ដោយមានអត្រាអត់ការងារធ្វើនៅសហរដ្ឋអាមេរិកស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងឆ្នាំនេះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា កំពុងអំពាវនាវដល់ក្រុមអ្នកតាក់តែងច្បាប់ឲ្យអនុម័តសំណើមួយចំនួនរបស់រដ្ឋបាលលោក ដើម្បីធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើង។ ក្រុមប្រឆាំងនៃគណបក្សសាធារណរដ្ឋ កំពុងស្តីបន្ទោសគោលនយោបាយរបស់លោកប្រធានាធិបតី ចំពោះបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស។ សូម្បីតែក្រុមមន្ត្រីនៅសេតវិមានក៏ចាត់ទុកតួលេខការងារនៅថ្ងៃសុក្រមុនថា «ធ្វើឲ្យមានការខកចិត្ត»ដែរ។
ក្រសួងការងាររបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា មានតែការងារចំនួន១ម៉ឺន៨ពាន់ប៉ុណ្ណោះ ត្រូវបានបន្ថែមទៅលើសេដ្ឋកិច្ចរបស់ប្រទេសនៅខែមិថុនា ដែលជាកំណើនដ៏តិចបំផុតក្នុងរយៈពេល៩ខែ។ ប្រការនោះបានជំរុញឲ្យអត្រាអត់ការងារធ្វើកើនឡើងទៅដល់៩.២ភាគរយ កាលពីខែមុន គឺស្មើនិងមួយភាគដប់ក្នុងមួយភាគរយ។
លោកប្រធានាធិបតី អូបាម៉ា បានទទួលស្គាល់នៅថ្ងៃសុក្រនេះថា សេដ្ឋកិច្ចមិនបានបង្កើតការងារគ្រប់គ្រាន់ល្មមទេ។
«របាយការណ៍ការងារថ្ងៃនេះបញ្ជាក់អំពីអ្វីដែលពលរដ្ឋអាមេរិកបានដឹងរួចហើយ គឺថាយើងនៅមានផ្លូវដ៏វែងឆ្ងាយទៀតដែលត្រូវទៅ ហើយមានការងារច្រើនទៀតដែលត្រូវធ្វើ ដើម្បីផ្តល់ដល់ប្រជាពលរដ្ឋនូវសន្តិសុខនិងឳកាសល្អដែលពួកគេសាកសមនឹងទទួលបាន»។
លោកប្រធានាធិបតីបានថ្លែងថា មានការងារផ្នែកឯកជនជាងពីរលាន ត្រូវបានបូកបញ្ចូលក្នុងរយៈពេល១៦ខែ។ ប៉ុន្តែលោកបានថ្លែងថា ដោយសារមានការងារជាង៨លានត្រូវបាត់បង់ក្នុងពេលមានវិបត្តិ សេដ្ឋកិច្ចនេះនៅតែគម្លាតយ៉ាងធំធេងមួយដែលត្រូវបំពេញ។
នៅឯសួនផ្កាកូលាបរបស់សេតវិមាន លោក អូបាម៉ា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កត្តាជាច្រើនកំពុងធ្វើឲ្យយឺតយ៉ាវដល់ការងើបឡើងនៃសេដ្ឋកិច្ច ដោយរាប់បញ្ចូលទាំងតម្លៃប្រេងសាំងខ្ពស់ វិបត្តិបំណុលនៅប្រទេសក្រិច (Greece) និងរលកយក្សស៊ូណាមីនិងការរញ្ជួយដីនៅប្រទេសជប៉ុន។
លោកអូបាម៉ាបានថ្លែងថា របាយការណ៍ចំនួនមនុស្សអត់ការងារធ្វើ បានបន្ថែមភាពបន្ទាន់សាជាថ្មីដល់កិច្ចពិភាក្សារបស់លោកជាមួយមេដឹកនាំរដ្ឋសភាស្តីពីការកាត់បន្ថយឳនភាពរបស់រដ្ឋាភិបាល និងតម្លើងចំនួនកំណត់នៃការខ្ចីប្រាក់ស្របច្បាប់របស់រដ្ឋាភិបាល។
លោកប្រធានាធិបតីមានប្រសាសន៍ថា ភាពមិនប្រាកដប្រជាដែលកំពុងមានជាបន្ត ស្តីពីការកំណត់ចំនួនប្រាក់បំណុល គឺជាកត្តាមួយដែលរារាំងពាណិជ្ជកម្មមិនឲ្យជួលមនុស្សធ្វើការ។ លោកបានឲ្យដឹងថា កិច្ចព្រមព្រៀងមួយត្រូវតែសម្រេចឲ្យបាននាពេលឆាប់ៗនេះ។
«ពលរដ្ឋអាមេរិកាំងបានបញ្ជូនយើងមកទីនេះដើម្បីធ្វើកិច្ចការឲ្យបានត្រឹមត្រូវ គឺមិនមែនដើម្បីគណបក្សណាមួយទេប៉ុន្តែដើម្បីប្រទេសទាំងមូល។ ដូច្នេះយើងនឹងធ្វើសហការគ្នាដើម្បីបំពេញកិច្ចការដ៏ត្រឹមត្រូវ ជំនួសពួកគេ។ នោះគឺជាកម្រិតដ៏តិចបំផុតដែលពួកគេគួរតែសង្ឃឹមមកលើពួកយើង មិនជាកម្រិតខ្ពស់បំផុតដែលពួកគេគួរតែសង្ឃឹមមកលើពួកយើងនោះទេ»។
រដ្ឋាភិបាលសហរដ្ឋអាមេរិក មានពេលរហូតទៅដល់ថ្ងៃទី២ ខែសីហា ដើម្បីតម្លើងកម្រិតប្រាក់បំណុលពីចំនួន១៤.៣លានលានដុល្លារនាពេលបច្ចុប្បន្ន។
រដ្ឋបាលលោកអូបាម៉ាកំពុងស្នើឲ្យកាត់បន្ថយទឹកប្រាក់ជិត៤លានលានដុល្លារពីឳនភាព តាមរយៈការកាត់បន្ថយការប្រាក់ចំណាយ បង្កើនប្រាក់ចំណូល និងបញ្ចប់ការមិនយកពន្ធមួយចំនួន។
ក្រុមប្រឆាំងនៃគណបក្សសាធារណរដ្ឋ ចង់ឲ្យកាត់បន្ថយឳនភាពតាមរយៈការកាត់ប្រាក់ចំណាយ ប៉ុន្តែលោក ចន បូណឺ (John Boehner) ប្រធានសភាតំណាងរាស្រ្ត ថ្លែងថា ពួកគេនឹងមិនគាំទ្រឲ្យតម្លើងការយកពន្ធទេ។
«អ្នកបានឮខ្ញុំនិយាយពីមុនមកហើយ ថាការតម្លើងកម្រិតប្រាក់បំណុលដែលនឹងដំឡើងប្រាក់ពន្ធ ឬខកខានមិនបានកាត់បន្ថយប្រាក់ចំណាយឲ្យបានច្រើន នឹងមិនអាចឆ្លងកាត់រដ្ឋសភាបានទេ»។
សមាជិកកំពូលៗនៃបក្សសាធារណរដ្ឋ រិះគន់យ៉ាងខ្លាំងក្លាទៅលើដំណោះស្រាយសេដ្ឋកិច្ចរបស់រដ្ឋបាលលោក អូបាម៉ា។ ពួកគេបានចាត់ទុកតួលេខអត់ការងារធ្វើក្នុងខែមិថុនា ថា«មិនអាចទទួលយកបានទាល់តែសោះ» ហើយបន្ទោសថា ការចំណាយដ៏ច្រើនហួសហេតុរបស់រដ្ឋាភិបាលជាកត្តាដែលបណ្តាលមិនឲ្យមានការងារថ្មីៗ។
លោក ធីម ផូលេនធី (Tim Pawlenty) អតីតអភិបាលរដ្ឋ មីណេសូតា (Minnesota) ជាបេក្ខជនតំណែងប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ បាននិយាយថា លោក អូបាម៉ា «គ្មានចម្លើយទៀតទេ និងអស់ពេលវេលាហើយ»៕
ប្រែសម្រួលដោយ លី សុខឃាង