ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កម្ពុជា​ចូលរួម​​រំលែក​ទុក្ខ​ និង​ផ្តល់​ជំនួយ​ដល់​ជនរងគ្រោះ​​​ពី​គ្រោះ​រញ្ជួយ​ដី ​និង​រលក​យក្ស​ស៊ូណាមិ​នៅ​ឥណ្ឌូនេស៊ី


ពលរដ្ឋម្នាក់​កាន់របស់របរ​ ដែល​នៅ​សេសសល់​ បន្ទាប់​ពី​មាន​គ្រោះរញ្ជួយដី និង​រលកយក្សស៊ូណាមិ នៅ​ក្រុងបាលូ កោះស៊ូឡាវេស៊ី ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។
ពលរដ្ឋម្នាក់​កាន់របស់របរ​ ដែល​នៅ​សេសសល់​ បន្ទាប់​ពី​មាន​គ្រោះរញ្ជួយដី និង​រលកយក្សស៊ូណាមិ នៅ​ក្រុងបាលូ កោះស៊ូឡាវេស៊ី ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។

ស្ថាន​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី​ ​បាន​ជម្រាប​ជូន​ប្រជាពល​រដ្ឋ​កម្ពុជា ​ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ថា​ ​កាល​ពី​ថ្ងៃទី​២៨​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០១៨​ ​មាន​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​ ​និង​រលក​ស៊ូណាមិ​ ​នៅ​ទីក្រុង​ប៉ាលូ​ ​និង​ដុងខាឡា​ ​ភាគ​កណ្តាល​នៃ​ខេត្ត​ ​ស៊ូវ៉េស៊ី​ ​ប្រទេស​ឥណ្ឌូនេស៊ី។

​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ និង​រដ្ឋាភិបាល​កម្ពុជា​ ​នៅ​សប្តាហ៍​នេះ​ បាន​ចូលរួម​រំលែក​ទុក្ខ​ពល​រដ្ឋ​ឥណ្ឌូនេស៊ី​ ​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​ ​និងរលក​យក្ស​ស៊ូណាមិ​ ដែលបានសម្លាប់​ពល​រដ្ឋ​នៃ​ប្រទេស​ដែនកោះ​នេះ​ ជាង​មួយ​ពាន់​នាក់។​

​ក្នុង​លិខិត​រំលែក​ទុក្ខ​ ​ផ្ញើទៅ​លោក​ ​ចូកូ វីដូដូ ​ប្រធា​នាធិបតី​ឥណ្ឌូនេស៊ី​នៅថ្ងៃអង្គារនេះ​ ​លោក​ ​ហ៊ុន សែន​ បាន​សរសេរ​តាម​ន័យ​ដើម​ថា៖​

«ខ្ញុំ​មាន​សេចក្តី​រន្ធត់​យ៉ាងខ្លាំង​ ​ដោយបាន​ទទួល​ដំណឹង​អំពី​ការបាត់បង់​ជីវិត​ប្រជាជន​ជាច្រើន​ ​ហើយ​រាប់រយ​ពាន់នាក់​ផ្សេង​ទៀត​ក៏​បានបាត់​ខ្លួន​ ​និង​រងរបួស​ ​ក្នុង​គ្រោះ​រញ្ជួយផែនដី​ ​និង​រលកយក្ស​ស៊ូណាមិ​ ​(Tsunami)​ ​ដែល​បាន​បង្ក​កា​រ​បំផ្លិច​បំផ្លាញ​ដ៏​ធំ​ ​នៅ​ទីក្រុង​ប៉ាលូ​ ​(Palu)​ ​កោះ​ស៊ូឡាវេស៊ី (Sulawesi)​ ​នា​ចុង​សប្តាហ៍​នេះ»។ ​

កាលពី​ថ្ងៃទី​២៨​ ​ខែកញ្ញា​ ​គ្រោះ​រញ្ជួយ​ដី​ ​និង​រលក​យក្ស​ស៊ូណាមិ​ ​បាន​កើត​ឡើង​ក្នុងទីក្រុង​ប៉ាលូ​ និង​ដុងខាឡា​ ​ភាគ​កណ្តាល​នៃ​ខេត្ត​ ​ស៊ូវ៉េស៊ី​ ​ប្រទេស​ឥណ្ឌូនេស៊ី។​ ​គ្រោះ​ធម្មជាតិ​ដ៏​ប្រល័យ​នេះ​ ​បាន​បណ្តាល​ឲ្យ​មាន​អ្នក​បាត់បង់​ជីវិតកើន​ឡើង​រហូត​ដល់​ជាង​ ​១,២០០​នាក់​ ​និង​រាប់​ពាន់​នាក់​ផ្សេង​ទៀត​រងរបួស​គិត​ត្រឹម​ថ្ងៃអង្គារ​នេះ។​ ​ខណៈ​អាជ្ញា​ធរ​ឥណ្ឌូនេស៊ី​ ​កំពុង​ជួយ​សង្គ្រោះជន​រងគ្រោះ​ ​និង​អ្នក​បាត់ខ្លួន​ក្នុង​គ្រោះ​ធម្មជាតិ​នេះ​ ​រដ្ឋាភិបាលនៃប្រទេស​ឥណ្ឌូនេស៊ី​ក៏​បាន​អំពាវ​នាវសុំ​ជំនួយ​ពីអន្តរជាតិផង​ដែរ។​

រដ្ឋា​ភិបាល​កម្ពុជា​នា​សប្តាហ៍​នេះ​ក៏​បានចូលរួម​ចំណែក​ផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន​២០ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ​ទៅ​ឱ្យ​រដ្ឋា​ភិបាល​ប្រទេស​ឥណ្ឌូនេស៊ី​ ​សម្រាប់​ជួយ​ដល់​ជនរង​គ្រោះ​រញ្ជូយដី​ ​និង​រលក​ស៊ូណាមិ។​ ​នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័​ត៌មាន​ ​របស់ក្រសួង​ការបរ​ទេស​កម្ពុជា​ ដែល​ចេញ​ផ្សាយកាលពី​ថ្ងៃ​ចន្ទ។​

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ក្នុងន័យ​ដើម​ថា៖​

«ដើម្បី​បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយ​រដ្ឋា​ភិបាល​ ​និង​ប្រជាជន​ឥណ្ឌូនេស៊ី​ ​ក្នុង​គ្រា​លំបាក​នេះ ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​តេជោ​ ​ហ៊ុន សែន​ ​ជា​នាយក​រដ្ឋមន្ត្រី​ ​បាន​សម្រេច​ចូលរួម​ចំណែក​នូវ​ទឹក​ប្រាក់​ចំនួន​ ​២០០,០០០ ​ដុល្លារ​អាមេរិក​ ​(ម្ភៃម៉ឺន​ដុល្លារ​អាមេរិក)​ ​ជា​ជំនួយ​មនុស្សធម៌​ ​សម្រាប់​រំលែក​ទុក្ខ​ ​និង​ជួយ​ដល់​ជនរងគ្រោះ​ ដោយ​សារ​មហន្តរាយ​ពី​គ្រោះ​ធម្មជាតិ​រញ្ជូយដី​ ​និង​រលក​ស៊ូណាមិ​ ​ដ៏​សោកនាដកម្ម​នេះ»។

កាល​ពីថ្ងៃ​ចន្ទ​ ​ស្ថាន​ឯក​អគ្គរាជ​ទូតខ្មែរ​ ​ប្រចាំ​សាធារណៈ​រដ្ឋ​ឥណ្ឌូនេស៊ី​ ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​មាន​វត្តមាននៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ​ឱ្យ​ផ្អាក​ការធ្វើ​ដំណើរ​ទៅកាន់តំបន់​ភាគ​កណ្តាល​នៃ​ខេត្ត​ ​ស៊ូឡាវ៉េស៊ី​ ​ដែល​ទើប​រង​គ្រោះ​ដោយ​រញ្ជួយដី​ និង​រលកយក្ស​ស៊ូណាមិ។​ ​នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ជូន​ដំណឹងចេញ​ផ្សាយ​ជា​ប្រញាប់​កាលពី​ថ្ងៃ១​ ​ខែ​តុលា​ ​ឆ្នាំ​២០១៨។

ស្ថាន​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី​ ​បាន​ជម្រាប​ជូន​ប្រជាពល​រដ្ឋ​កម្ពុជា ​ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ថា​ ​កាល​ពី​ថ្ងៃទី​២៨​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០១៨​ ​មាន​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​ ​និង​រលក​ស៊ូណាមិ​ ​នៅ​ទីក្រុង​ប៉ាលូ​ ​និង​ដុងខាឡា​ ​ភាគ​កណ្តាល​នៃ​ខេត្ត​ ​ស៊ូវ៉េស៊ី​ ​ប្រទេស​ឥណ្ឌូនេស៊ី។

ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋ​ឥណ្ឌូនេស៊ី​ ​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែលនោះ​តាម​ន័យ​ដើម​ថា៖​

«យោង​លើ​ស្ថានភាព​ខាងលើ​ ​ស្ថានទូត​សូម​បងប្អូន​ជនរួម​ជាតិ​ ​បើគ្មាន​ភារកិច្ច​ចាំបាច់​ ​សូម​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ខាងលើ​នេះ​ ​រហូត​ដល់​ស្ថានភាព​បាន​ប្រសើរ​ឡើង។​ ​ក្នុង​ករណី​ចាំបាច់​ ​ឬ​មាន​សាច់ញាតិ​បាត់​ខ្លួន​ក្នុង​គ្រោះ​មហន្តរាយ​ខាង​លើ​នេះ​ ​សូម​ទាក់ទង​មក​ស្ថានទូត​តាម​លេខ​ទូរ​ស័ព្ទៈ​ ​+៦២​ ​២១ ៧៨១ ២៥២៣,​ ​០៨២១ ១២៣ ៦៨៦៣៩, ០៨១២ ៨២៥ ៦៦៦ ៥៨​ ​និង​ ​០៨១៣ ១៧៥​ ​៦៥ ៤៨៦»។​

VOA មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​លោក​ ​កេត សោផាន់​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ទេ ​រហូត​ដល់​ល្ងាច​ថ្ងៃអង្គារ​នេះ។

អ្នកស្រី សុក ផុនដានី​ ទីប្រឹក្សា​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី ប្រាប់ VOA តាម​រយៈ​សារ​អេឡិច​ត្រូនិច ឬ​អ៊ីមែល​នា​ល្ងាច​ថ្ងៃ​អង្គារនេះ​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ និង​និស្សិត ប្រមាណ​ជា៦០ នាក់​ កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ អ្នកស្រី​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​មិនមាន​និស្សិត​ ឬ​ពលរដ្ឋ​ខ្មែរ​ណាម្នាក់​ទៅ​បំពេញ​ធុរកិច្ច ឬ​សិក្សា​នៅ​តំបន់​មាន​គ្រោះថ្នាក់​នោះ​ទេ ហើយ​ថា ក៏​មិនមាន​ព័ត៌មាន​អំពី​ពលរដ្ឋ​ខ្មែរ​គ្រោង​ធ្វើដំណើរ​ទៅ​តំបន់​ខាងលើ​នេះ​ដែរ​។

អ្នកស្រី​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «​ខ្ញុំ​មាន​ការបារម្ភ​អំពី​ទេសចរ​កម្ពុជា អាច​ធ្វើដំណើរ​រយៈពេល​ខ្លី​ទៅ​កំសាន្ត​នៅ​តំបន់​នេះ​ដោយ​ស្ថានទូត​ពុំ​បាន​ដឹង ព្រោះ​ពលរដ្ឋ​យើង​ធ្វើដំណើរ​ចេញ​ចូល​ប្រទេស​នេះ រយៈ​ពេល​ខ្លី​ពុំ​មាន​ទម្លាប់​ជូនដំណឹង​ដល់​ស្ថានទូត​ទេ ហេតុនេះ​បាន​ជា​យើង​បារម្ភ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ពុំ​មាន​ព័ត៌មាន​អំពី​ពលរដ្ឋ​យើង​មាន​គ្រោះថ្នាក់​ទេ​។ ស្ថានទូត​បាន​ធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី ដើម្បី​ត្រៀម​អន្តរាគមន៍​ក្នុង​ករណី​មាន​ពលរដ្ឋ​ខ្មែរ​ជួប​គ្រោះថ្នាក់​ក្នុង​គ្រោះ​ធម្មជាតិ​ខាងលើ»៕

XS
SM
MD
LG