អ្នកស៊ើបអង្កេតមួយចំនួននៃការស៊ើបអង្កេតរបស់លោករដ្ឋអាជ្ញាពិសេស Robert Mueller អំពីការឃុបឃិតរវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Donald Trump និងប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៦ បាននិយាយថា ការរកឃើញនៅក្នុងរបាយការណ៍របស់លោក Mueller ជះឥទ្ធិពលអាក្រក់ដល់លោកប្រធានាធិបតី Trump ច្រើនជាងអ្វីដែលបានស្នើឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក William Barr ទៅទៀត។ នេះបើតាមការផ្សាយរបស់កាសែត New York Times និងកាសែត Washington Post កាលពីល្ងាចថ្ងៃពុធម្សិលមិញ។
លោក Barr បានចេញសេចក្ដីសង្ខេបចំនួន ៤ ទំព័រកាលពីថ្ងៃទី ២៤ ខែមីនាកន្លងទៅនេះ អំពីរបាយការណ៍របស់លោក Mueller។ លោក Barr បាននិយាយថា ក្រុមរបស់លោក Mueller មិនបានរកឃើញភស្តុតាងណាមួយដែលបង្ហាញថា លោក Trump ឬក៏នរណាម្នាក់ពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកបានឃុបឃិតជាមួយនឹងប្រទេសរុស្ស៊ីនោះទេ។
លោក Barr ក៏បានបន្ថែមផងដែរថា លោក Mueller មិនបានសន្និដ្ឋានថា លោក Trump ជ្រៀតជ្រែកដោយខុសច្បាប់ជាមួយនឹងការស៊ើបអង្កេតនេះទេ ប៉ុន្តែបានបញ្ជាក់ថា លោក Trump ក៏មិនរួចផុតពីការចោទប្រកាន់ណាមួយនោះដែរ។
លោក Barr បានបញ្ជាក់បន្ថែមថា លោក និងអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Rod Rosenstaein បានសម្រេចថា គ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់លោក Trump រឿងរារាំងដល់ដំណើរការយុត្តិធម៌នោះឡើយ។
ប៉ុន្តែកាសែត New York Times និងកាសែត Washington Post បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតមួយចំនួនរបស់លោក Mueller បានបញ្ជាក់ថា លោក Barr មិនបានបង្ហាញឲ្យបានគ្រប់ជ្រុងជ្រោយអំពីការរកឃើញនៃការស៊ើបអង្កេតនេះទេ៕