ក្រុមអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បង្ហាញការបារម្ភចំពោះការលាតត្រដាងអត្តសញ្ញាណរបស់អ្នកជំងឺកូវីដ១៩ ពីសំណាក់អាជ្ញាធរកម្ពុជា នៅពេលរដ្ឋាភិបាលបង្កើនវិធានការបិទខ្ទប់ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសឆ្លងនេះនៅក្នុងប្រទេស។
បើតាមប្រព័ន្ធទំនាក់ទំនងសង្គមរបស់ស្ថាប័នរដ្ឋមួយចំនួន បានបន្តបញ្ចេញ ឈ្មោះ ទីលំនៅ និងកន្លែងរបស់បុគ្គលរកឃើញថាមានជំងឺកូវីដ១៩ ទោះបីក្រុមមន្ត្រីរដ្ឋាភិបាលមួយចំនួនអះអាងថារដ្ឋាភិបាលមិនបាត់ម្ចាស់ការក្នុងកាត់ផ្តាច់ចរន្តនៃការចម្លងជំងឺកូវីដ១៩ក្នុងសហគមន៍យ៉ាងណាក្ដី។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រាប់វីអូអេ នៅថ្ងៃព្រហស្បតិ៍នេះថា ការបញ្ចេញអត្តសញ្ញាណលម្អិតរបស់បុគ្គលអ្នកជំងឺដែលឆ្លងជំងឺកូវីដ១៩នោះ អាចបង្កឲ្យមានការរើសអើងក្នុងសហគមន៍ និងជាការបំពានសិទ្ធិឯកជនមួយផ្នែករបស់ពលរដ្ឋម្នាក់ៗផងដែរ។
«ជាជាងបង្ហាញអត្តសញ្ញាណហ្នឹងគឺបង្ហាញអំពីទីតាំងជាក់លាក់ដែលមានព្រឹត្តិការណ៍ហ្នឹងកើតឡើងពីពេលវេលា អាចស្វែងរកនូវដានពាក់ព័ន្ធហ្នឹងតាមរយៈបុគ្គលដែលគាត់មានការប្រាស្រ័យទាក់ទងផ្ទាល់ហើយនិងមានការបង្ហាញព័ត៌មាន ដូចកន្លងមកអាជ្ញាធរធ្លាប់បានប្រកាសអីចឹង គឺថា មានករណីកើតឡើងនៅទីតាំងនេះ ម៉ោងនេះ អ៊ីចឹងសុំឲ្យពលរដ្ឋដែលបានទៅប៉ះពាល់ទីតាំងហ្នឹង ឬក៏កន្លែងហ្នឹង ម៉ោងហ្នឹង អីចឹង ឲ្យចូលរួមសហការ»។
លោកស្រីបន្ថែមថា ការណ៍នេះគឺគ្រប់គ្រាន់សម្រាប់តាមរកដាននៃអ្នកពាក់ព័ន្ធជាមួយនឹងអ្នកដែលរកឃើញមានជំងឺកូវីដ១៩ ជាជាងបញ្ចេញអត្តសញ្ញាណលម្អិតរបស់បុគ្គលអ្នកជំងឺនោះ។
រដ្ឋាភិបាលបានចាប់ផ្តើមបញ្ចេញឈ្មោះបុគ្គលដែលរកឃើញមានផ្ទុកមេរោគបង្កជំងឺកូវីដ១៩សាជាថ្មី នៅគ្រាការឆ្លងជំងឺរលាកផ្លូវដង្ហើមមួយនេះ បានកើនឡើងខ្លាំងលើសពីចំនួនរាប់សិបក្នុងមួយថ្ងៃមកដល់ចំនួនរាប់រយក្នុងមួយថ្ងៃ អំឡុងខែមេសានេះ។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចំណុចកណ្តាលនៃការឆ្លងធ្ងន់ធ្ងរនោះ គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្តាល។
បើតាមបញ្ជីឈ្មោះអ្នកជំងឺកូវីដ១៩ ដែលបានបង្ហោះនៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុករបស់រដ្ឋបាលសាលារាជធានីភ្នំពេញ និងខេត្តព្រះសីហនុ គេឃើញមានការរៀបរាប់លម្អិតអំពីឈ្មោះ អាយុ អាសយដ្ឋានបច្ចុប្បន្ន ទីកន្លែងធ្វើការនិងភូមិ ឬសង្កាត់នៃលំនៅដ្ឋានរបស់បុគ្គលនីមួយៗ។ ក្នុងបញ្ជីឈ្មោះ ក៏មានរាយរាប់ពីអាសយដ្ឋានបច្ចុប្បន្នរបស់អ្នកជំងឺជាកុមារផងដែរ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្ស នៃអង្គការលីកាដូ កត់សម្គាល់នូវចំណុចល្អ និងអាក្រក់ក្នុងការបញ្ចេញអត្តសញ្ញាណរបស់អ្នកជំងឺកូវីដ១៩ ដែលមានន័យថាសកម្មភាពនេះ អាចជួយមួយផ្នែកដល់ការបន្ថយល្បឿននៃការឆ្លងជំងឺកូវីដ១៩ និងមួយផ្នែកអាចបង្កការរិះគន់ចំពោះការបំពានសិទ្ធិមួយចំនួនរបស់បុគ្គល។
«ប្រហែលជាអាជ្ញាធរលោកយល់ថា អាហ្នឹងក៏ជាការចូលរួមដែរក្នុងការទប់ស្កាត់ហ្នឹង ក៏ប៉ុន្តែយើងជាសង្គមស៊ីវិលទេ ស្នើសុំឲ្យមានការថ្លឹងថ្លែងហើយធ្វើយ៉ាងណាដើម្បីឲ្យកុំឲ្យវាមានការប៉ះពាល់ទៅដល់សិទ្ធិឯកជនធ្ងន់ធ្ងរពេក»។
សម្រាប់លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាហៅកាត់ថា CCFC យល់ថា អាជ្ញាធរពាក់ព័ន្ធទាំងអស់គួរបញ្ឈប់ការបញ្ចេញអត្តសញ្ញាណរបស់អ្នកជំងឺកូវីដ១៩បន្តទៀត ប្រសិនបើការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសស្ថិតក្នុងស្ថានការណ៍ដែលអាចគ្រប់គ្រងបាន ហើយវិធានការចាំបាច់នោះ គឺត្រូវបង្កើនការផ្សព្វផ្សាយការធ្វើអនាម័យ និងលើកកម្ពស់ការយល់ដឹងបន្ថែមទៀតនៃផលវិបាករបស់ជំងឺកូវីដ១៩ ក៏ដូចជាបង្កើនល្បឿននៃការផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលមិនឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកតាមប្រព័ន្ធទំនាក់ទំនងសង្គម WhatsApp។ ចំណែកលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញមិនលើកទូរស័ព្ទ។
វីអូអេ ក៏មិនទាន់អាចសុំការអធិប្បាយពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ និងលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានដែរនៅថ្ងៃព្រហស្បតិ៍នេះ។
រដ្ឋបាលថ្នាក់ក្រោមជាតិទាំងពីរ សកម្មក្នុងការបញ្ចេញឈ្មោះអ្នកមានតេស្ដវិជ្ជមានតាំងពីមុនការបិទខ្ទប់។
យ៉ាងណាក៏ដោយ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា ការបញ្ចេញអត្តសញ្ញាណរបស់អ្នកជំងឺដែលត្រូវរកឃើញមានជំងឺកូវីដ១៩ ជាការចាំបាច់ ដោយសារស្ថានភាពនៃការឆ្លងរាតត្បាតនៅមិនទាន់ស្រកស្រុតចុះនៅឡើយ។
«ដោយសារការបង្ហាញអត្តសញ្ញាណរបស់យើងហ្នឹងហើយ បានជាយើងអាចយកសំណាកធ្វើតេស្តហ្នឹងបានចំនួនច្រើនហើយនាំឲ្យយើងរកឃើញអ្នកដែលមានផ្ទុកកូវីដហ្នឹងក៏បានច្រើន ដើម្បីយើងអាចធ្វើការគ្រប់គ្រង និងព្យាបាលបាន»។
ក្នុងសន្និសីទសារព័ត៌មានមួយធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ កាលពីថ្ងៃពុធ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានប្រាប់ក្រុមអ្នកកាសែតថា ក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅរបស់ខេត្តកណ្តាលពីរសប្តាហ៍កន្លងមកនោះ ល្បឿននៃការចម្លងមេរោគកូវីដ១៩បានថយចុះ ពីសហគមន៍មួយទៅសហគមន៍មួយទៀត។
អភិបាលរងក្រុងរូបនោះពន្យល់ថា ករណីរកឃើញអ្នកជំងឺថ្មីៗជាច្រើនរយនាក់ ក្នុងការបិទខ្ទប់នេះ គឺបណ្តាលមកពីប្រសិទ្ធិភាពនៃការយកសំណាករបស់ពលរដ្ឋក្នុងទីតាំងដែលមានកម្រិតឆ្លងធ្ងន់ធ្ងរ ទៅពិនិត្យរកវត្តមាននៃជំងឺកូវីដ១៩។
លោកអះអាងថា ការណ៍នេះបញ្ជាក់ ថាអាជ្ញាធរបានទប់ស្កាត់ការចម្លងជំងឺនេះបានទាន់ពេលវេលា ហើយអ្វីៗកំពុងស្ថិតក្នុងស្ថានការណ៍ដែលអាចគ្រប់គ្រងបាន។
«ដោយសារតែយើងបានបង្កើនល្បឿននៅក្នុងការយកសំណាក អ្នកដែលនៅក្នុងតំបន់ក្រហម និងអ្នកដែលសង្ស័យ។ អីចឹងពេលណាដែលចំនួនយកសំណាកកាន់តែច្រើន ដូចយើងបង់សំណាញ់ចឹង ស្រង់បានអ្នកវិជ្ជមាននោះ គឺក្នុងបរិមាណមួយច្រើនដែរ»។
ជាផ្នែកមួយនៃការកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅមួយសប្តាហ៍ទៀត បន្ទាប់ពីការបិទខ្ទប់ពីរសប្តាហ៍បានផុតសុពលភាពកាលពីថ្ងៃពុធម្សិលមិញ។ ក្នុងវិធានការបិទខ្ទប់បន្ថែមនេះ អាជ្ញាធររាជធានី និងខេត្តកណ្តាល បានបែងចែកតំបន់បីសំខាន់ៗដើម្បីសម្គាល់ពីកម្រិតឆ្លងជំងឺ១៩ គឺក្រហមសំដៅដល់កម្រិតធ្ងន់ លឿងទុំសំដៅដល់កម្រិតមធ្យម និងលឿងសំដៅដល់កម្រិតស្រាល៕