ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​Tsipras​​ចូល​កាន់​តំណែងនៅ​ក្រិក​ប៉ុន្តែ​​​អឺរ៉ុបប្រឆាំង​ការ​កែប្រែ​វិធានការ​រឹត​ត្បិតការ​ចំណាយ


មេដឹកនាំ​និយម​ឆ្វេង​នៃ​គណបក្ស​ Syriza​ លោក​ Alexis Tsipras ​លើដៃ​ស្វាគមន៍​ក្នុង​ពេល​ចាក​ចេញ​ពីទីបញ្ចាការ​បក្ស​ ក្រោយ​ពេល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ទី​ក្រុង​អាតែន​ កាល​ពី​ថ្ងៃ​ទី២៥​ ខែ​មករា​ ឆ្នាំ២០១៥។
មេដឹកនាំ​និយម​ឆ្វេង​នៃ​គណបក្ស​ Syriza​ លោក​ Alexis Tsipras ​លើដៃ​ស្វាគមន៍​ក្នុង​ពេល​ចាក​ចេញ​ពីទីបញ្ចាការ​បក្ស​ ក្រោយ​ពេល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ទី​ក្រុង​អាតែន​ កាល​ពី​ថ្ងៃ​ទី២៥​ ខែ​មករា​ ឆ្នាំ២០១៥។

លោក​ Alexis Tsipras អ្នក​និយមនយោបាយ​ខាង​ឆ្វេង​បាន​ស្បថ​សច្ចា​ប្រណិធានចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រិក​ ក៏​ប៉ុន្តែ​ពួក​មេដឹក​នាំ​អឺរ៉ុប​បាន​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​លោក​ឲ្យ​កាត់​បន្ថយបំណុល​របស់​ប្រទេស​លោក​និង​ធ្វើការ​ចរចា​ជាថ្មី​អំពី​វិធានការ​រឹត​ត្បិត​ចំណាយ​ដែលពួក​គេ​បាន​ដាក់​កំហិត​លើ​រដ្ឋាភិបាល​ក្រុង​អាតែន (Athens)។​

លោក​ Tsipras​ អាយុ​៤០​ឆ្នាំ​និង​គណបក្ស​ Syriza​ របស់​លោក​បាន​ឈ្នះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពីថ្ងៃ​អាទិត្យ​ដោយ​បាន​សន្យា​ថា​នឹង​បញ្ចប់​ការ​ត្រួត​ត្រា​លើ​ចំណាយ​ត្បិតត្បៀត​ដែល​បាន​នាំ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ច្រើន​លើ​ប្រាក់​សោធន​និវត្តន៍​និង​ប្រាក់​បៀវត្សរ៍ ការ​យក​ពន្ធដារ​ច្រើន​ជាងមុន​និង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​គ្មាន​ការងារ​ធ្វើ​ច្រើន​ជាង​មុន​ផងដែរ។ ​លោក ​Tsipras ជា​នាយក​រដ្ឋមន្ត្រី​មាន​វ័យ​ក្មេង​ជាង​គេនៃ​ប្រទេស​ក្រិក​ក្នុង​រយៈពេល​១៥០ឆ្នាំ។​

លោក ​Tsipras ​បាន​អំពាវ​នាវ​ឲ្យ​តម្រឹម​ប្រាក់​បំណុល​ក្រិក​និង​ធ្វើ​ឲ្យ​មាន​ទ្បើងវិញនូវ​ការ​កាត់​បន្ថយ​ជា​ច្រើន​ដែល​ពួក​ម្ចាស់​បំណុល​បាន​ទាម​ទារ​ឲ្យ​មាន​ជា​ថ្នូរនឹង​ការ​ឲ្យ​ខ្ចី​ប្រាក់។ ក៏​ប៉ុន្តែ ប្រទេសនិង​អង្គការ​អន្តរជាតិ​ផ្នែក​ឲ្យ​ខ្ចី​ប្រាក់​ដែល​បាន​ជួយ​ប្រទេស​ក្រិក​ខាង​ហិរញ្ញវត្ថុ​នូវ​ជំនួយ​សង្គ្រោះ​ហិរញ្ញវត្ថុ​ជិត​៣០០​ពាន់លាន​ដុល្លារ​មិន​បាន​បង្ហាញ​បំណង​ក្នុង​ការ​យល់​ព្រម​តាម​ការ​អំពាវនាវ​របស់​លោក​នោះ​ទេ។

លោក​ Jeroen Dijsselbloem​ រដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុ​នៃ​ប្រទេស​ហុល្លង់​បាន​និយាយ​ថាពួក​មេដឹក​នាំ​ហិរញ្ញវត្ថុ​នៃ​តំបន់​ប្រើប្រាស់​ប្រាក់អឺរ៉ូ​ប្រុង​ប្រៀប​ធ្វើការ​ជាមួយ​ប្រទេស​ក្រិក​ហើយ។ ​ក៏​ប៉ុន្តែ​ លោក​បាន​និយាយ​ដែរ​ថា ការ​បន្ត​សមាជិកភាព​តទៅ​ទៀត​របស់​ប្រទេស​ក្រិក​នៅ​ក្នុងប្លុក​ដែល​មាន​ប្រទេស​១៩​ប្រើប្រាស់​ប្រាក់អឺរ៉ូ គឺអាស្រ័យ​ទៅ​លើ​ការ​ដែល​រដ្ឋាភិបាល​ក្រុង​អាតែន​ នៅ​តែ​បន្ត​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​សុំ​ជំនួយ​សង្គ្រោះ​ខាង​ហិរញ្ញវត្ថុ​របស់​ផង​ខ្លួន​ ហើយ​ថា​ គ្មាន​ការគាំទ្រ​ដល់​ការ​លុប​ចោល​បំណុល​នៃ​ប្រទេស​ក្រិកទេ៕

XS
SM
MD
LG