ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ហាណូយ កាត់ទោស​អ្នកសរសេរ​ប្លុក​វៀតណាម​ដាក់​គុក​១០​ឆ្នាំ


លោក Truong Duy Nhat​ ស្ថិត​នៅ​ក្នុង​បន្ទប់​សវនាការ​នៅ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។
លោក Truong Duy Nhat​ ស្ថិត​នៅ​ក្នុង​បន្ទប់​សវនាការ​នៅ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

តុលាការ​មួយ​ក្នុង​ក្រុង​ហាណូយ បាន​កាត់ទោស​អ្នកសរសេរ​ប្លុក (blogger) និង​ជា​អ្នកកាសែត​ដ៏​ល្បីល្បាញ​របស់​វៀតណាម​គឺ​លោក Truong Duy Nhat អោយ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ​ពីបទ​បន្លំ​សាធារណជន​ក្នុង​ពេល​បំពេញ​ការងារ​អោយ​កាសែត​មួយ​របស់​រដ្ឋ​ក្នុង​ទីក្រុង Danang​ ស្ថិតចំ​កណ្តាល​ប្រទេស​កាល​ពី​ឆ្នាំ​២០០៤។

មេធាវី​របស់​លោក Nhat គឺ​លោក Dang Dinh Manh បាន​ប្រាប់​ VOA ផ្សាយ​ជា​ភាសា​វៀតណាម​ថា​កូនក្តី​របស់​លោក​មិន​បាន​សារភាព​ចំពោះ​បទឧក្រិដ្ឋ​ណា​មួយ​ទេ​ក្នុង​ពេល​សវនាការ​រយៈពេល​កន្លះ​ថ្ងៃ។ ក្រុម​អង្គការ​តស៊ូមតិ​ខាង​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​ជាច្រើន បាន​ហៅ​សវនាការ​នេះ​ថា​ជា​យុទ្ធនាការ​មាន​ចរិត​នយោបាយ ដើម្បី​បំបិទ​សំឡេង​អ្នកកាសែត​រូប​នេះ។

លោក Dang Dinh Manh ថ្លែងថា «ការ​កាត់​ទោស​នេះ​ជារឿង​អយុត្តិធម៌​ទាំងស្រុង ដោយសារ​រដ្ឋអាជ្ញា​មិន​បង្ហាញ​ភស្តុតាង​ពិត​ក្នុង​ចំណោម​ភស្តុតាង​ដ៏​ច្រើន»។

លោក​បន្តថា លោក Nhat បាន​ប្រើប្រាស់​សេចក្តី​ថ្លែង​ចុងក្រោយ​របស់​លោក នៅ​មុខ​តុលាការ​ដើម្បី​ថ្កោលទោស​សេចក្តីសម្រេច​របស់​តុលាការ​ថា​ជា«ការ​សងសឹក​នយោបាយ​ដ៏​កម្រោល»។

យោង​តាម​សារព័ត៌មាន​រដ្ឋ​វៀតណាម លោក Nhat ក្នុង​នាម​ជា​នាយក​ការិយាល័យ​កាសែត Dai Doan Ket ក្នុង​ទីក្រុង Da Nang​ ចន្លោះ​ឆ្នាំ១៩៩៨ ដល់​ឆ្នាំ​២០១១ «បានប្រើប្រាស់​ឥទ្ធិពល​របស់​លោក» ក្នុង​គណៈកម្មការ​ប្រជាជន Da Nang (Da Nang People's Committee) នៅ​ឆ្នាំ​២០០៤ ដើម្បី​ទិញ​ដី​សាធារណៈ​សម្រាប់​ប្រើប្រាស់​ជា​ទីស្នាក់ការ​កាសែត។

យោង​តាម​ដីកា​ចោទ​របស់​តុលាការ ដី​នោះ​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​តិច​ជាង​តម្លៃ​ទីផ្សារ ដែល​ធ្វើ​អោយ​រដ្ឋ​ខាតបង់។ នេះ​បើ​យោង​តាម​មន្ត្រី​វៀតណាម។​ បច្ចុប្បន្ន​ ដី​នោះ ត្រូវបាន​ប៉ានប្រមាណ​ថា​មាន​តម្លៃ​ជាង​៥​សែន​ដុល្លារ​អាមេរិក។

អតីត​សហសេវិក​ពីរ​នាក់​របស់​លោក Nhat គឺ​និពន្ធ​នាយក Le Quang Trang និង​និពន្ធនាយក​រង​ លោក Bui Thong Toan​ ​ក៏​ប្រឈម​នឹង​សវនាការ​វិន័យ​ចំពោះ​រឿង​ទិញដូរ​អចលនទ្រព្យ​នោះ​ដែរ។

លោក​មេធាវី Dang Dinh Manh បាន​ប្រាប់​ VOA ​ថា​ «ដោយសារ​ការ​ខាត​បង់​លើ​តម្លៃ​ដី​តែមួយ វា​អយុត្តិធម៌​ដែល​លោក Nhat ត្រូវ​បាន​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​១០ឆ្នាំ រីឯ​ចៅហ្វាយ​នាយ​របស់​លោក​គឺ​លោក Trang និង​លោក Toan បែរ​ជា​រួចខ្លួន​ពី​ការចោទប្រកាន់​បទ​ព្រហ្មទណ្ឌ»។

លោក Manh និយាយ​ថា ការ​ខាត​បង់​ប្រាក់​ដោយសារ​លោក Trang និង​លោក Toan ត្រូវបាន​វាយតម្លៃ​ផ្អែក​តាម​តម្លៃ​ទីផ្សារ​ដែល​ទទួលបាន​នៅ​ឆ្នាំ២០១៤ រីឯ​ការខាត​បង់ប្រាក់​ដោយសារ​លោក Nhat ត្រូវ​បាន​វាយតម្លៃ​ផ្អែក​តាម​តម្លៃ​ទីផ្សារ​ដែល​ទទួលបាន​នៅ​ឆ្នាំ​២០១៨។​ ប៉ុន្តែ​តុលាការ​បាន​បដិសេធ​ទឡ្ហីករណ៍​ការពារ​ចុងចោទ​នេះ។

លោក Truong Duy Nhat (រូប​កណ្តាល) ឈរ​នៅ​ក្នុង​សវនាការ​ក្នុង​ស្រុក​មួយ​នៅ​ក្នុង​ក្រុង Da Nang កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤។
លោក Truong Duy Nhat (រូប​កណ្តាល) ឈរ​នៅ​ក្នុង​សវនាការ​ក្នុង​ស្រុក​មួយ​នៅ​ក្នុង​ក្រុង Da Nang កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤។

ទោស​ជាប់​ពន្ធនាគារ​លើកទី២​

ការ​កាត់ទោស​កាល​ពី​ថ្ងៃ​ច័ន្ទ​គឺជា​ការកាត់ទោស​លើកទី​២​ហើយ​សម្រាប់​លោក Nhat ​ក្នុង​រយៈពេល​មិន​ដល់​១០​ឆ្នាំ​ផង។

កាល​ពី​ឆ្នាំ​២០១៤ លោក​បាន​ទទួលទោស​ជាប់​ពន្ធនាគារ រយៈពេល​២​ឆ្នាំ​ពីបទ ​«រំលោភបំពាន​សេរីភាព​ប្រជាធិបតេយ្យ»​ ដោយ​បាន​បង្ហោះសារ​ក្នុង​ប្លុក​របស់​លោក​ដែល​រិះគន់​ថ្នាក់ដឹកនាំ​បក្ស​កុំម្មុយនិស្ត​វៀតណាម ដែល​កំពុង​គ្រប់គ្រង​អំណាច។

លោក Nhat បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ក្រោយ​ពី​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​វៀតណាម​នៅ​ឆ្នាំ ២០១៦ នៅ​ពេល​ដែល​រដ្ឋ​ឯកបក្ស​ បាន​បង្ក្រាប​សេរីភាព​នៃ​ការបញ្ចេញ​មតិ ដោយ​បាន​ហាមប្រាម​អ្នកកាសែត​និង​អ្នកសរសេរ​ប្លុក​ឯករាជ្យ។

លោក Nhat ដែល​ជា​អ្នក​ផ្តល់​ព័ត៌មាន​ជា​ប្រចាំ​ដល់​វិទ្យុអាស៊ីសេរី ដែល​ជា​ស្ថាប័ន​បងប្អូន​គ្នា​ជាមួយ​ VOA បាន​បាត់​ខ្លួន​ពី​ហាង​លក់ទំនិញ​មួយ​ក្នុង​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា​ឆ្នាំ​២០១៩ គឺ​មិន​ដល់​ពីរ​ថ្ងៃ​ផង​ក្រោយ​ពី​លោក​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​ប្រទេស​ថៃ​តាមរយៈ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន។

ពាក្យ​ស្នើ​សុំ​របស់​លោក Nhat មិន​ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ ហើយ​សេចក្តី​ពិស្តារ​អំពី​វត្តមាន​របស់​លោក​នៅ​ឯ​មន្ទីរ​ឃុំឃាំង T-16 ក្នុង​ទីក្រុង​ហាណូយ តែ​ពីរ​ថ្ងៃ​ក្រោយ​ពី​បាន​បាត់​ខ្លួន​ពី​ទីក្រុង​បាងកក​នោះ ក៏​មិន​ត្រូវ​បាន​អោយ​ដឹង​ជា​សាធារណៈ​ដែរ។

ការថ្កោលទោស​ជា​អន្តរជាតិ

អ្នកស្រី Bay Fang ប្រធាន​វិទ្យុអាស៊ីសេរី បាន​ថ្កោលទោស​សេចក្តី​សម្រេច​របស់​តុលាការ​កាល​ពី​ថ្ងៃ​ច័ន្ទ។

យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​ដក​ស្រង់​សម្តី​ដោយ​វិទ្យុអាស៊ីសេរី អ្នកស្រី Fang និយាយ​ថា ​«ការ​ផ្តល់​យុត្តិធម៌​មិន​ត្រឹមត្រូវ​នេះ រឹតតែ​ជំរុញ​បេសកម្ម​របស់​អាស៊ីសេរី​បន្ថែមទៀត ក្នុងការ​ផ្តល់​ទស្សនៈ​ដែល​គ្មាន​ការត្រួតពិនិត្យ​ខ្លឹមសារ​ជាមុន និង​ដំណឹង​និង​ព័ត៌មាន​ត្រឹមត្រូវ ដល់​ប្រជាពលរដ្ឋ​វៀតណាម»។

តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា លោក Adam Schiff និង​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ​លោក ​Steve Chabot មក​ពី​រដ្ឋ​អូហៃយ៉ូ គឺជា​សហប្រធាន​នៃ​ក្រុមការងារ​ពិសេស​រដ្ឋសភា​ទទួលបន្ទុក​កិច្ចការ​សេរីភាព​សារព័ត៌មាន។

លោក Adam Schiff ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។
លោក Adam Schiff ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។

លោក​ទាំងពីរ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​សម្តែង​ «ការព្រួយបារម្ភ​យ៉ាងខ្លាំង» ចំពោះ​ការ​កាត់ទោស​នោះ​និង​ចំពោះ​ការ​ដែល​លោក Nhat​ ត្រូវ​បាន​ចាប់ពង្រត់​ពី​ប្រទេស​ថៃ។

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ទាំងពី​ររូប បាន​និយាយ​ថា«គ្មាន​អ្នកកាសែតណាម្នាក់​ គួរ​ត្រូវ​រង​ការ​សំឡុត​ ឬ​ការកាត់ទោស​ចំពោះ​ការរាយការណ៍​ព័ត៌មាន​ឬ​អត្ថាធិប្បាយ​នោះ​ទេ។ យើង​ជំរុញ​អោយ​អាជ្ញាធរ​វៀតណាម ទម្លាក់​ការ​ចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ​របស់​ពួកគេ​ប្រឆាំង​លោក Nhat ជា​បន្ទាន់ ហើយ​អនុញ្ញាត​អោយ​លោក​និង​អ្នកកាសែត​ទាំងអស់ អាច​បន្ត​កិច្ចការ​របស់​ពួកគេ​ដោយ​គ្មាន​ការបំភិតបំភ័យ»។

គណៈកម្មការ​សិទ្ធិមនុស្ស Tom Lantos របស់​សភា​សហរដ្ឋ​អាមេរិក បាន​បង្ហោះសារ​តាម​បណ្តាញ Twitter​ ថា ​«ព្រួយបារម្ភ​ណាស់​ដែល​វៀតណាម​បាន​កាត់ទោស​អ្នកសរសេរ​ប្លុក​លោក Truong Duy Nhat ដោយសារ​បទ​ចោទ​ប្រកាន់​ដែល​គេ​ប្រឌិត​ឡើង​ហើយ​កាត់ទោស​រូប​លោក​១០​ឆ្នាំ។ ត្រូវតែ​ដោះលែង​លោក Truong Duy Nhat ជា​បន្ទាន់!»។

គណៈកម្មការ​ការពារ​អ្នកកាសែត Committee to Protect Journalists (CPJ) ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ញូវយ៉ក បាន​ព្រមាន​អាជ្ញាធរ​វៀតណាម​ មិន​អោយ​ប្រឆាំង​នឹង​បណ្តឹងសារ​ទុក្ខ​របស់​លោក Nhat​ ដោយ​អំពាវនាវ​អោយ​ដោះលែង​រូប​លោក​ជា​បន្ទាន់។

លោក Shawn Crispin តំណាង​ជាន់ខ្ពស់​របស់ ​CPJ​ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បាន​និយាយ​ថា​ «លោក Nhat ត្រូវ​បាន​កាត់ទោស​ចំពោះ​វិជ្ជាជីវៈ​របស់លោក​ មិនមែន​ដោយសារ​បទចោទ​ក្លែងក្លាយ​ដែល​អាជ្ញាធរ​វៀតណាម​បាន​ប្រឌិតឡើង ដើម្បី​បំបិទ​សំឡេង​រិះគន់​របស់លោក​ទេ។​ វៀតណាម ត្រូវតែ​បញ្ឈប់​ការ​ចាប់​អ្នកកាសែត​ដាក់គុក​តាម​ទំនើងចិត្ត​និង​ដោយសារ​បទចោទ​ដែល​គេ​ប្រឌិតឡើង»។

នៅ​ឆ្នាំ​២០១៩ សន្ទស្សន៍​ប្រចាំឆ្នាំ​ស្តីពី​អ្នកកាសែត​ជាប់ពន្ធនាគារ​របស់​អង្គការ CPJ បាន​ហៅ ប្រទេស​វៀតណាម​ថា​ជា «ប្រទេស​ចាប់​អ្នកកាសែត​ដាក់គុក ដែល​អាក្រក់​ជាងគេ​ទី២​ក្នុង​តំបន់អាស៊ី​បន្ទាប់​ពី​ប្រទេសចិន ដោយ​បាន​ចាប់​អ្នកកាសែត​១២​នាក់​ហើយ​ដាក់ពន្ធនាគារ»។

កូនស្រី​របស់​លោក Nhat ​អ្នក​នាង Thuc Doan Truong ដែល​បាន​និយាយ​ជាមួយ​អង្គការ CPJ ​តាម​បណ្តាញ​ Messenger ​ឯកជន ​និយាយ​ថា​ឪពុក​របស់​នាង មានបំណង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលដីកា​របស់​តុលាការ។

អ្នកនាង Truong បាន​ប្រាប់​អង្គការ CPJថា «មិន​ថា​ពួកគេ​ចង់​ដាក់គុក​ប៉ា​ខ្ញុំ​យូរ​ប៉ុណ្ណា​ទេ​ ខ្ញុំ​ជឿ​ថា​ប៉ា​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ។​ ការកាត់ទោស​នេះ គឺ​គ្រាន់​តែ​ជា​លេស​សម្រាប់​អោយ​ពួកគេ​បញ្ឈប់​គាត់ កុំ​អោយ​គាត់​សរសេរ​អត្ថបទ​រិះគន់​តែ​ប៉ុណ្ណោះ»។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន Reporters Without Borders ឬ​ហៅកាត់​ជា​ភាសា​បារាំង​ថា ​RSF ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​សរសេរ​ថា «លោក Nhat អ្នកកាសែត​វៀតណាម​ដែល​ត្រូវ​បាន​ចាប់​ពង្រត់​ក្នុង​ពេល​កំពុង​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​ថៃ​និង​ត្រូវ​បាន​នាំ​ខ្លួន​ត្រឡប់​ទៅ​វៀតណាម​វិញ​នោះ ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ចំពោះ​ឯករាជ្យភាព​និង​វិជ្ជាជីវៈ​របស់​លោក​ក្នុង​នាម​ជា​អ្នកកាសែត»។

អង្គការ ​RSF ​បាន​ចាត់ចំណាត់​ថ្នាក់​ប្រទេស​វៀតណាម ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៧៦ ក្នុង​ចំណោម​ប្រទេស​១៨០ នៅ​ក្នុង​សន្ទស្សន៍របស់​អង្គការ​នេះ​ស្តីពី​សេរីភាព​សារព័ត៌មាន​នៅ​លើ​ពិភពលោក​ឆ្នាំ​២០១៩៕

ប្រែសម្រួល​ដោយ សាយ​ មុន្នី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG