ខេត្តព្រះសីហនុនិងខេត្តមួយចំនួនទៀតរបស់កម្ពុជាត្រូវបានកំណត់ថាជាទីតាំងនៃការបង្ខាំងមនុស្សប្រើប្រាស់ក្នុងការងារដែលជាញឹកញាប់ទាក់ទងនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ិនធឺណិតដែលដាក់គោលដៅលើជនបរទេសរស់នៅខាងក្រៅប្រទេសកម្ពុជា។នេះជាការរកឃើញរបស់សង្គមស៊ីវិលមួយចំនួនដែលបានចងក្រងសកម្មភាពបំពានសិទ្ធិមនុស្សនេះដោយផ្អែកលើសេចក្តីរាយការណ៍មួយចំនួនពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងគណនីបណ្តាញសង្គមរបស់ជនរងគ្រោះ។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលចុះថ្ងៃទី១០ខែមីនាឆ្នាំ២០២២ការរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយនិងគណនីរបស់ជនរងគ្រោះបង្ហាញថាការរំលោភបំពានទាំងនេះពាក់ព័ន្ធនឹងជនបរទេសដែលត្រូវបានចាប់ជំរិតលក់ ជួញដូរឬត្រូវបានបោកបញ្ឆោតឱ្យទទួលបានការងារក្នុងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «យើងខ្ញុំស្នើសុំឱ្យអាជ្ញាធរកម្ពុជាបំពេញការទទួលខុសត្រូវរបស់ខ្លួនដើម្បីស៊ើបអង្កេតឱ្យបានពេញលេញនូវការរំលោភបំពាននៅក្នុងប្រទេសរបស់ខ្លួនព្រមទាំងលុបបំបាត់រាល់ទីតាំងទាំងអស់ដែលជាប់ទាក់ទងនឹងល្បែងស៊ីសងខុសច្បាប់និងប្រតិបត្តិការបោកបញ្ឆោតក៏ដូចជាការបង្ខំឱ្យធ្វើពលកម្មទាសភាពឬការធ្វើទារុណកម្ម»។
ក្រុមសង្គមស៊ីវិលសង្កត់ធ្ងន់ថាការបន្តឱ្យកើតមានឡើងនៃប្រតិបត្តិការទាំងនេះគឺជាសោកនាដកម្មមួយហើយក៏ជាការសោកស្តាយមួយយ៉ាងខ្លាំងដែលប្រទេសកម្ពុជាកំពុងត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាពអមនុស្សធម៌បែបនេះ។
លោកអំ សំអាតនាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូដែលចូលរួមក្នុងសេចក្តីថ្លែងការណ៍រួមនេះ ប្រាប់វីអូអេនៅថ្ងៃសុក្រថាសកម្មភាពឆបោកតាមប្រព័ន្ធអ៊ិនធឺណិតនិងការបញ្ចេញព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងឱកាសការងារនៅកម្ពុជាជាពិសេសនៅក្នុងបនល្បែងស៊ីសងឬកាស៊ីណូ ឬទីតាំងពាណិជ្ជកម្មផ្សេងទៀតបានលេចចេញឡើងនៅក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ១៩ហើយជនបង្កភាគច្រើនមិនមែនជាពលរដ្ឋខ្មែរឡើយ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថាជនរងគ្រោះដែលភាគច្រើនជាជនបរទេសផងនោះត្រូវបានគេដាក់ឱ្យធ្វើការនៅតាមទីតាំងខុសច្បាប់ដូចជាអគារកាស៊ីណូឬក៏អគារពាណិជ្ជកម្មផ្សេងទៀតហើយទីតាំងខុសច្បាប់ទាំងនោះក៏ត្រូវបានប្រើប្រាស់សម្រាប់ការចាប់ជំរិតតាមប្រព័ន្ធអ៊ិនធឺណេតនិងមានការជួញដូរកេងប្រវ័ញ្ចលើកម្លាំងពលកម្មក៏ដូចជាការធ្វើទារុណកម្មផងដែរ។
បើតាមលោកអំ សំអាតអាជ្ញាធរចិនបានបង្ហាញចេតនាសហការប្រតិបតិ្តការជាមួយអាជ្ញាធរកម្ពុជាដើម្បីបង្ក្រាបបទល្មើសខាងលើដោយប្រើប្រាស់កម្លាំងរបស់ខ្លួនប៉ុន្តែកិច្ចសហការនោះមិនអាចធ្វើទៅបានបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេងផ្តល់ការពន្យល់ថាកម្ពុជាត្រូវការការពារអធិបតេយ្យរបស់ខ្លួន។
លោកថ្លែងថា៖ «អាជ្ញាធរចិនគេចង់មកអនុវត្តនៅលើទឹកដីកម្ពុជាប៉ុន្តែសម្តេចបានបញ្ជាក់អំពីអធិបតេយ្យភាពរបស់កម្ពុជាដែលមិនអាចធ្វើទៅបានអ៊ីចឹងគឺបានត្រឹមតែកិច្ចសហប្រតិបត្តិការគឺអាជ្ញាធរកម្ពុជាជាអ្នកបង្ក្រាបហើយនិងកិច្ចសហការជាមួយនឹងប្រទេសចិនអីជាដើមហ្នឹង។ អាហ្នឹងគឺយើងឃើញថា អាជ្ញាធរមានការបង្កើននូវកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបក្នុងការទប់ស្កាត់»។
លោកបន្ថែមថា៖«យ៉ាងណាក៏យើងឃើញបញ្ហានេះគឺកើតមានឡើងនៅលើទឹកដីកម្ពុជាមួយចំនួនរួចទៅហើយ។ អាហ្នឹងដែលទាមទារឱ្យរដ្ឋាភិបាលមានឆន្ទៈក្នុងការលុបបំបាត់និងការទប់ស្កាត់កុំឱ្យកើតមានឡើងនៅលើទឹកដីរបស់ប្រទេសកម្ពុជាយើងហ្នឹង។ហើយយើងឃើញថា ជនរងគ្រោះគឺច្រើនគ្រាន់តែជាប្រទេសថៃមួយគេថា គេបានជួយសង្គ្រោះពលរដ្ឋគេជាង១០០នាក់ទៅហើយហើយនៅបណ្តាប្រទេសមួយចំនួនដែលគេចេញការព្រមានទៅដល់ពលរដ្ឋគេឱ្យមានការប្រុងប្រយ័ត្ននឹងផង»។
យោងតាមសេចក្តីការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលនៅពេលដែលមកដល់ប្រទេសកម្ពុជាជនរងគ្រោះត្រូវបានឃុំខ្លួនក្នុងបរិវេណអគារធំៗនិងត្រូវបង្ខំឱ្យធ្វើការ ដែលការងារទាំងនោះជារឿយៗជាប់ទាក់ទងនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ិនធឺណិតហើយអ្នកដែលបានរត់គេចខ្លួនបានរាយការណ៍ថាពួកគេប្រឈមមុខនឹងការគំរាមកំហែងទាំងផ្លូវកាយនិងផ្លូវចិត្ត និងអំពើហិង្សាដែលប្រព្រឹត្តដោយអ្នកចាប់បង្ខាំងពួកគេ។
ក្រុមអង្គការសង្គមស៊ីវិលបានយោងទៅតាមរបាយការណ៍មួយចំនួនដែលបានបង្ហាញថាភាគច្រើននៃបរិវេណអគារទាំងនោះគឺស្ថិតនៅក្នុងខេត្តព្រះសីហនុប៉ុន្តែក៏មានការរំលោភបំពានស្រដៀងគ្នានេះដែលត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅទីក្រុងភ្នំពេញខេត្តពោធិ៍សាត់ កោះកុងនិងខេត្តផ្សេងទៀត។
ប្រទេសជាច្រើនបានប្រតិកម្មទៅនឹងការពិតដ៏គ្រោះថ្នាក់មួយនេះរួមមានឥណ្ឌូនេស៊ីដែលចេញការព្រមានមួយឆ្លើយតបទៅនឹងស្ថានភាពនេះកាលពីខែមករា ឆ្នាំ២០២១ចំណែកវៀតណាម និងថៃក៏បានចេញការព្រមានស្រដៀងគ្នានេះកាលពីអំឡុងឆ្នាំ២០២១ខណៈស្ថានទូតប៉ាគីស្ថានបានសង្គ្រោះពលរដ្ឋខ្លួនចំនួន៤នាក់កាលពីខែមករា ឆ្នាំ២០២២។ ប្រទេសចិនក៏បានចេញការព្រមានជាច្រើនដងដែរទៅនឹងប្រតិបតិ្តការឆបោកតាមប្រព័ន្ធអ៊ិនធឺណិតនិងសកម្មភាពឧក្រិដ្ឋផ្សេងទៀត។ នេះបើតាមក្រុមអង្គការសង្គមស៊ីវិល។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឆាយគឹមខឿន បានទេនៅថ្ងៃសុក្រនេះ។
ចំណែករដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង បដិសេធផ្តល់ការអត្ថាធិប្បាយដោយថាជាប់រវល់។
ដោយឡែកអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គប្រាប់វីអូអេនៅថ្ងៃសុក្រថាលោកមិនទាន់បានឃើញសេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលទេនិងថាទង្វើបំពានសិទ្ធិការងារជាសមត្ថកិច្ចរបស់ក្រសួងការងារដែលជាអ្នកទទួលបន្ទុកដោះស្រាយ។
«មហាផ្ទៃគ្រប់គ្រងរាជធានីខេត្តក្រុងស្រុកខណ្ឌនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈអានេះការប្រើប្រាស់កម្លាំងពលករ ពលកម្មអីតើ! អញ្ជើញទៅក្រសួងការងារ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរមិនទាន់ឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកដែលបានផ្ញើតាមប្រព័ន្ធទំនាក់ទំនងWhatsApp នៅថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី៩ ខែមីនាអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានថ្លែងក្នុងពិធីមួយថាអាជ្ញាធរពាក់ព័ន្ធបានដាក់ចេញវិធានការមួយចំនួនក្នុងការអនុវត្តដោះស្រាយបញ្ហាប្រឈមទាំងនោះដែលរួមមានការគ្រប់គ្រងអាជីវកម្មការគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេសនិងការត្រួតពិនិត្យតាមទីតាំងកាស៊ីណូនៅតាមតំបន់តូចៗ និងតាមដងផ្លូវជាដើមដើម្បីទប់ស្កាត់បទល្មើសនានារួមមានការរត់ពន្ធមនុស្សនិងការជួញដូរកម្លាំងពលកម្មជាដើម។ លោកក៏ស្នើឲ្យមានចំណាត់ការរហ័សពីស្ថាប័នតុលាការផងដែរ៕