កាលពីចុងខែវិច្ឆិកា សាលាឧទ្ធរណ៍របស់ប្រទេសវៀតណាមបានតម្កល់ទោសជាប់ពន្ធនាគារ ១០ឆ្នាំសម្រាប់អ្នកសរសេរប្លុក (blogger) ម្នាក់ ឈ្មោះ Nguyen Ngoc Nhu Quynh ដែលប្រើឈ្មោះ Mother Mushroom ក្នុងការសសេរប្លុករបស់អ្នកស្រី។ អ្នកស្រី Quynh បានបង្ហោះសារចំនួន ១៨ នៅលើបណ្តាញសង្គម Facebook ដែលអាចចាត់ទុកថាជាការឃោសនាប្រឆាំងនឹងរដ្ឋាភិបាល។ នេះជាការសម្រេចរបស់តុលាការជាន់ទាបនៅក្នុងអំឡុងពេលជំនុំជម្រះក្តីចំនួនមួយថ្ងៃ កាលពីខែមិថុនាកន្លងទៅនេះ។
លោក Trung Nguyen ប្រធានដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ សង្គមសាស្ត្រនិងមនុស្សសាស្ត្រទីក្រុងហូជីមិញបានថ្លែងថា៖
«ខ្ញុំគិតថាការដាក់ទោសអ្នកសសេរប្លុកនេះឲ្យជាប់ពន្ធនាគារ គឺមានគោលបំណងគំរាមកំហែងទៅលើអ្នកសសេរប្លុកដទៃទៀត។ ខ្ញុំគិតថា រដ្ឋាភិបាលចង់បន្លាចអ្នកសសេរប្លុកដទៃទៀត។ ប្រសិនបើពួកគេនៅតែបន្តសសេរប្លុកប្រឆាំងនឹងរដ្ឋាភិបាល ពួកគេនឹងជួបប្រទះផលវិបាកធ្ងន់ធ្ងរជាទីបំផុត»។
អ្នកជំនាញនានាបាននិយាយថា ការចាប់ខ្លួនជាបន្តបន្ទាប់យ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ ២០១៦មកនេះ បានបង្ហាញពីភាពរសើបរបស់រដ្ឋាភិបាលវៀតណាមចំពោះ ទស្សនៈរបស់សាធារណជនអំពីអំពើស៊ីសំណូក និងបញ្ហាអសមត្ថភាពរបស់រដ្ឋាភិបាល។ ក៏ប៉ុន្តែ អ្នកខ្លះទៀតបាននិយាយថា ការរិះគន់តាមរយៈប្រព័ន្ធអ៊ីនធឺណិត ប្រហែលនៅទីបំផុតអាចជំរុញឲ្យមន្ត្រីគ្រប់រូបដឹកនាំរដ្ឋាភិបាលដែលស្អាតស្អំជាងមុន។
ការចាត់វិធានការបំបាត់ដោយមិនមានការត្រួតត្រា
ប្រទេសវៀតណាមខ្វះកិច្ចខិតខំប្រឹងប្រែងទៅលើការត្រួតត្រាលើប្រព័ន្ធអ៊ីនធឺណិត បើប្រៀបធៀបទៅនឹងកម្រិតរបស់ប្រទេសចិន បើទោះបីជាប្រទេសទាំងពីរគឺជាប្រទេសកុម្មុយនិស្តដែលមានការគ្រប់គ្រងបែបឯកបក្សក៏ដោយ។ ខុសពីប្រទេសចិន ប្រទេសវៀតណាមមិនបានដាក់កំហិតចំពោះវិបសាយណាមួយនោះទេ ហើយក៏មិនបានបិទបណ្តាញផ្សព្វផ្សាយរបស់សង្គមបរទេស ដូចជាបណ្តាញសង្គម Facebook នោះដែរ។
ក៏ប៉ុន្តែ អាជ្ញាធរប្រទេសវៀតណាមតាមឃ្លាំមើលខ្លឹមសារនៃអត្ថបទ ឬក៏សារដែលបានបង្ហោះនៅលើប្រព័ន្ធអ៊ីនធឺណិតណាដែលធ្វើការឃោសនាប្រឆាំងនឹងរដ្ឋាភិបាល ដែលទង្វើបែបនេះចាត់ទុកថាជាការបំពានទៅលើក្រមព្រហ្មទណ្ឌ។
កាលពីខែមិថុនាកន្លងទៅនេះ ក្រសួងសន្តិសុខសាធារណៈបានស្នើឲ្យមានច្បាប់សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity) ដើម្បីផ្តល់អំណាចបន្ថែមទៀតដល់អាជ្ញាធរក្នុងការគ្រប់គ្រងទៅលើខ្លឹមសារដែលត្រូវបានគេហាមឃាត់ និងសកម្មភាពនានាដែលប្រឆាំងនឹងរដ្ឋាភិបាល។
ម្ចាស់ហាងអ៊ីនធឺណិតដែលមានប្រជាប្រិយភាពនានានៅក្នុងប្រទេសវៀតណាម ត្រូវបានតម្រូវឲ្យដំឡើងកម្មវិធីតាមដានសកម្មភាពប្រើប្រាស់នៅលើប្រព័ន្ធកុំព្យូទ័រ និង តម្រូវឲ្យអតិថិជនបង្ហាញអត្តសញ្ញាណប័ណ្ណដើម្បីឲ្យអ្នកស៊ើបអង្កេតអាចពិនិត្យបាន។
លោក Carl Thayer សាស្ត្រាចារ្យឯកទេសផ្នែកតំបន់អាស៊ីអាគ្នេយ៍នៅសកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលីបានថ្លែងថា៖ «ប្រទេសវៀតណាមកំពុងតែចាត់វិធានការនានា និងអនុម័តច្បាប់គ្រប់គ្រងលើសន្តិសុខអ៊ីនធឺណិត ហើយនិងដាក់កំហិតទៅលើហាងកាហ្វអ៊ីនធឺណិតនានាឲ្យតាមដានប្រជាពលរដ្ឋ។ ដូច្នេះហើយ អ្វីៗត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង»។
អ្នកសសេរប្លុករកឃើញរឿងដែលគួរឲ្យសង្ស័យ
អំពើពុករលួយ និងទស្សនៈអំពីបញ្ហាអសមត្ថភាពរបស់រដ្ឋាភិបាលបានក្លាយទៅជាបញ្ហាព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋវៀតណាមទូទៅ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកប្រឹក្សាយោបល់ផ្នែកពាណិជ្ជកម្មនៅទីក្រុងហូជីមិញម្នាក់។ កិច្ចសន្យាដីធ្លី និងកិច្ចព្រមព្រៀងទិញគ្រឿងផ្គត់ផ្គង់ផ្សេងៗ ក៏ដូចជាការផាកពិន័យចរាចរណ៍ គឺអាចបង្កឲ្យមានអំពើពុករលួយកើតឡើងបាន។
អង្គការតម្លាភាពអន្តរជាតិ ដែលជាអង្គការមិនស្វែងរកប្រាក់កម្រៃមួយ ដែលតាមដានអំពើពុករលួយជុំវិញពិភពលោក បានដាក់ចំណាត់ថ្នាក់ប្រទេសវៀតណាមជាប្រទេសទី ១១៣ ដែលមានអំពើពុករលួយអាក្រក់បំផុត ក្នុងចំណោមប្រទេសនិងតំបន់ចំនួន ១៧៦ ដែលខ្លួនបានធ្វើការសិក្សាស្រាវជ្រាវកាលពីឆ្នាំមុន។
ក្រុមអ្នកសិក្សាស្រាវជ្រាវនានាជឿជាក់ថា អ្នកស្រី Quynh បានក្លាយទៅជាអ្នកសសេរប្លុកដែលល្បីល្បាញ ហើយបានសសេរអំពីទស្សនៈទាក់ទិននឹងរឿងរដ្ឋាភិបាលមិនបានដោះស្រាយឲ្យបានល្អអំពីបញ្ហាបង្ហូរសារធាតុគីមីដែលមានជាតិពុលកាលពីឆ្នាំមុន។
សាកសពត្រីប្រមាណជាង ៨០ តោន ដែលបានអណ្តែតមកទើនៅលើឆ្នេរសមុទ្រនៃខេត្តជាប់ឆ្នេរសមុទ្រចំនួនបួន នៅភាគកណ្តាលប្រទេសវៀតណាមកាលពីខែមេសា ឆ្នាំ២០១៦ បានធ្វើឲ្យរាំងស្ទះដល់ឧស្សាហកម្មនេសាទ។ កាលពី ខែមិថុនា ក្រុមហ៊ុនតៃវ៉ាន់ឈ្មោះ Formosa Ha Tin Steel បានទទួលខុសត្រូវចំពោះការបង្ហូរកាកសំណល់ឧស្សាហកម្មដែលមានជាតិពុលទៅក្នុងសមុទ្រ។ ក្រុមហ៊ុននេះបានយល់ព្រមបង់ប្រាក់ពិន័យចំនួន ៥០០ លានដុល្លាអាមេរិកសម្រាប់ការលាងសម្អាតសមុទ្រឡើងវិញ។
លោក Thayer បានបន្ថែមថា បើគិតត្រឹមខែវិច្ឆិកាឆ្នាំនេះ យ៉ាងហោចណាស់មានជនជាតិវៀតណាម ដែលជាអ្នកសសេរប្លុក និងជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន១៦នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។
អ្នកខ្លះទៀតបានរិះគន់នៅលើប្រព័ន្ធអ៊ីនធឺណិតអំពីរយៈពេលក្នុងការដោះស្រាយបញ្ហាបង្ហូរសារជាតិពុលនេះ និងអំពីកម្រិតនៃសំណងដែលផ្តល់ដល់ប្រជាពលរដ្ឋដែលពឹងផ្អែកលើការនេសាទត្រីក្នុងតំបន់ដែលត្រូវបានបំពុលនេះ។
លោក Thayer បានថ្លែងបន្តថា កាលពីឆ្នាំមុន អាជ្ញាធរប្រទេសវៀតណាមបានចាប់ខ្លួនអ្នកបញ្ចេញមតិនៅលើប្រព័ន្ធអ៊ីនធឺណិតចំនួន ២១ នាក់។ អង្កការឃ្លាំមើលសិទ្ធិមនុស្ស (Human Riths Watch) ក៏បានកត់ត្រាហេតុការណ៍ចំនួន ៣៦ករណីទាក់ទិននឹងបុរសមិនស្គាល់អត្តសញ្ញាណមួយចំនួន ដែលស្លៀកឯកសណ្ឋានស៊ីវិល វាយដំទៅលើសកម្មជនសិទ្ធិមនុស្ស និងអ្នកសសេរប្លុកនានា ដែលកើតឡើងនៅចន្លោះខែមករា ឆ្នាំ២០១៥ និងខែមេសាឆ្នាំ ២០១៧នេះ។
លោក Trung Nguyen បាននិយាយថា ហានិភ័យនៃការចាប់ខ្លួនកំពុងតែកើនឡើងចំពោះអ្នកល្បីឈ្មោះខាងប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាល។
កាលពីចុងខែវិច្ឆិកានេះផងដែរ តុលាការបានដាក់ទោសលោក Nguyen Van Hoa ដែលជាអ្នកសសេរប្លុក និងជាអ្នកសារព័ត៌មានវ័យ ២២ឆ្នាំឲ្យជាប់ពន្ធនាគារ៧ឆ្នាំ និងជាប់ការឃុំឃាំងនៅក្នុងផ្ទះចំនួន៣ឆ្នាំបន្ថែមទៀត ពាក់ព័ន្ធនឹងបទចោទប្រកាន់ដែលថា លោកបានផ្សព្វផ្សាយការឃោសនាប្រឆាំងនឹងរដ្ឋាភិបាល។
ករណីអ្នកសសេរប្លុកឈ្មោះ Mother Mushroom
អ្នកស្រី Quynh ដែលមានប្លុកខ្លួនឯងផ្ទាល់ និងដែលសសេរអត្ថបទឲ្យគេហទំព័ររបស់ពលរដ្ឋវៀតណាមនៅក្រៅប្រទេស ជារឿយៗ សសេរអំពីបញ្ហាសិទ្ធិមនុស្ស «ដែលផ្តោតទៅលើករណីស្លាប់ជាច្រើនរបស់អ្នកដែលស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិសនៅក្នុងប្រទេសវៀតណាម»។ នេះបើយោងទៅតាមការបញ្ជាក់របស់អង្គការគណៈកម្មាធិការការពារអ្នកកាសែតដែលមានមូលដ្ឋាននៅទីក្រុងញ៉ូវយ៉ក។
សកម្មជនវ័យ ៣៨ឆ្នាំរូបនេះ ក៏បានសសេរអំពីការរឹបអូសដីធ្លី និងសេរីភាពក្នុងការបញ្ចេញមតិ។ នេះបើយោងតាមការបញ្ជាក់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ដែលបានចេញផ្សាយកាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។ អ្នកស្រីធ្លាប់ត្រូវបានគេដាក់ទោសឲ្យជាប់ឃុំឃាំងឲ្យនៅតែផ្ទះរួចមកហើយ។
អ្នកស្រី Quynh បាននិយាយនៅក្នុងអំឡុងពេលជំនុំជម្រះក្តីថា អ្នកស្រីមិនមានទោសទេ ។
តើតម្រូវឲ្យមានការផ្លាស់ប្តូរមែនទេ?
លោក Dustin Daugherty សមាជិកជាន់ខ្ពស់ផ្នែកដំណើរការបច្ចេកវិទ្យាអាជីវកម្មនៃក្រុមហ៊ុនប្រឹក្សាអាជីវកម្ម Dezan Shira & Associates នៅទីក្រុងហូជីមិញប្រទេសវៀតណាម បានថ្លែងថា ជាជាងធ្វើការត្រួតត្រាទៅលើប្លុក និងបណ្តាញសង្គមឲ្យរឹតតែតឹងរឹងឡើងនោះ រដ្ឋាភិបាលវៀតណាមបានបង្ហាញសញ្ញាណពីការទទួលយកការជំទាស់ក្នុងកម្រិតតិចតួច។
លោកបានបន្ថែមថា រដ្ឋាភិបាលប្រហែលជាមិនដាក់ទោសលើការរិះគន់ណាដែលពិតប្រាកដ ក្នុងន័យស្ថាបនា និង មិនទាក់ទិននឹងនយោបាយពេកនោះទេ។ នៅទីបំផុត អាជ្ញាធរប្រហែលជាធ្វើសកម្មភាពសម្អាតអំពើពុករលួយ។ វាប្រាកដជាមានការលំបាកក្នុងការបង្កើតគោលនយោបាយត្រួតត្រាប្រព័ន្ធអ៊ីនធឺណិតឲ្យបានទូលំទូលាយដូចប្រទេសចិន។
លោក Daugherty បានថ្លែងថា៖
«ពួកគេអាចព្យាយាមតាមដានបណ្តាញសង្គម Facebook ហើយចាប់ខ្លួនពលរដ្ឋសម្រាប់រឿងតូចតាច ក៏ប៉ុន្តែការធ្វើបែបនេះគឺមិនទំនងនោះទេ។ ខ្ញុំគិតថា សម្ពាធទៅលើការបញ្ចប់អំពើពុករលួយនឹងជំរុញឲ្យពួកគេធ្វើល្អ និងដើម្បីឲ្យគេមើលឃើញថាពួកគេធ្វើការងារល្អនឹងទទួលបានការគោរពពីសាធារណជន៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង