ការបាញ់ប្រហារយ៉ាងធំចំនួនពីរដោយឡែកពីគ្នានៅសហគមន៍អាស៊ី ក្នុងទីក្រុង Half Moon Bay និងទីក្រុង Monterey Park រដ្ឋ California ដែលបានកើតឡើងនៅចន្លោះតែ២ថ្ងៃ ពីគ្នាកាលពីចុងខែមករាបានសម្លាប់មនុស្សអស់១៨នាក់ និងបង្ករបួស១០នាក់ទៀត។
ការវាយប្រហារនៅទីក្រុង Monterey Park កើតឡើងនៅក្លឹបរាំកម្សាន្តមួយនៅយប់ថ្ងៃទី២១ ខែមករា គឺមួយថ្ងៃមុនចូលឆ្នាំថ្មីចន្ទគតិ។ ជនសង្ស័យថាជាអ្នកបាញ់នោះឈ្មោះ Huu Can Tran មានអាយុ៧២ឆ្នាំ និងបានសម្លាប់មនុស្សចំនួន១១នាក់និងរបួស៩នាក់។ បុរសជាជនសង្ស័យនោះបានស្លាប់ក្រោយមកដោយធ្វើអត្តឃាតពេលប៉ូលិសព័ទ្ធជាប់។
ការវាយប្រហារដ៏ប្រល័យនៅកសិដ្ឋានចំនួនពីរកន្លែងកើតឡើងនៅរសៀលថ្ងៃទី២៣ខែមករាដោយជនសង្ស័យតែម្នាក់ឈ្មោះ Zhao Chunli ដែលមានអាយុ៦៦ឆ្នាំបានសម្លាប់មនុស្សចំនួន៧នាក់ និងរបួសម្នាក់។ បុរសជនសង្ស័យនោះបានចូលសារភាព និងត្រូវចាប់ខ្លួននៅថ្ងៃដដែល។
ការវាយប្រហារជាបន្តបន្ទាប់ទាំងនេះបានធ្វើឲ្យសហគមន៍ខ្មែរអាមេរិកាំងនៅរដ្ឋកាលីហ្វញ៉ាព្រួយបារម្ភផងដែរ។ សកម្មជនសហគមន៍ខ្មែរនៅទីក្រុងឡុងប៊ិចដែលមានចម្ងាយតែ៤០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Monterey Park បានថ្លែងថា ការណ៍នេះដោយសារតែបទពិសោធដែលពួកគេធ្លាប់បានឆ្លងកាត់អំពើហិង្សានៃរបបវាលពិឃាតនៅប្រទេសកំណើត។
លោក Richer San ស្ថាបនិកអង្គការក្រុងខ្មែរនិងជាសមាជិកគណៈកម្មាធិការនាយកបានថ្លែងប្រាប់វីអូអេថា៖ «យើងព្រួយបារម្ភដោយសារយើងជាអតីតជនភៀសខ្លួនដែលប្រទេសយើងរងគ្រោះដោយសារសង្គ្រាមគឺយើងចាប់អារម្មណ៍ខ្លាំងណាស់»។
លោក Richer San ក៏បានរំឭកដល់ករណីហិង្សាដោយអាវុធដែលបានកើតមានលើសហគមន៍ខ្មែរក្នុងពេលកន្លងមកក្នុងនោះមានការបាញ់សម្លាប់បុរសខ្មែរអាមេរិកាំងម្នាក់ក្នុងខែតុលា ឆ្នាំ២០២១ ដែលប៉ូលិសចាត់ទុកថាមានពាក់ព័ន្ធនឹងសកម្មភាពជនពាល។
លោក ឆល សុងសកម្មជនមួយរូបទៀតបានបញ្ជាក់ប្រាប់វីអូអេថា៖ «បងប្អូនខ្មែរយើងតែងតែមានការបារម្ភអំពីសុវត្ថិភាពពួកគាត់ហើយយើងនៅក្នុងសហគមន៍តែងតែព្យាយាមស្វែងរកគ្រប់មធ្យោបាយដើម្បីនឹងត្រិះរិះរកថាយើងអាចអញ្ជើញស្ថាប័នណាឬក៏អង្គការណាជាពិសេសអង្គការតម្រួតឬក៏ប៉ូលិសដែលគេអាចមកចែករំលែកថាតើពួកគាត់អាចការពារខ្លួនយ៉ាងម៉េចបាន»។
នៅទីក្រុងឡុងប៊ិចមានកម្មវិធីមួយឈ្មោះថា «របៀបការពារខ្លួន-បញ្ឈប់ការស្អប់» (Stop the Hate/Self-Defense) ដែលកំពុងបង្ហាត់បង្រៀនសមាជិកសហគមន៍ឱ្យយល់ដឹងពីជំនាញការពារខ្លួននិងវិធីក្នុងការយល់ដឹងពីគ្រោះថ្នាក់ដែលអាចនឹងកើតមានឡើង ដោយក្នុងនោះមានវិធីរាយការណ៍ប្រាប់ប៉ូលិសផងដែរ។ វាជាការបណ្តុះបណ្តាលចំនួន៦វគ្គដែលដំណើរការពេញមួយឆ្នាំនេះ ហើយរហូតមកដល់ពេលនេះបានដំណើរការចំនួន៤វគ្គហើយ។ កម្មវិធីនេះរៀបចំដោយអង្គការក្រុងខ្មែរ Cambodia Town, Inc. និងអង្គការ Pacific Asian Counselling Services ដែលមានជំនាញផ្តល់ប្រឹក្សាសុខភាពផ្លូវចិត្ត។
លោក Richer San ដែលជាមន្ត្រីទទួលបន្ទុកការផ្សព្វផ្សាយនៃអង្គការ Pacific Asian Counselling Services បានថ្លែងប្រាប់វីអូអេថា ការបាញ់ប្រហារនាពេលថ្មីៗនេះ បានបញ្ជាក់បន្ថែមពីការគិតគូរជាមុនបានត្រឹមត្រូវរបស់មេដឹកនាំសហគមន៍ខ្មែរអាមេរិកាំង។
លោកRicher San បានបន្ថែមថា៖ «អ៊ីចឹងទេសង្គមរបស់យើងសព្វថ្ងៃនេះដែលយើងខំរៀបចំធ្វើយ៉ាងម៉េចដើម្បីឱ្យឪពុកម្តាយរបស់យើង ពូមីងយើងដើម្បីឱ្យគាត់ដឹងថាតើមានការខុសគ្នាយ៉ាងម៉េចរវាងការស្អប់និងឧក្រិដ្ឋកម្មស្អប់វាខុសគ្នាយ៉ាងម៉េច។ រវាងពីរនេះតើយើងត្រូវធ្វើរបាយការណ៍យ៉ាងម៉េច។ អ៊ីចឹងយើងក៏បង្កើតរបៀបធ្វើរបាយការណ៍មួយដែលស្រួលបំផុតដែលគាត់អាចប្រើទូរសព្ទដៃរបស់គាត់»។
វគ្គហ្វឹកហ្វឺននេះមានអ្នកចូលរួមប្រហែល២០ទៅ៣០នាក់ក្នុងកម្មវិធីនីមួយៗហើយភាគច្រើនសំដៅលើមនុស្សវ័យចំណាស់ដោយសារពួកគាត់មិនសូវយល់ដឹងពីរបៀបការពារខ្លួននិងការរាយការណ៍ដល់អាជ្ញាធរប៉ូលិសពេលមានហេតុការណ៍អ្វីកើតឡើង។
អ្នកស្រីគឹមស្រេង អ៊ឹង អ្នកចូលរួមវគ្គបណ្តុះបណ្តាលម្នាក់បានថ្លែងថា៖ «ដោយសារបានឆ្លងកាត់វគ្គសិក្សាហ្នឹងគឺខ្ញុំមានសេចក្តីក្លាហានបើសិនណាឃើញបញ្ហាអ្វីដូចជាឧប្បត្តិហេតុស្អប់កើតឡើងគឺហ៊ានរាយការណ៍ហើយនឹងហ៊ានប្រាប់ទៅអ្នកជិតខាងឲ្យហ៊ានរាយការណ៍»។
រីឯអ្នកស្រី តិច ស្រេងហុង ជាអ្នកចូលរួមក្នុងវគ្គនេះដែរបានថ្លែងពីវិធានការសុវត្ថិភាពដែលអ្នកស្រីត្រូវអនុវត្តថា៖ «ដើម្បីបំបាត់ការភ័យខ្លាច ការព្រួយបារម្ភពីសុវត្ថិភាពយើង យើងត្រូវចេញដំណើរទៅក្រៅយើងកុំដើរតែម្នាក់ឯងហើយកុំទៅផ្លូវស្ងាត់។ យើងចង់បានផ្លូវកាត់លឿនអ្វីយើងទៅផ្លូវស្ងាត់ហើយពេលយប់អាធ្រាតយើងកុំចេញពីផ្ទះ។ នេះជាការការពារខ្លួនយើង»។
បង្កើនការប្រុងប្រយ័ត្ននិងសង្កេតតាមដាន
អាជ្ញាធរប៉ូលិសបានស្នើឱ្យសមាជិកនៅក្នុងសហគមន៍នីមួយៗតាមសង្កេតមើលអ្នកណាដែលអាចមានសញ្ញាគ្រោះថ្នាក់ដោយសារមានពលរដ្ឋខ្លះជួបការលំបាកក្នុងគ្រួសារនិងការងារហើយគ្មានអ្នកជួយដូច្នេះបានជាគិតខ្លីដោយប្រព្រឹត្តអំពើហិង្សាដោយអាវុធ។
លោក ដែនី គីម (Danny Kim) មន្ត្រីប៉ូលិសស៊ើបអង្កេត១រូបនៅទីក្រុង Fresno រដ្ឋ California បានបញ្ជាក់ប្រាប់វីអូអេថា៖ «មនុស្សយើងនៅពេលដែលគ្មានអ្វីសម្រាប់រស់គាត់ធ្វើអ្វីផ្តេសផ្តាសហើយ ព្រោះបើតាមខ្ញុំមើលទៅពួកគាត់មានវិបត្តិចិត្ត មិនមែនពួកគាត់កើតមកជាឃាតកទេ។ គាត់មានវិបត្តិធំអ្វីមួយដែលគាត់ដោះស្រាយមិនបានគឺមានតែផ្លូវមួយហ្នឹង ឬគាត់មានបញ្ហាជាមួយអ្នកនៅក្នុងក្រុមហ្នឹង អង្គការហ្នឹង ឬក្រសួងហ្នឹងដែលគាត់ខឹងមែនទែនទប់មិនបាន»។
វិទ្យុ NPR បានរាយការណ៍ថា ជនសង្ស័យឈ្មោះ Zhao Chunli ដែលបានបាញ់ប្រហារនៅកសិដ្ឋានក្នុងទីក្រុង Half Moon Bay បានប្រាប់ប៉ូលិសស៊ើបអង្កេតថា គាត់បាញ់ប្រហារនេះដោយសារតែចៅហ្វាយនាយរបស់គាត់បានទាមទារឲ្យសងថ្លៃជួសជុលរថយន្តស្ទូចធុនតូចចំនួន១០០ដុល្លារដែលបានខូចក្នុងពេលបំពេញការងារ។ ប៉ុន្តែលោកបន្ទោសថា គ្រោះថ្នាក់នោះបង្កឡើងដោយសារតែអ្នករួមការងារម្នាក់ទៀត។
រីឯជនសង្ស័យឈ្មោះ Huu Can Tran ដែលបានបាញ់ប្រហារនៅទីក្រុង Monterey Park បង្ហាញសញ្ញានៃការមានបញ្ហានៅក្នុងគ្រួសារដោយសារតែធ្លាប់បានទៅប្តឹងប៉ូលិសថា មានសមាជិកគ្រួសារបានព្យាយាមបំពុលគាត់។ នេះបើយោងតាមសារព័ត៌មាន Los Angeles Times បានរាយការណ៍ដោយដកស្រង់ប្រភពប៉ូលិស។
លោក Danny Kim បានបន្ថែមថា៖ «ក្នុងកិច្ចការខ្ញុំជាមន្ត្រីប៉ូលិសខ្ញុំក៏ចង់ឱ្យបងប្អូនដែលឃើញសញ្ញាអ្វីមួយដែលទាក់ទងនឹងសុវត្ថិភាពពលរដ្ឋ ឬក៏សុវត្ថិភាពក្រុមហ៊ុនណាមួយ ឬក៏កម្មវិធីណាមួយយើងត្រូវប្តឹងក្រសួងប៉ូលិសដើម្បីឱ្យគេស៊ើបអង្កេតតទៅទៀតដើម្បីកុំឱ្យកើតហេតុបែបហ្នឹងបាន»។
លោក Danny Kim ក៏បានផ្តល់យោបល់ឲ្យពលរដ្ឋត្រូវប្រុងប្រយ័ត្ននឹងបរិយាកាសជុំវិញខ្លួននៅពេលដែលធ្វើដំណើរ ឬចូលរួមកម្មវិធីកម្សាន្ត។
ការទាមទារឱ្យរឹតបន្តឹងអាវុធ
ក្នុងឆ្នាំ២០២៣នេះមានការបាញ់សម្លាប់ទ្រង់ទ្រាយធំចំនួន៩២ដងនៅទូទាំងសហរដ្ឋអាមេរិក ហើយមនុស្សចំនួន៦៧០៥នាក់ បានស្លាប់ដោយសារអំពើហិង្សាកាំភ្លើងមកទល់នឹងថ្ងៃទី២៧ ខែកុម្ភៈ។ នេះបើតាមតួលេខរបស់អង្គការ Gun Violence Archive ដែលកត់ត្រាតួលេខទាក់ទងនឹងអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងនៅសហរដ្ឋអាមេរិក។ កាលីហ្វ័រញ៉ា គឺជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន ១០ ដែលហាមឃាត់ការលក់ ឬកាន់កាប់អាវុធប្រយុទ្ធតាមបែបយោធា។
លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វញ៉ាបានប្តេជ្ញាយកចិត្តទុកដាក់លើការហាមឃាត់អាវុធប្រយុទ្ធតាមបែបយោធា និងហាមប្រាមបង់គ្រាប់ដែលអាចផ្ទុកគ្រាប់បានច្រើន។ លោកស្នើឱ្យត្រួតពិនិត្យប្រវត្តិនៃគ្រាប់រំសេវ តម្រូវឱ្យមានការឆែកប្រវត្តិអ្នកចង់ទិញកាំភ្លើង មុននឹងលក់កាំភ្លើងឱ្យ និងច្បាប់ព្រមានអំពីគ្រោះថ្នាក់ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។
លោក ឆល សុង យល់ស្របនឹងការដាក់វិធានការនេះ៖ «តាមពិតទៅយោបល់ខ្ញុំផ្ទាល់ក៏ខ្ញុំសូមយល់ស្របថា រឿងកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិនៅទីក្រុងគឺមិនស្រួលទេ»៕