កំណត់និពន្ធ៖ នៅឆ្នាំ២០១៩ ប្រជាជនជាងមួយលាននាក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេរាយការណ៍ថា បានឆ្លងជំងឺគ្រុនឈាមដែលបណ្តាលឱ្យមានបញ្ហាសុខភាព និងបន្ទុកលើគ្រួសារក្រីក្រ។ ការរីករាលដាលនេះជាវដ្តធម្មជាតិ ប៉ុន្តែភាពធ្ងន់ធ្ងរនៃការរីករាលដាលកាន់តែកើនឡើង ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធថែទាំសុខភាព ព្រមទាំងកក្តាបម្រែបម្រួលអាកាសធាតុ និងការចល័តទំនិញ និងប្រជាជនទូទាំងពិភពលោក។ ចាប់ពីមន្ទីរពិសោធន៍ក្នុងក្រុងបាងកករហូតដល់គ្លីនិកនៅជនបទតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា នេះជាភាពអាសន្នក្នុងការទប់ទល់នឹងជំងឺគ្រុនឈាមនេះ។ ដោយទទួលបានមូលនិធិឧបត្ថម្ភពីបណ្តាញសារព័ត៌មាន Earth Journalism Network អ្នកយកព័ត៌មាន Laure Seigel និងអ្នកថតរូបអាជីព Luke Duggleby បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា ទីក្រុងបាងកក និងខេត្ត Mae Sot ប្រទេសថៃ ដើម្បីរាយការណ៍លម្អិតនិងផ្តិតយករូបភាពនៃការរីករាលដាលនៃជំងឺគ្រុនឈាមនេះ។ អត្ថបទនេះទទួលបានការគាំទ្រពី «គម្រោងថវិកាសម្រាប់រឿងរ៉ាវស្តីពីបម្រែបម្រួលអាកាសធាតុទាក់ទងនឹងបញ្ហាសុខភាពនៅអាស៊ីប៉ាស៊ីហ្វិក» របស់បណ្តាញអ្នកកាសែត ឬ Internews។
«ប្រពន្ធរបស់ខ្ញុំមានជំងឺគ្រុនឈាមកាលពីដើមខែកញ្ញា ពីរសប្តាហ៍ក្រោយមកកូនស្រីខ្ញុំ ហើយឥឡូវនេះដល់វេនកូនប្រុសខ្ញុំម្តង។ យើងបាននាំគាត់មកមន្ទីរពេទ្យភ្លាមៗនៅពេលគាត់ក្តៅខ្លួន បន្ទោរបង់មានឈាម និងក្អួតយ៉ាងខ្លាំង»។
នេះជាសម្តីរបស់លោក ចាន់ ពិសិដ្ឋ ដែលត្រូវឈប់រត់រ៉ឺម៉កកង់បីអស់រយៈពេល៣ថ្ងៃដើម្បីមើលថែទាំកូនប្រុសអាយុ ១២ ឆ្នាំរបស់លោកនៅមន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងខេត្តសៀមរាបដែលជាទីក្រុងទេសចរណ៍សម្បូរទៅដោយប្រាសាទបុរាណ និងស្ថិតនៅប៉ែកភាគពាយព្យនៃប្រទេសកម្ពុជា។
ចាប់តាំងពីខែឧសភាមក មន្ទីរពេទ្យនេះទទួលព្យាបាលកុមារជាង ៥០០ នាក់ក្នុងមួយថ្ងៃដោយមិនគិតថ្លៃ។ មន្ទីរពេទ្យនេះបានធ្វើការអំពាវនាវជាច្រើនដើម្បីស្វែងរកជំនួយមនុស្សធម៌ជាបន្ទាន់។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភ័ក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរបាននិយាយថា៖ «នៅក្នុងរដូវកាលដែលមានការរីករាលដាលជំងឺគ្រុនឈាមខ្លាំង ជំងឺគ្រុនឈាមកើនឡើងរហូតដល់៧ដងច្រើនជាងឆ្នាំមុន ហើយអ្នកជំងឺពាក់កណ្តាលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នៅចន្លោះពីខែមិថុនា ដល់ខែសីហា យើងមានជំងឺគ្រុនឈាមចំនួន២០០ករណីក្នុងមួយសប្តាហ៍ ហើយគ្រែប្រមាណ៣០%ទៅ៥០% ត្រូវបានប្រើប្រាស់សម្រាប់អ្នកជំងឺគ្រុនឈាមធ្ងន់ធ្ងរ»។
លោកវេជ្ជបណ្ឌិតរូបនេះបានបន្ថែមទៀតថា៖ «យើងមានថវិកាប្រចាំឆ្នាំចំនួន៦លានដុល្លារ។ បើគិតត្រឹមថ្ងៃទី១៤ ខែកក្កដា យើងបានចំណាយថវិកាអស់ចំនួន២៩០.០០០ដុល្លារអាមេរិកទៅលើពូក សេរ៉ូម ការធ្វើតេស្តរកជំងឺគ្រុនឈាម និងការធ្វើការថែមម៉ោងរបស់បុគ្គលិក។ ប្រសិនបើមិនមានជំងឺគ្រុនឈាមច្រើននោះទេ យើងអាចវិនិយោគប្រាក់កាន់តែច្រើនលើជំងឺរ៉ាំរ៉ៃ ការថែទំាជំងឺធ្ងន់ៗ និងផ្នែកទារកទើបតែចាប់កំណើត»។
ជំងឺគ្រុនឈាមត្រូវបានចម្លងដោយសត្វមូសខ្លាញី (Aedes Aegypti) និងមូសខ្លា Aedes Albopictus ដែលអាចផ្ទុកមេរោគជំងឺហ្ស៊ីកា ជំងឺគ្រុនឈិក (Chikungunya) និងជំងឺគ្រុនលឿង (yellow fever) និងអាចរស់នៅក្នុងបរិយាកាសក្តៅហើយសើម។ ជំងឺគ្រុនឈាមគឺជាជំងឺដែលឆ្លងតាមសត្វមូស ហើយរីករាលដាលលឿនបំផុតនៅក្នុងពិភពលោក។
បើយោងតាមស្ថិតិ ការឆ្លងនៃជំងឺនេះមានចាប់ពី ៣០០ ទៅដល់ ៥០០ លានករណីក្នុងមួយឆ្នាំ ហើយចំនួននេះបានកើន៣០ដង ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មក។ មនុស្ស៣,៩ប៊ីលាននាក់នៅក្នុងប្រទេសចំនួន១២៨ កំពុងប្រឈមនឹងការឆ្លងជំងឺនេះ។ ខណៈដែលអ្នកឆ្លង៣ភាគ៤មិនមានរោគសញ្ញានេះ អ្នកឆ្លងមួយចំនួនមានអាការៈក្តៅខ្លួនខ្លាំង មិនឃ្លានអាហារ ចេញកន្ទួលក្រហមៗ ឈឺក្បាល ក្អួត និងឈឺចាប់ក្នុងឆ្អឹង សាច់ដុំ និងសន្លាក់ដែលជាធម្មតាមានរយៈពេលមួយសប្តាហ៍។
ខណៈដែលមិនមានវ៉ាក់សាំង ឬថ្នាំប្រឆាំងមេរោគដែលមានប្រសិទ្ធភាព ការព្យាបាលរោគសញ្ញា ការតាមដានកម្រិតផ្លាកែតក្នុងឈាម (ប្រភេទគ្រាប់ឈាមម្យ៉ាង) និងការទទួលទានទឹក គឺជាវិធីតែមួយគត់សម្រាប់ព្យាបាល។
អាស្រ័យទៅលើប្រភេទមេរោគ អាយុរបស់អ្នកជំងឺ អាការៈជំងឺ និងការពន្យារពេលក្នុងការព្យាបាលជំងឺ អ្នកជំងឺអាចមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ដែលអាចបណ្តាលឱ្យមានការហូរឈាមក្នុងខ្លួន បញ្ហាផ្លូវដង្ហើម និងការបាត់បង់មុខងារសរីរាង្គ។ ក្នុងចំណោមករណីនៃជំងឺគ្រុនឈាមទាំងអស់ ១%នៃករណីទាំងនោះគឺជាជំងឺគ្រុនឈាមធ្ងន់ធ្ងរដែលអាចបណ្តាលឱ្យអ្នកជំងឺស្លាប់បាន។
ពីដំបូងឡើយ លោក ចាន់ ពិសិដ្ឋ ព្យាយាមព្យាបាលកូនប្រុសរបស់លោកនៅផ្ទះ។ លោកបានរៀបរាប់ថា៖ «នៅពេលដែលកូនខ្ញុំចាប់ផ្តើមក្តៅខ្លួន ខ្ញុំបាននាំគាត់ទៅមណ្ឌលសុខភាពដើម្បីដាក់សេរ៉ូម»។
លោក ចាន់ ពិសិដ្ឋ បានបន្ថែមទៀតថា៖ «ខ្ញុំរកប្រាក់បានតែ២០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដូច្នេះខ្ញុំត្រូវខ្ចីប្រាក់៣៣០ដុល្លារពីអ្នកចងការប្រាក់សម្រាប់ការធ្វើដំណើរ និងថ្លៃដាក់សេរ៉ូមមួយគ្រួសារ។ នៅពេលកូនឈឺ ខ្ញុំមិនបាននាំកូនទៅមន្ទីរពេទ្យភ្លាមៗទេ ពីព្រោះខ្ញុំមិនអាចឈប់ពីការងារបាននោះទេ»។
ច្បាប់នៅប្រទេសកម្ពុជាហាមឃាត់មិនឱ្យអ្នកជំងឺប្រើថ្នាំដោយខ្លួនឯងទេ ប៉ុន្តែគ្លីនិកឯកជនភាគច្រើនអនុញ្ញាតឱ្យអ្នកជំងឺចេញទៅផ្ទះជាមួយសេរ៉ូម ដែលពួកគេលក់យកចំណេញ។ វេជ្ជបណ្ឌិតព្រមានពីហានិភ័យនៃកង្វះការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ។ ការប្រើប្រាស់សេរ៉ូម ឬថ្នាំប៉ារ៉ាសេតាមុលលើសកំណត់អាចនឹងបង្កឱ្យមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ។
ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បានអំពាវនាវឱ្យមាន «ការអប់រំ ការបង្ការ និងការទទួលបានសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ» តាមរយៈសេវាកម្មរបស់មន្ទីរពេទ្យកុមារអង្គរ។
លោកបាននិយាយថា៖ «នាពេលអនាគត កម្រិតរីករាលដាលនៃជំងឺគ្រុនឈាមអាស្រ័យលើការយល់ដឹងរបស់ប្រជាជនអំពីជំងឺ និងវិធានការរបស់រដ្ឋាភិបាល»។
នៅចុងផ្លូវលំតូចមួយ នៅជាយក្រុងសៀមរាប លោក ចាន់ ពិសិដ្ឋ រុញបើកទ្វារផ្ទះ និងនិយាយដោយដកដង្ហើមធំថា៖ «យើងដេកនៅក្នុងមុង យើងមានកង្ហារពីរ ហើយខ្ញុំតែងតែទិញថ្នាំបាញ់មូសកុំឱ្យមូសខាំ។ ប៉ុន្តែមនុស្ស៦នាក់នៅក្នុងភូមិ មានជំងឺគ្រុនឈាមរួចទៅហើយ»។
លោកបានបន្ថែមថា៖ «មិនមាននរណាមកបាញ់ថ្នាំមូសឱ្យផ្ទះយើង ឬឱ្យថ្នាំអាប៊ែតដើម្បីសម្លាប់ដង្កូវទឹកនោះទេ។ នៅក្នុងរដូវវស្សា ទឹកលិចផ្ទះយើងត្រឹមក្បាលជង្គង់។ នៅក្រោមផ្ទះ យើងត្រូវចាក់ដីបំពេញឱ្យខ្ពស់ និងចាក់ស៊ីម៉ង់ត៍ ប៉ុន្តែយើងមិនមានលទ្ធភាព ហើយក៏មិនសង្ឃឹមថា រដ្ឋាភិបាលនឹងមកជួយយើងដែរ»។
ក្នុងសង្គ្រាមលោកលើកទី២ កងទ័ពសម្ព័ន្ធមិត្ត និងកងទ័ពជប៉ុនបានពង្រាយមេរោគនៅគ្រប់ទីកន្លែងនៅតំបន់អាស៊ីអាគ្នេយ៍។ ចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០មក កត្តាជាច្រើន រួមមានការចាកចេញពីទីជនបទក្នុងចំនួនដ៏ច្រើនទៅតំបន់អនាធិបតេយ្យក្នុងតាមទីក្រុង ការខ្វះខាតវិធីសាស្ត្រប្រយុទ្ធប្រឆាំងនឹងសត្វមូសដែលមានប្រសិទ្ធភាព និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប្រជាជនរាប់លានគ្រួសារដែលរស់នៅក្នុងតំបន់អនាធិបតេយ្យដោយមិនមានការសម្អាតកាកសំណល់ ឬប្រព័ន្ធទឹកស្អាត និងការហូរចូលដ៏ច្រើនរបស់អ្នកធ្វើដំណើរមកក្នុងប្រទេស កាន់តែជំរុញឱ្យស្ថានភាពនៃការរីករាលដាលជំងឺកាន់តែមិនអាចគ្រប់គ្រងបាន ហើយបានធ្វើឱ្យជំងឺរីករាលដាលពាសពេញតំបន់ត្រូពិក។ ខណៈដែលសំបកកង់ឡានជាប្រភពនៃការបង្កាត់ពូជមូស ចំនួនយានយន្ត ការដ្ឋានសំណង់ និងការផលិតសំបកផ្លាស្ទិច ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
នៅដើមខែមករាឆ្នាំ២០១៩ មុនរដូវមូសុងចាប់ផ្តើម អាជ្ញាធរសុខាភិបាលប្រចាំទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន ទីក្រុងដាក្កានៃប្រទេសបង់ក្លាដែស រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ ទីក្រុងគូឡាឡាំពួរនៃម៉ាឡេស៊ី ប្រទេសសិង្ហបុរី ទីក្រុងហាណូយនៃប្រទេសវៀតណាម និងទីក្រុងបាងកកនៃប្រទេសថៃ បានប្រកាសជាផ្លូវការពីការផ្ទុះជំងឺគ្រុនឈាម ដោយសារតែជំងឺគ្រុនឈាមរាប់ម៉ឺនករណីត្រូវបានគេរាយការណ៍។ ស្ថានភាពនេះស្រដៀងនឹងការរីករាលដាលនៅតំបន់អាមេរិកខាងត្បូងដែរ។
លោក Richard Maude ប្រធាននាយកដ្ឋានជំងឺឆ្លងនៅក្រុមស្រាវជ្រាវ Mahidol-Oxford (MORU) ដែលជាបណ្តាញស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រតំបន់ត្រូពិកបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងស្ថិតិនេះ។
លោកបានថ្លែងថា៖ «ការកើនឡើងនៃករណីជំងឺនេះអាចបណ្តាលមកពីប្រព័ន្ធនៃការរាយការណ៍មានប្រសិទ្ធភាពជាងមុន ហើយមានការយល់ដឹង និងការផ្សព្វផ្សាយព័ត៌មានអំពីជំងឺទាំងនេះក៏កាន់តែមានច្រើន ហើយការទទួលបានការព្យាបាលជំងឺក៏មានភាពល្អប្រសើរជាងមុន»។
លោក Maude បានបកស្រាយបន្ថែមទៀតថា៖ «ប៉ុន្តែតួលេខទាំងនេះក៏អាចទាបជាងស្ថានភាពជាក់ស្តែងដែរ ពីព្រោះមេរោគគ្រុនឈាមជារឿយៗមិនមានរោគសញ្ញា ហើយការធ្វើរោគវិនិច្ឆ័យក៏អាចខុស។ ការធ្វើតេស្តឈាមមិនអាចជឿទុកចិត្តបាន១០០%នោះទេ ហើយករណីនៃអ្នកជំងឺត្រូវបានរាយការណ៍នៅតាមមន្ទីរពេទ្យរដ្ឋតែប៉ុណ្ណោះ»។
លោកវេជ្ជបណ្ឌិត Cheewanun Lertpiriyasuwa បម្រើការនៅនាយកដ្ឋានបង្ការជំងឺឆ្លងពីសត្វមកមនុស្សនៃក្រសួងសុខាភិបាលថៃ និងជាអ្នកគ្រប់គ្រងប្រព័ន្ធប្រមូលទិន្នន័យសម្រាប់ប្រទេសថៃ។
លោកបានមានប្រសាសន៍ថា៖ «យើងសង្កេតឃើញមានការកើនឡើងយ៉ាងខ្លាំង បើបៀបធៀបនឹងខែតុលា ឆ្នាំមុន ដែលនេះជាការកើនឡើងមិនធម្មតាមួយ។ យើងសន្មតថា ការរីករាលដាលនេះជាវដ្តធម្មជាតិនៃជំងឺគ្រុនឈាម ដែលទំនងនឹងផ្ទុះឡើងជារៀងរាល់ពី៣ទៅ៥ឆ្នាំម្តង ប៉ុន្តែមានកត្តាជាច្រើនទៀត ដូចជាបម្រែបម្រួលអាកាសធាតុ ការកើនឡើងកម្តៅផែនដី កម្រិតទឹកភ្លៀង និងការកើតមានជំងឺគ្រុនឈាមប្រភេទថ្មីផងដែរ។ ឥឡូវនេះ យើងត្រូវប្រើប្រាស់ថវិកាដើម្បីបង្ការ និងគ្រប់គ្រងកន្លែងបង្កាត់ពូជមូសក្នុងរយៈពេលមួយឆ្នាំពេញ»។
កាលពីឆ្នាំ២០១៦ ការស្លាប់របស់តារាសម្តែងថៃដ៏ល្បីល្បាញគឺលោក Thrisadee Sahawong វ័យ៣៧ឆ្នាំ បន្ទាប់ពីមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ បានធ្វើឱ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស ដោយសារតែអ្នកមានទ្រព្យធន ក៏ត្រូវប្រឈមនឹងជំងឺគ្រុនឈាមដែរ។ ហើយការស្លាប់របស់តារាសម្តែងថៃរូបនេះ ក៏បានជំរុញឲ្យរដ្ឋាភិបាលថៃពង្រឹងកម្មវិធីសុខភាពសាធារណៈនៃជំងឺគ្រុនឈាម។
ចំណាយសម្រាប់យុទ្ធនាការបាញ់ថ្នាំមូស ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការដឹកជញ្ជូន ថ្នាំសង្កូវ និងការធ្វើរោគវិនិច្ឆ័យ ការខាតបង់មិនបានធ្វើការ និងរៀនសូត្រ សុទ្ធតែធ្វើឱ្យបាត់បង់ថវិកាជាតិ។
«ការខាតបង់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺគ្រុនឈាម» ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រមាណ ៩៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៅចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១០ នៅក្នុងប្រទេសចំនួន១២នៅតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែប្រជាជនគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅក្នុងក្រុងបាងកកនៅតែអាចស្លាប់ ដោយសារតែជំងឺគ្រុនឈាម។
អង្គុយនៅលើកៅអីជ័រនៅតាមផ្លូវតូចចង្អៀត និងកខ្វក់មួយនៅ Chinatown លោក Jaturang Wongjiragorn ជាអ្នកជំនួញលក់ទំនិញអនឡាញវ័យក្មេង។ លោកកំពុងជួយម្តាយរបស់លោកបើកតូបលក់អាហារនៅផ្ទះ ដូចដែលលោកធ្លាប់បានធ្វើជារៀងរាល់ព្រឹកចាប់តាំងពីឪពុករបស់លោកបានស្លាប់កាលពីដើមខែតុលា។ នៅវ័យ៥៨ឆ្នាំ ឪពុករបស់លោកស្លាប់ដោយសារជំងឺគ្រុនឈាម បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យខុសជាច្រើនលើក។
លោក Jaturang Wongjiragorn បាននិយាយថា៖ «នៅថ្ងៃទី២៣ ខែកញ្ញា ឪពុកខ្ញុំគ្រុនក្តៅខ្លាំង ហើយបានទៅគ្លីនិកឯកជនពីរកន្លែងផ្សេងគ្នាដែលធ្វើរោគវិនិច្ឆ័យឃើញថា គាត់មានជំងឺផ្តាសាយ។ ពីរថ្ងៃក្រោយ គាត់ឈឺក្បាលខ្លាំង និងក្អួតចង្អោរ ដូច្នេះយើងបាននាំគាត់ទៅមន្ទីរពេទ្យ។ ខ្ញុំដឹងថា វាជារោគសញ្ញាដែលខ្ញុំមាននៅពេលដែលខ្ញុំឆ្លងជំងឺគ្រុនឈាមកាលពីនៅក្មេង ដូច្នេះខ្ញុំបានសុំឱ្យគ្រូពេទ្យធ្វើតេស្ត ប៉ុន្តែគ្រូពេទ្យគ្រាន់តែចាប់ជីពចររបស់ឪពុកខ្ញុំ ហើយនិយាយថា ឪពុកខ្ញុំមានមេរោគក្នុងពោះវៀន។ យើងក៏មកផ្ទះវិញដោយប្រើថ្នាំប្រឆាំងនឹងការក្អួត ប៉ុន្តែនៅពេលព្រឹក ឪពុកខ្ញុំស្រែកថា គាត់មិនអាចដកដង្ហើមបានទេ»។
លោក Jaturang Wongjiragorn បានប្រញាប់ទៅទិញដបអុកស៊ីសែន ហើយនាំឪពុកទៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដែលនៅជិតបំផុត។ នៅពេលទៅដល់ទីនោះ គេប្រាប់លោកថា អាការៈឪពុកខ្ញុំគឺជាសញ្ញានៃជំងឺទឹកនោមផ្អែម ប៉ុន្តែរោគសញ្ញាមានសភាពធ្ងន់ធ្ងរ ដែលត្រូវធ្វើតេស្តឈាម។ លោកអាចដឹងលទ្ធផលឈាមក្នុងរយៈពេលបួនម៉ោងក្រោយ។ លទ្ធផលបង្ហាញថា វាជាជំងឺគ្រុនឈាម។
លោក Jaturang Wongjiragorn បាននិយាយថា៖ «ខ្លួនរបស់ឪពុកខ្ញុំមានសុទ្ធតែជាតិទឹក។ យើងបានជិះជុំវិញទីក្រុងដើម្បីស្វែងរកម៉ាស៊ីនលាងឈាមដែលគាត់បានលាងអស់រយៈពេលពីរយប់។ គ្រូពេទ្យបានប្រាប់ខ្ញុំឱ្យត្រៀមខ្លួនសម្រាប់ដំណឹងអកុសល»។
យុវជនរូបនេះបានបន្តទៀតថា៖ «ដូច្នេះខ្ញុំបានមកផ្ទះវិញដើម្បីប្រាប់ម្ដាយខ្ញុំឱ្យរឹងមាំ ព្រោះឪពុកខ្ញុំប្រហែលគ្មានសង្ឃឹមទេ។ ខ្ញុំកាន់ដៃម្តាយខ្ញុំ ហើយក៏ឃើញកន្ទួលក្រហមៗនៅលើស្បែករបស់គាត់។ ខ្ញុំនាំម្តាយ និងប្អូនស្រីខ្ញុំទៅជួបគ្រូពេទ្យដែលពិនិត្យឪពុកខ្ញុំពីមុន ហើយស្រែកឱ្យគាត់ធ្វើតេស្តពួកគេភ្លាមៗ។ ពួកគេទាំងអស់សុទ្ធតែមានជំងឺគ្រុនឈាម ប៉ុន្តែទទួលបានការព្យាបាលទាន់ពេល។ ប៉ុន្តែឪពុកខ្ញុំបានស្លាប់ដោយសារជំងឺសរីរាង្គទូទៅរបស់គាត់មិនដំណើរការ។ បន្ទាប់ពីឪពុករបស់ខ្ញុំបានស្លាប់៥ថ្ងៃក្រោយមក សាលាក្រុងបានមកបាញ់ថ្នាំមូសនៅតាមផ្លូវនៅតំបន់យើងរស់នៅ។ គេធ្វើដើម្បីគ្រាន់តែល្អមើលប៉ុណ្ណោះ។ ក្រោយមក សាលាក្រុងមិនបានមកបាញ់ថ្នាំមូសទៀតទេ»។
នៅក្នុងការសិក្សាស្រាវជ្រាវមួយអំពីបញ្ហាប្រឈមនៃការបាញ់ថ្នាំមូសដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមនៅទីក្រុងបាងកក លោកស្រី Wirichada Pan-ngum ដែលជាអ្នកស្រាវជ្រាវម្នាក់ បានប៉ាន់ស្មានថា ពលរដ្ឋជាងពាក់កណ្តាលប៉ុណ្ណោះអនុញ្ញាតឱ្យអាជ្ញាធរបាញ់ថ្នាំមូស ក្រោយពីមានការរាយការណ៍ថា មានករណីពុលមនុស្ស កង្វះខាតធនធាន បញ្ហាទំនាក់ទំនង និងកត្តាប្រឈមនានាក្នុងការជំរុញឲ្យមានការចូលរួមពីសហគមន៍នៅក្នុងទីក្រុង។
លោក Methipot Chatameteekul នាយកផ្នែកគ្រប់គ្រងជំងឺឆ្លងនៅការិយាល័យរដ្ឋបាលក្រុងបាងកក បានទទួលស្គាល់ថា ឧបករណ៍នាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។
លោកបានពន្យល់ថា៖ «យើងចំណាយប្រាក់ចំនួន២លានបាតក្នុងមួយឆ្នាំលើថ្នាំមូស និងការថែទាំម៉ាស៊ីន។ ថវិកានេះនឹងត្រូវកាត់បន្ថយដើម្បីផ្តោតលើការលុបបំបាត់កន្លែងបង្កាត់ពូជមូសដូចជាអាងទឹក ដែលជាប្រភព៩០%នៃការរីករាលដាលជំងឺគ្រុនឈាមនៅក្នុងក្រុងបាងកក»។
លោក Methipot Chatameteekul បានបន្ថែមទៀតថា៖ «ក្នុងរយៈពេល៣០ ឆ្នាំកន្លងមកនេះ គ្មានយុទ្ធសាស្ត្រណាមួយដែលយើងបានអនុវត្តទទួលបានជោគជ័យ ១០០%នោះទេ។ មូសកាន់តែស៊ាំនឹងថ្នាំមូស ហើយយើងមិនចង់ឱ្យមនុស្សម្នាគិតថា ការបាញ់ថ្នាំមូសជាមធ្យោបាយតែមួយគត់ដើម្បីបង្ការជំងឺគ្រុនឈាមនោះទេ។ ប្រជាពលរដ្ឋត្រូវទទួលខុសត្រូវចំពោះទីកន្លែងរស់នៅរបស់ពួកគេ»។
ការលើកឡើងនេះមានខ្លឹមសារស្របនឹងអត្ថន័យនៃទិវាជំងឺគ្រុនឈាមអាស៊ាន កាលថ្ងៃទី១៥ ខែមិថុនា ដែលពាក្យស្លោកនៅឆ្នាំនេះបានលើកឡើងថា «បញ្ចប់ជំងឺគ្រុនឈាម ចាប់ផ្តើមពីខ្ញុំ»។
លោក Jaturang Wongjiragorn អ្នកជំនួញលក់ទំនិញអនឡាញដែលមានឪពុកស្លាប់ដោយសារជំងឺគ្រុនឈាម បាននិយាយទាំងកំហឹងថា៖ «អគារនៅទីនេះជាអគារទ្រុឌទ្រោម ហើយអ្នករស់នៅទីនេះមិនមានប្រាក់ក្នុងការសម្អាតផ្លូវដើរនោះទេ។ ផ្លូវដើរទាំងនោះតែងតែលិចដោយសារតែទឹកហូរចេញពីលូ នៅពេលភ្លៀងធ្លាក់។ យើងរស់នៅក្នុងប្រទេសថៃ។ យើងត្រូវបានមូសខាំជាញឹកញាប់ ជាពិសេសអ្នកដែលធ្វើការនៅតាមផ្លូវ។
លោកបានបន្ថែមទៀតថា៖ «ត្រូវបង្កើនការត្រួតពិនិត្យលើមន្ទីរពេទ្យ និងអនាម័យសាធារណៈ។ ប្រសិនបើអ្នកមិនស្គាល់ពេទ្យទេ ពេទ្យនឹងមិនដាក់ថ្នាំឱ្យបានត្រឹមត្រូវ ឬរួសរាយរាក់ទាក់ដាក់អ្នកនោះទេ ទោះបីជាអ្នកមានប្រាក់បង់ឱ្យពួកគេក៏ដោយ។ ខ្ញុំបានចំណាយប្រាក់ចំនួន៤០.០០០បាតសម្រាប់ការព្យាបាលឪពុករបស់ខ្ញុំ ហើយតើខ្ញុំបានអ្វីមកវិញ?»
អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានអះអាងថា គេអាចងាយយល់ច្រឡំជំងឺគ្រុនឈាមប្រភេទស្រាលជាមួយនឹងជំងឺដែលចម្លងដោយមូសផ្សេងទៀត។ លោក Wanitda Wattanaworawit ដឹកនាំមន្ទីរពិសោធន៍របស់គម្រោង SMRU (Shoklo Malaria Research Unit) ដែលទទួលបានគាំទ្រពីអង្គការ Wellfund Trust។ អង្គការនេះប្រតិបត្តិការគ្លីនិកចំនួន៣សម្រាប់ប្រជាជនក្រីក្រដែលរស់នៅបណ្តោយព្រំដែនមីយ៉ាន់ម៉ា និងថៃ។ អ្នកស្រាវជ្រាវផ្នែកជីវវិទ្យារូបនេះបានអំពាវនាវឱ្យមានឧបករណ៍ធ្វើរោគវិនិច្ឆ័យដែលមាន «ប្រសិទ្ធភាព មានតម្លៃថោក និងអាចដឹងលទ្ធផលលឿន»។
លោក Wanitda Wattanaworawit បាននិយាយថា៖ «ការក្តៅខ្លួនខ្លាំងអាចបណ្តាលមកពីបាក់តេរី ឬមេរោគ និងត្រូវការការព្យាបាលផ្សេងគ្នា ដូច្នេះវាសំខាន់ណាស់ក្នុងការធ្វើរោគវិនិច្ឆ័យដំបូងដើម្បីចៀសវាងការដាក់ថ្នាំខុសឱ្យអ្នកជំងឺ និងឱ្យពួកគេឈានដល់ដំណាក់កាលធ្ងន់ធ្ងរ»។
លោកបានបកស្រាយបន្ថែមទៀតថា៖ «ប៉ុន្តែការធ្វើតេស្តមានតម្លៃ២០០០បាត (៦០ អឺរ៉ូ) ហើយមណ្ឌលសុខភាពភាគច្រើននៅក្នុងតំបន់ មិនមានមធ្យោបាយ ឬពេលវេលាដើម្បីធ្វើរោគវិនិច្ឆ័យពេញលេញទេ ហើយពឹងផ្អែកលើរោគសញ្ញាតែប៉ុណ្ណោះ។ មិនទាន់មានបច្ចេកវិទ្យាគ្រប់គ្រាន់ក្នុងការកំណត់ប្រភពនៃជំងឺគ្រុនក្តៅខ្លាំងភាគច្រើននៅឡើយទេ»។
នៅតាមតំបន់ក្រីក្រដែលសម្បូរទៅដោយមនុស្សនិងទំនិញឆ្លងកាត់ ករណីនៃការផ្ទុះជំងឺក៏កើនឡើងច្រើន។ លោក A. Salam គឺជានាយកអង្គការ MAPS ដែលជាមូលនិធិការពារសិទ្ធិកម្មករមីយ៉ាន់ម៉ានៅប្រទេសថៃ។
លោកបាននិយាយថា៖ «ឆ្នាំនេះខ្ញុំ និងកូនៗរបស់ខ្ញុំ មានជំងឺគ្រុនឈាម ឬជំងឺគ្រុនឈិក (Chikungunya) ឬជួនកាលមានជំងឺទាំងពីរនេះតែម្តង។ ប្រជាជនមិនមានប្រាក់ចំណូលទេនៅរដូវនេះ ព្រោះពួកគេមិនអាចទៅធ្វើការអស់ជាច្រើនសប្ដាហ៍»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺគ្រុនឈិករីករាលដាលយ៉ាងខ្លាំងចាប់ពីភាគខាងត្បូងប្រទេសថៃ នៅតាមព្រំដែនម៉ាឡេស៊ី រហូតដល់តំបន់ Mae Sot នៅភាគពាយព្យនៃប្រទេសថៃ។ តំបន់ Mae Sot គឺជាច្រកព្រំដែនដ៏សំខាន់សម្រាប់ជនចំណាកស្រុកមីយ៉ាន់ម៉ាដែលមកធ្វើការក្នុងវិស័យកសិកម្មដាំដំណាំ និងតាមរោងចក្រកាត់ដេរចំនួន ៤០០ កន្លែង ឬនៅតាមកន្លែងសំណង់នានាក្នុងទីក្រុងបាងកក។
ជារៀងរាល់ថ្ងៃ កម្មករចន្លោះពី២.០០០ទៅ៣.០០០នាក់ ឆ្លងកាត់ព្រំដែនចូលក្នុងប្រទេសថៃ ហើយជនចំណាកស្រុកមីយ៉ាន់ម៉ាចំនួន១០០.០០០នាក់ កំពុងរស់នៅក្នុងតំបន់នេះ។ ជនចំណាកស្រុកពាក់កណ្តាលធ្វើការដោយខុសច្បាប់ ដោយមិនមានការគាំពារសង្គម ឬមិនចេះភាសា និងបែបបទរដ្ឋបាលថៃ។ តំបន់នេះខ្វះសេវាថែទាំសុខភាពដែលមានតម្លៃសមរម្យ។ នេះបើតាមការលើកឡើងរបស់លោក A. Salam។
លោក A. Salam បានរៀបរាប់បន្តទៀតថា៖ «គ្លីនិកមួយចំនួនរបស់អង្គការក្រៅរដ្ឋាភិបាលផ្តល់សេវាដោយឥតគិតថ្លៃ ប៉ុន្តែគ្លីនិកទាំងនោះផ្តល់តែសេវាថែទាំមូលដ្ឋាន និងសម្រាប់អ្នកនៅឆ្ងាយពីមណ្ឌលសុខភាពតែប៉ុណ្ណោះ។ កម្មករអាចបង់ប្រាក់សម្រាប់ការពិគ្រោះជំងឺនៅមន្ទីរពេទ្យរដ្ឋ Mae Sot ប៉ុន្តែរយៈពេលរង់ចាំ និងបញ្ហាភាសារារាំងពួកគេភាគច្រើនមិនឱ្យទៅមន្ទីរពេទ្យរដ្ឋ»។
លោកបានបន្ថែមទៀតថា៖ «ដូច្នេះ ពួកគេចូលចិត្តទៅរកសេវារហ័សនៅគ្លីនិកឯកជនវិញ។ មនុស្សចាស់ៗត្រឡប់ទៅភូមិរបស់ពួកគេនៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញ នៅពេលជិតស្លាប់ ពីព្រោះមិនចង់ទុកឲ្យកូនៗរបស់ពួកគេជាប់បំណុលគេនោះទេ។ ប្រសិនបើពួកគេមិនមានលទ្ធភាពបង់ថ្លៃធ្វើប័ណ្ណការងារ និងធានារ៉ាប់រងសុខភាពទេ ខ្ញុំនឹងប្រាប់ពួកគេកុំឱ្យមកប្រទេសថៃ ពីព្រោះពួកគេនឹងពិបាកជម្នះបញ្ហាជាច្រើន»។
កាលពីមួយទសវត្សរ៍មុន អ្នកស្រី Nyin Nyin Kyi អាយុ ៣១ ឆ្នាំ បានចាកចេញពីទីក្រុង Moulmein នៅភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ទៅតំបន់ទីប្រជុំជន Mae Sot ដើម្បីធ្វើស្វែងរកការងារធ្វើ ដែលអាចរកបាន ២០០បាតក្នុងមួយថ្ងៃ ដោយភាគច្រើនជាការធ្វើការដោយខុសច្បាប់។
អ្នកស្រីបាននិយាយថា៖ «នៅព្រឹកមួយនោះ ខ្ញុំឈឺក្បាលខ្លាំង និងឈឺឆ្អឹងឆ្អែង ខ្ញុំមិនអាចក្រោកបានទេ។ គ្រូពេទ្យម្នាក់នៅក្នុងគ្លីនិកឯកជនមួយបានឱ្យថ្នាំសម្រាប់ជំងឺគ្រុនឈិក (Chikungunya) មកខ្ញុំ ប៉ុន្តែខ្ញុំត្រូវទៅជួបពេទ្យច្រើនដង ដោយសារតែខ្ញុំចេញកន្ទួលក្រហមៗពេញខ្លួន។ ការព្យាបាលទាំងមូលត្រូវចំណាយអស់១.៥០០បាត»។
នៅពេលកូនរបស់អ្នកស្រីម្នាក់បានឆ្លងមេរោគ ដូចអ្នកស្រី ហើយប៉ុន្មានថ្ងៃក្រោយមក ប្តីរបស់អ្នកស្រីក៏ត្រូវឈប់ធ្វើការ ហើយគ្រួសាររបស់អ្នកស្រីមិនអាចរកប្រាក់ចំណូលអស់រយៈពេលបីសប្តាហ៍។
អ្នកស្រី Nyin Nyin Kyi បានរៀបរាប់ថា៖ «យើងត្រូវខ្ចីប្រាក់ពីអ្នកចងការប្រាក់ចំនួន១០.០០០បាតដើម្បីរស់។ ក្នុងរយៈពេល ៤ ខែចុងក្រោយ យើងអាចបង់បានត្រឹមតែការប្រាក់ចំនួន ២.០០០បាតក្នុងមួយខែតែប៉ុណ្ណោះ។ យើងធ្លាប់ត្រូវប៉ូលិសចាប់ខ្លួន ៤ ដងរួចហើយ ដោយសារធ្វើការខុសច្បាប់ ហើយបានបង់ប្រាក់ធានារាប់ពាន់បាតដើម្បីបាននៅក្រៅឃុំ។ ខ្ញុំចង់ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ប៉ុន្តែយើងត្រូវសងបំណុលរបស់យើងដែលមានចំនួនសរុប ៣០.០០០បាតជាមុនសិន ពីព្រោះអ្នកចងការប្រាក់អាចនឹងតាមរករឿងយើង»។
លោក François Nosten ដែលជានាយក SMRU នៅចងចាំថ្ងៃអាក្រក់មួយ នៅពេលដែលតំបន់ Mae Sot នេះត្រូវបានញាំញីដោយមូស Plasmodium Falciparum ដែលជាប្រភេទមូសបង្កឱ្យមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរបំផុត។
លោកបានរៀបរាប់ថា៖ «នៅពេលដែលខ្ញុំបានមកដល់តំបន់ Mae Sot ក្នុងឆ្នាំ១៩៨៤ ជំងឺគ្រុនចាញ់គឺជាឃាតកដ៏សាហាវដែលបានសម្លាប់មនុស្សនៅទីនេះជាច្រើននាក់។ កាលពី១៥ឆ្នាំមុន មានករណីគ្រុនចាញ់ចាប់ពី៥០ទៅ៦០ករណីក្នុងមួយថ្ងៃ។ ឥឡូវនេះមានតែមួយករណីប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយសារមានយុទ្ធនាការស្វែងរករោគសញ្ញាដំបូង និងយុទ្ធសាស្រ្តរួមគ្នានៃការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់និងការចូលរួមរបស់សហគមន៍ប្រកបដោយប្រសិទ្ធភាព។ យើងអាចជួយឱ្យអ្នកជំងឺគ្រុនចាញ់ព្យាបាលពួកគេជា ដូច្នេះយើងត្រូវរក្សាការខិតខំប្រឹងប្រែងនេះ ដើម្បីបញ្ឈប់វដ្តនៃការចម្លងជំងឺគ្រុនចាញ់»។
លោកបានបន្ថែមទៀតថា៖ «ប៉ុន្តែមិនមានផែនការជាសាកលច្បាស់លាស់ដើម្បីលុបបំបាត់ជំងឺគ្រុនឈាម ឬជំងឺប្រហាក់ប្រហែលនោះទេ ដោយសារអត្រាមរណភាពនៅមានកម្រិតទាប ដូច្នេះក្រុមហ៊ុនផលិតឱសថមិនមានការលើកទឹកចិត្តក្នុងការវិនិយោគក្នុងការស្រាវជ្រាវនោះទេ»។
ការព្យាយាមចុងក្រោយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះបានបាត់វិញក្នុងរយៈពេលពេលខ្លីមួយ។ ការផ្ទុះជំងឺគ្រុនឈាមនៅក្នុងប្រទេសហ្វីលីពីនបានបណ្តាលឱ្យមានការភ័យខ្លាចនៅទូទាំងតំបន់តំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងឆ្នាំ២០១៦ នៅពេលដែលមានការរីករាលដាលនៃជំងឺគ្រុនឈាម រដ្ឋាភិបាលហ្វីលីពីនបានដាក់បញ្ចូលវ៉ាក់សាំងថ្មីមួយឈ្មោះ Dengvaxia ទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងសាធារណៈ ហើយទទួលបានការគាំទ្រយ៉ាងច្រើន។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបារាំងមួយឈ្មោះ Sanofi Pasteur។ សិស្សានុសិស្សចំនួន ៨០០.០០០ នាក់ បានចាក់វ៉ាក់សាំងនេះយ៉ាងប្រញាប់ប្រញាល់។ បន្ទាប់ពីមានមនុស្សរាប់រយនាក់ស្លាប់ ដោយសារតែការបាត់បង់ឈាមក្នុងខ្លួន និងមនុស្សរាប់ពាន់នាក់ត្រូវការការសង្គ្រោះបន្ទាន់ ឪពុកម្តាយបានចាប់ផ្តើមសង្ស័យលើវ៉ាក់សាំងមួយប្រភេទនេះ។
កាលពីខែសីហា ឆ្នាំ២០១៧ ក្រុមហ៊ុនផលិតឱសថបានចេញសេចក្តីប្រកាសព័ត៌មានណែនាំមិនឱ្យប្រើប្រាស់វ៉ាក់សាំង Dengvaxia ចំពោះកុមារអាយុក្រោម៩ឆ្នាំ ហើយបានទទួលស្គាល់ថា «វ៉ាក់សាំងនេះមានហានិភ័យខ្លាំងសម្រាប់អ្នកដែលមិនធ្លាប់មានមេរោគនេះពីមុន និងអ្នកដែលប្រឈមនឹងជំងឺគ្រុនឈាមធ្ងន់ធ្ងរ»។ ការចាក់វ៉ាក់សាំងប្រៀបដូចជាការឆ្លងមេរាគជាលើកដំបូង ហើយប្រសិនបើមានការឆ្លងមេរោគជាលើកទី២ នោះអ្នកជំងឺមានគ្រោះថ្នាក់កាន់តែខ្លាំង។
នៅក្រសួងសុខាភិបាលថៃ លោកវេជ្ជបណ្ឌិត Cheewanun Lertpiriyasuwat មិនធ្វើការប្រថុយប្រថាននោះទេ។
លោកបានលើកឡើងថា៖ «យើងបញ្ចូលវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់ជាង៩០%តែប៉ុណ្ណោះទៅក្នុងកម្មវិធីរបស់យើង។ សម្រាប់វ៉ាក់សាំង Dengvaxia វាមានប្រសិទ្ធភាពតិចជាង៦០%សម្រាប់កុមារនៅអាស៊ី។ វ៉ាក់សាំងប្រភេទនេះមិនសូវត្រូវបានណែនាំឱ្យប្រើប្រាស់នោះទេ។ យើងចង់បានវ៉ាក់សាំងល្អជាងនេះ ព្រោះយើងមិនប្រាកដអំពីផលវិបាករយៈពេលវែងនោះទេ»។
ក្នុងនាមជាប្រធានដេប៉ាតឺម៉ង់វេជ្ជសាស្រ្តត្រូពិកនៃសាកលវិទ្យាល័យ Mahidol ក្នុងទីក្រុងបាងកក លោក Punnee Pitisuttithum បានចូលរួមក្នុងការតាមដានប្រសិទ្ធភាពរបស់វ៉ាក់សាំង Dengvaxia។
លោកបង្ហាញការអង្កេតរបស់លោកថា៖ «ជាទូទៅវ៉ាក់សាំងនេះប្រសិទ្ធភាពតិច។ វ៉ាក់សាំងដែលល្អសម្រាប់ការពារជំងឺគ្រុនឈាម គឺជាវ៉ាក់សាំងដែលអាចជម្នះជំងឺគ្រុនឈាមទាំងបួនប្រភេទ។ យើងកំពុងស្វែងរកវ៉ាក់សាំងថ្មី ដែលអាចត្រូវបានប្រើសម្រាប់កុមារដែលមានភាពស៊ាំនៅវ័យក្មេង ប៉ុន្តែដោយសារតែភាពស្មុគស្មាញនៃជំងឺ ការធ្វើអន្តរកម្មរវាងមេរោគផ្សេងគ្នា និងកង្វះថវិកា វាមានការពិបាកក្នុងការទប់ស្កាត់ការឆ្លងជំងឺនេះណាស់។
លោកវេជ្ជបណ្ឌិតរូបនេះ បានបន្ថែមទៀតថា៖ «ក្នុងពេលជាមួយគ្នានេះ ជំងឺគ្រុនឈាមកំពុងតែរីករាលដាលនៅទូទាំងតំបន់។ ប៉ុន្តែយើងនៅតែអាចបង្ការភាពធ្ងន់ធ្ងរ និងទប់ស្កាត់ការឆ្លង និងជួយសង្គ្រោះជីវិតមនុស្សបាន ដោយប្រើប្រាស់វ៉ាក់សាំង រួមជាមួយនឹងឧបករណ៍ធ្វើតេស្តល្អជាងមុនដើម្បីធានាថា វ៉ាក់សាំងនេះមិនត្រូវបានចាក់ឱ្យមនុស្សដែលមិនធ្លាប់ឆ្លងមេរោគនេះ។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា វ៉ាក់សាំង Dengvaxia បានជួយកាត់បន្ថយករណីជំងឺគ្រុនឈាមដំណាក់កាលហូរឈាម (dengue hemorrhagic fever) បាន ៩០% និងចំនួនកុមារអាយុក្រោម៩ឆ្នាំ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបាន ៨០%»។
កាលពីខែមេសា ឆ្នាំ២០១៨ អត្ថបទមួយដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោកបានលើកឡើងថា ដោយសារសមាមាត្រនៃហានិភ័យធៀបនឹងប្រសិទ្ធភាព មានការគាំទ្រឱ្យរឹតត្បិតការប្រើប្រាស់វ៉ាក់សាំង Dengvaxia។ អត្ថបទនោះសរសេរថា៖ « អ្នកចូលរួមដែលមានមេរោគនៅពេលចាក់វ៉ាក់សាំងលើកដំបូងមានការការពារប្រឆាំងនឹងជំងឺគ្រុនឈាមធ្ងន់ធ្ងរ ក្នុងរយៈពេលអង្កេត៥ឆ្នាំដំបូង។ វ៉ាក់សាំងនេះនៅតែមានតួនាទីសំខាន់ក្នុងវិស័យសុខភាពសាធារណៈ នៅពេលមិនទាន់មានដំណោះស្រាយផ្សេងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺគ្រុនឈាមនៅជុំវិញពិភពលោក»។
មិនដូចជំងឺគ្រុនចាញ់ ជំងឺរបេង ឬជំងឺអេដស៍ដែលទទួលបានការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិដោយសារតែជនរងគ្រោះមានចំនួនច្រើន អង្គការសុខភាពពិភពលោកនៅតែចាត់ទុកជំងឺគ្រុនឈាមថាជា «ជំងឺត្រូពិកខ្វះការប្រុងប្រយ័ត្ន»។ នេះជាចំណាត់ថ្នាក់ដែលគេដាក់ឱ្យប្រភេទជំងឺដែលមានការឆ្លងតិចតួចសម្រាប់ប្រជាជនមានប្រាក់ចំណូលទាបនៅទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិក។
លោក Punnee Pitisuttithum បានជំរុញឱ្យ «អង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល ឬក្រុមហ៊ុនជីវបច្ចេកវិទ្យា ដូចជា សម្ព័ន្ធដើម្បីការបង្កើតថ្មីនិងការត្រៀមខ្លួនសម្រាប់ការរីករាលដាលនៃជំងឺ (Coalition for Epidemic Preparedness Innovations ) ឬ មូលនិធិ Gates ដែលបានវិនិយោគប្រាក់យ៉ាងច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ គួរតែជួយលើកកម្ពស់ការយល់ដឹងអំពីជំងឺគុ្រនឈាមនេះ។
លោកបានលើកឡើងថា៖ «យើងត្រូវការការស្រាវជ្រាវបន្ថែមទៀតដើម្បីកំណត់ពីហ្សែន និងធ្វើឱ្យប្រព័ន្ធការពាររាងកាយដំណើរការ ហើយនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ យើងខ្វះសមត្ថភាពនេះទេ។ យើងត្រូវតែសហការរួមគ្នារវាងប្រទេសនិងប្រទេស និងផលិតវ៉ាក់សាំងកាន់តែគុណភាពល្អប្រសើរនៅលើទីផ្សារ ដើម្បីបង្ការការឆ្លងពីទ្វីបទៅទ្វីបមួយទៀត»។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ផែនដីមានកម្តៅក្តៅខ្លាំងបំផុតដែលធ្លាប់មាន ហើយបម្រែបម្រួលអាកាសធាតុនេះអាចធ្វើឱ្យជំងឺគ្រុនឈាមក្លាយជាជំងឺដែលពិភពលោកមានការព្រួយបារម្ភ។ អត្ថបទរបស់ព្រឹត្តិបត្រសិទ្ធិមនុស្ស និងសុខភាព បានលើកឡើងថា «ការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗ កម្រិតទឹកភ្លៀង និងការកើតមាននៃគ្រោះមហន្តរាយធម្មជាតិច្រើន កំណើនចំនួនប្រជាជន ការធ្វើទេសន្តរប្រវេសន៍ ការពង្រីកក្រុង ពាណិជ្ជកម្ម និងការធ្វើដំណើរឆ្លងប្រទេស ត្រូវបានគេជឿថា នឹងបង្កើនកន្លែងបង្កាត់ពូជមូស និងអត្រាបង្កកំណើតសត្វមូស ដែលបណ្តាលឲ្យមានភ្នាក់ងារចម្លងមេរោគ និងករណីចម្លងមេរោគកាន់តែច្រើន។ ព្រឹត្តិបត្រដដែលនេះក៏បានកត់សម្គាល់ថា «ហានិភ័យនៃការកើនឡើងនៃការចម្លងមេរោគដោយសត្វមូស នឹងកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងប្រទេសជាច្រើននៅអឺរ៉ុប ទោះបីក្នុងរយៈពេលខ្លីក៏ដោយ»។
កាលពីឆ្នាំ២០១២ មានការផ្ទុះជំងឺគ្រុនឈាមនៅអឺរ៉ុបជាលើកដំបូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩២០មក។ ករណីនេះបានកើតឡើងនៅតំបន់ Madeira ដែលបណ្តាលឱ្យមានការឆ្លងចំនួនជាង២.០០០ករណី ហើយការសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ១២០ករណី។ កាលពីខែកញ្ញា ឆ្នាំ២០១៩ ករណីជំងឺគ្រុនឈាមបានឆ្លងដោយសារការរួមភេទរវាងបុរសពីរនាក់ជាលើកដំបូងត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ។
លោក Richard Maude បាននិយាយថា៖ «វាគ្រាន់តែជារឿងមុន និងក្រោយតែប៉ុណ្ណោះ។ ជំងឺគ្រុនឈាមនឹងរីករាលដាលទៅដល់ភាគខាងត្បូងនៃសហរដ្ឋអាមេរិក ដែលរងផលប៉ះពាល់ដោយសារមេរោគ West Nile រួចទៅហើយ។ កន្លែងក្តៅហើយសើម គឺជាកន្លែងបង្កាត់ពូជមូសដ៏ល្អឥតខ្ចោះ។ នៅពេលដែលប្រទេសលោកខាងលិចរងគ្រោះដោយជំងឺនេះ ប្រហែលជានឹងមានការវិនិយោគកាន់តែច្រើនទៀតនៅក្នុងការស្រាវជ្រាវ»។
នៅឯតំបន់ Mae Sot ប្រទេសថៃវិញ លោក François Nosten បានសង្ខេបពីចំណុចសំខាន់នៃជំងឺរាតត្បាតនេះ។
លោកបានលើកឡើងថា៖ «ទោះបីយើងមានវ៉ាក់សាំងត្រឹមត្រូវ និងមានតម្លៃសមរម្យក៏ដោយ ដែលគេត្រូវការរយៈពេល១០ឆ្នាំទៀតដើម្បីមានវ៉ាក់សាំងប្រភេទនោះសម្រាប់ជំងឺគ្រុនឈាម យើងនៅតែផ្តល់វ៉ាក់សាំងនេះ [វ៉ាក់សាំង Dengvaxia] ទៅឱ្យគ្រប់គ្នា ហើយដោយសារតែហេតុនេះ យើងត្រូវមានការផ្សព្វផ្សាយព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអគ្គិសនី ឬយើអាចនិយាយបានម្យ៉ាងទៀតថា យើងត្រូវការគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធម៉ត់ចត់ ព្រមទាំងការវិនិយោគត្រឹមត្រូវលើវិស័យសុខាភិបាល និងអប់រំផងដែរ»។
ក្រៅពីការសិក្សាស្រាវជ្រាវលើវ៉ាក់សាំងបង្ការដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងមានតម្លៃទាម អ្នកជំនាញលើការរីករាលដាលនៃជំងឺគ្រុនឈាម ក៏បានផ្តល់អនុសាសន៍ និងវិធីសាស្រ្តរួមគ្នា រួមមានការបញ្ចូលឧបករណ៍ថ្មីសម្រាប់ការកម្ចាត់សត្វមូស និងការត្រួតពិនិត្យគ្រប់គ្រងគ្លីនិកឱ្យកាន់តែប្រសើរ ព្រមទាំងឆន្ទៈនយោបាយដើម្បីអនុវត្តកម្មវិធីបង្ការនៅតាមសហគមន៍។
ដោយសារតែមានការប្រែប្រួលបរិស្ថានខ្លាំង បើមិនមានផែនការវិនិយោគជាសាកលដែលមានភាពស្មើគ្នាទេនោះ ពលរដ្ឋនៅតាមទីក្រុង និងពលរដ្ឋជនបទដែលរស់នៅក្នុងប្រទេសដឹកនាំដោយរដ្ឋាភិបាលផ្តាច់ការ ដែលខ្វះតម្លាភាព នឹងនៅតែប្រឈមនឹងជំងឺគ្រុនឈាម ដោយមានបន្ទុកខុសពីគ្នាដាច់៕