សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឲ្យចាប់ខ្លួនលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ចំពោះការអំពាវនាវរបស់លោកឲ្យប្រជាពលរដ្ឋមិនគោរពតាមវិធានការរដ្ឋាភិបាលក្នុងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅរបស់ខេត្តកណ្តាល ដែលមានរយៈពេលពីរសប្តាហ៍មកហើយគិតត្រឹមថ្ងៃពុធនេះ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនលោកសម រង្ស៊ី ត្រូវបានប្រកាសឲ្យដឹងជាសាធារណៈភ្លាមៗ ក្រោយមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌មួយរូបបានប្រាប់អ្នកកាសែតក្នុងសន្និសីទព័ត៌មានមួយថា តុលាការកំពុងចាត់ការបណ្តឹងមួយប្រឆាំងលោក សម រង្ស៊ី ពីបទរារាំងដល់ការអនុវត្តវិធានការរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។
ក្នុងសន្និសីទព័ត៌មានស្តីពីវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៅទីស្តីការក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃពុធនេះលោក គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថាមានមនុស្សនៅក្រៅប្រទេសដែលលោកសំដៅលើលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង បានអំពាវនាវឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះខណៈរដ្ឋាភិបាលបានបន្តការរាំងខ្ទប់រាជធានីភ្នំពេញរហូតដល់ថ្ងៃទី៥ ខែឧសភា។
លោកមានប្រសាសន៍ថា៖ «ថ្មីៗនេះឧក្រិដ្ឋជនឧទ្ទាមនៅក្រៅប្រទេស ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រឆាំងជាមួយនឹងវិធានការនានារបស់រាជរដ្ឋាភិបាល របស់អាជ្ញាធរមានសមត្ថកិច្ចដែលបានដាក់ចេញនាពេលកន្លងមកនេះ ញុះញង់ឲ្យបងប្អូនចេញពីផ្ទះ ញុះញង់ឲ្យបងប្អូនប្រឆាំងរាល់វិធានការទាំងអស់។ ដូច្នេះហើយ ទង្វើនេះគឺជាទង្វើដែលប្រឆាំងជាមួយច្បាប់កម្ពុជា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់វិធានការដែលធ្វើការចោទប្រកាន់ ឧក្រិដ្ឋជនសម រង្ស៊ី នេះ កាលពីម្សិលមិញ ក្នុងបទរារាំងវិធានការរដ្ឋបាល និងញុះញង់ បង្កឲ្យមានអសន្តិសុខក្នុងសង្គម»។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ ស្នើឲ្យសាធារណជនកុំជ្រួលច្របល់ជឿតាមការញុះញង់លោក សម រង្ស៊ី ហើយបន្តចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ដោយគោរពនូវវិធានការដែលបានចេញកន្លងមក។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ មិនឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកវីអូអេដែលផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម។
នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនចុះថ្ងៃទី២៦ ខែមេសា លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថាលោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ចំនួនពីរបទល្មើស គឺរារាំងដល់ការអនុវត្តវិធានការបង្ការជំងឺកូវីដ១៩ តាមមាត្រា១១នៃច្បាប់ស្តីពីជំងឺកូវីដ១៩ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តទៅក្នុងឆ្នាំ២០២១។
ដីកាបញ្ជាក់ថា៖ «បញ្ជាដល់កម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់និងនាំខ្លួនឈ្មោះខាងលើមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់»។
មាត្រា១១នៃច្បាប់ស្តីពីកូវីដដែលចែងថាអំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ។
បើតាមការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិជាអ្នកដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោក សម រង្ស៊ី ចំពោះការបង្ហោះវីដេអូតាមហ្វេសប៊ុក ដោយបានចោទថាញុះញង់ឲ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹងវិធានការបិទខ្ទប់របស់រដ្ឋាភិបាល។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានទេនៅថ្ងៃពុធនេះ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ធ្វើឡើងបន្ទាប់ពីអតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសតាមប្រព័ន្ធសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរិ៍ ស្នើឲ្យអាជ្ញាធរបើករាជធានីភ្នំពេញ និងក្រុងតាខ្មៅឡើងវិញក្រោយការបិទខ្ទប់ជិតពីរសប្តាហ៍មកនោះ។
មេដឹកនាំបក្សប្រឆាំងដែលរួតរឹតដោយពាក្យបណ្តឹងនៅតុលាការ និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាង២០ឆ្នាំ បានរិះគន់វិធានការបិទខ្ទប់របស់រដ្ឋាភិបាលលោក ហ៊ុន សែន ថាជាការផ្តាច់ដង្ហើមសេដ្ឋកិច្ចនិងបង្អត់ ស្បៀងពលរដ្ឋដែលត្រូវឲ្យនៅតែក្នុងផ្ទះ។ លោកអធិប្បាយថាបើរដ្ឋអំណាចលោក ហ៊ុន សែន មិនព្រមបើកភូមិសាស្ត្រទាំងពីរនេះឡើងវិញទេ ប្រជាពលរដ្ឋគួរចេញពីផ្ទះទៅរកទទួលទានដូចធម្មតា ដើម្បីទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។
«បួន ដប់ថ្ងៃទៀត បើអត់បន្ធូរបន្ថយទេ ចេញទៅ ចេញក្រៅផ្ទះហ្មង ធ្វើសកម្មភាពធម្មតាទៅ ទៅរកទទួលទានធម្មតាទៅ ដើម្បីរស់។ បើយើងនៅក្នុងផ្ទះស្លាប់ដដែល កុំនៅ ចេញទៅ ចេញទាំងអស់គ្នាទៅ»។
ក៏ប៉ុន្តែលោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជាប្រាប់វីអូអេនៅថ្ងៃពុធនេះថាសម្តីអំពាវនាវរបស់មេបក្សប្រឆាំងរូបនេះ មិនមានសម្ពាធលើប្រជាពលរដ្ឋឲ្យធ្វើតាមទេ គ្រាលោកមិនស្ថិតក្នុងប្រទេស ហើយប្រជាពលរដ្ឋកំពុងស្ថិតក្នុងស្ថានភាពបិទខ្ទប់ និងមិនមានសេចក្តីក្លាហានក្រោកតវ៉ាប្រឆាំងអាជ្ញាធរនោះដែរ។
«ប៉ុន្តែបើសិនបើការបិទខ្ទប់នោះ ពុំមានយន្តការជួយសម្រាល ឬក៏ដោះបន្ទុកប្រជាពលរដ្ឋទេ ការទាមទាររបស់លោក សម រង្ស៊ី អាចមានឥទ្ធិពលទៅលើប្រជាពលរដ្ឋដែរ»។
ក្នុងសន្និសីទព័ត៌មាននៅក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃពុធដដែលនេះ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាបានថ្លែងការពារវិធានការបិទខ្ទប់របស់រដ្ឋាភិបាល ដែលបានជួយបន្ថយល្បឿននៃការចម្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរបស់ខេត្តកណ្តាលពីរសប្តាហ៍មកនេះ។
ពួកគេនិយាយថាការបិទខ្ទប់កន្លងមកនេះ បានបើកឲ្យរដ្ឋាភិបាលមានលទ្ធភាពកំណត់តំបន់មានឆ្លងជំងឺនេះបីសំខាន់ៗ គឺតំបន់ក្រហម សំដៅដល់ទីដែលមានកម្រិតឆ្លងធ្ងន់ធ្ងរ តំបន់លឿងទុំ សំដៅដល់ទីដែលមានកម្រិតឆ្លងមធ្យម និងតំបន់លឿង សំដៅដល់ទីដែលមានកម្រិតឆ្លងស្រាល។ ក្រុមមន្ត្រីបន្ថែមថាប្រសិនបើស្ថានភាពឆ្លងមិនថមថយក្នុងពេលមួយសប្តាហ៍ទៀតទេ វិធានការបិទខ្ទប់នឹងអាចមានបន្តទៀត៕