រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកលោក Alejandro Mayorkas និងអភិបាលរដ្ឋ Texas លោក Greg Abbott បានប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យអំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ បន្ទាប់ពីជនអន្តោប្រវេសន៍ហៃទីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាហើយក្រោយមកត្រូវបានរំសាយចេញពីទីក្រុង Del Rio នៃរដ្ឋ Texas ជាប់ព្រំដែនប្រទេសម៉ិកស៊ិក។
នៅក្នុងបទសម្ភាសន៍មួយក្នុងកម្មវិធី «Fox News Sunday» របស់ទូរទស្សន៍ Fox News លោក Mayorkas បានការពារចំណាត់ការរបស់រដ្ឋាភិបាលអាមេរិកចំពោះភាពវឹកវរនៅតាមព្រំដែននេះ ដោយបាននិយាយថា វាជាការអនុវត្តតាមច្បាប់សហព័ន្ធនិងស្របតាមអ្វីដែលគាត់បាននិយាយថា ជា «ទម្លាប់ប្រកបដោយមោទនភាពបំផុតមួយរបស់សហរដ្ឋអាមេរិក» នៅក្នុងការអនុញ្ញាតឱ្យជនចំណាកស្រុកបរទេសចូលមកសហរដ្ឋអាមេរិកដើម្បីស្វែងរកសិទ្ធិជ្រកកោននិងសុវត្ថិភាព គេចពីភាពចលាចលនៅក្នុងប្រទេសកំណើតរបស់ពួកគេ។
ប៉ុន្តែលោក Abbott បាននិយាយនៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយនៃកម្មវិធីដដែលនេះថា លោក Mayorkasនិងលោកប្រធានាធិបតី Joe Biden បាន «ឈប់តាំងខ្លួន» ជាអ្នកការពារព្រំដែនហើយ ហើយផ្ទុយទៅវិញ «បានផ្ញើសារប្រាប់ពិភពលោក» ថា ព្រំដែនសហរដ្ឋអាមេរិកបើកចំហ។
លោក Abbott គឺជាអ្នករិះគន់ជាយូរមកហើយលើចំណាត់ការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះជនអន្តោប្រវេសន៍រាប់ពាន់នាក់មកពីប្រទេសហៃទីនិងតំបន់អាមេរិកកណ្តាល ដែលឆ្លងកាត់ព្រំដែនភាគនិរតីចូលទៅក្នុងរដ្ឋរបស់លោក។
ជនជាតិហៃទីប្រមាណ ៣០.០០០ នាក់បានប្រមូលផ្តុំគ្នានៅព្រំដែនសហរដ្ឋអាមេរិកអស់រយៈពេល ១៧ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ខែកញ្ញា។ ពួកគេភាគច្រើនបានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិកនិងរស់នៅក្នុងប្រទេសនានានៃទ្វីបអាមេរិកខាងត្បូងក្នុងពេលមួយទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីគេចចេញពីគ្រោះរញ្ជួយដីដ៏ធំនៅប្រទេសហៃទីកាលពីឆ្នាំ ២០១០។
ជនចំណាកស្រុកហៃទីរាប់ពាន់នាក់នៅទីបំផុតបានត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ ហើយជាង ២.០០០ នាក់ទៀតត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសហៃទីវិញ។
លោក Mayorkas បាននិយាយថា មនុស្ស ១២.០០០ នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឲ្យចូលសហរដ្ឋអាមេរិកដើម្បីបង្ហាញខ្លួននៅការិយាល័យអន្តោប្រវេសន៍ក្នុងពេល ៦០ ថ្ងៃសម្រាប់ចាប់ផ្តើមសវនាការសុំសិទ្ធិជ្រកកោន ខណៈជនចំណាកស្រុកហៃទីប្រហែល ៥.០០០ នាក់ត្រូវបានដាក់នៅមួយកន្លែងរង់ចាំការកំណត់ថាតើពួកគេគួរត្រូវនិរទេសឬគួរត្រូវអនុញ្ញាតឱ្យសុំសិទ្ធិជ្រកកោន៕