នាយករដ្ឋមន្ត្រីហៃទីលោក Ariel Henry នឹងលាលែងពីតំណែងនៅក្រោយពេលដែលមានការបង្កើតអាជ្ញាធរបណ្ដោះអាសន្នមួយដែលនឹងជួយគ្រប់គ្រងប្រទេសហៃទីដែលញ៉ាំញីដោយសារអំពើហិង្សារហូតទាល់តែដល់ពេលដែលការបោះឆ្នោតថ្មីរៀបចំឡើង។
ប្រធានាធិបតីហ្គីយ៉ានលោក Irfaan Ali បានប្រកាសដំណឹងនេះកាលពីយប់ថ្ងៃចន្ទនៅក្នុងរដ្ឋធានីឃីងស្តូននៃប្រទេសហ្សាម៉ាអ៊ីក ដែលនៅទីនោះ បណ្ដាមេដឹកនាំនៃសហគមន៍ប្រទេសតំបន់ការ៉ាអ៊ីប (CARICOM) បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីវិបត្តិនៅក្នុងប្រទេសហៃទី។ លោក Ali ធ្វើជាប្រធានប្ដូរវេននៃសហគមន៍ CARICOM នេះ។
សហគមន៍ CARICOM បានចេញសេចក្ដីថ្លែងការណ៍មួយដោយបញ្ជាក់ថា ក្រុមប្រឹក្សាអន្តរកាលនេះនឹងមានសមាជិក ៧ នាក់ ដោយក្នុងនោះ ៦ នាក់ តំណាងឱ្យក្រុមនយោបាយចម្រុះរបស់ប្រទេសហៃទី និងម្នាក់ទៀតតំណាងឱ្យវិស័យឯកជន។ ក្រៅពីនេះគឺមានសមាជិកដែលមិនមានសិទ្ធិបោះឆ្នោត ២ នាក់ទៀតមកពីខាងសង្គមស៊ីវិល។ ក្រុមប្រឹក្សាអន្តរកាលនេះនឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនិងចាប់ផ្ដើមដំណើរការរៀបចំការបោះឆ្នោតប្រធានាធិបតីបន្ទាប់។
សហគមន៍ CARICOM បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ «ប្រជាពលរដ្ឋហៃទីសក្តិសមនឹងទទួលបានប្រទេសមួយដែលកុមារអាចទៅរៀនហើយឪពុកម្ដាយពួកគេដឹងថាពួកគេនឹងមានសុវត្ថិភាព។ យើងខ្ញុំសូមសរសើរឆន្ទៈនិងភាពក្លាហានរបស់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសហៃទីដែលតាំងចិត្តធ្វើឱ្យហៃទីត្រឡប់មករកមាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ស្ថិរភាព និងវិបុលភាពឡើងវិញ»។
ការប្រកាសអំពីការលាលែងពីតំណែងរបស់លោក Henry នេះ បានធ្វើឡើងក្នុងពេលប៉ុន្មានសប្ដាហ៍ក្រោយមកបន្ទាប់ពីយន្តហោះរបស់លោកត្រូវបានបង្ខំឱ្យចុះចតនៅដែនដី Puerto Rico របស់សហរដ្ឋអាមេរិក នៅពេលដែលយន្តហោះនោះត្រូវបានបដិសេធមិនឱ្យចុះចតនៅក្នុងប្រទេសដូមីនីក ដែលទឹកដីប្រទេសនេះមួយផ្នែកស្ថិតនៅលើកោះ Hispaniola ដូចប្រទេសហៃទីដែរ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន Reuters។