ប្រទេសក្រិកបានឆ្លងផុតថ្ងៃកំណត់ចុងក្រោយបង្អស់កាលពីថ្ងៃច័ន្ទដើម្បីប្រគល់សំណើកែទម្រង់សេដ្ឋកិច្ចដល់ពួកម្ចាស់ឥណទានអឺរ៉ុបរបស់ខ្លួន ក៏ប៉ុន្តែបាននិយាយថា ខ្លួននឹងបញ្ចប់សេចក្តីស្នើទាំងនេះនៅព្រឹកថ្ងៃអង្គារនេះដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយសម្រាប់ពន្យាពេលកម្មវិធីជួយសង្គ្រោះសេដ្ឋកិច្ចដល់រដ្ឋាភិបាលក្រុងអាតែន (Athens) ចំនួនបួនខែ។
ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុប១៩នាក់ក្នុងប្លុកនៃប្រទេសប្រើប្រាស់ប្រាក់អឺរ៉ូគ្រោងនឹងពិចារណាផែនការរបស់ប្រទេសក្រិកនៅថ្ងៃអង្គារនេះ។
សំណើទាំងនេះមានគោលដៅជួយស្តារសេដ្ឋកិច្ចនៃប្រទេសក្រិកដែលមានវិបត្តិនិងកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលជាថ្នូរនឹងការឲ្យខ្ចីប្រាក់ជាថ្មីជាង២៧០ពាន់លានដុល្លារដែលនឹងផុតកំណត់ក្នុងសប្តាហ៍នេះ។
ប្រទេសក្រិកមានសំទ្បេងខ្លះក្នុងការធ្វើកំណែទម្រង់ដែលខ្លួនចង់ធ្វើដើម្បីរក្សាទុកកម្មវិធីជួយសង្គ្រោះខាងហិរញ្ញវត្ថុ ក៏ប៉ុន្តែល័ក្ខខ័ណ្ឌត្រូវតែទទួលការយល់ព្រមពីពួកម្ចាស់បំណុលអឺរ៉ុប ធនាគារកណ្តាលអឺរ៉ុប និងអង្គការមូលនិធិរូបិយវត្ថុអន្តជាតិ៕