លោក ឃួង ស្រេង បានរៀបចំពិធីជួបជុំឯកជនមួយនៅគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យដើម្បីទទួលការចូលចែចូវកូនស្រីរបស់លោក ពីសំណាក់កូនកម្លោះជាកូនប្រុសលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោក ហ៊ុន សែន និងជាចៅលោក ជា សុផារ៉ា។
ពិធីនៅផ្ទះលោកអភិបាលរាជធានីត្រូវបានធ្វើក្នុងទីម្លប់បិទជិត ហើយបើតាមរូបថតជាច្រើនសន្លឹកដែលត្រូវបានបង្ហោះចែកចាយតាមបណ្ដាញសង្គមបានបង្ហាញពីការរៀបចំយ៉ាងប្រណីត ហើយក្នុងចំណោមអ្នកចូលរួមរាប់សិបនាក់ដែលមានកម្រិតរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីផងនោះ គេឃើញមានការពាក់ម៉ាសខ្លះអត់ខ្លះនិងមានរក្សាគន្លាតសុវត្ថិភាពតិចតួចប៉ុណ្ណោះ។ រូបថតមួយដែលបង្ហាញពីការរៀបចំតុទទួលទានអាហារគឺមានជាតុរាងទ្រវែង មានរៀបកៅអីជាប់ៗគ្នាពីរជួរហើយអង្គុយទល់មុខគ្នា។
ថ្ងៃស្អែកឡើងពោលគឺថ្ងៃចន្ទទី០៧ខែមីនាម្សិលមិញ ការជួបជុំមួយបែបផ្សេងនៅទីវាលលម្ហសាធារណៈដោយក្រុមកូដករដែលមានទាំងបុគ្គលិកនិងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានចេញតវ៉ាទាមទារដំណោះស្រាយលើវិវាទការងាររបស់ខ្លួនជាមួយក្រុមហ៊ុននោះ ដូចសព្វមួយដងដែរត្រូវបានកងកម្លាំងសន្ដិសុខ ដែលស្ថិតក្រោមបង្គាប់សាលារាជធានីភ្នំពេញដែលមានលោក ឃួង ស្រេង ជាប្រមុខដឹកនាំ បានបំបែកចាប់ឃាត់ខ្លួនញាត់ឡានក្រោមមូលហេតុបញ្ចៀសការជួបជុំអំឡុងការឆ្លងកូវីដ១៩ប្រភេទអូមីក្រុងក្នុងសហគមន៍។
ក្រុមកូដករ និងសង្គមស៊ីវិល បានចោទសួរអំពីការអនុវត្តនូវស្តង់ដាផ្ទុយគ្នា ឬស្តង់ដា២ រវាងការរៀបចំកម្មវិធីជួបជុំផ្សេងៗ ជាពិសេសកម្មវិធីជួបជុំឯកជននៅគេហដ្ឋាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមីនានេះ និងការជួបជុំសម្ដែងកង្វល់របស់ក្រុមសហជីព។
អ្នកស្រី ឈិន ឧសភា អាយុ៣២ឆ្នាំ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន និងដាក់នៅមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅ បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះដោយច្រានចោលអំពីការចោទប្រកាន់របស់អាជ្ញាធរលើក្រុមកូដករថាខុសច្បាប់ និងខុសវិធានសុខាភិបាល គឺមិនត្រឹមត្រូវនោះទេ ដោយចាត់ទុកការចោទប្រកាន់របស់អាជ្ញាធរនេះ ជារឿងអយុត្តិធម៌ណាស់ ខណៈការជួបជុំផ្សេងៗ បែរជាមិនមានការរឹតត្បិតដូចក្រុមកូដករបែបនេះ។ អ្នកស្រីសង្ស័យថាការអនុវត្តច្បាប់ ឬវិធានការសុខាភិបាលលើក្រុមកូដករ គឺជាការបំបែកសម្លេងកុំឲ្យមានការតវ៉ា ឬទាមទារឲ្យរកដំណោះស្រាយវិវាទការងារនេះ។
អ្នកស្រី ស្នើឲ្យអាជ្ញាធរ និងក្រសួងសុខាភិបាល អនុវត្តស្តង់ដានិងវិធានការតែមួយ ដូចទៅនឹងប្រជាពលរដ្ឋទូទៅដែរ។
អ្នកស្រីថ្លែងថា៖
«ឥឡូវហ្នឹងអ្វីដែលពួកខ្ញុំ កំពុងតែគិត ហើយមានការសង្ស័យខ្លាំងទៅកាន់ក្រសួងសុខាភិបាល[នូវ]អ្វីដែលគាត់អំពាវនាវមកថា ពួកគាត់បារម្ភពីសុខុមាលភាពរបស់កូដករ ថាជារឿងពិតទេ? ឬគ្រាន់តែជាលេសក្នុងការបំបែកសំឡេងរបស់កូដករ អត់ឲ្យចេញទៅតវ៉ានៅមុខណាហ្គាបន្តទៀត»។
អ្នកស្រី ក៏ស្នើឲ្យអាជ្ញាធរបញ្ជាក់ឲ្យបានច្បាស់អំពីការចាប់ខ្លួនក្រុមកូដករយកទៅធ្វើតេស្តឬសំណាក ប្រសិនបើអវិជ្ជមាន តើប៉ុន្មានថ្ងៃពួកគាត់អាចចេញធ្វើការតវ៉ាដោយសន្តិវិធី អំពីវិវាទការងារនេះ។
កញ្ញា សួន ជីវ៉ា អាយុ៣១ឆ្នាំ ជាកូដករម្នាក់ដែលត្រូវបានអាជ្ញាធរចាប់ទៅមណ្ឌលធ្វើចត្តាឡីស័កខណ្ឌព្រែកព្នៅ បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការអនុវត្តវិធានសុខាភិបាល គឺមិនសមស្របនោះទេចំពោះក្រុមកូដករ ខណៈការជួបជុំផ្សេងៗ មានមនុស្សច្រើនជាងនេះ មិនត្រូវបានអនុវត្តនូវវិធានការសុខាភិបាល ដោយចាប់យកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កដូចក្រុមកូដករបែបនេះ។
កញ្ញាបញ្ជាក់ថា ៖
«ពួកបងជាកូដករបានរក្សាគម្លាត ហើយចត្តាឡីស័ក ធ្វើតេស្តរៀងៗខ្លួន គោរពអស់ហើយ។ ហើយពួកយើងបន្តមកធ្វើកូដកម្ម រក្សាគម្លាតទៀត ហេតុអ្វីនៅតែចោទយើងថាប្រមូលផ្តុំ ចោទពួកយើងថាជាក្រុមដែលមានវិជ្ជមានកូវីដទៅវិញ។ ហេតុអ្វីមិនអនុវត្តទាំងស្រុង ប្រជាពលរដ្ឋទាំងអស់ទៅ? ហេតុអ្វីបានជាចោទតែកូដករ ថាមិនអនុវត្តវិធានសុខាភិបាលអ៊ីចឹង?»។
កញ្ញា មិនពេញចិត្តចំពោះចំណាត់ការ ឬវិធានការរបស់អាជ្ញាធរមកលើក្រុមកូដករទេ ដោយស្នើទៅអាជ្ញាធរដោះលែងតំណាងកូដករដែលជាប់ឃុំក្នុងពន្ធនាគារ និងត្រូវជំរុញភាគីក្រុមហ៊ុនចេញមុខមកដោះស្រាយបញ្ចប់វិវាទការងារនេះ ដើម្បីការពារសិទ្ធិរបស់ពលរដ្ឋខ្មែរ។
ដោយឡែកអ្នកនាំពាក្យរបស់សមាគមការពារសិទិ្ធមនុស្សអាដហុក លោក ស៊ឹង សែនករុណា កត់សម្គាល់ថា ការជួបជុំរវាងក្រុមកូដករ និងកម្មវិធីជួបជុំផ្សេងៗ ដូចជាកម្មវិធីឯកជនលោក ឃួង ស្រេង គឺជាការអនុវត្តវិធានការសុខាភិបាលមានស្តង់ដាពីរ ដូច្នេះគួរតែអនុវត្តទូទៅឲ្យស្មើភាពគ្នា ដើម្បីកុំឲ្យទទួលរងការរិះគន់នូវទង្វើរបស់អាជ្ញាធរ។
លោកថ្លែងថា៖
«អ្វីដែលយើងមើលឃើញ មិនមែនតែកម្មវិធីកូនចៅ របស់អ្នកដឹកនាំបែបនេះទេ គឺយើងឃើញថា មើលជាទូទៅមានកម្មវិធីជួបជុំផ្សេងៗ ទៀតដែលមិនគោរពតាមវិធានការ ហើយក៏អត់មានចំណាត់ការណាមួយដូចដែលធ្វើឡើងទៅលើក្រុមកូដករ ណាហ្គាវើលដ៍នេះទេ។ នេះកាន់តែបញ្ជាក់ឲ្យច្បាស់ហើយថាការអនុវត្តច្បាប់ទៅលើកូដករក្រុមហ៊ុនណាហ្គាវើលដ៏ ជាការធ្វើឡើងក្នុងន័យរឹតត្បិតសិទ្ធិសេរីភាពនៃការជួបជុំ ធ្វើកូដកម្មដោយសន្តិវិធីហ្នឹងហើយ»។
ចំណែកមន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់គឺ លោក ឃុន ថារ៉ូ យល់ថាវិធានការសុខាភិបាល ឬគោលការណ៍ផ្សេងៗដែលអាជ្ញាធរអនុវត្តលើក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៏ គឺមានចេតនាទប់ស្កាត់មិនឲ្យកូដករធ្វើកូដកម្មទាមទារដោះស្រាយវិវាទការងារមួយនេះ។
លោកថ្លែងថា៖
«ការអនុវត្តវិធានបែបនេះ គឺវាឆ្លុះបញ្ចាំងយ៉ាងច្បាស់ ដែលថាជាការអនុវត្តច្បាប់ដែលមានលក្ខណៈស្តង់ដាពីរ។ អ៊ីចឹងកាលដែលប្រើប្រាស់វិធានការកូវីដនេះ វាជាការគំរាមកំហែង ទៅដល់សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិក របស់ក្រុមឬក៏សង្គមស៊ីវិលដែលធ្វើការងារ ជំរុញឲ្យមានលំហរសេរីភាព សិទ្ធិរបស់ប្រជាពលរដ្ឋ ការលើកកម្ពស់សិទ្ធិការងារ ជាពិសេសសិទ្ធិក្នុងការធ្វើកូដកម្មជំរុញឲ្យមាននូវដំណោះស្រាយឲ្យនិយោជកគោរពច្បាប់ ឲ្យនិយោជកគោរពនូវគោលការណ៍វិជ្ជាជីវៈ ក្នុងនាមជាភាគីថៅកែក្នុងការអនុវត្តច្បាប់ស្តីពីការងារ បញ្ហាសុខភាព សុវត្ថិភាពជាដើម»។
វីអូអេបានទាក់ទងទៅលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានី ប៉ុន្តែលោកបដិសេធធ្វើអត្ថាធិប្បាយលើបញ្ហាខាងលើ ដោយបង្វែរឲ្យទៅសួរអ្នកនាំពាក្យសាលារាជធានីភ្នំពេញវិញ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃអង្គារនេះ ដើម្បីបំភ្លឺអំពីភាពខុសគ្នារវាងការជួបជុំឯកជនរបស់លោកអភិបាលនិងការជួបជុំរបស់ក្រុមបុគ្គលិកណាហ្គាវើលដ៍ និងបំភ្លឺថាតើមានការតាមដានរកសំណាកកូវីដ១៩លើអ្នកចូលរួមក្នុងការជួបជុំគ្រប់ទម្រង់ផ្សេងទៀតនៅរាជធានីភ្នំពេញដូចនឹងការជួបជុំរបស់បុគ្គលិកណាហ្គាវើលដ៍ដែរឬទេ រួមទាំងពិធីជួបជុំឯកជនរបស់លោក ឃួង ស្រេង ផង។
គួរបញ្ជាក់ថា ក្រុមអតីតកម្មករនិយោជិត ឬបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍បានចេញតវ៉ា តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ ដើម្បីជំទាស់នឹងអ្វីដែលពួកគេហៅថា ជាការរំលោភសិទ្ធិការងារពីសំណាក់ថៅកែក្រុមហ៊ុន ពាក់ព័ន្ធនឹងការបណ្តេញបុគ្គលិកចំនួនជាង១៣០០នាក់ចេញពីការងារទាំងបង្ខំកាលឆ្នាំ២០២១៕