រដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវភាពវិជ្ជមានក្នុងវិស័យសិទ្ធិមនុស្សនិងបានប្តេជ្ញាជំរុញទៅមុខលើស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយនៅក្នុងប្រទេសខណៈសង្គមស៊ីវិលមិនទាន់ឃើញមានការរីកចម្រើនជាដុំកំភួននៅឡើយ។
ការប្តេជ្ញាលើកកម្ពស់ស្ថានភាពសិទ្ធិសេរីភាពពីសំណាក់រដ្ឋាភិបាលគឺត្រូវបានពណ៌នានៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្តីពីលទ្ធផលនៃការការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយជុំទីបីរបស់កម្ពុជាចុះកាលពីថ្ងៃទី១១ ខែមីនា។
បើតាមសេចក្តីប្រកាសព័ត៌មានខាងលើមានការរៀបចំកិច្ចប្រជុំរយៈពេលបីថ្ងៃគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនារវាងប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រភិភូអន្តរក្រសួងរួមមានក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន ចំនួន៩រូបពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលក្រោយពីបញ្ចប់កិច្ចសន្ទនាគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងចេញជាអនុសាសន៍ផ្សេងៗសម្រាប់ឱ្យរដ្ឋភាគីពិនិត្យនិងពិចារណាក្នុងការអនុវត្តបន្តទៀតដើម្បីបំពេញនូវចំណុចខ្វះខាតនិងធ្វើឱ្យស្ថានភាពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កាន់តែមានភាពល្អប្រសើរឡើងថែមទៀត។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានប្រាប់វីអូអេនៅថ្ងៃចន្ទថា នៅកិច្ចសន្ទនាខាងលើនេះភាគីរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលអាចមានការយល់ស្រប ឬខ្វែងគំនិតតាមព័ត៌មានដែលទទួលបានរៀងៗខ្លួន។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា គោលដៅចម្បងនៃការពិភាក្សាគឺ ស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោកបានថ្លែងថា៖ «ព្រោះគាត់អាចទទួលបានព័ត៌មានពីក្រុមប្រឆាំង ឬអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងអ៊ីចឹងព័ត៌មានដែលទទួលបានវាអាចខុសពីអ្វីដែលយើងមាននិងការអនុវត្តជាក់ស្តែង។ អ៊ីចឹង វេទិកានេះគឺជា ការជជែកគ្នា ផ្លាស់ប្តូរយោបល់គ្នា ស្វែងយល់ពីបញ្ហាប្រឈមនិងទិសដៅ ក្នុងការដោះស្រាយបញ្ហាប្រឈមតាមរយៈការផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ និងការស្រាវជ្រាវរៀងៗខ្លួនរវាងអ្នកជំនាញការដែលគេមានបទពិសោធន៍បានស្រាវជ្រាវលើការងារនេះ»។
លោកបានបន្ថែមថាវេទិកាខាងលើនេះក៏បានផ្តល់ឱកាសដល់រដ្ឋាភិបាលដើម្បីយកអង្គហេតុមកបកស្រាយពីចំណាត់ការតាមផ្លូវច្បាប់មួយចំនួន ដែលត្រូវបានគេចោទប្រកាន់ថា ជាការរំលោភបំពានសិទ្ធិមនុស្ស។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព បង្ហាញការស្វាគមន៍នៅពេលរដ្ឋាភិបាលមានការបើកចំហទទួលយកមតិផ្សេងៗ ដោយសារតែអ្នកស្រីកត់សម្គាល់ថា ជាទូទៅអាជ្ញាធរតែងតែធ្វើការបដិសេធលើរបាយការណ៍ណាមួយពីមជ្ឈដ្ឋានសង្គមស៊ីវិលពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកស្រីបានថ្លែងថា៖ «សម្រាប់ខ្ញុំខ្ញុំយល់ថា ការដោះស្រាយនូវបញ្ហាជាពិសេសបញ្ហាសិទ្ធិមនុស្ស និងបង្ហាញនយោបាយនៅស្រុកខ្មែរនេះទាមទារឱ្យមានការទទួលស្គាល់នូវបញ្ហាជាមុនសិន ព្រោះបើយើងនៅតែប្រកែកនៅតែបដិសេធហើយច្រានចោលនូវរាល់មតិរិះគន់នានានោះខ្ញុំគិតថា មិនមែនជាមធ្យោបាយនោះទេ»។
អ្នកស្រី ចក់ សុភាព ក៏បានអំពាវនាវឱ្យអាជ្ញាធរនិងមន្រ្តីពាក់ព័ន្ធនានាគោរពតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ តាមរយៈ «ការបង្កបរិយាកាសអំណោយផល» ដល់ប្រជាពលរដ្ឋក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេផងដែរ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនៃអង្គការលីកាដូ លោក អំ សំអាត ស្នើឱ្យរដ្ឋាភិបាលមាន«ឆន្ទៈពិតប្រាកដ» នៅក្នុងការធ្វើឱ្យស្ថានភាពសិទ្ធិសេរីភាពក្នុងប្រទេសប្រសើរឡើង ក្នុងនាមកម្ពុជាដែលជាភាគីផ្តល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។
លោកប្រាប់វីអូអេថា៖ «យើងឃើញហើយបើថា បើសិនជារាជរដ្ឋាភិបាលក៏ដូចជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកទទួលយកអនុសាសន៍ហើយពិនិត្យលទ្ធភាពនៅក្នុងការកែលម្អធ្វើម៉េចឱ្យបានល្អប្រសើរទាក់ទងនឹងសិទ្ធិពលរដ្ឋសិទ្ធិនយោបាយនេះជារឿងល្អហើយ»។
យ៉ាងណាក្តី លោក អំ សំអាត បានចង្អុលបង្ហាញពីការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិនិងពីឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប.កាលពីពេលកន្លងមកពាក់ព័ន្ធនឹងការចាប់អតីតសកម្មជនអ្នកនយោបាយគណបក្សប្រឆាំង ការរំលាយគណបក្សប្រឆាំង ការធ្វើទុក្ខម្នេញលើសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស ការងារសង្គម ក៏ដូចជា ការរឹតត្បិតលើសិទ្ធិសេរីភាពរបស់កូដករណាហ្គាវើលដ៏នាពេលថ្មីៗនេះជាដើម។
បើតាមមន្ត្រីសិទ្ធិមនុស្សរូបនេះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាគឺមានលក្ខណៈចម្រូងចម្រាសរហូតដល់ការនាំឱ្យសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់ទំនិញលើកលែងតែសព្វាវុធហៅកាត់ថា EBA មួយផ្នែកផងដែរមកលើកម្ពុជា។
កាលពីឆ្នាំ២០២០សហភាពអឺរ៉ុបបានសម្រេចកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ»ឬ Everything But Arms (EBA) ចំនួន២០%ពីកម្ពុជាដែលប៉ះពាល់ដល់ការនាំចេញសម្លៀកបំពាក់ទៅក្រុមប្រទេសនៅអឺរ៉ុប។ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មួយផ្នែកនេះកើតឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធនិងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
នាពេលថ្មីៗនេះផងដែរ រដ្ឋាភិបាលកម្ពុជាក៏បានរងការរិះគន់ពីសំណាក់សង្គមស៊ីវិលជាតិនិងអន្តរជាតិទាក់ទិននឹងអ្វីដែលពួកគេចាត់ទុកថាជា ការបង្រ្កាបមកលើក្រុមកូដករដែលជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៏ ដែលបានធ្វើការប្រមូលផ្តុំតវ៉ាពាក់ព័ន្ធនឹងជម្លោះការងារអស់រយៈពេលជាច្រើនខែ ក្រោមហេតុផលអនុវត្តវិធានការសុខាភិបាលក្នុងការបង្ការការឆ្លងជំងឺកូវីដ១៩៕