ស្ត្រីជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានចូលទៅកន្លែងលំហែកាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅរដ្ឋ Florida កាលពីសប្តាហ៍មុន ដោយស្រ្តីនោះបានយកទៅជាមួយនូវឧបករណ៍ផ្ទុកកម្មវិធីមួយប្រភេទសម្រាប់បំផ្លាញប្រព័ន្ធកុំព្យូទ័រ។
យោងតាមឯកសារបណ្តឹងទៅតុលាការដោយរដ្ឋអាជ្ញាសហព័ន្ធ កាលពីថ្ងៃចន្ទ ស្ត្រីជនជាតិចិនឈ្មោះ Yujing Zhang បានដើរទៅជិតភ្នាក់ងារសម្ងាត់ នៅឯរមណីយដ្ឋាន Mar-a-Lago របស់លោក Trump នៅរដ្ឋ Florida សហរដ្ឋអាមេរិក ដោយបានព្យាយាមចូលទៅក្នុងក្លឹបកម្សាន្តឯកជនមួយ នៅក្នុងរមណីយដ្ឋាននេះ ដោយអះអាងថា នាងគឺជាសមាជិករបស់ក្លឹបនេះ និងចង់ចូលទៅអាងហែលទឹក។
ក៏ប៉ុន្តែភា្នក់ងារសម្ងាត់មិនបានរកឃើញឈ្មោះរបស់នាង នៅក្នុងបញ្ជីឈ្មោះសមាជិកទេ។ ក្រោយមកនាងត្រូវបានអនុញ្ញាតឲ្យចូលទៅខាងក្នុង បន្ទាប់ពីអ្នកគ្រប់គ្រងក្លឹបកម្សាន្ត គិតថានាងគឺជាកូនស្រីរបស់សមាជិកនៅក្លឹបនេះ។
នៅពេលនាងចូលទៅក្នុងក្លឹបនេះភ្លាម នាង Zhang បានប្រាប់បុគ្គលិកទទួលភ្ញៀវថា នាងមកចូលរួមកម្មវិធីរបស់សមាគមមួយឈ្មោះថា សមាគមចិន-អាមេរិកាំង។ នៅពេលដែលបុគ្គលិករកឃើញថា គ្មានកម្មវិធីនេះនៅក្នុងបញ្ជីកម្មវិធីនោះ ទើបភ្នាក់ងារសម្ងាត់ឃាត់ខ្លួននាង Zhang។
គេបានរកឃើញទូរសព្ទ ៤គ្រឿង កុំព្យូទ័រយួរដៃមួយគ្រឿង ឧបករណ៍ផ្ទុកកម្មវិធី កុំព្យូទ័រមួយ និងឧបករណ៍ផ្ទុកទិន្នន័យតូចមួយ ឬហៅថា thumb drive ដែលមានផ្ទុក កម្មវិធីសម្រាប់បំផ្លាញប្រព័ន្ធកុំព្យូទ័រ។ នាង Zhang ត្រូវបានចោទប្រកាន់ថា បាននិយាយកុហកភ្នាក់ងារសហព័ន្ធ និងយកឧបករណ៍ខុសច្បាប់ចូលក្នុងតំបន់ហាមឃាត់៕