ខណៈពេលដែលវិស័យសុខាភិបាលនៅកម្ពុជា កំពុងមានការវិវឌ្ឍប្រសើរជាងមុន ដោយគេឃើញមានការពង្រីកការគ្របដណ្តប់និងកែលម្អគុណភាពសេវាថែទាំសុខភាព និងការគាំពារសុខភាពសង្គម ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ត្រូវជំពាក់បំណុលគេ ដើម្បីបង់ថ្លៃសេវាថែទាំសុខភាព។
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ University of New South Wales (UNSW) ប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីស្រាវជ្រាវ Oxford ស្តីអំពីគម្រោងនិងគោលនយោបាយសុខាភិបាល (Health Policy and Planning) កាលពីខែតុលាកន្លងទៅ បានឲ្យដឹងថា ជិត៣០ភាគរយនៃគ្រួសារខ្មែរចំនួន ៥០០០ គ្រួសារនៅទូទាំងប្រទេសកម្ពុជា ត្រូវខ្ចីលុយពីគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ឬកម្ចីឯកជន ដើម្បីបង់ថ្លៃសេវាថែទាំសុខភាព។ កម្ចីទាំងនោះមានទឹកប្រាក់ជាមធ្យមក្នុងចន្លោះពី១២៥ដុល្លារទៅ២០០ដុល្លារ ហើយ៥៥ភាគរយនៃពលរដ្ឋដែលត្រូវខ្ចីលុយគេនោះ កំពុងប្រឈមនឹងបញ្ហាបំណុល។ ក្រុមប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងមានសមាជិកគ្រួសារច្រើន ងាយនឹងធ្លាក់ខ្លួនជំពាក់បំណុល ដើម្បីមានលទ្ធភាពបង់ថ្លៃសេវាថែទាំសុខភាពដែលគុណភាពនៅមានកម្រិតនៅឡើយ។
លោក Augustine Asante ដែលជាសហនិពន្ធម្នាក់នៃការសិក្សាស្រាវជ្រាវនេះ បានថ្លែងនៅក្នុងសារព័ត៌មានប្រចាំសាកលវិទ្យាល័យ New South Wales ដែលត្រូវបានដកស្រង់សម្តីថា៖ «ភាពក្រីក្រគឺជាបញ្ហាចម្បងមួយ នៅពេលយើងសិក្សាអំពីក្រុមប្រជាពលរដ្ឋដែលប្រឈមនឹងបញ្ហាបំណុលដោយសារតែសេវាថែទាំសុខភាព ពីព្រោះគ្រួសារក្រីក្រ ត្រូវខ្ចីលុយតាមរយៈការបង់ការប្រាក់»។
លោកសាស្ត្រាចារ្យខាងផ្នែកឱសថ និងសុខភាពសាធារណៈរូបនេះ បានបន្តទៀតថា ប្រជាពលរដ្ឋទាំងនេះ ដែលត្រូវបានស្ទង់មតិសម្រាប់ការស្រាវជ្រាវមួយនេះ បានទទួលសេវាព្យាបាលជំងឺពីគ្លីនិកឯកជន ជាជាងសេវាសាធារណៈដែលផ្តល់ឲ្យដោយមន្ទីរពេទ្យ ឬមណ្ឌលសុខភាពរដ្ឋ ដែលជាទូទៅមិនយកប្រាក់កម្រៃ ឬមានការបង់ប្រាក់តិចតួច។ លោកថា លោកមានការភ្ញាក់ផ្អើល នៅពេលដែលប្រជាពលរដ្ឋខ្មែរដែលមានជីវភាពលំបាក នៅតែបន្តទទួលសេវាព្យាបាលជំងឺពីគ្លីនិកឯកជន។
លោកបានថ្លែងថា៖ «រដ្ឋាភិបាលកម្ពុជាបានសម្រេចសមិទ្ធផលជាច្រើន ក្នុងការធ្វើផ្តល់សេវាថែទាំសុខភាពដោយភាគច្រើនមិនយកប្រាក់កម្រៃ ប៉ុន្តែប្រជាពលរដ្ឋនៅតែទទួលសេវាឯកជន ដែលតម្រូវឲ្យពួកគេចំណាយប្រាក់ច្រើន។ ជាលទ្ធផលនៃការទទួលសេវាឯកជននេះ ពួកគេងាយប្រឈមនឹងបញ្ហាបំណុល»។
៦០ភាគរយនៃការចំណាយសរុបប្រចាំឆ្នាំលើសេវាថែទាំសុខភាពនៅកម្ពុជា មានប្រភពចេញពីប្រាក់ផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋកម្ពុជា ដែលនេះគឺជាអត្រាដ៏ខ្ពស់មួយក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ UNSW ស៊ីដនី ដែលមានចំណងជើងជាភាសាអង់គ្លេសថា “Exploring the determinants of distress health financing in Cambodia” ឬបកប្រែជាភាសាខ្មែរថា «ការស្វែងយល់ពីមូលហេតុនៃបំណុលសម្រាប់សេវាថែទាំសុខភាពនៅកម្ពុជា» ក៏បានផ្តល់ការណែនាំមួយចំនួនដល់កម្ពុជា។ ដើម្បីដោះស្រាយបញ្ហាបំណុលរបស់ប្រជាពលរដ្ឋកម្ពុជាសម្រាប់សេវាថែទាំសុខភាពនេះ រដ្ឋាភិបាលកម្ពុជា «គួរតែបង្កើតឲ្យមានគម្រោងគាំពារសុខភាពសង្គមមួយ ដែលមានប្រសិទ្ធភាពនិងស៊ីជម្រៅជាងនេះ ដើម្បីផ្តល់សេវាថែទាំសុខភាពទៅកាន់ប្រជាពលរដ្ឋភាគច្រើន ហើយត្រូវឲ្យអាទិភាពលើសេវាសុខភាពសម្រាប់ក្រុមប្រជាពលរដ្ឋដែលងាយប្រឈមនឹងបញ្ហាបំណុល ជាពិសេសក្រុមប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារច្រើន និងមានជីវភាពក្រីក្រ»។
ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងបង្កើនគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីពង្រីកនិងពង្រឹងសេវាថែទាំងសុខភាពសាធារណៈដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តក្រុង។
នៅឆ្នាំ២០០៨ រដ្ឋាភិបាលកម្ពុជាបានបង្កើតរបបសន្តិសុខសង្គម ឬហៅកាត់ថា (ប.ស.ស) ដែលតម្រូវឲ្យនយោជកផ្តល់ប្រាក់សោធន និងទទួលខុសត្រូវលើផ្នែកហានិភ័យការងារ ដូចជាគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ដើម្បីធានាថាកម្មករនិងបុគ្គលិកក្នុងឯកជនអាចមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពសមរម្យ។
បន្ថែមលើនេះ ក្រសួងសុខាភិបាលក៏បានបង្កើតគម្រោងគាំពារសុខភាពសង្គម តាមរយៈមូលនិធិសមធម៌និងគម្រោងធានារ៉ាប់រងសុខភាព ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ក្នុងការទទួលបានសេវាថែទាំសុខភាពពីមណ្ឌលសុខភាពនិងមន្ទីរពេទ្យរដ្ឋ ដោយមិនត្រូវបង់ប្រាក់កម្រៃ ដោយចុះបញ្ជីពលរដ្ឋទាំងនោះឲ្យទទួលបានប័ណ្ណសមធម៌ ឬដែលត្រូវបានស្គាល់ជាទូទៅថា ប័ណ្ណក្រីក្រ។
ក៏ប៉ុន្តែ កត្តាអំពើពុករលួយ និងការអនុវត្តច្បាប់ទន់ខ្សោយ ជាពិសេសថ្នាក់មូលដ្ឋាន នៅតែជាបញ្ហាប្រឈមដែលរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមដោះស្រាយ ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការផ្តល់ការគ្របដណ្តប់សេវាសុខភាពជាសកល ឬ Universal Health Coverage។ កាលពីឆ្នាំ២០១៦ កម្ពុជាបានប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវការផ្តល់ការគ្របដណ្តប់សេវាសុខភាពជាសកលត្រឹមឆ្នាំ ២០២៥។
របាយការណ៍សមិទ្ធផលសុខាភិបាលឆ្នាំ២០១៨របស់ក្រសួងសុខាភិបាលកម្ពុជា ដែលត្រូវបានចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា ស្របពេលដែលមានការពង្រីកការផ្តល់សេវាព្យាបាលជំងឺនៅទូទាំងខេត្តក្រុង និងការកែលម្អគុណភាពសេវាថែទាំសុខភាពឲ្យប្រកបដោយក្រមសីលធម៌ វិស័យសុខាភិបាលនៅកម្ពុជា នៅតែប្រឈមនឹងបញ្ហា«ចន្លោះប្រហោងខាងគុណភាពសេវាពិនិត្យ ព្យាបាល ថែទាំ ដែលមិនបានឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាជន» ការខ្វះខាតចំនួនគ្រូពេទ្យនិងបុគ្គលិកតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកថ្នាក់ស្រុក និងសម្ភារៈឧបករណ៍វេជ្ជសាស្ត្រទំនើបជាដើម៕