លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានបញ្ជាឲ្យពេទ្យទាហានរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋនៅភ្នំពេញ ក្នុង«តំបន់ក្រហម» ដែលរងគ្រោះការឆ្លងរាលដាលធ្ងន់ជាងគេ។
ក្នុងសារសំឡេងមួយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធនេះ លោក ហ៊ុន សែន បានឲ្យដឹងថា នៅថ្ងៃនេះ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនចំនួន៤០ម៉ឺនដូសទៀត នឹងត្រូវបញ្ជូនមកដល់កម្ពុជា។
លោកបញ្ជាឲ្យចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុង«តំបន់ក្រហម»ដោយប្រើប្រាស់ពេទ្យទាហាន។ លោកបន្ថែមថា ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ នឹងទទួលបានវ៉ាក់សាំងទាំងអស់គ្នា ឲ្យតែមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយស្ម័គ្រចិត្តទទួលយកវ៉ាក់សាំង។
លោក ហ៊ុន សែន ថ្លែងថា៖ «ពេលទទួលវ៉ាក់សាំង កុំខ្វល់ថា ប្រជាជនមកពីទីណាអីទីណា ឲ្យតែមកយល់ព្រមចាក់ គឺចាក់ឲ្យតែម្តង ហើយចេញកាតឲ្យគាត់ ព្រោះនៅតែប្រជាជនយើងដដែល»។
លោក ហ៊ុន សែន បន្តថា រដ្ឋាភិបាលមានគម្រោងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងខេត្តកណ្តាល ដែលសរុបប្រជាជនទាំងអស់ប្រមាណ៣លាននាក់ ដែលត្រូវការវ៉ាក់សាំង៦លានដូស ដោយសារមនុស្សម្នាក់ត្រូវចាក់ពីរដូស។
បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីថ្ងៃអង្គារ «តំបន់ក្រហម»មាននៅក្នុងខណ្ឌចំនួន៥ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ មានខណ្ឌទួលគោក ដែលមានសង្កាត់បឹងសាឡាង ក្នុងភូមិ១៤ ភូមិ១៦ និងភូមិ១៧ ខណ្ឌដង្កោ ដែលមានសង្កាត់ព្រៃស ក្នុងភូមិប្រការ សង្កាត់ដង្កោ ក្នុងភូមិម័ល ភូមិថ្មី និងភូមិសំបូរ។ ចំណែកខណ្ឌមានជ័យ មានសង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ សង្កាត់ស្ទឹងមានជ័យ៣ និងសង្កាត់បឹងទំពន់ទី១។ ខណ្ឌឬស្សីកែវ មានសង្កាត់ទួលសង្កែទី១ និងខណ្ឌពោធិ៍សែនជ័យ មានសង្កាត់ចោមចៅទី១។
បើប្រៀបធៀបទៅនឹងប្រទេសដែលជាសមាជិកអាស៊ាន លើកលែងតែប្រទេសសិង្ហបុរី កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋរបស់ខ្លួនច្រើនជាងប្រទេសផ្សេង ដែលរហូតមកដល់ពេលនេះ បានប្រមាណ១លាន៣សែននាក់ ទាំងអ្នកចាក់លើកទីមួយនិងលើកទីពីរបញ្ចូលគ្នា។ ចំនួននេះស្មើប្រមាណ៨%នៃប្រជាជនកម្ពុជាសរុបជាង១៦លាននាក់។ រដ្ឋាភិបាលកម្ពុជាបានប្រកាសថាគោលដៅនៃការចាក់វ៉ាក់សាំងដល់ប្រជាជន គឺមានជាង១០លាននាក់។ នេះបើតាមការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងមក។
វ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់ភាគច្រើន គឺវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលផលិតដោយរដ្ឋចិននិងស៊ីណូវ៉ាក់ (Sinovac) ដែលផលិតដោយក្រុមហ៊ុននៅប្រទេសចិន។ វ៉ាក់សាំងទាំងនោះ កម្ពុជាទទួលបានជំនួយឥតសំណងពីរដ្ឋាភិបាលចិន និងទិញពីក្រុមហ៊ុនចិន ដោយមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីរដ្ឋាភិបាលចិន ដែលជា«មិត្តដែកថែប»របស់កម្ពុជា។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យមានការបែងចែកវ៉ាក់សាំងដោយសមធម៌ និងកុំយកវ៉ាក់សាំងជាឧបករណ៍នយោបាយ។
លោក ឯម សុវណ្ណារ៉ា អ្នកអត្ថាធិប្បាយនយោបាយនៅកម្ពុជា មានប្រសាសន៍ថាពីដំបូងឡើយ ប្រជាពលរដ្ឋកម្ពុជាមានភាពស្ទាក់ស្ទើរលើប្រសិទ្ធភាពវ៉ាក់សាំងរបស់ប្រទេសចិន ដោយសារមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ប៉ុន្តែក្រោយមកដោយសារមានការឆ្លងទ្រង់ទ្រាយធំក្នុងព្រឹត្តិការណ៍២០កុម្ភៈ ចរន្តនៃការចាក់វ៉ាក់សាំងបានកើនឡើងខ្លាំង។
លោកមានប្រសាសន៍ថា៖ «ក៏ប៉ុន្តែអ្នកទៅច្រើនគ្នាហ្នឹង វាអត់មានលទ្ធភាពទទួលបានគ្រប់គ្នាទៀត វាជាឧបសគ្គមួយដែរ ហើយអាហ្នឹងវាជាចរន្តពលរដ្ឋមួយដែលគេបារម្ភអំពីហានិភ័យដែលកើតឡើងពាក់ព័ន្ធនឹងសុខភាពផ្ទាល់ខ្លួន»។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃពុធនេះ ស្តីពីការបន្តបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថាក្រុមការងាររបស់រដ្ឋបាលភ្នំពេញបានយកសំណាករបស់អ្នកពាក់ព័ន្ធនៅទីតាំងតំបន់ក្រហម ដែលក្នុងនោះជាធម្មតាមានសំណាកចន្លោះពី៥ពាន់ទៅ៦ពាន់នាក់ក្នុងមួយថ្ងៃ។ លោកបន្ថែមថារាជធានីភ្នំពេញកំពុងស្ថិតក្នុង«ស្ថានភាពគ្រោះថ្នាក់ខ្លាំង» ប៉ុន្តែ«មិនមែនបាត់ម្ចាស់ការទេ»។
លោកមានប្រសាសន៍ថា៖ «ហើយយើងកំណត់នូវគោលដៅសំខាន់ៗដែលយើងត្រូវយកសំណាកជាពិសេសតំបន់ក្រហម។ មូលហេតុនេះហើយទើបយើងអាចនឹងប្រមូលបាននូវអ្នកដែលមានផ្ទុកនូវមេរោគកូវីដ១៩នេះ បាននូវចំនួនច្រើន ដើម្បីយើងត្រូវតែយកគាត់ចេញពីតំបន់របស់គាត់ ដើម្បីទប់ស្កាត់ការបន្តរីករាលដាលទៅអ្នកផ្សេងទៀតដែលកំពុងរស់នៅក្នុងតំបន់ជាមួយគ្នា»។
អភិបាលរងរាជធានីភ្នំពេញរូបនេះឲ្យដឹងទៀតថាការដាក់សង្កាត់ឬភូមិជាតំបន់ក្រហម ដោយសារអាជ្ញាធរសុខាភិបាលនៅតែរកឃើញករណីឆ្លង ហើយមិនទាន់ដឹងប្រភពនៅឡើយ។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងខ្ញុំឆ្លើយនឹងសំណួរនេះឲ្យហើយ ដើម្បីចៀសវាងបងប្អូនខ្លះដែលគាត់រស់នៅក្នុងតំបន់បឹងទំពុនទី១ គាត់ថាចំនួនឆ្លងគាត់តិច ហេតុអីបានជាដាក់គាត់នៅក្នុងតំបន់ក្រហមដែរ។ អាហ្នឹងគឺមូលដ្ឋានទីមួយ គឺយើងមើលទៅលើចំនួនជាក់ស្តែងនៃអ្នកវិជ្ជមានអំពីការគ្រប់គ្រងប្រភពនៃការឆ្លង»។
ចំណែកលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាមន្រ្តីមួយរូបនៃគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ មានប្រសាសន៍ថាការបន្តបិទខ្ទប់រាជធានីភ្នំពេញ អាចអូសបន្លាយទៀត ប្រសិនបើប្រជាពលរដ្ឋមិនចូលរួមអនុវត្ត ហើយកំណើនរកឃើញជំងឺកូវីដ១៩នៅតែមានចំនួនច្រើន។
លោកបញ្ជាក់ថា៖ «ក៏ប៉ុន្តែផ្ទុយទៅវិញបើសិនការចូលរួមនេះមិនបានពេញដៃពេញជើងពីបងប្អូនប្រជាពលរដ្ឋទេ នោះធ្វើឲ្យស្ថានភាពនៃការរាលដាលនោះ ក៏នៅតែមានបញ្ហាប្រឈម ហើយនោះហើយដែលរយៈពេលនៃអនុវត្តវិធានការបិទខ្ទប់នេះ នឹងអាចបន្ត»។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ឲ្យដឹងថាអ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាកព្យាបាលទាំងស្រាលទាំងធ្ងន់មានប្រមាណ៦ពាន់នាក់ ហើយមកដល់ពេលនេះ អាជ្ញាធរបានរៀបចំកន្លែងសម្រាកព្យាបាលជំងឺស្រាលមួយចំនួន ដែលមានទៅដល់៨ពាន់គ្រែ។
គួរបញ្ជាក់ថាចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដែលមានរយៈពេលជាង២ខែមកហើយ រហូតដល់ថ្ងៃពុធនេះ កម្ពុជារកឃើញករណីឆ្លងសរុបជាង១ម៉ឺននាក់ ហើយមានករណីស្លាប់ជាង៨០នាក់៕