គ្រោះរញ្ជួយដីក្នុងកម្រិត ៧,១ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់និងរបួសរាប់សិបនាក់ទៀតនៅក្នុងប្រទេសប៉េរូកាលពីថ្ងៃអាទិត្យ។
គ្រោះរញ្ជួយដីកាលពីព្រឹកថ្ងៃអាទិត្យ បានកើតឡើងក្នុងចម្ងាយ៤០គីឡូម៉ែត្រពីក្រុង Acari នៃតំបន់ Arequipa ដែលស្ថិតនៅប៉ែកនិរតីនៃប្រទេសប៉េរូ។ នេះបើយោងតាមទីភ្នាក់ងារវាស់វែងភូមិសាស្ត្ររបស់អាមេរិក។
បុរសវ័យ៥៥ឆ្នាំម្នាក់ក្នុងក្រុង Yauca បានស្លាប់ដោយសារថ្មធ្លាក់ពីលើ។ នេះបើយោងតាមលោកស្រីអភិបាលក្រុង Arequipa ដែលបានបង្ហោះសារមួយលើបណ្តាញសង្គមTwitter។
លោក Pedro Pablo Kuczynski ប្រធានាធិបតីនៃប្រទេសប៉េរូបានបង្ហោះសារមួយលើបង្ហាញសង្គម Twitter ថា លោកនឹងធ្វើដំណើរទៅកាន់តំបន់នោះដើម្បីផ្ទៀងផ្ទាត់លើកម្រិតនៃការបំផ្លិចបំផ្លាញនិងបញ្ជូនជំនួយមនុស្សធម៌ដែលចាំបាច់ផងដែរ៕