គណៈកម្មាធិការតុលាការនៃរដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យគ្រោងនឹងបោះឆ្នោត នៅថ្ងៃពុធនេះ ដើម្បីចេញដីកាបញ្ជាឲ្យមានការផ្ដល់ជូនសភានូវរបាយការណ៍ទាំងស្រុងរបស់លោករដ្ឋអាជ្ញាពិសេស Robert Mueller អំពីការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ក៏ដូចជាចម្លើយកសិណសាក្សីរបស់អតីតមន្ត្រីសេតវិមាន ៥ នាក់ ដែលលោក Mueller បានសម្ភាសន៍។
សមាជិកសភាបានត្រូវគេរំពឹងថា នឹងបោះឆ្នោតស្របតាមគោលការណ៍រួមរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីផ្ដល់សិទ្ធិដល់លោក Jerrold Nadler ដែលជាប្រធានគណៈកម្មាធិការតុលាការនៃរដ្ឋសភា ឲ្យចេញដីកាបញ្ជាឲ្យមានការប្រគល់ជូននូវរបាយការណ៍ និងភស្តុតាងដែលបានមកពីអតីតអ្នកជំនួយការលោក Trump ៥ នាក់ ដែលក្នុងនោះមានទាំងអតីតទីប្រឹក្សានយោបាយលោក Steve Bannon និងអតីតទីប្រឹក្សាសេតវិមានលោក Donald McGahn ផងដែរ។
ទោះបីជាលោក Trump ទុកឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក William Barr ជាអ្នកសម្រេចថា តើគួរផ្សព្វផ្សាយរបាយការណ៍នេះទាំងស្រុង ឬក៏យ៉ាងណាក៏ដោយ ក៏លោកត្រូវគេរំពឹងថា នឹងបញ្ជាក់អះអាងអំពីអ្វីដែលគេស្គាល់ថាជា បុព្វសិទ្ធិប្រតិបត្តិលើផ្នែកមួយចំនួននៃរបាយការណ៍ ដែលគណៈកម្មាធិការសភាផ្សេងទៀតចង់បានសម្រាប់ការស៊ើបអង្កេតរបស់ពួកគេលើរដ្ឋបាលរបស់លោក។
ករណីនេះនឹងអាចជំរុញឲ្យមានការតតាំងរវាងគណបក្សប្រជាធិបតេយ្យនៅក្នុងសភា និងសេតវិមាន ដោយធ្វើឲ្យគេខ្លាចថា នៅទីបំផុតបញ្ហានេះនឹងធ្លាក់ទៅដល់តុលាការកំពូល។
បុព្វសិទ្ធិប្រតិបត្តិ គឺជាសិទ្ធិរបស់លោកប្រធានាធិបតី និងទីប្រឹក្សាជាន់ខ្ពស់របស់លោក ដើម្បីការពារមិនឲ្យបង្ហាញការផ្សព្វផ្សាយមួយចំនួនដល់សភា និងតុលាការ។
ទោះបីជាតុលាការទទួលស្គាល់ពីអំណាចនេះ ក៏ដូចជាអំណាចរបស់សភានៅក្នុងការស៊ើបអង្កេតអង្គនីតិប្រតិបត្តិក៏ដោយ ក៏តុលាការមានការស្ទាក់ស្ទើរក្នុងការសម្រេចលើជម្លោះរវាងអង្គនីតិប្រតិបត្តិ និងអង្គនីតិប្បញ្ញត្តិ ពាក់ព័ន្ធនឹងរឿងលទ្ធភាពទទួលបានព័ត៌មាននេះ៕