ភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិកបានចាប់ខ្លួនបុរស៤នាក់នៅក្នុងរដ្ឋ Florida កាលពីថ្ងៃអង្គារពាក់ព័ន្ធនឹងការលួចធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moise កាលពីខែកក្កដា ឆ្នាំ ២០២១ ដោយធ្វើឱ្យជនជាប់ចោទនៅសហរដ្ឋអាមេរិកដែលប្រឈមនឹងការចោទប្រកាន់រឿងផែនការសម្ងាត់លួចធ្វើឃាតនេះឡើងដល់១១នាក់។
បន្ទាប់ពីមានការចាប់ខ្លួននេះមក គណៈវិនិច្ឆ័យតុលាការសហព័ន្ធនៅក្នុងរដ្ឋ Florida បានធ្វើការចោទប្រកាន់ថ្មីជាផ្លូវការលើជនជាប់ចោទទាំង១១នាក់ពីបទឧក្រិដ្ឋជាច្រើនពាក់ព័ន្ធនឹងការសម្លាប់ដ៏គឃ្លើនលើលោក Moise នៅឯគេហដ្ឋានរបស់លោកក្នុងរដ្ឋធានីព័រអូប្រាំង ប្រទេសហៃទីកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។
ការលួចធ្វើឃាតនេះ ដែលប្រព្រឹត្តឡើងដោយទាហានស៊ីឈ្នួលកូឡុំប៊ីដែលត្រូវគេចោទថាបានជួលដោយក្រុមជនជាតិហៃទីនិងជនជាតិអាមេរិកាំងដើមកំណើតហៃទីដែលមានបំណងទម្លាក់លោក Moise ពីតំណែង បានធ្វើឱ្យប្រទេសហៃទីធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយយ៉ាងជ្រៅ។
កន្លងមក អាជ្ញាធរហៃទីបានចាប់ខ្លួនមនុស្សរាប់សិបនាក់នៅក្នុងរឿងនេះ ប៉ុន្តែការកាត់ទោសត្រូវបានគេរាយការណ៍ថាបានជាប់គាំងនៅក្នុងប្រទេសហៃទី នៅចំពេលដែលមានការគំរាមសម្លាប់លើចៅក្រមនៅទីនោះ។
អាជ្ញាធរសហរដ្ឋអាមេរិកដែលមានក្ដីបារម្ភថា ការលួចធ្វើឃាតនេះអាចមានប្រភពចេញពីទឹកដីសហរដ្ឋអាមេរិក បានចាត់វិធានការខ្លាំងក្លាដើម្បីចាប់ខ្លួនជនល្មើស។ កាលពីខែមុន អាជ្ញាធរហៃទីបានផ្ទេរជនសង្ស័យសំខាន់ៗ ៤ នាក់ឱ្យសហរដ្ឋអាមេរិកដើម្បីកាត់ទោស។ ក្នុងចំណោមនោះមានជនម្នាក់ដែលជាពលរដ្ឋសញ្ជាតិពីរគឺសញ្ជាតិហៃទីនិងអាមេរិក ដែលមានបំណងចង់ជំនួសតំណែងរបស់លោក Moise ផងដែរ។
បុរសទាំង៤នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារគឺមានឈ្មោះ Arcángel Pretel Ortiz ដែលជាជនជាតិកូឡុំប៊ីនិងជាពលរដ្ឋមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិកនៃទីក្រុង Miami រដ្ឋ Florida ឈ្មោះ Antonio Intriago ដែលជាពាណិជ្ជករវ៉េណេស៊ុយអេឡានិងជាពលរដ្ឋមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិកនៃទីក្រុង Miami រដ្ឋ Florida ឈ្មោះ Walter Veintemilla ដែលជាពលរដ្ឋអាមេរិកមានដើមកំណើតមកពីប្រទេសអេក្វាទ័ររស់នៅក្នុងទីក្រុង Weston រដ្ឋ Florida និងឈ្មោះ Frederick Bergmann ដែលជាពលរដ្ឋអាមេរិករស់នៅក្នុងទីក្រុង Tampa រដ្ឋ Florida។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ថ្នាក់ដឹកនាំបណ្ដាប្រទេសតំបន់ការ៉ាអ៊ីបនឹងជួបប្រជុំគ្នារយៈពេល៣ថ្ងៃចាប់ពីថ្ងៃពុធនេះទៅនៅក្នុងប្រទេសបាហាម៉ា ដែលនៅក្នុងការប្រជុំនោះក៏មានការពិភាក្សាអំពីស្ថានការណ៍នៅក្នុងប្រទេសហៃទីផងដែរ។
ការពិភាក្សានេះមានការចូលរួមពីប្រមុខរដ្ឋាភិបាលមកពីសហគមន៍ប្រទេសតំបន់ការ៉ាអ៊ីប (CARICOM) ដែលជាក្រុមប្រទេសមានសមាជិកចំនួន១៥ ដែលមានប្រជាជនប្រហែល១៦លាននាក់។ នេះបើយោងតាមវេបសាយរបស់សហគមន៍នេះ។
នាយករដ្ឋមន្ត្រីប្រទេសបាហាម៉ាលោក Philip Davis បានកត់សម្គាល់នូវអ្វីដែលលោកហៅថាជា«ការប្រឈមដែលយើងមាននៅក្នុងប្រទេសហៃទី» នៅពេលដែលលោកនិយាយទៅកាន់ក្រុមអ្នកកាសែតមុនកិច្ចប្រជុំចូលមកដល់។
ប្រទេសហៃទីបានឆ្លងកាត់ដំណាក់កាលអស្ថិរភាពបន្ទាប់ពីមានការលួចធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moise កាលពីខែកក្កដា ឆ្នាំ ២០២១ មក ដោយមានការកើនឡើងនូវអំពើហិង្សានិងឥទ្ធិពលនៃក្រុមជនអន្ធពាលប្រដាប់អាវុធ។
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau នឹងចូលរួមនៅក្នុងកិច្ចប្រជុំនេះ ដោយលោក Davis ថា លោក Trudeau មានបំណងចង់ឃើញអ្វីដែលរដ្ឋាភិបាលបាហាម៉ាអាចធ្វើបានដើម្បីព្យាយាមជួយដល់ស្ថានការណ៍នៅក្នុងប្រទេសហៃទី។
លោក Davis បាននិយាយថា មិនថាដំណោះស្រាយបែបណានោះទេ ដំណោះស្រាយនោះត្រូវតែជាដំណោះស្រាយដែលដឹកនាំដោយហៃទី និងថាបណ្ដាប្រទេសដែលជាសមាជិកសហគមន៍ CARICOM ផ្សេងទៀតកំពុងធ្វើការដើម្បីជួយសម្របសម្រួលលទ្ធផលនោះ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និងReuters។
សហរដ្ឋអាមេរិកចាប់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធនឹងការធ្វើឃាតប្រធានាធិបតីហៃទី
វ៉ាស៊ីនតោន —