សាសនទូតអាមេរិកាំង ១៧ នាក់ ដែលរួមមានទាំងកុមារផងដែរ ត្រូវបានក្រុមជនអន្ធពាលនៅក្នុងប្រទេសហៃទី ចាប់ពង្រត់កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមសារជាសំឡេងមួយដែលត្រូវបានបញ្ជូនដោយក្រុមសាសនាមួយក្រុមដែលដឹងអំពីហេតុការណ៍នេះ។
អង្គការសាសនា Christian Aid Ministries ដែលមានទីតាំងនៅរដ្ឋ Ohio សហរដ្ឋអាមេរិក បានបញ្ជូនសារទៅកាន់បេសកកម្មសាសនាផ្សេងទៀត ដោយនិយាយថា សាសនទូតទាំង ១៧ នាក់បានជួយសាងសង់កន្លែងក្មេងកំព្រា ហើយបានចាកចេញពីទីកន្លែងនោះ នៅពេលដែលពួកគេត្រូវបានគេចាប់ពង្រត់។
សារនោះបានបញ្ជាក់ថា ប្រធានបេសកកម្មសាសនានិងក្រុមគ្រួសាររបស់លោក និងបុរសម្នាក់ទៀតដែលគេមិនស្គាល់អត្តសញ្ញាណ បានស្ថិតនៅមូលដ្ឋានបេសកកម្មសាសនា នៅពេលដែលសាសនទូតផ្សេងទៀតដែលទៅកន្លែងក្មេងកំព្រានោះ ត្រូវបានគេចាប់ពង្រត់។ ប្រធានបេសកកម្មសាសនានោះ បានជូនដំណឹងអំពីការចាប់ពង្រត់នេះដល់មន្ត្រីសហរដ្ឋអាមេរិក។
អ្នកនាំពាក្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថា មន្ត្រីរដ្ឋាភិបាលអាមេរិកបានដឹងអំពីសេចក្តីរាយការណ៍រឿងចាប់ពង្រត់នេះ។ អ្នកនាំពាក្យរូបនោះបញ្ជាក់ដូច្នេះថា៖ «សុខុមាលភាពនិងសុវត្ថិភាពរបស់ពលរដ្ឋអាមេរិកាំងនៅបរទេស គឺជាអាទិភាពកំពូលមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក»។
ការចាប់ពង្រត់នេះ បានកើតមានឡើងក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានទៅបំពេញទស្សនកិច្ចនៅប្រទេសហៃទី និងបានសន្យាផ្តល់ថវិកាចំនួន ១៥ លានដុល្លារទៀតដល់នគរបាលជាតិរបស់ប្រទេសហៃទីដើម្បីជួយដោះស្រាយបញ្ហាដែលបង្កដោយក្រុមជនអន្ធពាល៕
ព័ត៌មាននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press និងទីភ្នាក់ងារព័ត៌មាន Reuters។