ហាណូយ —
បាតុកម្មនៅប្រទេសវៀតណាមប្រឆាំងនឹងការណ៍ដែលប្រទេសចិនបានស្ថាបនាអណ្តូងខួងប្រេងនៅក្នុងដែនទឹកទាមទារដោយប្រទេសវៀតណាមត្រូវបានក្រុមប៉ូលិសបង្ក្រាបកាលពីថ្ងៃអាទិត្យ។ វិធានការបង្ក្រាបនេះកើតមានឡើងក្រោយរយៈពេលមួយសប្តាហ៍ដែលក្រុមប៉ូលិសបណ្តោយមិនបង្ក្រាបបាតុកម្មប្រឆាំងចិន ដែលបាតុកម្មខ្លះក្លាយជាហិង្សា។
កាលពីព្រឹកថ្ងៃអាទិត្យ មានការពង្រឹងសន្តិសុខយ៉ាងខ្លាំងនៅខាងក្រៅស្ថានទូតចិនក្នុងទីរដ្ឋធានីហាណូយ ហើយសួនច្បារមួយកន្លែងដែលបាតុករបានប្រើជាកន្លែងតវ៉ាកាលពីសប្តាហ៍មុនត្រូវបានគេបិទ។
បាតុករចំនួនតិចតូចដែលបានចេញមកតវ៉ា ត្រូវក្រុមប៉ូលិសឡោមព័ទ្ធនិងព្យាយាមមិនឲ្យពួកគេអាចនិយាយជាមួយក្រុមអ្នកកាសែតបាន។ លោក ឡេ ធៀង ញិន (Le Thien Nhan) ដែលបានចូលរួមធ្វើបាតុកម្មប្រឆាំងចិនជាទៀងទាត់ក្នុងពេលកន្លងមក ក៏មានវត្តមាននៅថ្ងៃនេះដែរ។
លោក ញិន (Nhan) ថ្លែងថា មិត្តភក្តិរបស់លោកជាច្រើននាក់ក៏ចង់ចូលរួមបាតុកម្មថ្ងៃអាទិត្យនេះដែរ ប៉ុន្តែត្រូវប៉ូលិសរារាំងមិនឲ្យចេញពីផ្ទះ។
បាតុករជាច្រើននាក់នៅទីក្រុងហូជីមិញត្រូវប៉ូលិសចាប់ខ្លួន។ នៅទីក្រុងហាណូយ បាតុករអាយុ២២ឆ្នាំម្នាក់ត្រូវប៉ូលិសស្លៀកពាក់ស៊ីវិលរុញច្រានក្នុងពេលលោកកំពុងនិយាយជាមួយវីអូអេ ហើយនៅទីបំផុតប៉ូលិសបានទាញលោកនិងមិត្តភក្តិចេញ។
ស្រ្តីជាមន្ត្រីប៉ូលិសមួយរូបថ្លែងថាការប្រមូលផ្តុំទាំងនេះ«ខុសច្បាប់»។
នេះជាការប្រែប្រួលគោលជំហរយ៉ាងខ្លាំងរបស់រដ្ឋាភិបាលវៀតណាម ដែលទើបតែបានអនុញ្ញាតឲ្យមានបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសកាលពីសប្តាហ៍មុន។ ក៏ប៉ុន្តែក្នុងសប្តាហ៍កន្លងទៅនេះ បាតុកម្មទាំងនោះនាំឲ្យមានកុប្បកម្មកើតឡើងនៅតំបន់សួនឧស្សាហកម្មនៅប៉ែកខាងត្បូងនិងកណ្តាលប្រទេសវៀតណាម ដែលបានបណ្តាលឲ្យកម្មករចិនពីរនាក់ត្រូវសម្លាប់និងមនុស្សប្រមាណ១០០ទៀតរបួស។
អ្នកសង្កេតការណ៍ខ្លះសង្ស័យថាកុប្បកម្មទាំងនេះបានកើនសម្ទុះដោយសារកំហឹងទាក់ទងនឹងស្ថានភាពការរស់នៅមិនល្អនៅក្នុងរោងចក្រ ជាជាងអារម្មណ៍ប្រឆាំងនឹងចិន។
នៅក្នុងសន្និសីទព័ត៌មានមួយកាលពីថ្ងៃសៅរ៍អំពីបញ្ហាកុប្បកម្មនេះ មន្ត្រីវៀតណាមព្យាយាមធានាដល់អ្នកវិនិយោគ។ ក្រុមមន្ត្រីថ្លែងថា ស្ថានភាពមានភាពរៀបរយឡើងវិញហើយ ហើយក្រុមហ៊ុនដែលរងការប៉ះពាល់នឹងត្រូវទទួលសំណងចំពោះការខាតបង់។
ឧត្តមសេនីយ៍ឯក ហ៊័ង កុង ទឺ (Hoang Kong Tu) ប្រធាននាយកដ្ឋានស៊ើបអង្កេតនៃក្រសួងសន្តិសុខសាធារណៈថ្លែងប្រាប់អ្នកយកព័ត៌មានថា មនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន។
ក្រសួងសន្តិសុខសាធារណៈត្រូវគេរិះគន់ថាបានចាត់វិធានការយឺតយ៉ាវពេក ប៉ុន្តែលោក Tu ថ្លែងថា វិធានការឆ្លើយតបរបស់រដ្ឋាភិបាលគឺ«ទាន់ពេល»។ លោកថា រដ្ឋាភិបាលបានឆ្លើយតបក្នុងរបៀបសកម្មនិងរហ័សដើម្បីកាត់បន្ថយការខាតបង់។
ជម្លោះទាក់ទងនឹងការណ៍ដែលចិនចាប់ខួងប្រេងនេះ ហាក់មិនថមថយឡើយ។ វៀតណាមនិយាយថា ចិនបានបង្កើននាវានៅក្នុងតំបន់សមុទ្រនោះរហូតដល់ចំនួន១៣០គ្រឿង ដោយរួមមាននាវាកងទ័ពជើងទឹកចំនួន៤គ្រឿងផងដែរ។
ទីភ្នាក់ងារព័ត៌មាន Xinhua ផ្លូវការរបស់ចិនបានរាយការណ៍ថា ប្រទេសចិនបានជម្លៀសពលរដ្ឋរបស់ខ្លួនចំនួនជាង៣.០០០នាក់ចេញពីប្រទេសវៀតណាមនៅក្រោយពេលមានកុប្បកម្មនេះ។
កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ង្វៀង តាន យុង (Nguyen Tan Dung) បានផ្ញើសារជាច្រើនតាមទូរស័ព្ទទៅអ្នកប្រើប្រាស់បណ្តាញទូរស័ព្ទរដ្ឋ ដោយអំពាវនាវឲ្យពួកគេសម្តែងអារម្មណ៍ជាតិនិយម ប៉ុន្តែមិនឲ្យចូលរួមក្នុងបាតុកម្ម«ខុសច្បាប់»។ សារដំបូងត្រូវបានផ្ញើចេញកាលពីថ្ងៃព្រហស្បតិ៍។
គេនៅមិនដឹងច្បាស់ថាបាតុកម្មបែបណាដែលជាបាតុកម្ម«ខុសច្បាប់»នោះ។ ប៉ុន្តែសារដែលចេញពីសកម្មភាពបង្ក្រាបក្រុមប៉ូលិសកាលពីថ្ងៃអាទិត្យបង្ហាញថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យមានបាតុកម្មប្រឆាំងនឹងចិនបន្តទៀតក្នុងពេលឆាប់ៗខាងមុខទេ៕
ប្រែសម្រួលដោយ សឹង សុផាត