ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​ចិន​ត្រូវ​សម្លាប់​ក្នុង​កុប្បកម្ម​នៅ​វៀតណាម


ជនជាតិ​ចិន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​កម្ពុជា​ពី​ប្រទេស​វៀតណាម​ត្រង់​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤។
ជនជាតិ​ចិន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​កម្ពុជា​ពី​ប្រទេស​វៀតណាម​ត្រង់​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤។
ក្រុម​ហ្វូង​មនុស្ស​ប្រហែល​១.០០០​នាក់​បាន​វាយ​ប្រហារ​កម្មករ​ជនជាតិ​ចិន​នៅ​រោងចក្រ​ដែកថែប​មួយ​របស់​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​នៅ​ប្រទេស​វៀតណាម​ភាគ​កណ្តាល។ ​មន្ត្រី​នានា​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​និង​រាប់​សិប​នាក់​ទៀត​រងរបួស។ ​នេះ​ជា​គ្រោះថ្នាក់​ដល់​ជីវិត​ជា​លើក​ទី​មួយ ​ដែល​ត្រូវ​គេ​រាយការណ៍​ នៅ​ពេល​សកម្មភាព​ប្រឆាំង​ប្រទេស​ចិន​បាន​រាលដាល​ទូទាំង​ប្រទេស​វៀតណាម ​ក្រោយ​ពី​ប្រទេស​ចិន​បាន​ធ្វើ​ការដ្ឋាន​បូម​ប្រេង​ក្នុង​ដែន​សមុទ្រ ​ដែល​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​នោះ។​

ការ​វាយ​ប្រហារ​នៅ​រោងចក្រ​នេះ​កើត​មាន​ឡើង​ ក្រោយ​ពី​មាន​បាតុកម្ម​របស់​មនុស្ស​ដល់​ទៅ​២​ម៉ឺន​នាក់​នៅ​ខេត្ត ​Binh Duong ​នៅ​ជិត​ក្រុង​ហូជីមិញ​ភាគ​ខាង​ត្បូង​វៀតណាម។​

ក្រុម​បាតុករ​បាន​ធ្វើ​ការ​វាយ​ប្រហារ​រោងចក្រ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ដោយ​យល់​ច្រឡំ​ថា ​ជា​រោងចក្រ​របស់​ក្រុមហ៊ុន​ប្រទេស​ចិន​ដីគោក។ ​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​កំពុង​មាន​ផែនការ​បញ្ជូន​យន្តហោះដឹកអ្នក​ដំណើរ​ដើម្បី​ដឹក​ពលរដ្ឋ​របស់ខ្លួន​ទៅ​មាតុភូមិ​វិញ​នេះ​ បើ​យោង​តាម​មន្ត្រី​នានា​នៅ​ក្រុង​តៃប៉ិ។​

សេចក្តី​រាយ​ការណ៍​ព័ត៌មាន​ ដែល​បាន​កើន​ឡើង​ច្រើន​នៅ​តាម​បណ្តាញ​សង្គម ​បង្ហាញ​អំពី​បាតុកម្ម​ថែម​ទៀត​ក្នុង​ខេត្ត​មួយ​ចំនួន ​ទូទាំង​ប្រទេស​វៀតណាម។​ ទោះ​ជា​យ៉ាង​ណា​ក្តី ​គេ​និយាយ​ថា​ ការ​តវ៉ា​ទាំង​នោះ​អហិង្សា។​

ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្រុង​ហាណូយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ លោក​ Le​ Hai Binh​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​វៀតណាម​ បាន​បន្ទោស​សកម្មភាព​បាតុកម្ម​នោះ​ទៅ​លើ​«ក្រុម​សមាសភាព​អាក្រក់»។​

លោក ​Le Hai Binh ​និយាយ​ថា ​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​ភាគ​ច្រើន​ថ្កោល​ទោស​អំពើ​ហិង្សា​បែប​នេះ។​

មន្ត្រី​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​និយាយ​ថា ​មាន​ជនជាតិ​ចិន​ច្រើន​រយ​នាក់​បាន​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម​ទៅ​ប្រទេស​កម្ពុជា។ ​តែ​លោក​ Le Hai Binh ​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​វៀតណាមនិយាយ​ថា ​លោក​មិន​មាន​ព័ត៌មាន​អំពី​រឿង​នេះ​ទេ​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ​អាជ្ញាធរ​បាន​ស្តារ​សណ្តាប់​ធ្នាប់​ឡើង​វិញ​ហើយ ​ហើយ​ថា ​ប្រទេស​វៀតណាម​នឹង​ចាត់​វិធានការ​ចាំបាច់​គ្រប់​យ៉ាង​ដើម្បី​ធានា​សន្តិសុខ​ និង​សុវត្ថិភាព​ដល់​ជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​បរទេស​ រួម​ទាំង​ក្រុមហ៊ុន​របស់​ចិន​ផង​ដែរ។​

សេចក្តី​រាយការណ៍​ព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ​លោក​នាយករដ្ឋមន្ត្រី​វៀតណាម​បាន​បញ្ជា​ឲ្យ​ក្រសួង​នានា​ក្នុង​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ការពារ​អ្នក​វិនិយោគ​ទុន​បរទេស ​ហើយ​ដាក់​ទោស​យ៉ាង​តឹងតែង​ចំពោះ​ជន​ណា​ដែល​បាន​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​នេះ។​

សេចក្តី​ថ្លែង​ការណ៍​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​នេះ​មាន​សារៈ​សំខាន់​ណាស់ ​តែ​សាស្ត្រាចារ្យ ​Jonathan ​London​ នៃ​សាកល​វិទ្យាល័យ​ទីក្រុង​ហុងកុង ​និយាយ​ថា​ គេ​អាច​ព្រួយ​បារម្ភ​ខ្លាច​សេចក្តី​ថ្លែង​ការណ៍​នេះ​វា​មិន​មាន​ឥទ្ធិពល​គ្រប់គ្រាន់ ​ហើយ​ថា​ សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​យឺត​បន្តិច។​

សាស្ត្រាចារ្យ ​Jonathan ​ពន្យល់​ថា៖ «ដូច្នេះ​មាន​សេចក្តី​រាយ​ការណ៍​អំពី​បញ្ហា​ជម្លោះ​កើន​ឡើង​នៅ​ដែន​សមុទ្រ ​ហើយ​ក៏​មាន​សេចក្តី​រាយ​ការណ៍​អំពី​អំពើ​ហិង្សា​ថែម​ទៀត​ ប៉ុន្តែ​លោក​អ្នក​មិន​មាន​របាយ​ការណ៍​ថា ​វា​អាច​មាន​ន័យ​យ៉ាង​ណា​ទេ។ ​តើ​អាជ្ញាធរ​វៀតណាម​និយាយ​យ៉ាង​ម៉េច​អំពី​រឿង​នេះ។​ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ?​ លទ្ធផល​យ៉ាង​ណា? ​គឺ​មាន​ព័ត៌មាន​មិន​ត្រូវ​គ្នា​ ដែល​មិនរួម​ចំណែក​ដល់​ការ​រក្សា​បរិយាកាស​នយោបាយ​ដែល​មាន​ស្ថិរភាព​ទេ»។​

ថ្វី​បើ​បណ្តាញ​ព័ត៌មាន​រដ្ឋ​បាន​ផ្សាយ​អំពី​បាតុកម្ម​កាលពី​ថ្ងៃ​អង្គារ​នៅ​ខេត្ត ​Binh Duong ក៏​ពិត​មែន ​តែ​ព័ត៌មាន​ភាគ​ច្រើន​ដែល​គេ​ផ្សព្វផ្សាយ​នោះ​គឺ​តាម​រយៈ​បណ្តាញ​ព័ត៌មាន​សង្គម​ និង​តាម​គេហទំព័រ​ផ្ទាល់​ខ្លួន​គឺ​ blog។​

សាស្ត្រាចារ្យ ​Jonathan​ បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា ​មាន​ការ​បណ្តោយ​ឲ្យ​សាធារណជន​បញ្ចេញ​យោបល់​តាម​អ៊ីនធឺណិត​ ដោយ​គ្មាន​ការ​ធ្វើ​ទំនាក់​ទំនង​ដ៏​មាន​អត្ថន័យ​រវាង​រដ្ឋ​និង​សង្គម។​ នេះ​ជា​រឿង​ចម្លែក​ ព្រោះ​ថា ​ជា​ធម្មតា ​រដ្ឋ​តែងតែ​ចាត់​វិធានការ​ចំពោះ​បញ្ហា​បែប​នេះ ​ដោយ​មាន​ការ​សរសេរ​ណែនាំ​ដ៏​តឹងតែង​ អំពី​អ្វីដែល​ប្រជាជន​ត្រូវ​បញ្ចេញ​យោបល់ ​អ្វី​ដែល​ប្រជាជន​ត្រូវ​ធ្វើ។ ​លោក​ដឹង​ហើយ​គឺ​តាម​មាគ៌ា​បក្ស»។​

ប្រទេស​ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​វៀតណាម ​ហើយ​មតិ​ជា​ច្រើន​បារម្ភ​ថា ​សភាពការណ៍​តានតឹង​ដែល​កើន​ឡើង​នេះ​អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច។​

ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​បន្តិច​បន្តួច​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពី​ការ​បំផ្លិច​បំផ្លាញ​ក្រុមហ៊ុន​ចិន ​និង​អំពី​ការ​ប៉ះពាល់​ដល់​ជនជាតិ​ចិន​ជាច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម។​ នៅ​ទីក្រុង​ប៉េកាំង ​ស្ត្រី​អ្នក​នាំពាក្យ ​Hua Chunying ​ចិន​និយាយ​ថា ​ ប្រទេស​ចិន​បាន​ជំរុញ​ឲ្យ​ប្រទេសវៀតណាម​បន្ថយ​ភាព​តាន​តឹងនិង​ស្តារ​សណ្តាប់ធ្នាប់​ឡើង​វិញ។​

អ្នកស្រី ​Hua ​Chunying ​និយាយ​ថា ​សកម្មភាព​បំផ្លាញ ​លួចក្រុម​ហ៊ុនចិន​នៅ​ក្នុង​ប្រទេស​វៀតណាម​នេះ​គឺ​ទាក់ទង​នឹង​ការ​រួម​គំនិត​ជាមួយ​កម្លាំង​ប្រឆាំង​ចិន។ ​ ទោះ​ជា​យ៉ាង​ណាក្តី ​ស្ត្រី​អ្នក​នាំពាក្យ​នេះ​មិន​បាន​បង្ហាញ​អត្ត​សញ្ញាណ​របស់​កម្លាំងប្រឆាំង​ប្រទេស​ចិន​នោះ​ទេ។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បណ្តាញ​ទូរទស្សន៍រដ្ឋ​នៅ​ប្រទេស​ចិន​រក្សាភាព​ស្ងប់​ស្ងាត់​ដ៏​ចម្លែក​ទាក់ទង​នឹង​ស្ថាន​ការណ៍​នេះ។ ​ព័ត៌មាន​ជាច្រើន​នៅ​តាម​គេហទំព័រ​ចិន​រាយការណ៍​អំពី​ចំនួន​កុប្បករ​ ដែល​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ខ្លួន​ឃុំឃាំង ​ហើយ​មាន​ផ្សាយ​អំពី​បំរាម​របស់​រដ្ឋាភិបាល​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម ​តែ​មិន​សូវ​ពិភាក្សា​អំពី​កំហឹង​របស់​ជនជាតិ​វៀតណាម​ប្រឆាំង​នឹង​ការដ្ឋាន​របស់​ចិន​បូម​ប្រេង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។ មាន​អ្នកខ្លះ​បាន​បង្ហោះ​រូបថត​អំពី​ការ​បំផ្លាញ​ក្រុម​ហ៊ុន​ចិន​ តាម​គេហ​ទំព័រ​ Weibo ​ប៉ុន្តែ​ភ្លាមៗ​នោះ ​អាជ្ញាធរ​បាន​ដក​ចេញ​រូប​ថត​ជាច្រើន។​

អ្នក​សង្កេតការណ៍និយាយ​ថា ​ដោយសារ​ប្រទេស​ចិន​និង​ប្រទេស​វៀតណាម​មិន​បាន​បង្ហាញ​ការ​បន្ទន់​ជំហរ​នោះ​ ដូច​នេះ​គេ​មិន​អាច​ដឹង​បាន​ទេ​ ថា​តើ​ប្រទេស​ទាំង​ពីរ​នឹង​បន្ថយ​ភាព​តាន​តឹងយ៉ាង​ដូច​ម្តេច៕​

ប្រែ​សម្រួល​ដោយ ពិន ស៊ីសុវណ្ណ
XS
SM
MD
LG