អ្នកការទូតអាមេរិកមួយរូបនិយាយថា ប្រទេសរបស់លោក និងគុយបាមានឱកាសជាប្រវត្តិសាស្រ្តដើម្បីធ្វើការជាមួយគ្នា ដើម្បីផ្តល់ការថែទាំសុខភាពដល់ប្រទេសហៃទី ដែលកំពុងនៅតស៊ូងើបចេញពីការរញ្ជួយផែនដីដ៏វិនាសនៅឆ្នាំ២០១០ ដែលបានសម្លាប់មនុស្សជាងពីរសែននាក់នោះ។
លោក Brian Shukan អនុប្រធានបេសកកម្មនៅឯស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុង Port –au-Prince បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីការបង្កើតចំណងទាក់ទងខាងការទូតឡើងវិញរវាងសហរដ្ឋអាមេរិក និងគុយបា វេជ្ជបណ្ឌិតនៃប្រទេសទាំងពីរអាចធ្វើការជាមួយគ្នា ដើម្បីជួយធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់ប្រទេសហៃទី។
លោក Shukan បាននិយាយនៅពេលដែលគ្រូពេទ្យមកពីសហរដ្ឋអាមេរិក និងគុយបា បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ St. Luke ខាងក្រៅរដ្ឋធានីនៃប្រទេសហៃទីថា «យើងដឹងថា គុយបាមានប្រវត្តិខាងកិច្ចសហប្រតិបត្តិការខាងវេជ្ជសាស្រ្តនៅក្នុងប្រទេសហៃទីជាជំនាញយ៉ាងធំមួយ ដែលវេជ្ជបណ្ឌិតគុយបារាប់រយនាក់បានធ្វើការឲ្យមានភាពប្រសើរឡើងនៅក្នុងប្រទេសនោះ»។
លោក Ricardo Garcia Napoles ឯកអគ្គរដ្ឋទូតគុយបាដែលធ្វើដំណើរទៅកាន់មន្ទីរពេទ្យនោះដែរបាននិយាយថា កិច្ចសហប្រតិបត្តិការរវាងគុយបា និងសហរដ្ឋអាមេរិកជាការណ៍ល្អមួយ។
កាលពីសប្តាហ៍មុន វេជ្ជបណ្ឌិតគុយបាបានទៅទស្សនានាវាមន្ទីរពេទ្យ USNS Comfort របស់សហរដ្ឋអាមេរិក ដែលបានចតនៅរដ្ឋធានី Port-au-Prince ដែលនៅទីនោះបុគ្គលិកវេជ្ជសាស្រ្តរបស់នាវាមន្ទីរពេទ្យបានផ្តល់ការថែទាំដោយមិនគិតថ្លៃដល់ជនជាតិហៃទីក្នុងអំឡុងពេលនៃការបំពេញសកកម្មនៅហៃទីរបស់នាវា Comfort៕