នៅក្នុងរបាយការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ អង្គការ Small Arms Survey ដែលមានមូលដ្ឋាននៅទីក្រុង ហ្សឺណែវ បាននិយាយថា ពលរដ្ឋអាមេរិកាំងមានកាំភ្លើង៣៩៣លានដើម ច្រើនជាងប្រទេស២៥ទៀតបូកបញ្ចូលគ្នា នៅក្នុងការវាស់ស្ទង់មតិនោះ។ របាយការណ៍នោះបានប្រើប្រាស់ទិន្នន័យដែលប្រមូលបានកាលពីទសវត្សរ៍មុន។
ប្រទេសឥណ្ឌានិងចិនដែលមានប្រជាជនប្រមាណ១៣០០លាននាក់រៀងៗខ្លួន មានជនស៊ីវិលកាន់កាំភ្លើង៧១លានដើមនៅឥណ្ឌា និង៤៩,៧លានដើមនៅចិន។
ការសិក្សារបស់លោក Aaron Karp ដែលត្រូវបានដាក់បង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមួយបាននិយាយថា «ពលរដ្ឋអាមេរិកាំងធម្មតាទិញកាំភ្លើងថ្មីនិងនាំចូលប្រមាណ១៤លានដើមជារៀងរាល់ឆ្នាំ»។
លោកនិយាយថា ទីផ្សារកាំភ្លើងរបស់អាមេរិកមិនមែនត្រឹមតែធំនោះទេ គឺថែមទាំងប្លែកពីគេទៀតផង។
លោកបានថ្លែងថា «វាជារឿងមួយចម្លែកណាស់ដែលមនុស្សធម្មតាអាចទិញអាវុធដ៏មានអានុភាព ដែលគេមិនអាចរកទិញបាននៅក្នុងប្រទេសដទៃទៀត ឧទាហរណ៍ដូចជាកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិជាដើម»។
ការគ្រប់គ្រងអាវុធគឺជាប្រធានបទដ៏ក្តៅមួយនៅសហរដ្ឋអាមេរិក បន្ទាប់ពីមានសន្ទុះដ៏ខ្លាំងនៃការបាញ់ប្រហារនៅតាមសាលារៀននិងនៅតាមទីសាធារណៈ។ លោកKarp ថ្លែងថា ព្រឹត្តិការណ៍ទាំងនេះគឺជាលទ្ធផលនៃការកើនឡើងនៃការទិញអាវុធរបស់ពលរដ្ឋ។
«ការទិញអាវុធដ៏គំហុក ដែលកើតឡើងក្រោយពីការសម្លាប់រង្គាល គឺជារឿងដ៏សំខាន់មួយ។ ដូច្នេះអ្នកទំនងជាឃើញសន្ទុះដ៏ខ្លាំងនៃការទិញអាវុធពីសំណាក់សាធារណជន បន្ទាប់ពីករណីបាញ់ប្រហារនៅ Sandy Hook និងការបាញ់ប្រហារនៅទីក្រុង Las Vegas »។
ការបាញ់ប្រហារមួយនៅទិវានៃសេចក្តីស្រឡាញ់ក្នុងឆ្នាំនេះនៅឯ វិទ្យាល័យ Marjory Stoneman Douglasក្នុងទីក្រុង Parklandនៃរដ្ឋ Florida ដែលបានសម្លាប់មនុស្ស១៧នាក់ បានជំរុញឲ្យមានចលនាថ្មីមួយទៀតរបស់អ្នកតស៊ូមតិឲ្យមានការគ្រប់គ្រងការប្រើប្រាស់កាំភ្លើង។ មានការពិភាក្សាយ៉ាងស៊ីជម្រៅអំពីការបញ្ចប់ការរីករាលដាលនៃការបាញ់ប្រហារទ្រង់ទ្រាយធំដែលដឹកនាំដោយសិស្សដែលនៅរស់រានមានជីវិតពីការបាញ់ប្រហារនៅឯវិទ្យាល័យ Marjory Stoneman Douglas។
រដ្ឋបាលរបស់លោក ត្រាំ បានឲ្យដឹងថា ខ្លួននឹងធ្វើឲ្យសុវត្ថិភាពនៅតាមសាលារៀនប្រសើរឡើង ប៉ុន្តែមិនទាន់មានការស្នើឲ្យចេញច្បាប់គ្រប់គ្រងកាំភ្លើងថ្នាក់ជាតិថ្មីនៅឡើយទេ៕
ប្រែសម្រួលដោយ យូ សុធារី