ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះ​រញ្ជួយដី​ក្នុង​ប្រទេស​ហៃទី​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​១១​នាក់​និង​ធ្វើ​ឲ្យ​របួស​ជាង​១៣០​នាក់


មនុស្ស​ម្នា​ឈរ​មើល​សាលារៀន​បែកបាក់​ដោយសារ​គ្រោះ​រញ្ជួយដី នៅ​ក្នុង​ក្រុង Gros Morne ប្រទេស​ហៃទី កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨។
មនុស្ស​ម្នា​ឈរ​មើល​សាលារៀន​បែកបាក់​ដោយសារ​គ្រោះ​រញ្ជួយដី នៅ​ក្នុង​ក្រុង Gros Morne ប្រទេស​ហៃទី កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨។

គ្រោះរញ្ជួយដី​ក្នុង​កម្រិត ៥,៩ បាន​កើតឡើង​នៅ​ប៉ែកពាយព្យ​នៃ​ប្រទេស ហៃទី កាល​ពី​ថ្ងៃ​សៅរ៍ ដែល​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​ចំនួន​១១​នាក់ និង​ធ្វើ​ឲ្យ​របួស​១៣៥​នាក់។ នេះ​បើ​យោង​តាម​ក្រសួង​មហាផ្ទៃ ​ហៃទី។ ​

ផ្ទះសម្បែង​នានា​និង​មន្ទីរពេទ្យ​មួយ​ខ្នង ត្រូវ​បាន​គេ​រាយការណ៍​ថា​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​គ្រោះរញ្ជួយដី ដែល​កើតឡើង​ក្នុង​ប្រទេស​ហៃទី​នេះ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ហៃទី កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។ ​

នៅ​ក្នុង​តំបន់ Petit Goave មនុស្ស​ម្នា​មាន​ការ​ភ័យខ្លាច​និង​បាន​នាំគ្នា​រត់​ចេញ​ទៅ​តាម​ដង​ផ្លូវ​នានា។ ​

នាង Marie Claude Sylverin ដែល​ជា​អ្នកស្រុក​នៅ​ហៃទី​ម្នាក់​បាន​ប្រាប់ VOA ថា «ខ្ញុំ​កំពុង​មើល​ទូរទស្សន៍ ហើយ​ប្រធានាធិបតី​កំពុង​ថ្លែង​សុន្ទរកថា ស្រាប់តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​កៅអី​របស់​ខ្ញុំ​ញ័រ។ នៅ​ពេល​ដែល​ខ្ញុំ​រត់​ចេញ​ទៅ​ក្រៅ​ទើប​ដឹង​ថា​គ្រោះ​រញ្ជួយដី​កំពុង​កើត​មាន​ឡើង»។

ស្ថិត​ក្នុង​ចម្ងាយ​៥០​គីឡូម៉ែត្រ​ប៉ែក​អាគ្នេយ៍​នៃ​តំបន់ Port-de-Paix ប្រជាជន​មួយ​ចំនួន​ត្រូវ​បាន​ព្យាបាល​របួស​នៅ​មុខ​មន្ទីរពេទ្យ​ក្នុង​តំបន់​នេះ ដោយសារ​តែ​គ្រែ​អ្នក​ជំងឺ​បាន​ពេញ​អស់។ មាន​ការ​អំពាវនាវ​សុំ​ជំនួយ​ថ្នាំពេទ្យ​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​នោះ ដោយសារ​តែ​មាន​មនុស្ស​៤​នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លាប់​បាត់​បង់​ជីវិត៕

XS
SM
MD
LG