ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប្រទេស ហៃទី នៅទីបំផុតបានកើតឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានលុបចោលកាលពីខែតុលា ដោយសារខ្យល់ព្យុះ Hurricane Matthew បានវាយបក់បោកឈួងសមុទ្រប្រទេសនេះហើយធ្វើឲ្យខូចខាតយ៉ាងដំណំ។
ពលរដ្ឋហៃទីចំនួន៦លាននាក់ដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសបេក្ខជនម្នាក់ក្នុង ចំណោម ២៧ នាក់ ហើយនិងសមាជិកសភាទាំងពីរថ្នាក់ផងដែរ។
បើតាមរបាយការណ៍នានាបានបញ្ជាក់ថា អ្នកបោះឆ្នោតបានរង់ចាំបោះឆ្នោតប្រកបដោយការអត់ធ្មត់ដើម្បីដល់វេនចូលទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតជា ច្រើន លើដែនកោះប្រទេសនេះ។
ពលរដ្ឋហៃទីជាច្រើនកំពុងរងគ្រោះដោយសារការរញ្ជួយដីកាលពីឆ្នាំ ២០១០ និងការ វាយប្រហារយ៉ាងដំណំមួយលើកចុងក្រោយទៀត ដោយខ្យល់ព្យុះ Hurricane Matthew។ ពលរដ្ឋមានក្តីសង្ឃឹមថា មេដឹកនាំប្រទេសដែលពួកគេជ្រើសរើសនឹងបញ្ចប់ ទុក្ខកង្វល់របស់ពលរដ្ឋ បង្រួបបង្រួមប្រទេស ហើយនឹងបង្កើតការងារជូនពលរដ្ឋ។
អាជ្ញាធរប៉ូលិសជាង១៣០០០នាក់ និងកងកម្លាំងរក្សាសន្តិភាពត្រូវគេដាក់ពង្រាយនៅតាមដងផ្លូវដើម្បីការពារមជ្ឈមណ្ឌលបោះឆ្នោត៕