នាវាដឹកទំនិញមួយគ្រឿងដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីអ៊ីស្រាអែលម្នាក់រងការវាយប្រហារដោយដ្រូនមួយគ្រឿងដែលត្រូវបានសង្ស័យថាជារបស់អ៊ីរ៉ង់នៅក្នុងមហាសមុទ្រឥណ្ឌា ខណៈដែលអ៊ីស្រាអែលធ្វើការវាយប្រហារលើក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីការពារជាតិអាមេរិកម្នាក់នៅថ្ងៃសៅរ៍។
ការវាយប្រហារកាលពីថ្ងៃសុក្រទៅលើនាវា CMA CGM Symi កើតមានឡើង ខណៈដែលការដឹកជញ្ជូនជាសាកលកាន់តែប្រឈមមុខនឹងក្លាយជាគោលដៅវាយប្រហារនៅក្នុងសង្គ្រាមរយៈពេលរាប់សប្ដាហ៍ដែលអាចនឹងក្លាយជាជម្លោះក្នុងតំបន់កាន់តែធំ បើទោះបីជាបទឈប់បាញ់គ្នាមួយត្រូវបានធ្វើឡើងដែលបានផ្អាកការប្រយុទ្ធគ្នានិងនាំឱ្យមានការផ្លាស់ប្ដូរចំណាប់ខ្មាំងអ៊ីស្រាអែលជាមួយនឹងអ្នកជាប់ពន្ធនាគារជនជាតិប៉ាឡេស្ទីននៅក្នុងប្រទេសអ៊ីស្រាអែលក៏ដោយ។
មន្ត្រីការពារជាតិអាមេរិកម្នាក់ ដែលបាននិយាយជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន AP ដោយសុំមិនបញ្ចេញអត្តសញ្ញាណ ដើម្បីអាចពិភាក្សាអំពីព័ត៌មានស៊ើបការណ៍សម្ងាត់នេះ បានថ្លែងថា នាវាដែលមានដោតទង់ជាតិម៉ាល់តានោះ ត្រូវបានសង្ស័យថា បានក្លាយជាគោលដៅវាយប្រហាររបស់ដ្រូនប្រភេទ Shahed-136 ដែលមានរាងត្រីកោណនិងមានដឹកគ្រាប់បែក ខណៈពេលដែលស្ថិតនៅក្នុងដែនទឹកអន្តរជាតិ។ ដ្រូននេះបានផ្ទុះ និងធ្វើឱ្យខូចខាតដល់នាវានោះប៉ុន្តែមិនបានធ្វើឱ្យនាវិកណាម្នាក់នៅលើនាវានោះរងរបួសនោះទេ។
មន្ត្រីរូបនោះថ្លែងថា៖ «យើងបន្ដតាមដានមើលស្ថានភាពនេះយ៉ាងជិតដិត»។ មន្ត្រីរូបនោះបានបដិសេធមិនព្រមពន្យល់អំពីមូលហេតុដែលធ្វើឱ្យយោធាសហរដ្ឋអាមេរិកជឿថា អ៊ីរ៉ង់គឺជាអ្នកធ្វើការវាយប្រហារនោះទេ។
ប៉ុស្តិ៍ទូរទស្សន៍ផ្សាយព័ត៌មានដោយផ្កាយរណប Al-Mayadeen របស់អារ៉ាប់ ដែលចងសម្ពន្ធភាពខាងនយោបាយជាមួយនឹងក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ បានរាយការណ៍ថា នាវាអ៊ីស្រាអែលមួយគ្រឿងនោះត្រូវបានយកជាគោលដៅវាយប្រហារនៅក្នុងមហាសមុទ្រឥណ្ឌា។ ប៉ុស្ដិ៍ទូរទស្សន៍នោះបានផ្សាយសេចក្ដីរាយការណ៍នោះដោយផ្អែកលើប្រភពព័ត៌មានមិនបញ្ចេញឈ្មោះ ដែលក្រោយមកត្រូវបានបណ្ដាញព័ត៌មានអ៊ីរ៉ង់យកធ្វើជាព័ត៌មានយោងបន្ដ។
CMA CGMដែលជានាវាដ៏ធំមួយគ្រឿងដែលមានមូលដ្ឋាននៅទីក្រុង Marseille ប្រទេសបារាំង មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំអត្ថាធិប្បាយនោះទេ។ ក៏ប៉ុន្តែ នាវិកនៅលើនាវានោះមានអាកប្បកិរិយាហាក់ដូចជាពួកគេជឿថា នាវានោះបានប្រឈមនឹងការគំរាមកំហែងមួយ។
ប្រព័ន្ធតាមដានអត្តសញ្ញាណដោយស្វ័យប្រវត្តិរបស់នាវានោះត្រូវបានបិទតាំងពីថ្ងៃអង្គារមក នៅពេលដែលនាវានោះចាកចេញពីកំពង់ផែ Jebel Ali របស់ទីក្រុងឌូបៃ។ នេះបើយោងតាមទិន្នន័យពីវេបសាយ MarineTraffic.com ដែលត្រូវបានវិភាគដោយទីភ្នាក់ងារសារព័ត៌មាន AP៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា