នៅឆ្នាំនេះ ករណីជំងឺគ្រុនឈាមបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់រហូតមកដល់ពេលនេះ ហើយចំនួននេះមានការកើនឡើងជាងឆ្នាំមុន អំឡុងពេលដូចគ្នា។ ការស្លាប់នេះគឺជាលទ្ធផលនៃការឆ្លងជំងឺនេះជិត៤.៧០០ករណី។ នេះបើយោងតាមក្រុមមន្ត្រីសុខាភិបាល។
នៅរយៈពេលដូចគ្នានេះ នៅក្នុងឆ្នាំ២០១៤មានមនុស្ស១២នាក់បានស្លាប់ដោយសារជំងឺនេះ ហើយមានមនុស្សប្រមាណ១.៧៥០នាក់បានឆ្លងមេរោគគ្រុនឈាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ជំងឺនេះបានលេចឡើងច្រើនតាមរដូវរបស់វា ដោយការឆ្លងជំងឺនេះមានកម្រិតខ្ពស់ខ្លាំង។ អ្នកជំងឺស្លាប់ដោយសារជំងឺនៅក្នុងឆ្នាំ២០១២ មានចំនួន១៨៩នាក់ ហើយនៅក្នុងឆ្នាំ២០០៧មានមនុស្ស៤០៧នាក់។
លោកលាង ឫទ្ធី ប្រធានកម្មវិធីទប់ស្កាត់ជំងឺគ្រុនឈាមនៅក្រសួងសុខាភិបាលបាននិយាយថា៖ «ជំងឺនេះកើនឡើងមិនមែនតែនៅក្នុងប្រទេសកម្ពុជានោះទេ។ នៅក្នុងប្រទេសវៀតណាម ប្រទេសថៃ សឹង្ហបុរី និងហ្វីលីពីនក៏ជំងឺនេះមានការកើនឡើងដែរ»។
លោកលាង ឫទ្ធីបាននិយាយថា ការការពារដ៏ល្អបំផុតគឺការកម្ចាត់ជម្រកមូសដែលជាកន្លែងដែលមូសអាចបន្តពូជបាន ដូចជាសំបកកំប៉ុង សំបកកង់ឡានដែលជាកន្លែងដែលអាចដក់ទឹកបាន។
លោកបាននិយាយថា ខែកក្កដា និងខែសីហា ជាទូទៅគឺជាខែដែលការឆ្លងមេរោគគ្រុនឈាមមានកម្រិតខ្ពស់។ ឪពុកម្តាយគួរតែមានការប្រុងប្រយ័ត្នជាពិសេស និងគួរប្រញាប់ប្រញាល់នាំយកកូនរបស់ខ្លួនទៅមណ្ឌលសុខភាព ប្រសិនបើពួកគេមានជំងឺគ្រុនក្តៅ។
លោកបានបន្ថែមថា ខេត្តដែលមានអត្រានៃជំងឺនេះខ្ពស់គឺខេត្តសៀមរាប កំពង់ធំ កំពង់ចាម កណ្តាល បាត់ដំបង ឧត្តរមានជ័យ និងរាជធានីភ្នំពេញ។
លោកកែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ចំនួនអ្នកដែលឆ្លងជំងឺគ្រុនឈាមនៅក្នុងខេត្តត្បូងឃ្មុំក៏មានការកើនឡើងដែរ បើប្រៀបធៀបនឹងឆ្នាំមុន តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះនោះទេ។
លោកបាននិយាយថា៖ «យើងនៅសល់បួនខែ។ យើងបានបញ្ជូនរថយន្តដើម្បីចេញទៅធ្វើការផ្សព្វផ្សាយអប់រំ។ យើងបានបញ្ជូនក្រុមដើម្បីពន្យល់ពួកគេនៅឯផ្ទះ»។
លោកបន្ថែមថា ក្រុមការងារនៅតាមមណ្ឌលសុខភាពរវល់ខ្លាំងណាស់ឥឡូវនេះ៕