អស់រយៈពេលបួនឆ្នាំហើយចាប់តាំងពីកុមារ ២០នាក់ និងគ្រូបង្រៀនប្រាំមួយនាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅសាលាបឋមសិក្សា Sandy Hook ក្នុងក្រុង Newtown រដ្ឋ Connecticut។ អស់រយៈពេលជាងបីឆ្នាំមកនេះ ផលិតករភាពយន្តបានតាមដានសកម្មភាពនានានៅក្នុងក្រុង និងការរស់នៅរបស់ប្រជាជនក្នុងក្រុងនោះ ស្របពេលដែលផលិតករទាំងនោះព្យាយាមស្វែងយល់ និងងើបចេញពីសោកនាដកម្មបាញ់សម្លាប់រង្គាលនោះ។ លោក David Byrd នៃ VOA បានរាយការណ៍ពីភាពយន្តឯកសារថ្មីមួយ ដែលមានចំណងជើងថា «Newtown» ដែលនឹងចាក់ផ្សាយនៅតាមរោងភាពយន្តនានាទូទាំងសហរដ្ឋអាមេរិក។
ភាពយន្តឯកសារ «Newtown» ចាប់ផ្តើមសាច់រឿងជាមួយនឹងសំឡេងគួរឲ្យរន្ធត់របស់ប្រជាពលរដ្ឋដែលបានហៅទូរស័ព្ទទៅកាន់លេខសង្រ្គោះបន្ទាន់ ៩-១១ ដើម្បីរាយការណ៍ពីហេតុការណ៍បាញ់ប្រហារនៅសាលាបឋមសិក្សា Sandy Hook ក្នុងក្រុង Newtown រដ្ឋ Connecticut។
ក្រុង Newtown ដែលមានប្រជាជនប្រមាណ ២ម៉ឺន៨ពាន់នាក់ ធ្លាប់មានករណីសម្លាប់មនុស្សតែមួយករណីប៉ុណ្ណោះក្នុងរយៈពេល ១០ឆ្នាំមកនេះ មុនថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២។ នាថ្ងៃនោះ ក្រុង Newtown គឺជាកន្លែងដែលកើតមានហេតុការណ៍ឃាតកម្មដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តអាមេរិក ដោយកុមារ ២០នាក់ និងមនុស្សពេញវ័យប្រាំមួយនាក់ ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងអាយុ ២០ឆ្នាំ Adam Lanza។
ភាពយន្តឯកសារថ្មីនោះបង្ហាញពីការសម្ភាសផ្ទាល់ជាមួយនឹងសមាជិកមួយចំនួននៃគ្រួសារជនរងគ្រោះ អ្នកជិតខាង និងអ្នករួមការងារ ដើម្បីឲ្យរៀបរាប់ពីរឿងរ៉ាវដែលបានកើតឡើង។ លោក Mark Barden ជាឪពុករបស់ជនរងគ្រោះ ឈ្មោះ Daniel ដែលត្រូវបានបាញ់សម្លាប់។
លោកបាននិយាយថា៖ «ខ្ញុំនៅមានអាថ៌កំបាំងផ្សេងៗជាច្រើនអំពីរឿងកូនខ្ញុំដែលកប់លាក់ទុក។ កូនខ្ញុំចូលចិត្តពាក់មួកកីឡាបាល់ឱបពណ៌លឿង ហើយគាត់អង្គុយនៅរានខាងក្រោយពេលខ្ញុំជិះកង់ឌុបគាត់។ ខ្ញុំនៅមានមួកនោះនៅការ៉ាស់ក្នុងផ្ទះនៅឡើយ ហើយក្នុងមួកនោះនៅមានសក់ដ៏ស្រស់ស្អាត វែងឆ្មារៗ ពណ៌ទង់ដែងរបស់កូនប្រុសខ្ញុំ»។
នៅក្នុងឈុតមួយនៃភាពយន្តឯកសារនេះ អ្នកស្រី Nicole Hockey ដែលបានបាត់បង់កូនប្រុសឈ្មោះ Dylan បានបង្ហាញពីបន្ទប់កូនប្រុសអ្នកស្រី ដែលពោរពេញទៅដោយកាតសំបុត្រចូលរួមរំលែកទុក្ខ កាដូ និងរបស់របរផ្សេងៗទៀតពីអ្នកចូលរួមរំលែកទុក្ខ។
អ្នកស្រីបាននិយាយថា៖ «នេះជារបស់របរដែលទទួលបាន... ខ្ញុំមិនដឹងថា មានសំបុត្រប៉ុន្មានពាន់ទេ។ ហើយនេះជាកាដូ និងរូបថតផ្សេងៗទៀត។ ភាគច្រើននៃកាដូទាំងនោះមិនបានបើកនៅឡើយទេ ដោយសារតែខ្ញុំមិនទានអាចតាំងអារម្មណ៍បើកវាបាននៅឡើយ»។
អ្នកស្រី Kim Snyder ដែលបានដឹកនាំភាពយន្តឯកសារ Welcome to Shelbyville អំពីជនភៀសខ្លួនសូម៉ាលី ក្នុងក្រុងតូចមួយ នៅសហរដ្ឋអាមេរិក គឺជាផលិតករភាពយន្តឯកសារ Newtown។
អ្នកស្រីបាននិយាយថា៖ «យើងមានអារម្មណ៍ថា យើងមិនធ្លាប់ដែលបានទស្សនាភាពយន្តឯកសារដូចនេះទេ គឺភាពយន្តឆ្លុះបញ្ចាំងពីរឿងរ៉ាវរហូតអស់រយៈពេលបីឆ្នាំមកនេះ។ ប៉ុន្តែខ្ញុំគិតថា សម្រាប់មនុស្សជាច្រើនគ្នា ភាពយន្តឯកសារ Newtown គឺជាការរំឮកពីរឿងរ៉ាវពីអតីតកាលមួយ និងជាអ្វីដែលយើងត្រូវការដើម្បីធ្វើជាសក្ខីកម្មមួយ ក្នុងក្តីសង្ឃឹមថា អ្វីមួយអាចនឹងផ្លាស់ប្តូរ»។
អ្នកស្រី Maria Cuomo Cole គឺជាអ្នកដឹកនាំភាពយន្តឯកសារ Newtown។ អ្នកស្រីនិយាយថា ផលិតករភាពយន្តចង់ឲ្យមានការភ្ជាប់អារម្មណ៍ជាមួយនឹងការឈឺចាប់ដែលសមាជិកសហគមន៍ក្នុងក្រុងបានជួបប្រទះ ហើយអ្នកស្រីក៏ចង់សង្កត់ធ្ងន់ទៅលើភាពក្លាហាន និងការទ្រាំទ្រ ដោយក្រុង Newtown ទាំងមូលផងដែរ។
អ្នកស្រីបាននិយាយថា៖ «អ្នកស្រី Kim និងរូបខ្ញុំ មានអារម្មណ៍ថា វាជាការសំខាន់ណាស់ ដែលយើងត្រូវមានការតភ្ជាប់អារម្មណ៍ឲ្យបានខ្លាំងតាមតែអាចធ្វើទៅបាននៅក្នុងការរៀបរាប់ពីរឿងរ៉ាវដ៏សំខាន់មួយនេះ។ នេះជា រឿងរ៉ាវមួយ ដែលយើងមិនអាចបំភ្លេចបាននៅអាមេរិក។ វាជារឿងរ៉ាវដ៏លំបាក។ ប៉ុន្តែវាក៏ជាផ្នែកមួយនៃជីវិតរបស់យើង ហើយសង្ឃឹមថា យើងអាចទទួលបានមេរៀនពីវា ក៏ដូចជា នាំឲ្យមានផ្លាស់ប្តូរដើម្បីរក្សាសុវត្ថិភាពនៅក្នុងសហគមន៍»។
នេះជាសម្តីរបស់លោក Barden នៅអំឡុងការប្រកួតកីឡាក្នុងភក់ Daniel Barden Mudfest ៖
លោក Barden ៖ «តើអ្នកសន្យាថា នឹងរស់នៅក្នុងជីវិតរបស់អ្នកឲ្យបានពេញលេញឬទេ?»
ហ្វូងមនុស្ស៖ «សន្យា!»
លោក Barden ៖ «តើអ្នកសន្យាថា នឹងស្រឡាញ់ និងនាំភាពកក់កក្តៅដល់គ្រួសារ និងមិត្តភក្តិរបស់អ្នកដែរឬទេ?»
ហ្វូងមនុស្ស៖ «សន្យា!»
ភាពយន្តឯកសារ Newtown បាននាំឲ្យមានក្តីសង្ឃឹមឡើងវិញ នៅពេលដែលភាពយន្តនេះបានបង្ហាញពីសមាជិកសហគមន៍ចូលរួមនៅក្នុងការប្រកួតកីឡាក្នុងភក់ Daniel Barden Mudfest ដែលជាការប្រកួតមួយដើម្បីរៃអង្គាសប្រាក់ទៅដល់កម្មវិធីសប្បុរសធម៌មួយចំនួន។ អ្នកស្រី Nicole Hockley ក៏អាចចូលទៅក្នុងបន្ទប់កូនរបស់គាត់ដែលមានកាដូចូលរួមរំលែកទុក ហើយបើកកាដូនោះមួយចំនួន។
បញ្ហាគ្រប់គ្រងអាវុធត្រូវបានយកមកជជែកដេញដោលយ៉ាងសស្រាក់សស្រាំនៅក្នុងការយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីនាឆ្នាំនេះ។ អ្នកស្រី Maria Cuomo បាននិយាយថា ក្តីសង្ឃឹមរបស់អ្នកស្រីគឺ ការដែលភាពយន្តឯកសារ Newtown អាចទាក់ទាញអារម្មណ៍មនុស្សម្នាដែលមានទិន្នាការទាំងសងខាងនៃបញ្ហានេះ ហើយនឹងនាំឲ្យមានការផ្លាស់ប្តូរ។
ការផ្លាស់ប្តូរនោះនៅមិនទាន់កើតមាននៅឡើយទេ។ នាឆ្នាំនេះ ការបាញ់សម្លាប់រង្គាលដ៏ប្រល័យជាងគេបំផុតបានកើតឡើងនៅក្រុង Orlando ដោយមនុស្ស ៤៩នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងក្លឹបរាត្រីមួយ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា