ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សុខាភិបាល​ក្រើន​រំឭក​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​គ្រុន​ឈាម ខណៈ​​មាន​ករណី​ស្លាប់​៧​នាក់


រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់កំពុងពិនិត្យគ្រាប់ឈាមរកជំងឺគ្រុនចាញ់ នៅក្នុងមន្ទីរពេទ្យតែមួយគត់នៅខេត្តប៉ៃលិន ដែលសម្បូរដោយប៉ារ៉ាស៊ីតបង្កជាជំងឺគ្រុនចាញ់ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១០។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់កំពុងពិនិត្យគ្រាប់ឈាមរកជំងឺគ្រុនចាញ់ នៅក្នុងមន្ទីរពេទ្យតែមួយគត់នៅខេត្តប៉ៃលិន ដែលសម្បូរដោយប៉ារ៉ាស៊ីតបង្កជាជំងឺគ្រុនចាញ់ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១០។

អ្នក​ជំនាញ​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ និង​បង្កើន​អនាម័យ​ជុំវិញ​ផ្ទះ នៅ​ពេល​ដែល​ករណី​នៃ​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​ត្រូវ​បាន​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​បាន​កើន​ឡើង​ខ្ពស់​ ក្នុង​រយៈពេល​៦​ខែ​ដំបូងនៃ​ឆ្នាំ​២០២២ និង​បាន​សម្លាប់​មនុស្ស​មួយ​ចំនួន។

បើ​តាម​ទិន្នន័យ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​នៃ​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ជំងឺ​គ្រុន​ឈាម​ នៅ​ក្នុង​រយៈ​ពេល​៦​ខែនៃ​ឆ្នាំ​២០២២​នេះ​ បាន​កើន​ដល់​ជិត​៣០០០​ករណី​ គឺ​លើស​ករណី​ឆ្លង​សរុប​ពេញ​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២១​ ដែល​មាន​តែ​ជិត២០០០​ករណី។ នេះ​ជា​ការ​កើន​ឡើង​៣​ដង​ក្នុង​រយៈ​ពេល​៦​ខែ​ឆ្នាំ​២០២២​នេះ​ បើ​ធៀប​នឹង​រយៈ​ពេល​៦​ខែដំបូង​ឆ្នាំ​២០២១។ ​

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​ លោក ​អ៊ូច វុទ្ធី​ បា្រប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថាជំងឺ​គ្រុន​ឈាម​បាន​កំពុង​រាល​ដាល​ អំឡុង​ពេល​នៃ​រដូវ​វស្សា​ ដែល​ភ្លៀង​បន្ត​ធ្លាក់​ស្ទើរ​រាល់​ថ្ងៃ​ បង្ក​ឲ្យ​មាន​ការ​កកើត​នៃ​ពពួក​សត្វ​មូសខ្លា​ ដែល​ជា​ប្រភព​នៃ​ការ​ចម្លង​ជំងឺ​គ្រុន​ឈាម​ និងជំងឺ​មួយ​ប្រភេទ​ទៀត​គឺគ្រុន​ឈីក។

លោក​ថា​ប្រជាពលដ្ឋ​ត្រូវ​ប្រើប្រាស់​ស្បៃ​មុង​ការពារ​ក្មេង​ពេល​ដេក​ ​សម្អាត​ផ្ទះ​សម្បែង​ និង​ដាក់​ថ្នាំ​អាបែត​ (Abate) សម្លាប់​មូស​ខ្លា​ ឬ​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ទឹក​ដក់​ក្បែរ​ និងក្នុង​បរិវេណ​ផ្ទះ។

លោក​លើក​ឡើង​ថា​៖«ក្នុង​នាម​គ្រូ​ពេទ្យ​ សុំ​អំពាវ​នាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ដែល​កូន​ដេក​អី​ហ្នឹង​ ថ្ងៃ​ត្រង់​ឬ​មួយ​ក៏​យប់​ហ្នឹង​ យើង​ត្រូវ​គ្រប​មុង​ឲ្យ​គាត់​ឲ្យ​បាន​ល្អិត​ល្អន់ កុំ​ឲ្យ​មូស​វា​ចូល​បាន​ ទី​១»។ ​

លោក​បន្ថែម​ថា៖​ «ទី២​ បងប្អូន​ត្រូវ​តែ​មាន​ថ្នាំ​អាបែត​ ថ្នាំ​ដែល​អាបែត​ហ្នឹង​ ដើម្បី​យើង​ដាក់​នៅ​ក្នុង​ទឹក​ឲ្យ​មូស​ស្លាប់​ ឲ្យ​មូស​ងាប់»។

បើ​តាម​លោក ​អ៊ូច វុទ្ធី​ អ្នក​វិទ្យាសាស្ត្រ​ក្នុង​ផ្នែក​សុខាភិបាល​បាន​រក​ឃើញ​ជំងឺ​មួយ​ប្រភេទ​ គឺ​ជំងឺ​គ្រុន​ឈីក​កាល​ពី​៥​ឆ្នាំ​មុន។ ជំងឺ​នេះ​កាច​សាហាវ​ជាង​ជំងឺ​គ្រុន​ឈាម​ ព្រោះ​មនុស្ស​វ័យ​ចំណាស់​ក៏​អាច​ឆ្លង​ជំងឺ​នេះ​បាន​ដែរ។

លោក​បន្ថែម​ថា​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​គ្រុន​ឈាម​ និង​គ្រុន​ឈីក​នេះ​ អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​បាន​ផ្តួច​ផ្តើម​ការ​បង្ក​កំណើត​នៃ​ប្រភេទ​មូស​ឈ្មោល​ម្យ៉ាង​ដែល​មាន​សមត្ថភាព​បង្អាក់​ការ​កកើត​ពង​ពី​មូស​ញី ដើម្បី​កាត់​បន្ថយ​អត្រា​នៃ​ការ​កកើត​ប្រភេទ​មូស​ដែល​អាច​បង្ក​ជំងឺ​ទាំង​ពីរ​នេះ។

ក្នុង​រយៈ​៦​ខែ​នៃ​ឆ្នាំ​២០២២ គឺ​នៅ​ពេល​កម្រិត​ឆ្លង​នៃ​ជំងឺ​គ្រុន​ឈាម​កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​២០២១ ​ជំងឺ​នេះបាន​សម្លាប់​កុមារ​ អាយុ​ចន្លោះ​ពី​៦​ខែ​ទៅ​១៤​ឆ្នាំ​ចំនួន​៧​នាក់។ ក៏​ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខា​ភិបាល​មួយ​រូប​ទទួល​បន្ទុក​ផ្នែក​ជំងឺ​គ្រុន​ឈាមនេះ​ លើក​ឡើង​ថា​ ករណី​ឆ្លង​ខ្លាំង​នៃ​ជំងឺ​ដែល​បង្ក​ដោយ​សត្វ​មូស​ខ្លា​នេះ​ ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន។

ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​នៃ​ក្រសួង​សុខាភិបាល​ លោក​ លាង ឫទ្ធា​ និយាយ​ថា​ ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​ក្នុងរ​យៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​មាន​អត្រា​ខ្ពស់​ ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​ក្នុង​រយៈ​ពេល​១០ទៅ​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ។

បើ​តាមលោក​ លាង​ ឫទ្ធា​ បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​ដែល​បង្ក​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​ ​បាន​រួម​ចំណែក​ដល់​កំណើន​នៃ​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​នេះ។ ការ​បម្លាស់​ទី​របស់​ប្រជាជន​ ក៏​ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លង​ផង​ដែរ​ ពោល​ប្រសិន​បើ​ពលរដ្ឋ​នៅ​តែ​ផ្ទះ​ នោះ​ការ​រាត​ត្បាត​ជំងឺ​នេះ​ ក៏​ចុះ​ថម​ថយ​ ដូច​នៅ​ពេល​មាន​ការ​រឹត​ត្បិត​នៃ​ការ​បម្លាស់​ទី​របស់​ប្រជាជន​អំឡុង​ពេល​មាន​ការ​ឆ្លង​ខ្លាំង​នៃ​ជំងឺកូវីដ​១៩។

​មន្ត្រី​ជាន់​ខ្ពស់​សុខាភិបាល​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​ ករណី​ឆ្លង​ខ្លាំង​ ឬ​ថយ​ចុះ​នៃ​ជំងឺ​គ្រុន​ឈាម​នេះនៅ​កម្ពុជា​ ក៏​មាន​ទំនាក់​ទំនង​នឹង​ស្ថាន​ភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ហើយ​ស្ថាន​ភាព​នេះក៏​បាន​កើត​ឡើង​ស្រដៀង​គ្នានៅ​ក្នុង​ប្រទេស​ក្បែរ​ខាង​ផង​ដែរ។ យ៉ាង​ណា​ក្តី​ នៅ​កម្ពុជា ការ​ឆ្លង​ជំងឺ​គ្រុន​ឈាមកំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដែល​មិន​ទាន់​ដល់​ការ​ប្រកាស​អាសន្ន​នោះ​ទេ។

លោក​ថ្លែង​ថា៖ «យើង​ស្ថិត​នៅ​ក្នុង​សភាព​ការណ៍​មួយ​ដែល​យើង​គ្រប់គ្រង​បាន​នៅ​ឡើយ​ទេ។ យើង​អត់​អាច​ចាត់​ទុក​ថា​ជា​ការ​ផ្ទុះ​អី​ ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ ​អត់​មាន​ទេ​ណ៎ា!»។

​អត្រាឆ្លង​នៃ​ជំងឺគ្រុន​ឈាម​មាន​កម្រិត​ខ្ពស់​នៅ​រាជ​ធានី​ភ្នំពេញ​ និង​តាម​បណ្តាខេត្តចំនួន​ដូច​ជា​ខេត្ត​កណ្តាល កំពង់​ស្ពឺ​ កំពង់​ធំ​ និង​ត្បូងឃ្មុំ។ នេះ​បើ​តាម​លោក លាង​ ឫទ្ធា។ លោក​បន្ថែម​ថាកម្រិត​ឆ្លង​នេះ​កំពុង​ឃើញ​ទំនោរ​ថយ​ចុះ​ជាបណ្តើរៗ​ហើយ។ ប៉ុន្តែ​លោក​ថា​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​នេះ​ ឬ​យ៉ាង​ណា​ នៅពេល​ខាង​មុខ​នោះ អាស្រ័យ​លើ​កត្តា​អាកាស​ធាតុ ហើយ​លោក​បាន​ទទូច​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​សម្អាត​ផ្ទះ​សម្បែង​ និង​របស់​ប្រើប្រាស់​ក្នុង​ផ្ទះ​ ដូច​ជា​ពាង​ទឹក​ជាដើម។

លោក​និយាយ​ថា​៖«ឧស្សាហ៍​លាង​ពាង ឬ​ក៏​បើ​សិន​ជា​ភ្នាក់​ងារ​គាត់​យក​ដាក់​អា​បែត​ហ្នឹង​ ទទួល​គាត់ ហើយ​ដាក់​អាបែត​ក្នុង​ពាង​ជា​ជាង​យក​អាបែត​ហ្នឹង​ដាក់​ក្រោម​ផ្ទះ​ទុក​ចោល​ ហើយ​មាន​នរណា​ក្តៅ​ខ្លួន​ហ្នឹង​ ​សង្ស័យ​ហ្នឹង​សូម​ប្រញាប់​យក​ទៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ក្នុង​រយៈ​ពេល​៤៨​ម៉ោង»។

លោក លាង​ ឫទ្ធា​ ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​សុខាភិបាល​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ក៏​ដូច​ជា​ដៃ​គូ​រដ្ឋាភិបាលបន្ត​ជួយ​ពលរដ្ឋ​ក្នុង​ការ​កម្ចាត់​ជម្រកសត្វ​មូស ឬ​ផ្តល់​ថ្នាំ​សម្លាប់​សត្វ​ដែល​បង្ក​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​នេះ៕

XS
SM
MD
LG