ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៧​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការបាញ់​នៅឯ​កសិដ្ឋាន​ភាគ​ខាងជើង​រដ្ឋ California


ប៉ូលិស​បាន​បិទ​កន្លែង​កើតហេតុ​នៃ​ការបាញ់​ប្រហារ​នៅ​ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ នៅ​ទីក្រុង Half Moon Bay ក្នុង​រដ្ឋ California។
ប៉ូលិស​បាន​បិទ​កន្លែង​កើតហេតុ​នៃ​ការបាញ់​ប្រហារ​នៅ​ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ នៅ​ទីក្រុង Half Moon Bay ក្នុង​រដ្ឋ California។

ប៉ូលិស​ក្នុង​រដ្ឋ​ California ​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​ មនុស្ស​ប្រាំពីរ​នាក់​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃចន្ទ​នៅក្នុង​ការបាញ់​ប្រហារ​ដែល​ពាក់ព័ន្ធ​គ្នា​ចំនួន​ពីរ​កន្លែង​នៅ​ឯ​ការដ្ឋាន​កសិកម្ម។

ការបាញ់​ប្រហារ​បាន​កើត​ឡើង​នៅ​ទីក្រុង​ Half Moon Bay ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ San Francisco។ អាជ្ញាធរ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ មនុស្ស​ ៤ នាក់​ត្រូវ​បាន​គេ​រកឃើញ​ថា​បាន​ស្លាប់​ និង​មនុស្ស​ទី​ ៥​ រង​របួស​ដោយ​គ្រាប់​កាំភ្លើង​នៅ​កន្លែង​មួយ​ ខណៈ​មនុស្ស​ ៣ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​រកឃើញ​ថា​ បាន​ស្លាប់​នៅ​ឯ​ការដ្ឋាន​ទីពីរ​ដែល​មាន​ចម្ងាយ​ជាច្រើន​គីឡូម៉ែត្រ​ពី​គ្នា។

តម្រួត​ស្រុក​ San Mateo លោកស្រី​ Christina Corpus​ បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ដែល​ជា​អ្នកបាញ់​ប្រហារ​នោះ​ថា​ ឈ្មោះ Chunli Zhao ​អាយុ៦៧​ ឆ្នាំ ​ហើយ​បាន​និយាយ​ថា​ គាត់​បាន​ធ្វើការ​នៅ​កសិដ្ឋាន​មួយ​ដែល​ត្រូវ​បាន​បាញ់​ប្រហារ​នេះ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពីបាន​បើក​បរ​ទៅ​កន្លែង​ចត​រថយន្ត​របស់​ប៉ូលិស ​ដើម្បី​ចូល​សារភាព​ដោយ​ខ្លួន​ឯង ​ហើយមាន​អាវុធ​ក្នុង​រថយន្ត។

លោកស្រី​ Corpus ​បាន​និយាយ​ថា ​ជនសង្ស័យ​កំពុង​សហការ​ជាមួយ​អ្នកស៊ើប​អង្កេត​ ប៉ុន្តែ​មូលហេតុ​មិនទាន់​ច្បាស់​នៅ​ឡើយ​ទេ។

លោក Josh Becker ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ដែល​តំណាង​ឱ្យ​តំបន់​នោះ​ និង​បាន​ហៅ​វា​ថា​ជា​សហគមន៍​កសិកម្ម ​ដែល​មាន​ការរាប់អាន​គ្នា​«ជិតស្និទ្ធ​បំផុត»​ បាន​និយាយ​ថា៖​

«យើង​នៅតែ​ព្យាយាម​យល់​ឱ្យ​ច្បាស់​អំពី​អ្វី​ដែល​បាន​កើត​ឡើង ​និង​មូលហេតុ​ ប៉ុន្តែ​វា​ពិត​ជា​សោក​នាដកម្ម​មិន​គួរ​ឱ្យ​ជឿ»។

ការ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ចន្ទ​កើត​ឡើង​បន្ទាប់​ពី​ការ​បាញ់​ប្រហារ​ដ៏​ធំ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង Monterey Park ភាគ​ខាង​ត្បូង​រដ្ឋ ​California​ ដែល​បាន​សម្លាប់​មនុស្ស ១១ នាក់ និង ៩ នាក់​ផ្សេង​ទៀត​រង​របួស។

អភិបាល​រដ្ឋ​ California ​លោក Gavin Newsom ​បាន​បង្ហោះ​សារ​លើ​ Twitter ​ថា​ លោក​កំពុង​នៅ​ឯ​មន្ទីរពេទ្យ​ជាមួយ​អ្នករបួស​នៅក្នុង​ការបាញ់​ប្រហារ​កាលពី​ថ្ងៃសៅរ៍​ នៅពេល​ដែល​លោក​បាន​ឮ​អំពី​ការវាយ​ប្រហារ​កាលពី​ថ្ងៃចន្ទ។

លោក​បាន​សរសេរ​ថា​ «សោកនាដកម្ម​នៅលើ​សោក​នាដកម្ម»៕

ព័ត៌មាន​មួយ​ចំនួន​នៅក្នុងសេចក្តីរាយការណ៍​នេះ​ត្រូវ​បានដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AP និង Reuters។

XS
SM
MD
LG