតែជួប​ប្រទះ​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ។ រលក​កម្តៅ​នា​ពេល​ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យសីតុណ្ហភាព​នៅរដ្ឋ​ Western Australiaឡើង​ដល់​៤៩អង្សាសេ ខណៈមាន​ខ្យល់​ព្យុះ​បោកបក់​តាម​តំបន់​ឆ្នេរ​នៅក្នុងតំបន់ Northern Territory។ ភ្លើង​ឆេះ​ព្រៃ​ក៏​កើត​មាន​នៅ​ក្នុង​ក្រុង Hobart រដ្ឋTasmania ដែល​បាន​បណ្តាល​ឲ្យ​មាន​ផ្សែង​ដ៏​គ្រោះថ្នាក់ផងដែរ។

កាលពី​ខែ​សីហា​អាជ្ញាធរ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ គ្រោះរាំងស្ងួត​បាន​កើត​មាន​នៅ​ទូទាំង​រដ្ឋ New South Wales របស់​អូស្ត្រាលី។ ​

​អូស្ត្រាលី​គឺ​ជា​ប្រទេស​មាន​គ្រោះរាំងស្ងួត​ខ្លាំង​បំផុត​ទី២​នៅ​ក្នុង​ពិភពលោក។ ទឹក​ភ្លៀង​ប្រចាំ​ឆ្នាំ​ជា​មធ្យម​មាន​ចំនួន​តិច​ជាង​៦០០​មីលីម៉ែត្រ​ គ្របដណ្តប់​ជាង​៨០%​នៃ​ផ្ទៃ​ប្រទេស​ទាំង​មូល៕

ប្រែសម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG