ជនសង្ស័យជាខ្មាន់កាំភ្លើងក្នុងការបាញ់ប្រហារក្នុងរដ្ឋ California ក្នុងពិធីបុណ្យចូលឆ្នាំចិន បានបាញ់សម្លាប់ខ្លួនឯង
នៅយប់មុនថ្ងៃបុណ្យចូលឆ្នាំចិន ខ្មាន់កាំភ្លើងម្នាក់បាញ់ប្រហារនៅក្នុងសាលរាំមួយកន្លែងក្នុងទីក្រុង Monterey Park ក្នុងរដ្ឋ California ដែលមានពលរដ្ឋអាស៊ីរស់នៅជាច្រើន។ មានមនុស្សយ៉ាងតិច១០នាក់បានស្លាប់ដោយសារការបាញ់ប្រហារនោះ ហើយមនុស្ស១០នាក់ផ្សេងទៀតបានរងរបួស។ ក្រុមមន្ត្រីនិយាយថា ជនសង្ស័យជាខ្មាន់កាំភ្លើងមានអាយុ៧២ឆ្នាំ ត្រូវបានរកឃើញស្លាប់នៅថ្ងៃបន្ទាប់ដោយមានស្នាមគ្រាប់កាំភ្លើងដែលបានបាញ់ខ្លួនឯង។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេអំពីមូលហេតុនៃការបាញ់ប្រហារនេះ។ អ្នកស្រី Genia Dulot នៃវីអូអេរាយការណ៍អំពីរឿងនេះ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕