ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​ហៃទី​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ​ជួយ​ប្រទេស​របស់​លោក


បាតុករ​ម្នាក់​ដែល​មាន​លាប​ពណ៌​ទង់ជាតិ​រុស្ស៊ី​លើ​ដងខ្លួន​របស់​លោក​ឈ្លោះ​ជាមួយ​ប៉ូលិស​នៅ​មុខ​ស្ថានទូត​អាមេរិក​ក្នុង​ពេល​តវ៉ា​ដើម្បី​បដិសេធ​កង​កម្លាំង​យោធា​អន្តរជាតិ​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​ក្រុង​ព័រអូប្រាំង​នៃ​ប្រទេស​ហៃទី កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
បាតុករ​ម្នាក់​ដែល​មាន​លាប​ពណ៌​ទង់ជាតិ​រុស្ស៊ី​លើ​ដងខ្លួន​របស់​លោក​ឈ្លោះ​ជាមួយ​ប៉ូលិស​នៅ​មុខ​ស្ថានទូត​អាមេរិក​ក្នុង​ពេល​តវ៉ា​ដើម្បី​បដិសេធ​កង​កម្លាំង​យោធា​អន្តរជាតិ​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​ក្រុង​ព័រអូប្រាំង​នៃ​ប្រទេស​ហៃទី កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​ហៃទី​លោក Jean Victor Geneus បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ឱ្យ​ជួយ​ប្រទេស​របស់​លោក ដោយ​លោក​បាន​និយាយ​ថា ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​របស់​លោក​មាន​លក្ខណៈ «កាន់តែ​យ៉ាប់យ៉ឺន​ឡើង​ប្រកប​ដោយ​គ្រោះថ្នាក់» នៅ​ក្នុង​ពេល​មួយ​ខែ​កន្លង​មក​នេះ ដោយសារ​បញ្ហា​អសន្តិសុខ​កាន់តែ​អាក្រក់​ឡើង​ ហើយ​ជំងឺ​អាសន្នរោគ​បាន​លេច​ឡើង​ជា​ថ្មី។

លោក Geneus បាន​ថ្លែង​ប្រាប់​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា៖ «ខ្ញុំ​មាន​បេសកកម្ម​បន្ទាន់​នៅ​ក្នុង​ការ​នាំ​យក​ការ​អំពាវនាវ​របស់​ប្រជាពលរដ្ឋ​ហៃទី​ទាំង​មូល​ដែល​កំពុង​រង​ការ​ឈឺចាប់​មក​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​នៅ​ក្នុង​ការ​និយាយ​ឱ្យ​បាន​ច្បាស់​និង​ឮៗ​ថា​ ប្រជាពលរដ្ឋ​ហៃទី​កំពុង​ប្រឹង​រស់ គឺ​មិន​មែន​រស់នៅ​ដូច​ធម្មតា​នោះ​ទេ»។

លោក​បាន​និយាយ​ថា ប្រទេស​ហៃទី​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​នានា​ទាំង​ផ្នែក​សន្តិសុខ នយោបាយ សេដ្ឋកិច្ច និង​សង្គម។

លោក Geneus បាន​បញ្ជាក់​ថា៖ «ជា​រៀងរាល់​ថ្ងៃ ជីវិត​មនុស្ស​បាន​បាត់បង់។ មាន​ការ​ចាប់​ពង្រត់ ហើយ​ទ្រព្យ​សម្បត្តិ​សាធារណៈ​និង​ឯកជន​ត្រូវ​បាន​បំផ្លាញ។ មាន​ការ​ចាប់​រំលោភ អំពើ​ចោរកម្ម ការ​លួច​ប្លន់ ការ​គំរាមកំហែង និង​ការ​បំភិតបំភ័យ។ ករណី​នេះ​ធ្វើ​ឱ្យ​ប្រទេស​ហៃទី​រឹតតែ​ធ្លាក់​ចូល​បន្ថែម​ទៀត​ទៅ​ក្នុង​ភាព​ចលាចល​ដែល​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​អស់។ ជាង​នេះ​ទៀត ឥឡូវ​នេះ​ជំងឺ​អាសន្នរោគ​ក៏​បាន​លេច​ឡើង​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​ហៃទី​ផង​ដែរ»។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres កំពុង​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​ឆ្លើយតប​ចំពោះ​សំណើ​របស់​រដ្ឋាភិបាល​ហៃទី និង​ពិចារណា​បញ្ជូន​កង​កម្លាំង​អន្តរជាតិ​ពិសេស​ទៅ​ដោះស្រាយ​បញ្ហា​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជន​អន្ធពាល ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​ហៃទី​គាំង​ដំណើរការ​និង​ធ្វើ​ឱ្យ​វិបត្តិ​មនុស្ស​ធម៌​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

លោក Guterres បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ចន្ទ​ថា៖ «ខ្ញុំ​ជឿ​ថា យើង​មិន​ត្រឹមតែ​ចាំបាច់​ត្រូវ​ពង្រឹង​កង​កម្លាំង​ប៉ូលិស [ហៃទី] តាម​រយៈ​ការ​បណ្ដុះបណ្ដាល ការ​ផ្គត់ផ្គង់​ឧបករណ៍​ផ្សេងៗ និង​តាម​រយៈ​វិធានការ​ផ្សេង​ទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ យើង​ក៏​ចាំបាច់​ត្រូវការ​ឱ្យ​មាន​វិធានការ​បែប​យោធា​ដើម្បី​បើក​កំពង់ផែ​និង​អនុញ្ញាត​ឱ្យ​មាន​ការ​បង្កើត​ច្រក​របៀង​មនុស្សធម៌​ផង​ដែរ»។

ក្រុម​ជន​អន្ធពាល​ដែល​ប្រដាប់​ដោយ​អាវុធ​បាន​ត្រួតត្រា​ផ្នែក​នានា​នៃ​រដ្ឋធានី​ព័រអូប្រាំង​នៃ​ប្រទេស​ហៃទី និង​បាន​រារាំង​ដល់​លទ្ធភាព​ចូល​ទៅ​កាន់​ស្ថានីយ​ប្រេង​ឥន្ធនៈ​ដ៏​ចម្បង​របស់​ប្រទេស​តាំងពី​ពាក់​កណ្ដាល​ខែ​កញ្ញា​មក។

ករណី​នេះ​បាន​ធ្វើ​ឱ្យ​ស្ថានភាព​មនុស្សធម៌​ដែល​មាន​លក្ខណៈ​អាក្រក់​ខ្លាំង​ស្រាប់​រួច​ទៅ​ហើយ​នោះ​កាន់តែ​អាក្រក់​បន្ថែម​ទៀត ដោយ​ប៉ះពាល់​ដល់​សេវា​អគ្គិសនី សេវា​ទឹក​ស្អាត សេវា​ប្រមូល​សំរាម និង​លទ្ធភាព​របស់​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​ការ​ដំណើរការ។

អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ប្រហែល ១ លាន ៥ សែន​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​អំពើ​ហិង្សា​របស់​ក្រុម​ជន​អន្ធពាល​ទាំង​នេះ ហើយ​មនុស្ស​ប្រហែល ២០.០០០ នាក់​បាន​រត់​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​ដើម្បី​ស្វែងរក​សុវត្ថិភាព។

លោក Guterres បាន​ប្រាប់​អ្នក​កាសែត​ថា៖ «នេះ​ជា​ស្ថានការណ៍​អាក្រក់​ដ៏​គួរ​ឱ្យ​រន្ធត់​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ហៃទី ជា​ពិសេស​នៅ​ទីក្រុង​ព័រអូប្រាំង»៕

XS
SM
MD
LG