មនុស្សយ៉ាងហោចណាស់ ៣៨នាក់ រួមទាំងកុមារ២៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំភ្លើងនិងកាំបិតកាលពីថ្ងៃព្រហស្បតិ៍នៅឯមជ្ឈមណ្ឌលថែទាំកុមារមួយនៅភាគខាងជើងប្រទេសថៃ។ នេះជាការបាញ់សម្លាប់រង្គាលដ៏ប្រល័យដែលមានមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះបង្កឡើងដោយបុគ្គលម្នាក់។ ហេតុការណ៍បាញ់សម្លាប់រង្គាលនេះបានកើតឡើងនៅ ខេត្ត Nong Bua Lam Phu ចម្ងាយប្រហែល៤៨២ គីឡូម៉ែត្រភាគខាងជើងនៃរាជធានីបាងកក។
អាជ្ញាធរក្នុងតំបន់បានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងនោះដែលមានឈ្មោះថា Panya Kamrab ដែលជាអតីតមន្ត្រីប៉ូលិសដែលត្រូវបានបណ្តេញចេញពីការងារកាលពីឆ្នាំមុន ដោយសារតែជននេះជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន។
ខ្មាន់កាំភ្លើងអាយុ៣៤ឆ្នាំនេះដំបូងបានរត់គេចខ្លួនដោយជិះរថយន្តម៉ាក Toyota pick-up ពណ៌ស ប៉ុន្តែលោកវរសេនីយ៍ឯក Jakkapat Vijitraithaya មកពីខេត្តនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ខ្មាន់កាំភ្លើងក្រោយមកបានសម្លាប់ខ្លួន ប្រពន្ធ និងកូន។ មូលហេតុនៃការបាញ់សម្លាប់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។
នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម Facebook នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-Cha បានហៅឧបទ្ទវហេតុនេះថា «គួរឱ្យតក់ស្លុត» ហើយលោកបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃអ្នកស្លាប់និងរបួស។
លោកបានបញ្ជាឱ្យក្រុមអ្នកស៊ើបអង្កេតធ្វើការស៊ើបអង្កេតរកមូលហេតុនៃការវាយប្រហារនេះជាអាទិភាព។ ក្រោយមក អ្នកនាំពាក្យរបស់លោកបានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីនឹងធ្វើដំណើរទៅខេត្ត Nong Bua Lampu នៅថ្ងៃសុក្រនេះ។ ខេត្ត Nong Bua Lamphu ស្ថិតនៅភាគឦសានប្រទេសថៃ ដែលខេត្តនេះត្រូវបានអាជ្ញាធរទេសចរណ៍ប្រទេសថៃពិពណ៌នាថា ជាខេត្ត«ពោរពេញដោយសម្រស់ធម្មជាតិ»។ ខេត្តនេះស្ថិតនៅភាគឦសានប្រទេស ហើយព្រៃឈើនៅខាងក្រៅទីរួមខេត្តគឺជាកន្លែងសម្រាប់អ្នកកាន់សាសនាព្រះពុទ្ធធ្វើសមាធិដ៏ល្បីល្បាញបំផុត។ ប៉ុន្តែមិនមានអ្វីស្ងប់ស្ងាត់អំពីឧប្បត្តិហេតុកាលពីថ្ងៃព្រហស្បតិ៍នោះទេ។
អាជ្ញាធរមូលដ្ឋានបាននិយាយថា អតីតមន្ត្រីប៉ូលិសរូបនេះកំពុងប្រឈមនឹងការកាត់ទោសពាក់ព័ន្ធនឹងគ្រឿងញៀន ហើយបានឡើងតុលាការជាច្រើនម៉ោងមុនពេលមានការបាញ់ប្រហារនេះ។
មន្ត្រីស្រុកមួយរូបអ្នកស្រី Jidapa Boonsom បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ខ្មាន់កាំភ្លើងបានចូលទៅក្នុងមណ្ឌលថែទាំកុមារនៅក្រុង Uthai Sawan ពេលម៉ោងបាយថ្ងៃត្រង់ មុននឹងជននោះបានបាញ់ប្រហារលើបុគ្គលិកនៅទីនោះចំនួន៤ឬ៥នាក់ រួមទាំងគ្រូបង្រៀនម្នាក់ដែលមានផ្ទៃពោះ៨ខែ មុននឹងជននោះបានទៅបន្ទប់បិទទ្វារចាក់សោរមួយ ទីដែលកុមារកំពុងគេង ហើយបានសម្លាប់កុមារទាំងនោះ។ ជនរងគ្រោះដែលត្រូវបានវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ រួមមានទាំងកុមារអាយុ២ឆ្នាំផងដែរ។
ប៉ុន្តែចំនួនអ្នកដែលត្រូវបានសម្លាប់អាចមានច្រើនជាងនេះ។ ឪពុកម្តាយជាច្រើនមិនបានយកកូនទៅមណ្ឌលថែទាំកុមារទេ ដោយសារតែអាកាសធាតុអាក្រក់ ក្នុងអំឡុងពេលរដូវមូសុងវស្សាដែលមានអាកាសធាតុសើម និងភ្លៀងធ្លាក់នាពេលបច្ចុប្បន្ននៅក្នុងប្រទេសថៃ។ ចាប់តាំងពីពេលនោះមក រូបភាពនានាបានលេចឡើងនៅលើប្រព័ន្ធអ៊ីនធឺណិត ដែលបង្ហាញពីកុមារ និងមនុស្សពេញវ័យដេកក្នុងថ្លុកឈាមនៅលើឥដ្ឋ បន្ទាប់ពីការវាយប្រហារដ៏ប្រល័យនេះ។
សាក្សីដែលឃើញផ្ទាល់ភ្នែកនិយាយថា ខ្មាន់កាំភ្លើងដែលមានឈ្មោះ Kamrab មានអាវុធជាច្រើនជាប់នឹងខ្លួន រួមមានកាំភ្លើងខ្លី កាំភ្លើងវែង និងកាំបិតធំមួយ។
មេបញ្ជាការប៉ូលិសថៃលោកឧត្តមសេនីយ៍ Damrongsak Kittiprapas បានបញ្ជាក់ថា ខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងខ្លីកាណុងទំហំ៩មីលីម៉ែត្រ ដែលជាកម្មសិទ្ធិស្របច្បាប់របស់ជននោះក្នុងការបាញ់ប្រហារ ហើយបាននិយាយថា លោកជឿថា ខ្មាន់កាំភ្លើងស្ថិតក្រោមឥទ្ធិពលនៃថ្នាំញៀនអំហ្វេតាមីននៅពេលនោះ។
ការសង្ស័យជុំវិញបញ្ហាសុខភាពផ្លូវចិត្ត
មានការសង្ស័យជុំវិញបញ្ហាសុខភាពផ្លូវចិត្ត បើទោះបីជាការស៊ើបអង្កេតនៅកំពុងបន្តធ្វើឡើងនៅឡើយ។ មានការចោទសួរជុំវិញការសង្ស័យពីស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្មាន់កាំភ្លើងរូបនោះ។ របាយការណ៍របស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ប្រជាជនប្រមាណ១,៥លាននាក់នៅក្នុងប្រទេសថៃមានជំងឺបាក់ទឹកចិត្ត។
ប៉ុន្តែលោកវេជ្ជបណ្ឌិត Apichat Jariyavilas ដែលជាពេទ្យចិត្តសាស្ត្រនៅឯមន្ទីរពេទ្យ Vejthani ក្នុងទីក្រុងបាងកកបាននិយាយថា ការយល់ដឹងនិងជំនួយសុខភាពផ្លូវចិត្តបានកើនឡើងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសថៃ។
លោកវេជ្ជបណ្ឌិត Apichat Jariyavilas បានប្រាប់ VOA ថា៖ «មនុស្សយល់ដឹងកាន់តែច្រើនពីសុខភាពផ្លូវចិត្ត ហើយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលបច្ចុប្បន្ននេះ ប្រជាជនថៃប្រាប់គ្នាទៅវិញទៅមក ហើយមនុស្សជាច្រើនយល់ដឹងថា ជំងឺផ្លូវចិត្តគឺជាផ្នែកមួយនៃបញ្ហាសុខភាពដែលពួកគេអាចស្វែងរកជំនួយ។ ប្រជាជនថៃស្វែងរកជំនួយសុខភាពផ្លូវចិត្តច្រើនជាងពេលមុន»។
ការបាញ់សម្លាប់រង្គាល
ការបាញ់សម្លាប់រង្គាលកម្រកើតមានឡើងណាស់នៅក្នុងប្រទេសថៃ ប៉ុន្តែនេះជាឧបទ្ទវហេតុទីពីរហើយក្នុងរយៈពេលជិតបីឆ្នាំកន្លងមកនេះ ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់។ ក្នុងឆ្នាំ ២០២០ ទាហានថៃម្នាក់បានបាញ់សម្លាប់មនុស្ស ២៩ នាក់ និងធ្វើឲ្យមនុស្ស៥៨នាក់ទៀតរបួសនៅជំរុំយោធានិងនៅផ្សារទំនើបមួយក្នុងខេត្ត Nakhon Ratchasima មុនពេលត្រូវបានបាញ់សម្លាប់ដោយអាជ្ញាធរ។ ការបាញ់ប្រហារនាពេលនោះគឺជាការបាញ់សម្លាប់រង្គាលដ៏ប្រល័យដែលធ្វើឱ្យមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅទីក្រុងបាងកកមានប្រសាសន៍ថា ប្រទេសថៃមានបញ្ហាកាំភ្លើង ហើយចាំបាច់ត្រូវមានវិធានការក្នុងការដោះស្រាយបញ្ហានេះ។
លោកបានប្រាប់វីអូអេតាមសារអ៊ីមែលថា «នេះគឺជាសោកនាដកម្មដែលមិននឹកស្មានដល់ ដែលតម្រូវឱ្យមានវិធានការ។ អ្វីដែលច្បាស់គឺប្រទេសថៃសម្បូរកាំភ្លើងមានទាំងកាំភ្លើងចុះបញ្ជីស្របច្បាប់ និងខុសច្បាប់ ហើយនេះជាការបាញ់ប្រហារសម្លាប់រង្គាលលើកទីពីរក្នុងរយៈពេលពីរឆ្នាំ។ ដល់ពេលដែលប្រទេសថៃត្រូវភ្ញាក់ខ្លួន ហើយដឹងថា ការការពារប្រជាជនរបស់ខ្លួនមានន័យថា ប្រទេសនេះត្រូវគ្រប់គ្រងស្ថានការណ៍នេះឱ្យបាន ជាជាងចាត់ទុករឿងនេះថា ជាឧប្បត្តិហេតុមួយដែលអាចប្រងើយកន្តើយបាន»។
លោក Phil Robertson បានថ្លែងថា៖«រដ្ឋាភិបាលថៃមិនបានទទួលស្គាល់ថា ខ្លួនមានបញ្ហាដោយសារកាំភ្លើងយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងសហគមន៍ទូទាំងប្រទេសនោះទេ ប៉ុន្តែឧបទ្ទវហេតុនេះប្រហែលអាចជាការដាស់តឿនមួយថា ដែលរដ្ឋាភិបាលត្រូវបង្កើតយុទ្ធសាស្រ្តដើម្បីទប់ស្កាត់កុំឱ្យសោកនាដកម្មបែបនេះកើតមានឡើងទៀតនាពេលអនាគត»។
លោក Jon Ungphakorn អតីតសមាជិកព្រឹទ្ធសភាថៃ បានបង្ហោះនៅលើ Facebook ថា ប្រទេសថៃគួរតែមានការរឹតបន្តឹងលើការគ្រប់គ្រងកាំភ្លើងឱ្យបានតឹងរ៉ឹង ដូចជាប្រទេសជប៉ុន អង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត៕
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ និងអ្នកនាង ស្រេង លក្ខិណា