ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋាភិបាល​សន្យា​បញ្ចប់​វិវាទ​ដីធ្លី​នៅ​ខេត្ត​កោះកុង​ ក្រោយ​ការ​ប៉ះ​ទង្គិច​រវាង​ពលរដ្ឋ​និង​អាជ្ញាធរ​


រូបឯកសារ៖ តំណាង​សហគមន៍មាន​ជម្លោះ​​ដី​ធ្លីមកពី​​​​ខេត្ត​កោះកុង និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ដាក់​ញត្តិ​ជូន​រដ្ឋ​សភា​ជាតិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​​​ជាមួយ​នឹង​ក្រុមហ៊ុន​កោះកុង​ស៊ួហ្គ័ និង​កោះកុង​ផ្លេនថេសិន ​​កាល​ពី​ឆ្នាំ​២០១៦ នៅ​ភ្នំពេញ ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ តំណាង​សហគមន៍មាន​ជម្លោះ​​ដី​ធ្លីមកពី​​​​ខេត្ត​កោះកុង និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ដាក់​ញត្តិ​ជូន​រដ្ឋ​សភា​ជាតិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​​​ជាមួយ​នឹង​ក្រុមហ៊ុន​កោះកុង​ស៊ួហ្គ័ និង​កោះកុង​ផ្លេនថេសិន ​​កាល​ពី​ឆ្នាំ​២០១៦ នៅ​ភ្នំពេញ ។ (ឡេង ឡែន/VOA)

ក្រោយ​ការ​ប៉ះទង្គិច​គ្នារ​វាង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ និងក្រុម​ប្រជា​ពលរដ្ឋ​ចំនួន​ជាង​២០០​នាក់​មកពី​ខេត្ត​កោះកុង​ រដ្ឋាភិបាល​បាន​ប្រកាស​ពីការ​តាំង​ចិត្ត​របស់​ក្នុងការ​បញ្ចប់​វិវាទ​ដីធ្លី​ដែល​មាន​អាយុ​ជាង​មួយ​ទសវត្សរ៍​នៅ​ក្នុង​ខេត្ត​កោះ​កុង។ មន្ត្រី​សិទ្ធិ​មនុស្ស​រំពឹង​ថា​រដ្ឋាភិបាល​នឹង​ធ្វើ​សកម្មភាព​ពិត​ប្រាកដក្នុង​ការ​បញ្ចប់​ជម្លោះជា​ជាង​គ្រាន់តែ​ការ​សន្យា​នោះ។

រដ្ឋា​ភិបាល​កម្ពុជា​បាន​សន្យា​រក​ដំណោះ​ស្រាយ​ដល់​ប្រជា​ពលរដ្ឋ​ចំនួន​៣១៦​គ្រួសារ​នៅ​ក្នុង​ស្រុក​ចំនួន​ពីរ​របស់​ខេត្ត​កោះកុង ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​រវាង​ពលរដ្ឋ​ជាង​២០០​នាក់ជាមួយក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​កង​សន្តិសុខ​ក្នុង​រាជធានី​ដែល​បាន​កើត​ឡើងកាល​ពីថ្ងៃ​សុក្រ​កន្លង​ទៅ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​រៀប​ចំ​ដែនដី​ នគរ​រូប​នីយ​កម្ម និង​សំណង់​និង​តាមការ​បញ្ជាក់​របស់​អង្គ​ការ​សិទ្ធិ​មនុស្ស។

ក្រុម​ប្រជា​ពលរដ្ឋ​ជាង​២០០​នាក់​នោះ ​គឺ​ស្ថិត​ក្នុង​ប្រជា​ពលរដ្ឋ​ចំនួន​៣១៦​គ្រួសារ​ ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​ពីរ​ក្នុង​ខេត្ត​កោះកុង។

ក្រសួង​រៀប​ចំដែន​ដី នគរូបនីយកម្ម ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​១៨​ ខែ​ឧសភា ​ឆ្នាំ​២០១៨ ​តាម​អត្ថន័យ​ដើម​ថា៖ «ដោយ​យោង​លិខិត​...របស់​រដ្ឋបាល​ខេត្ត​កោះ​កុង​ចុះ​ថ្ងៃ៣០ ខែមីនា ឆ្នាំ២០១៨ ​សំណូម​ពរ​របស់​ក្រុម​ប្រជា​ពល​រដ្ឋ​៣១៦​គ្រួសារ ស្ថិត​នៅ​ស្រុក​ស្រែ​អំបិល ស្រុក​បទុម​សាគរ ខេត្ត​កោះ​កុង​ និង​សំណូម​ពរ​របស់​ក្រុម​ប្រជាពលរដ្ឋ​ ១៧០​គ្រួសារ​ ស្ថិត​នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង ដែល​មានវិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន Koh Kong Plantation Co., Ltd និង​ Koh Kong Sugar Industry Co., Ltd ក្រសួង​រៀប​ចំដែន​ដី នគរូបនីយ​កម្ម​ និង​សំណង់​ បាន​ចាត់​ក្រុម​ការងារ​ចុះ​សហការ​ជាមួយ​ក្រុម​ការងារ​របស់​អាជ្ញាធរ​ខេត្ត​កោះកុង ដើម្បី​ពិនិត្យ​អត្តសញ្ញាណ​អ្នក​កាន់​កាប់​និងដី​ ពាក់​ព័ន្ធនឹង​ ករណី​វិវាទ​ខាងលើ​ ចាប់ពីថ្ងៃ​ទី២១​ ខែឧសភា​ ឆ្នាំ២០១៨​ រហូត​រួចរាល់​ជា​ស្ថាពរ​ឈាន​ទៅ​ដោះ​ស្រាយ​បញ្ចប់»។

សេចក្តី​ប្រកាស​របស់​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូប​នីយ​កម្ម​ ​ធ្វើឡើង​ ក្រោយ​ពីមាន​សេចក្តី​រាយ​ការណ៍​អំពីការ​ប្រឈម​មុខ​ និង​ការ​ប៉ះទង្គិច​គ្នា​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ជាង​២០០​នាក់​មក​ពីខេត្តកោះ​កុង​ ដែល​បាន​ឡើង​មក​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។​ អ្នក​តវ៉ាមួយ​ចំនួន​ ត្រូវ​បាន​គេ​ពណ៌នាថា​ កំពុង​ពរ​កូន​តូច​នៅ​ជាប់​នឹង​ខ្លួន​អំឡុង​ពេល​ប៉ះ​ទង្គិចគ្នា​ផង​ដែរ។ ការ​ប៉ះ​ទង្គិច​គ្នានេះ​ បាន​កើត​ឡើង​ ខណៈ​ពេល​ដែល​ក្រុម​ប្រជា​ពលរដ្ឋ​ព្យាយាម​ដើរ​ហែក្បួន​ឆ្ពោះ​ទៅ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ក្នុង​គោល​បំណង​ស្វែង​រក​ការ​ឆ្លើយ​តប​ពី​ក្រសួង​ទៅនឹង​ដំណោះ​ស្រាយ​សម្រាប់វិវាទ​ដីធ្លី​របស់​ពួក​គេ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​លីកាដូ​ បាន​ផ្តល់​សេចក្តី​រាយការណ៍​សង្ខេប​អំពីការ​ប៉ះទង្គិច​នេះ នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា សមាជិក​សហគមន៍​ជាង​២០០​នាក់​ ដែល​តំណាង​ឲ្យ​ប្រជាពល​រដ្ឋ​ រាប់​រយ​គ្រួសារ​នៅក្នុង​ឃុំ​ជីខ​លើ​ ឃុំ​ជី​ខក្រោម​និង​ឃុំ​ដងពែង​នេះ​ បាន​ដាក់​ញត្តិ​ជូន​ទៅ​មន្ត្រី​ពាក់​ព័ន្ធ​របស់​ក្រសួង កាលពី​ថ្ងៃ​ព្រហស្បតិ៍​រួច​មក​ហើយ​ និង​បន្ត​ស្នាក់នៅ​ក្នុងវត្ត​សាមគ្គី​រង្សី​ នៅ​ពេល​យប់។

សេចក្តី​រាយការណ៍​របស់​អង្គការ​លីកាដូ បាន​បន្ត​ក្នុង​ន័យ​ដើម​ថា​«លុះ​ដល់​ព្រឹក​ថ្ងៃ​សុក្រ​នោះ ​នៅ​ពេល​អ្នក​ទាំង​នោះ​ ព្យាយាម​ដើរ​ត្រឡប់​ឆ្ពោះ​ទៅ​ក្រសួង​រៀប​ចំដែន​ដី​វិញ​ ក្នុង​ចម្ងាយ​ប្រមាណ​៥គីឡូម៉ែត្រ​ស្រាប់​តែ​កង​សន្តិសុខ​ និង​នគរ បាល​ ប្រហែល​៤០​នាក់ បាន​បិទផ្លូវ​និង​រុញ​ច្រានពួក​គាត់​ដែល​ជា​ការ​ការ​រំលោភ​បំពាន​ដល់​សិទ្ធិ​សេរីភាព​ក្នុងការ​ជួបជុំ​និង​តវ៉ា​ដោយ​សន្តិវិធី»។​

មិនមាន​ករណី​បង្ករ​បួស​ស្នាម​ធ្ងន់ធ្ងរ​រវាង​ភាគី​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​នៅក្នុង​ការ​ប៉ះ​ទង្គិច​កាល​ពីថ្ងៃ​សុក្រ​នោះ​ទេ។ នេះបើតាម​ការ​បញ្ជាក់​របស់​អង្គការ​លីកាដូ។

VOA ​ព្យាយាម​ទាក់​ទង​សុំការ​អធិប្បាយ​ពី​លោក​ ​ម៉េត មាសភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​ទេ។

លោក ហ៊ួរ អ៊ីន​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​ប្រចាំ​ខេត្ត​កោះកុង​ ថ្លែង​ ថ្លែង​ប្រាប់​ VOA នៅថ្ងៃ​សៅរ៍​នេះ​ថា​ រដ្ឋាភិបាល​មិន​អាច​ទុក​ឲ្យ​វិវាទ​រ៉ាំរ៉ៃ​នេះ​ បន្ត​អូស​បន្លាយ​ទៅមុខ​បន្ថែម​ទៀតទេ។

«ចំពោះ​ករណី​ហ្នឹង​ មិន​គួរ​ណាមាន​ការ​អូស​បន្លាយ​ពេល​វេលា​តទៅ​ទៀត​ទេ​ ដោយសារ​ក្រុម​គាត់​ ហ្នឹង​គឺស្ថិត​នៅក្នុង​ក្រុម​ ៥០២​គ្រួសារ​ ដែល​មួយ​ក្រុម​មុន​នោះ​ មាន​១៩៧គ្រួសារ​ហ្នឹង​ បាន​ដោះ​ស្រាយ​បញ្ចប់​ហើយ។ ដូច្នេះ​គឺ​ក្រុម​គាត់​តែ​មួយ​ទេ​ គ្រាន់​តែ​ថា​គាត់​បែក​ក្រុម​ជា​ពីរ​ ហើយ​ចំពោះ​ការ​ធ្វើ​អត្ត​សញ្ញាណ​ដី​ហ្នឹង​ គឺធ្វើ​បាន​ដូចគ្នា​ទេ​ កាល​ដើម​ឆ្នាំ​ ២០១៦​ នៅ​សាលា​ស្រុក។ ដូច្នេះ​ដូច​ជា​គ្មាន​ហេតុ​ផល​អ្វី​ដែល​ត្រូវ​ក្រសួង​ហ្នឹង​ចុះ​មក​សិក្សា​ស្រាវជ្រាវ​ ម្តង​ទៀត​ ឬ​ក៏ធ្វើ​អត្តសញ្ញាណ​ដី​ហ្នឹង ម្តង​ទៀត​ទេ​ណា ព្រោះ​ពួកគាត់​បាន​ធ្វើ​ហើយ​ ហើយ​ខាង​ក្រសួង​ហ្នឹង​ចុះ​មក​ធ្វើ​ខ្លួន​ឯង​ទៀត​»។

អង្គការ​លីកាដូ​បាន​ថ្លែង​បន្ថែម​ក្នុង​សេចក្តី​ប្រកាសរ​បស់​ខ្លួន​ថា អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ប្រជា​ពលរដ្ឋ​ទាំង​នេះ​ បាន​ដាក់ញត្តិ​ជូន​ទៅ​អាជ្ញាធរ​ខេត្ត​និង​ក្រសួង​ពាក់​ព័ន្ធដើម្បីស្វែង​រក​ដំណោះ​ស្រាយ​ និង​សំណង​សមរម្យ​ដោយសារ​ការ​បាត់​បង់​ដីធ្លី​ ​តាំង​ពី​ឆ្នាំ​២០០៦​ ជុំវិញ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ពីរ​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ថៃ​ KSL ​ក៏ដូច​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​កាន់​អំណាច​គឺលោក​ឧកញ៉ា​ លី យ៉ុងផាត់។

VOAព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ លី យ៉ុងផាត់​ តែ​មិន​អាច​ទាក់​ទង់​បាន​ទេ​ នៅ​ថ្ងៃសៅរ៍​នេះ។ VOA ​ក៏​មិន​ទាន់​អាច​ទាក់​ទង​ក្រុម​មន្ត្រី​នាំពាក្យ​របស់​ក្រសួង​រៀប​ចំដែនដី​ នគរូបនីយកម្ម​បាន​ដែរ។

ក្នុង​សំណុំ​រឿង​វិវាទ​ដីធ្លី​ដដែល​នេះ​ រដ្ឋាភិបាល​បាន​ផ្តល់​ដំណោះ​ស្រាយ​ ជូន​ប្រជា​ពលរដ្ឋ​ចំនួន​៣៧៥​គ្រួសារ​កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា។ ដំណោះស្រាយ​ដែលបាន​ផ្តល់​ជូន​នោះ​ រូម​មាន​ដី​ទំហំ​ពី​១,៥ហិកតា​ ដល់៣​ហិកតា​ និង​ថវិកា​ចំនួន​២៥០០​ដុល្លារ​ ក្នុង​មួយ​គ្រួសារ។

ដំណោះ​ស្រាយ​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅតាម​ស្ថានភាព​នៃ​ជម្លោះ​របស់​ប្រជា ពលរដ្ឋ​ជាមួយ​ក្រុម​ហ៊ុន​ Kong Plantation​ Co.,Ltd ​និង​ក្រុមហ៊ុន​ Koh Kong Sugar Industry Co.,Ltd ​ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​និង​ក្រុម​តំណាង​ប្រជាពលរដ្ឋ​អះអាង​ថា​ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ ដើម​ឡើយជា​កម្មសិទ្ធិ​របស់​លោក​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG