ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្និសីទ​ស្តីពី​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេសហៃទី​ សន្យាផ្តល់​ថវិកា៦០០លានដុល្លារ


អ្នកស្រី Roselia Jean Charles មើលកូនស្រីរបស់គាត់យំនៅក្នុងខ្ទមដែលជាផ្ទះរបស់ពួកគេនៅឯជំរុំ Devirel ប្រាំមួយខែបន្ទាប់ពីការរញ្ជួយដីកម្រិត 7.2 នៅទីក្រុង Les Cayes ប្រទេសហៃទី ថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2022។
អ្នកស្រី Roselia Jean Charles មើលកូនស្រីរបស់គាត់យំនៅក្នុងខ្ទមដែលជាផ្ទះរបស់ពួកគេនៅឯជំរុំ Devirel ប្រាំមួយខែបន្ទាប់ពីការរញ្ជួយដីកម្រិត 7.2 នៅទីក្រុង Les Cayes ប្រទេសហៃទី ថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2022។

សន្និសីទ​មួយ​កាលពី​ថ្ងៃ​អង្គារដែល​ដឹកនាំ​ដោយ​អង្គការ​សហប្រជាជាតិ​ និង​រដ្ឋាភិបាល​ប្រទេស​ហៃទី​ បាន​សន្យា​ផ្តល់​ថវិកា​ប្រមាណ​៦០០​លាន​ដុល្លារ​ដើម្បី​ជួយ​ប្រទេស​ហៃទី​ស្តារឡើងវិញ​ពី​គ្រោះ​រញ្ជួយដី​ដ៏ខ្លាំង​មួយកាល​ពី​ឆ្នាំ​ទៅ។​

ការ​សន្យា​នេះ​ រួមមាន​ថវិកា​៥០លានដុល្លារ​ពី​ទី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​ សម្រាប់ការ​អភិវឌ្ឃន៍​អន្តរជាតិ ដែល​ផ្តោត​ទៅ​លើ​វិស័យសន្តិសុខ​ស្បៀង​អាហារ​ ការងារ​កសិកម្ម កម្មវិធី​អាហារូបត្ថម្ភ​ និង​ការ​អប់រំ​ហិរញ្ញវត្ថុ​។​

ទន្ទឹម​នឹងនេះដែរ​ ​សហភាព​អឺរ៉ុប​ បាន​បន្ថែម​ប្រាក់ជាង​៣០លានដុល្លារ​ ហើយ​ប្រទេស​កាណាដា​សន្យា​ផ្តល់ជំនួយ​ប្រមាណ​ជិត​២០លានដុល្លារ​ផង​ដែរ។​

ប្រទេស​ហៃទី​ បាន​បង្ហាញ​នូវ​កម្មវិធី​ស្តារឡើងវិញ​ដែលមាន​ទឹកប្រាក់​ប្រមាណ​២ពាន់លានដុល្លារ​ បន្ទាប់​ពី​ខ្លួនបាន​ជួប​គ្រោះ​រញ្ជួយដី​ដ៏ខ្លាំងមួយ​ដែល​មាន​កម្រិត​៧,២ ​កាល​ពី​ឆ្នាំ​ទៅ​ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​២.២០០នាក់​ និងធ្វើឲ្យ​ខូចខាត​ផ្ទះ​សម្បែង​ជាង​១សែន៣ម៉ឺនខ្នង​នោះ។​

គ្រោះ​រញ្ជួយ​ដី​នេះ​ ក៏ធ្វើ​ឲ្យ​មហន្តរាយ​ដល់​ប្រព័ន្ធអប់រំ​នៅ​ក្នុង​ប្រទេស​នេះ​ ដោយ​បាន​បំផ្លាញ​សាលារៀន​ប្រមាណ​៧០% ។​

នាយករដ្ឋមន្ត្រី​ហៃទី​ លោក​ Ariel Henry បាន​និយាយ​ថា​ «រដ្ឋាភិបាល​ហៃទី កំពុង​ប្រើប្រាស់​គ្រប់មធ្យោបាយ​ទាំង​អស់​ដែល​ខ្លួន​មាន»។

លោកស្រី​ Amina Mohammed អគ្គលេខាធិការរង​នៃ​អង្គការ​សហប្រជាជាតិ​ បាន​និយាយថា​ ទំហំ​ទឹកប្រាក់​សម្រាប់ការ​ស្តារ​ប្រទេស​ហៃទី​ឡើងវិញ​នេះ‍ «ធំខ្លាំងណាស់»​ ប៉ុន្តែ​ប្រជាជន​ហៃទី គួរមាន​អនាគតមួយប្រកប​ដោយ​វិបុលភាព​ សន្តិភាព​ និង​ស្ថិរភាព»។

លោកស្រី​បន្ថែមទៀត​ថា«យើងដឹងថា​ ថវិកាជំនួយ​នេះ​ គឺ​ជា​សម្ពាធមួយ​ក្នុង​ពិភពលោក។​ យើង​ក៏ដឹង​ផង​ដែរ​ថា​ ម្ចាស់ប្រទេស​ផ្តល់​ជំនួយ​ក៏​ជួបការ​លំបាក​ផង​ដែរ​ ហើយ​យើង​បាន​ដឹង​និង​ឮច្បាស់ពី​កង្វល់​នៃ​លទ្ធផលផ្តល់​ជំនួយ​ទៅ​ឲ្យ​ប្រទេស​ហៃទី​។ ប៉ុន្តែ ​នេះមិន​មែន​ជា​ពេល​វេលា​ ដែល​យើង​ត្រូវ​បោះបង់​ហៃទី​ចោល​ទេ»៕

ព័ត៌មាន​មួយចំនួន​នៅក្នុង​សេចក្ដីរាយការណ៍នេះ ត្រូវបាន​ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន The Associated Pressនិង Reuters

XS
SM
MD
LG