ពលរដ្ឋដែលធ្វើដំណើរកម្សាន្តក្នុងរដូវកាលឈប់សម្រាករាប់ពាន់នាក់ត្រូវបានគេព្រមាន មិនឲ្យស្នាក់នៅក្នុងតំបន់ដែលរងការបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃ នៅភាគខាងកើតប្រទេសអូស្រ្តាលី មុនពេលស្ថានភាពនៃភ្លើងឆេះព្រៃកាន់តែមានភាពគ្រោះថ្នាក់នៅចុងសប្ដាហ៍នេះ។ តំបន់ដែលតម្រូវឲ្យភ្ញៀវទេសចរណ៍ចាកចេញ ត្រូវបានពង្រីកកាន់តែធំទៅៗ នៅតំបន់ឆ្នេរក្នុងរដ្ឋ New South Wales។
ការជម្លៀសប្រជាជនដ៏ធំមួយពីភាគខាងត្បូងនៃរដ្ឋ New South Wales កំពុងត្រូវបានដំណើរការ។ ក្រុមអាជ្ញាធរកំពុងជំរុញឲ្យភ្ញៀវទេសចរណ៍ និងអ្នករស់នៅតំបន់នោះចាកចេញ ខណៈពេលដែលពួកគេនៅអាចធ្វើបាន។
គេបានព្យាករណ៍ថា ស្ថានភាពភ្លើងឆេះនឹងកាន់តែគ្រោះថ្នាក់នៅតំបន់ភាគអាគ្នេយ៍ប្រទេសអូស្ត្រាលីនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
ក្រុមអាជ្ញាធរកំពុងតែពង្រីកតំបន់ដែលត្រូវជម្លៀសមនុស្សចេញពីរដ្ឋ New South Wales ជារដ្ឋដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងប្រទេសអូស្ត្រាលី ដែលនឹងរួមបញ្ចូលតំបន់ព្រៃ និងឧទ្យានជាតិ។ ការប្រកាសអាសន្នរយៈពេលមួយសប្ដាហ៍នឹងត្រូវបានគេប្រកាស ដែលការនេះនឹងផ្ដល់អំណាច កាន់តែច្រើនជាងមុនដល់មន្ត្រីពន្លត់អគ្គីភ័យ។
ខណៈដែលអគ្គីភ័យជាច្រើនកំពុងឆាបឆេះ ក្នុងរដ្ឋជាច្រើន នាយករដ្ឋមន្ត្រីប្រទេសអូស្ដា្រលី លោក Scott Morrison ដែលជាអ្នកគាំទ្រឧស្សាហកម្មធ្យូងថ្មដ៏ខ្លាំងក្លាមួយរូប កំពុងថ្លែងការពារដំណោះស្រាយរបស់លោកក្នុងគ្រាមានអាសន្ននេះ។
លោកទទួលស្គាល់ថា បញ្ហានៃការប្រែប្រួលអាកាសធាតុ គឺជាកត្តាមួយ ក្នុងចំណោមកត្តាផ្សេងទៀត ដែលបង្កឲ្យមានភ្លើងឆេះព្រៃទាំងនេះ ប៉ុន្តែលោកទទូចថា គោលនយោបាយរបស់លោកក្នុងការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ គឺគ្រប់គ្រាន់ និងមានទំនួលខុសត្រូវ។
លោកនាយករដ្ឋមន្ត្រី Scott Morrison បានថ្លែងថា៖ «គោលនយោបាយកាត់បន្ថយការបំភាយឧស្ម័នរបស់យើង នឹងការពារបរិស្ថាន ក៏ដូចជាកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយ ដែលយើងកំពុងប្រឈមមុខសព្វថ្ងៃ ហើយការណ៍នេះ នឹងអាចធានាបាននូវជោគជ័យការងារ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ»។
គ្រោះអគ្គីភ័យនេះបានបំផ្លិចបំផ្លាញ ទាំងធនធាន និងជីវិតមនុស្ស។ ម្សិលមិញមានពិធីបុណ្យសពលោក Geoffrey Keaton។ លោកគឺជាអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្តម្នាក់ក្នុងចំណោមពីរនាក់ដែលបានបាត់បង់ជីវិត នៅពេលដើមឈើរលំចំឡានពន្លត់អគ្គីភ័យរបស់ពួកគេនៅជិតទីក្រុងស៊ីដនីកាលពីខែមុន។ លោកត្រូវបានគេផ្ដល់ងារជាពលរដ្ឋដ៏ក្លាហាន។
ផ្ទះជិត ១ពាន់៣រយខ្នងត្រូវបានបំផ្លាញនៅក្នុងរដ្ឋ New South Wales ចាប់តាំងពីវិបត្តិភ្លើងឆេះព្រៃកើតឡើងកាលពីខែកញ្ញា។ យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានបាត់បង់ជីវិត។
នេះជាពេលវេលាដ៏សោកសៅនៅក្នុងប្រទេសអូស្ត្រាលី។ ភ្លើងឆេះព្រៃធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងភាពភ័យខ្លាច និងតក់ស្លុត៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា